ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នកជំងឺ​រលាក​សួត​ពី​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នៅ​ខេត្ត​ព្រះ​សីហ​នុ​ក្រសួងសុខាភិបាល​បង្កើន​ការ​យកចិត្តទុកដាក់​បន្ថែម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៧ មក​រា ២០២០ កម្ពុជា​បាន​រក​ឃើញ​នូវ​ករណី​ជនជាតិ​ចិន​ម្នាក់​ដែល​ជា​ទេសចរ​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ស្នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ ក្រោយ​រក​ឃើញ​ករណី​នេះ​ភ្លាម​ក្រសួងសុខាភិបាល​កម្ពុជា​បាន​បង្កើន​ការ​យកចិត្តទុកដាក់​បន្ថែម ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៅ​ក្នុង​ប្រទេស​បន្ត​ទៀត…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៧ មក​រា ២០២០ កម្ពុជា​បាន​រក​ឃើញ​នូវ​ករណី​ជនជាតិ​ចិន​ម្នាក់​ដែល​ជា​ទេសចរ​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ស្នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ ក្រោយ​រក​ឃើញ​ករណី​នេះ​ភ្លាម​ក្រសួងសុខាភិបាល​កម្ពុជា​បាន​បង្កើន​ការ​យកចិត្តទុកដាក់​បន្ថែម ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៅ​ក្នុង​ប្រទេស​បន្ត​ទៀត ។

យោង​តាម​ប្រសាសន៍​លោក​វេជ្ជបណ្ឌិត ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ជនជាតិ​ចិន​ដែល​ផ្ទុក​វីរុស​កូ​រ៉ូ​ណា ហើយ​ត្រូវ​បានឃើញ​នៅ​កម្ពុជា​ម្នាក់​នេះ​បាន​មក​ដល់​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ មក​រា ២០២០ ហើយ​ចាប់ផ្ដើម​មាន​អាកា​រៈ​គ្រុនក្ដៅ និង​ហូរ​សំបោរ នៅ​ថ្ងៃ​ទី​២៥ ក្រោយ​ពី​ជនជាតិ​ចិន​នេះ​បាន​លេង​ក្នុង​អាង​នៅ​ក្នុង​សណ្ឋាគារ ។ ក្រោយ​មាន​អាកា​រៈ​នេះ​អ្នកជំងឺ​ក៏​បាន​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ខេត្ត​ព្រះ​សីហ​នុ ហើយ​ខាង​មន្ទីរពេទ្យ​ក៏​បាន​យក​សំណាក​របស់​អ្នកជំងឺ​នោះ មក​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​រាជធានី​ភ្នំពេញ ។

ជា​លទ្ធផល​នៅ​រសៀល​ថ្ងៃ​ទី​២៧ មក​រា ២០២០ ក៏​រក​ឃើញ​ថា ជនជាតិ​ចិន​រូប​នេះ​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ។ លោក​បន្ត​ថា ក្រោយ​ពេល​រក​ឃើញ​មន្ទីរពេទ្យ​ក៏​បាន​ដាក់​អោយ​អ្នកជំងឺ​នៅ​បន្ទប់​ដាច់​ដោយឡែក ដើម្បី​ធ្វើការ​ព្យាបាល​អោយ​ជា​សះស្បើយ​ទើប​បញ្ជូន​ត្រឡប់​ទៅ​វិញ ។ ចំណែក​ក្រុម​គ្រួសារ​ដែល​មក​ជាមួយ​បី​នាក់​ផ្សេង​ក៏​ត្រូវ​អោយ​ស្នាក់​ដាច់​ដោយឡែក​ដូច​គ្នា ដើម្បី​រង់ចាំ​តាមដាន​បើ​ទោះបីជា​បច្ចុប្បន្ន​នេះ​រក​មិនឃើញ​ករណី​ជំងឺ​នេះ​ក្ដី ។

លោក​ជំទាវ​ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា​បានអោយ​ដឹងផង​ដែរ​ថា ពេល​នេះ​ក្រសួង​បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ទៅ​ខេត្ត​ព្រះ​សីហ​នុ និង​តាមដាន​ដល់​អ្នកជំងឺ​នេះ​លើក​ដំបូង ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ។ វិធានការ​សំខាន់​បំផុត​នោះ​មិនមែន​ការ​ពាក់​ម៉ាស់​តែ​មួយ​មុខ​នោះ​ទេ ។ អ្វី​ដែល​សំខាន់​ត្រូវ​អនុវត្តន៍​តាម​ក្បួនខ្នាត​អនាម័យ​ដែល​ចេញ​ដោយ​ក្រសួង​អោយ​បាន​ត្រឹមត្រូវ ដើម្បី​ការពារ​កុំអោយ​ជំងឺ​នេះ​ឆ្លង​មក​កាន់​យើង​បាន ។ លោក​ជំទាវ​បន្ត​ថា កត្តា​សំខាន់​នោះ គឺ​អនាម័យ​រស់នៅ​ស្អាត ញ៉ាំ​ស្អាត ផឹក​ស្អាត និង​មិន​ត្រូវ​ទៅ​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ផ្ទុកមេរោគ​ប្រភេទ​នេះ និង​ត្រូវ​លាងដៃ​អោយ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ​មុន​នឹង​ញ៉ាំ​អាហារ និង​មួយទៀត​នោះ​ជៀសវាង​ការ​ប៉ះពាល់​ភ្នែក ច្រមុះ និង​មាត់ ព្រោះ​មេរោគ​អាច​នឹង​ជាប់ដៃ​ហើយ​ចូល​ទៅ​ក្នុង​ខ្លួន​យើង​បាន ។

សូម​បញ្ជាក់​ថា អ្នកជំងឺ​រលាក​សួត​ដែល​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា​មុនគេ​នេះ គឺ​បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង​វូ​ហាន​ប្រទេស​ចិន​ជាទី​ដែល​ផ្ទុះ​ជំងឺ​នេះ និង​បាន​មក​ដល់​ប្រទេស​កម្ពុជា​នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​២៣ ជាមួយ​គ្រួសារ​សរុប​៤​នាក់ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​កម្ពុជា បានអោយ​ដឹង​ថា ក្រសួងសុខាភិបាល​បន្ត​ការ​ស្រាវជ្រាវ​ករណី​ជំងឺ​នេះ​ជា​បន្ត​ទៀត និង​បន្ត​ធ្វើការ​ជូនដំណឹង​ដល់​សាធារណជន អំពី​ការ​វិវត្តន៍​នៃ​បញ្ហា​សុខភាព​តាម​គេហទំព័រ និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងសុខាភិបាល ទំព័រ​ហ្វេ​ស​ប៊ុ​ក​និង​គេ​ទំព័រ​នាយកដ្ឋាន​ប្រ​យ​ទ្ធ​នឹង​ជំងឺឆ្លង ។ ហើយ​បើសិនជា​សង្ស័យ​ឃើញ​មាន​ករណី​នេះ ក្រសួង​ក៏​បានអោយ​សាធារណជន​ទាក់ទង​ទៅ​លេខ​១១៥ ជា​ប្រព័ន្ធ​ទាន់​ហេតុការណ៍ និង​អាច​ទាក់ទង​បាន​គ្រប់ពេល ទោះបីជា​ទូរស័ព្ទ​មិន​មាន​ទឹកប្រាក់​ហៅ​ចេញ​ក្ដៅ ។

ក្រៅពី​នេះ ក្រសួង​ក៏​បាន​ចាត់​មន្ត្រី​ជំនាញ​បី​រូប​ដើម្បី​ទទួល​ការ​ទាក់ទង​ពី​សាធារណជន​រួម​មាន លោក​វេជ្ជបណ្ឌិត លី សូ​វ៉ា​ន់​លេខ 012 825 424 លោក​វេជ្ជបណ្ឌិត យី សេង​ឌឿ​ន​លេខ 012 488 981 និង​លោកស្រី​វេជ្ជបណ្ឌិត​តេ​ង ស្រី​តាម​លេខ 012 836 868 ។

គួរ​បញ្ជាក់​ថា​គិត​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់​ទី​២៨​មក​រា ២០២០ អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅ​លើ​ពិភពលោក​បាន​កើនឡើង​ដល់​៤.៤៧៤​នាក់​ក្នុង​នោះ​ក្នុង​ប្រទេស​ចិន​ច្រើន​ជាងគេ ដែល​មាន​រហូត​ដល់​៤៤០៩​នាក់ និង​អ្នក​ស្លាប់មាន​ចំនួន​១០៧​នាក់​ភាគច្រើន​ក៏​នៅ​ក្នុង​ប្រទេស​ចិន​ដែរ ពោល​គឺ​នៅ​តំបន់​វូ​ហាន​ទី​ដែល​ផ្ទុះ​ជំងឺ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ