តោះ​មក​ដឹង​ពី​កា​រវិ​វត្ត​ន៍សំណង់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​តម្លៃ​150​លាន​ដុល្លារ


រាជធានី​ភ្នំពេញ ៖ ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ កំពុង​ត្រូវ​បាន​គេ​ព​ន្លឿ​ន​ការ​សាងសង់​យ៉ាង​យ​ក​ចិត្តទុកដាក់ ដើម្បី​ទទួល​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម នៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ។ មន្ត្រី​ជំនាញ​ៗ​បាន​អះអាង​ពី​កា​រវិ​វត្ត​ន៍​សំណង់ ពហុ​កីឡដ្ឋាន​មួយ​នេះ ដើម្បី​ឱ្យ​មហាជន​ដឹង​ថា មក​ទល់​នឹង​ដើមឆ្នាំ​២០២០​នេះ តើ​ពហុ​កីឡដ្ឋាន​ថ្មី​ដែល​កំពុង​ដំណើរការ​សាងសង់​នេះ​បោះ​ជំហាន​ដល់​ណា?

គ្រប់​ៗ​គ្នា​សុទ្ធតែ​ដឹង​ច្រើន​មក​ហើយ​ថា ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ គឺជា​ជំនួយ​ឥត សំណង​របស់​រដ្ឋាភិបាល​ចិន​ដែល​ប្រើ​ទុន ចំណាយ​អស់​ប្រមាណ​១៥០​លាន​ដុល្លារ និង​គ្រោង​បញ្ចប់​ការ​សាង​សង់​នៅ​ចុងឆ្នាំ​២០២០​នេះ ។ ពហុ​កីឡដ្ឋាន​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​មរតក​ដ៏​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​ដែល​បង្ហាញ​ពី​ចំណងមិត្តភាព​ដែកថែប ដ៏​រឹង​មាំ និង​ស្អិតរ​មួ​ត​រវាង​កម្ពុជា​-​ចិន ។ ពហុកីឡដ្ឋាន​ដែល​ត្រូវ​បាន​សាងសង់​នៅ​លើ​ផ្ទៃដី​ទំហំ​ជាង​១៦​ហិ​កតា​និង​អាច​ផ្ទុក​អ្នក​ទស្សនា បាន​ប្រមាណ​៦​ម៉ឺន​នាក់​នេះ​មានការ​រំពឹង​យ៉ាង​ខ្លាំង​ថា នឹង​ជួយ​ឱ្យ​កម្ពុជា​មានមុខ​មាន​មាត់​លើ​ឆាក​អន្តរជាតិ នៅ​ឆ្នាំ​២០២៣ ។

អ្នកជំនាញ​បាន​អះអាង​ថា សមិទ្ធផល​ទី​២​របស់​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​នឹង​បញ្ចប់​ការ​សាង​សង់​ដូច​ការ​គ្រោងទុក​នៅ​ចុងឆ្នាំ​២០២០ ដោយ​បច្ចុប្បន្ន​ការ​ស្ថាបនា​គឺ​បាន​ប្រមាណ​ពី​៧០​ទៅ​៨០​ភាគរយ​ហើយ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​នេះ​ប្រាប់​ដល់​អ្នក​សារព័ត៌មាន​ក្នុងស្រុក ។ មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ បាន​ទាំង​ចាត់​ទុក​ថា នេះ​ជា​សមិទ្ធផល​ដ៏​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​របស់​រដ្ឋាភិបាល​ចិន​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​សម័យ​តេ​ជោ​នោះ​ផង ។

លោក វ៉ា​ត់ ចំរើន និយាយ​ថា កម្ពុជា​នឹង​បន្ត​ការ​ព​ន្លឿ​ន​សាងសង់​(​កីឡដ្ឋាន​បាល់ទាត់ មរតក​តេ​ជោ​)​ឱ្យ​រួចរាល់​តាម​ការ​កំណត់​ដោយនៅ​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ខាង​មុខ ការ​សាងសង់​នឹង​ចប់​សព្វគ្រប់ ។ លោក​ថា បច្ចុប្បន្ន​ការ​សាងសង់​សម្រេច​បាន​ដល់​៧០​ទៅ​៨០​ភាគរយ​ហើយ​ខណៈ​​ភាគរយ​ដែល​នៅ​សល់​គឺ​នៅ​តែ​ផ្នែក​លម្អ​តុបតែង​ប៉ុណ្ណោះ ។ លោក​ថា ជាង​ជំនាញ នៅ​តែ​បន្ត​ព​ន្លឿ​ន​ការ​សាងសង់ ហើយ​ការ​សាងសង់​នៅ​តែ​បន្តិចទៀត​ទេ​នឹង​ចប់​សព្វគ្រប់​ទាំង​គ្រោងការ​តុបតែង​និង​បំពាក់​សម្ភារ​ផ្សេង​ៗ ដូច្នេះ​ការ​សាងសង់​នឹង​បញ្ចប់​ដូច​ការ​គ្រោងទុក ។

លោក​វ៉ា​ត់ ចំរើន បន្ត​ថា កម្ពុជា​ត្រូវ​តែ​មាន​ពហុ​កីឡដ្ឋាន​ល្អ​មួយ​កម្រិត​អន្តរជាតិ​ដើម្បី​មុខមាត់​វិស័យ​កីឡា​របស់​ខ្លួន​។

គួរ​បញ្ជាក់​ថា ក្នុង​ពិធី​សម្ពោធ​ដំឡើង​បង្គំ​កៅអីអង្គុយ​កាលពី​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០១៩ វិស្វករ​ចិន​ដែល​ជា​អ្នក​ទទួល​បន្ទុក​សាងសង់​កីឡដ្ឋាន​នេះ បាន​លើក​ឡើង​ថា ការ​ដំឡើង​បង្គំ​កៅអី​នីមួយ​ៗ មាន​ភាព​លម្អៀង​បូក ឬ​ដក​ពីរ​សង់ទីម៉ែត្រ​តែ​ប៉ុណ្ណោះ ។ បង្គំ​កៅអី​នេះ​មាន​សភាព​រលោង​រចនា​​ឡើងជា​មួយ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​របស់​ចិន​និង​មាន​បំពាក់​QR​កូដ ដើម្បី​ត្រួតពិនិត្យ​គុណភាព​ទៀត​ផង ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​វ៉ា​ត់ ចំរើន បាន​ប្រដូច​ទំនាក់ទំនង​រវាង​កម្ពុជា​-​ចិន ទៅ​នឹង​ដែកថែប​ដែល​គ្មាន​អ្នក​ណា​អាច​បំបែកបំបាក់​បាន ។ ការ​លើក​ឡើង​បែប​នេះ​ដោយសារ​កម្ពុជា​មាន​ទំនាក់​ទំនង​ផ្នែក​កីឡា​ជាមួយ​ចិន​តាំងពី​ជំនាន់​សម្តេចព្រះ​បរម​រតន​កោដ្ឋ​នរោត្តម សីហ​នុ មក​ម៉្លេះ​​តាម​រយៈ​ការ​ជួយ​កសាង​បុរី​កីឡា និង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ហ្គា​ណេ​ហ្វូ (Ganefo) នៅ​ឆ្នាំ​១៩៦៦។

មិន​ខុស​គ្នា​ដែរ លោក​ថោ​ង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ធ្លាប់​មាន​ប្រសាសន៍​កន្លង​មក​ថា ការ​ជួយ​សាងសង់​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​គឺ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់រ​ដ្ឋាភិ​បាល​ចិន​ក្នុង​ការ​រួមចំណែក​ជួយ​អភិវឌ្ឍ​នៅ​កម្ពុជា ។ កីឡដ្ឋាន​នេះ​សាងសង់​ក្រោម​រចនាបថ​ខ្មែរ​មាន​រាង​ដូច​សំពៅ​ដែល​បង្ហាញ​ពី​សន្តិភាព មិត្តភាព​ដ៏​រឹង​មាំ និង​យូរអង្វែង​រវាង​កម្ពុជា​-​ចិន ទាំង​ផ្នែក​នយោ​បាយ និង​ពាណិជ្ជកម្ម ។

តាម​រយៈ​កីឡដ្ឋាន​នេះ​វា​បាន​ផ្តល់​ការងារ​និង​ជួយ​បណ្តុះបណ្តាល​ជំនាញ​វិស្វកម្ម​ដល់​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ផង​ដែរ ។ ក្នុង​ចំណោម​វិស្វករ និង​កម្មករ​សរុប​ចំនួន​៥៨០​នាក់ មាន​ជនជាតិ​កម្ពុជា ចំនួន​២៤២​នាក់ ។ ត្រង់​ចំណុច​នេះ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ខាងលើ​បាន​ថ្លែងអំណរគុណ​ដល់​វិស្វករ​ចិន​ដែល​បាន​ចែករំលែក​បទ​ពិសោធ ដល់​ប្រជាជន​កម្ពុជា ។

ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​បាន​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​៤ ខែមេសា ឆ្នាំ​២០១៧ ក្រោម​​វត្តមាន​ដ៏​ខ្ពង់ ខ្ពស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្នុងអំឡុងពេល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​រាស់​សមិទ្ធផល​ដំណាក់កាល​ទី​១ ដែល​មាន​ដូច​ជា មជ្ឈមណ្ឌល​អាង​ហែល​ទឹក​, មជ្ឈ​មណ្ឌល​កីឡា​ក្នុង​សាល​,​ទីលាន​បាល់បោះ និង​អគារ​ស្នាក់​នៅ របស់​អត្ត​ព​លិ​ក ។ កីឡដ្ឋាន​នេះ​សាង​សង់​ឡើង ដើម្បី​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២​នៅ​ឆ្នាំ​២០២៣ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ