ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​លើ​វិស័យ​ទេសចរណ៍ ខណៈ​ពិភពលោក​ផ្អើល​រឿង​មេរោគ​កូ​រ៉ូ​ណា​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ជ្រួលច្របល់​នឹង​រឿង​ផ្ទុះ​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដែល​ហៅ​ថា 2019-nCoV នៅ​ប្រទេស​ចិន ហើយ​វីរុស​ត្រូវ​បាន​រក​ឃើញ​មាននៅ​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​អា​មេ​រិ​ក អឺរ៉ុប និង​អាស៊ី បាន​ធ្វើ​ឲ្យ​ពិភពលោក​កំពុង​មានការ​ចូលរួម​ទប់ស្កាត់​នឹង​ការ​រីក​រាលដាល​ជំងឺ​នេះ​ដែរ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​ជ្រួលច្របល់​នឹង​រឿង​ផ្ទុះ​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដែល​ហៅ​ថា 2019-nCoV នៅ​ប្រទេស​ចិន ហើយ​វីរុស​ត្រូវ​បាន​រក​ឃើញ​មាននៅ​បណ្តា​ប្រទេស​ជា​ច្រើន​នៅ​អា​មេ​រិ​ក អឺរ៉ុប និង​អាស៊ី បាន​ធ្វើ​ឲ្យ​ពិភពលោក​កំពុង​មានការ​ចូលរួម​ទប់ស្កាត់​នឹង​ការ​រីក​រាលដាល​ជំងឺ​នេះ​ដែរ ។ ព្រម​ជាមួយ​គ្នា​នោះ​ប្រទេស​មួយ​ចំនួន​បាន​ហាម​ពលរដ្ឋ​ផ្អាក​ការ​ធ្វើ​ដំណើរ​ចេញចូល​ក្រៅប្រទេស ជា​ហេតុ​ធ្វើ​អោយ​វិស័យ​ទេសចរណ៍​ទូ​ទាំង​ពិភពលោក​នឹង​រង​ផល​ប៉ះពាល់ ក្នុង​នោះ​កម្ពុជា ជា​ប្រទេស​ទទួល​បាន​កំណើន​ភ្ញៀវ​ទេសចរ​ពី​ចិន​ខ្ពស់​លេខ​១ នាំមុខ​ទេសចរ​ពី​ប្រទេស​ផ្សេង​ៗ​នោះ ក៏​ពិតជា​អាច​នឹង​រង​ផល​ប៉ះពាល់​ពី​ករណី​ផ្ទុះ​ជំងឺ​នេះ​ដែរ​។

​បើ​តាម​លោក​ជុក ជំនោរ អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​បាន​មាន​ប្រសាសន៍​ថា ជំងឺ​នេះ នឹង​ធ្វើ​អោយ​អាជីវកម្ម​និង​ឧស្សាហកម្ម ទេសចរណ៍​មានការ​ថមថយ ដោយសារ​តែ​វា​ធ្វើ​អោយ​ភ្ញៀវ​ទេសចរ​ចិន​មិន​អាច​មក​លេង​នៅ​កម្ពុជា​ច្រើន​ដូច​បណ្តា​ឆ្នាំ​មុន​ៗ ដោយសារ​តែ​ចិន​បាន​ហាម​ប្រជាពលរដ្ឋ​ខ្លួន​ធ្វើ​ដំណើរ​ចេញ​ក្រៅប្រទេស ហើយ​ភ្ញៀវ​ទេសចរ​ចិន​បាន​ឈរ​លំដាប់​កំពូល​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នៅ​កម្ពុជា ។​លោក​បាន​បន្ត​ថា​ក្នុង​ពេល​ដែល​មាន​បញ្ហា​នេះ ឧស្សាហកម្ម​ទេសចរណ៍ ដូច​ជា​ម្ចាស់​សណ្ឋាគារ និង​ភោជនីយដ្ឋាន​ជាដើម មិន​ចង់អោយ​ចំណេញ​អ្វី​ទេ ពោល​គឺ​បាន​តែ​ចំណូល​សម្រាប់​ទូទាត់​ការ​ចំណាយ​ទៅ​វិញ ដូច​ជា​ចំណាយ​លើ​ថ្លៃ​អគ្គិសនី ថ្លៃ​ចំណាយ​ទៅ​លើ​បុគ្គលិក និង​ការ​ចំណាយ​ផ្សេង​ៗ​ទៀត ក្នុង​ដំណើរការ​អាជីវកម្ម «​ដោយ​កុំ​រំពឹង​ពី​ការ​រក​ប្រាក់​ចំណេញ​ក្នុង​កាលៈទេសៈ​នេះ​» ។

បើ​តាម​លោក​ស៊ី​ន ចាន់​សិរី​វុ​ត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ី​វិល បានអោយ​ដឹង​ថា តាម​ពិត ការ​ផ្ទុះ​ជំងឺ​នេះ​ជៀស​មិន​ផុត​ពី​ការ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​នោះ​ឡើយ ហើយ​វា​មិនមែន​ប៉ះពាល់​តែ​នៅ​កម្ពុជា​ទេ ពោល​គឺ​នឹង​ប៉ះពាល់​ដល់​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត ដែល​ធ្លាប់​ទទួល​បាន​ផលប្រយោជន៍​ពី​ភ្ញៀវ​ទេសចរ​ចិន ។ ទោះបីជា​មាន​បញ្ហា​វិបត្តិ​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ​ក្ដី ក៏​កម្ពុជា​មិន​អាច​បិទ​ជើងហោះហើរ​ពី​ចិន​មក​កម្ពុជា​បាន​ដែរ ។ ​លោក​បាន​បន្ត​ថា តាម​ច្បាប់​អន្តរជាតិ ក៏​ដូច​ជា​បទ​ប​ញ្ញ​តិ្ត​អង្គការ​សុខភាព​ពិភពលោក គឺ​គេ​មិន​អោយ​បិទ​ជើង​ហោះ ហើរ​នោះ​ទេ ក៏​ប៉ុន្តែ​ការ​ផ្អាក​ជើងហោះហើរ​នោះ ដោយ សារ​តែ​ចិន​បាន​ហាមប្រាម​ជនជាតិ​ខ្លួន​ចេញ​ក្រៅប្រទេស ហើយ​ក៏​គ្មាន​ប្រជាពលរដ្ឋ​ប្រទេស​ណា​ចង់ទៅ​ទស្សនា​កម្សាន្ត​តំបន់​ផ្ទុះ​ជំងឺ​នេះ​ដែរ ដូច្នេះ​តម្រូវ​អោយ​ក្រុមហ៊ុន​អាកាសចរណ៍​ផ្អាក​ដោយ​ខ្លួន​គេ ។

លោក​ស៊ី​ន ចាន់​សិរី​វុ​ត្ថា បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​ជំងឺ​នៅ​ក្នុង​ទីក្រុង​វូ​ហាន​ប្រទេស​ចិន រដ្ឋាភិបាល​ចិន​ត្រូវការ​បិទ​ការ​ចរាចរណ៍​ចេញចូល ដើម្បី​កុំអោយ​ជំងឺ​នោះ​ឆ្លង​រាលដាល​កាន់តែ​ធំ​ព្រោះ នៅ​វូ​ហាន​ជាទី​ក្រុង​មួយ​ដែល​មានការ​ចេញចូល​ច្រើន​ពី​សំនាក់​ប្រជាពលរដ្ឋ​ពី​តំបន់​នានា ។ ដូច្នេះ​ដើម្បី​ការពារ​បញ្ហា​នេះ គឺ​គាត់​ត្រូវ​ដោះស្រាយ​បន្ទាន់ ហើយ​នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​ប្រកាស​បែប​នេះ ធ្វើ​អោយ​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​កាន់តែ​តិច​ដែល​ធ្វើ​អោយ​ក្រុមហ៊ុន​អាកាសចរណ៍​លុប​ចោល​ជើងហោះហើរ​បណ្ដោះអាសន្ន ( Cancelation Flight ) ។ ​លោក​បាន​បន្ត​ទៀត​ថា ជំងឺ​នេះ​កើត​ចេញពី​តែ​ពី​ខេត្ត​ហ៊ើ​ប៉ី ជា​ពិសេស​នៅ​ទីក្រុង​វូ​ហាន ដូច្នេះ​រដ្ឋាភិបាល​គេ​ក៏​បាន​បិទ​ការ​ចេញ​តែ​ខេត្ត​នេះ​មួយ​ប៉ុណ្ណោះ ដោយឡែក​សម្រាប់​តំបន់​ផ្សេង​ទៀត មិន​បាន​បិទ​ទេ គឺ​នៅ​តែ​ចរាចរណ៍​ហោះហើរ ចេញ​-​ចូល​បាន​ធម្មតា ។ សម្រាប់
កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​នេះ បាន​ត​ភ្ជាប់​ជើងហោះហើរ​ប្រមាណ​១៥​គោលដៅ​ពី ប្រទេស​ចិន ។

​យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​កម្ពុជា នៅ​ក្នុង​ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ ភ្ញៀវ​ទេសចរ​ចិន​ដែល​បាន​មក​លេង និង​ទស្សនា​នៅ​កម្ពុជា​មាន​ប្រមាណ​ជាង​២​លាន​នាក់​ជា​ពិសេស​នៅ​ខេត្តសៀមរាប ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​ការ​ព្យាករណ៍​របស់​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា កន្លង​មក​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​សេដ្ឋកិច្ច​របស់​ចិន បើសិនជា​ចិន​មាន​បញ្ហា​វា​ក៏​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ផង​ដែរ ខណៈ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ត្រូវ​ពឹង​លើវិស័យ​ទេសចរណ៍​នេះ​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ