រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពភ្ជង់ប្លន់ម៉ូតូមួយគ្រឿងបានសម្រេចដោយសុវត្ថិភាព នៅចំណុចតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើលជាខ្លាំង កាលពីវេលាម៉ោង១០ និង៤៥នាទីព្រឹកថ្ងៃទី២៨ មករា នេះ ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុអោយដឹងថា នៅវេលាកើតហេតុ គេសង្គេតឃើញ នារីរងគ្រេាះជិះម៉ូតូមួយគ្រឿង ម៉ាកសង់ឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1ID-7254 ជិះធ្វើដំណើរតែម្នាក់ឯង ដល់ចំណុចខាងលើ ស្រាប់តែលិចមុខជនសង្ស័យម្នាក់ជិះម៉ូូតូមួយគ្រឿង ម៉ាកស្មាសរ៉េវវូ ពណ៌ខ្មៅ គ្មានស្លាកលេខ បានជិះមកក្បែរ និងធ្វើសកម្មភាពដកកាំភ្លើងខ្លីមិនចាំម៉ាកមួយដើម ធ្វើសកម្មភាពភ្ជង់គំរាមអោយជនរងគ្រេាះចុះពីលើម៉ូតូ ។ ភ្លាមនេាះ ដោយមានសភាពភ័យស្លន់ស្លោរជនរងគ្រេាះ បានរត់ចុះពីលើម៉ូតូ បន្ទាប់មកជនសង្ស័យក៏ទុកម៉ូតូខ្លួនឯងចោល ហើយឡើងជិះម៉ូតូជនរងគ្រេាះ រត់គេចចេញពីទីតាំងកើតហេតុ បាត់ស្រមោលសូន្យឈឹងតែម្តង បន្សល់ទុកតែម៉ូតូកញ្ចាស់ដែលរូបគេជិះមកធ្វើសកម្មភាព ទុកនៅកន្លែងកើតហេតុ ។
បន្ទាប់ពីកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន និងនគរបាលខណ្ឌ បានចុះអន្តរាគមន៍ដល់ចំណុចកើតហេតុ ដើម្បីសាកសួរនាំដំណើររឿងហេតុ ។ ក្នុងនេាះ សមត្ថកិច្ចបាននាំជនរងគ្រេាះទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលចាក់អង្រែលើ ដើម្បីសាកសួរនាំបន្ថែម ក្នុងការកំណត់ភិនភាគជនសង្ស័យ ។ ទន្ទឹមនឹងនេាះ ក៏បានអោយជនរងគ្រេាះធ្វើការដាក់ពាក្យបណ្តឹងផងដែរ ។
តាមចម្លើយរបស់ជនរងគ្រោះ គឺរូបនាង ទើបចេញមកពីទិញម្ហូប និងបាយយកទៅហូបជំុគ្រួសារ ដែលកំពុងធ្វើការជាកម្មករ ។ លុះជិះដល់ចំណុចខាងលើ ក៏ត្រូវជនសង្ស័យធ្វើសកម្មភាពភ្ជង់ប្លន់យកតែម្តងទៅ ។ តាមចម្លើយរបស់ ស្ត្រីជាម្តាយជនរងគ្រេាះ អោយដឹងថា ម៉ូតូដែលត្រូវជនសង្ស័យប្លន់យកទៅនេាះ គឺទើបតែទិញ បាន៥ថ្ងៃប៉ុណ្ណេាះ ។
គួរបញ្ជាក់ថា នៅក្នុងហេតុការណ៍ខាងលើ នៅកំឡុងកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ច ដោយប្រកាសតាមវិទ្យុទាក់ទង អោយកម្លាំងនគរបាលជាច្រើនខណ្ឌ និងគរបាលពាក់ព័ន្ធទាំងអស់ ចេញពង្រាយកម្លាំងអោយបានគ្រប់ច្រកល្ហក ក្នុងការតាមប្រមាញ់ជនសង្ស័យ ប៉ុន្តែទេាះបីជាមានការខំប្រឹងយ៉ាងណា ក៏ជនសង្ស័យ នៅតែអាចរត់គេចខ្លួនបាត់ស្រមោលសូន្យឈឹងដដែល ដែរ ។
សូមបញ្ជាក់ថា ករណីខាងលើនេះ គឺជាសកម្មភាពអសន្តិសុខមួយ ដែលមិនសមគួរនឹងកើតមានឡើងទាំងកណ្តាលថ្ងៃចែសបែបនេះឡើយ ហើយសកម្មភាពនេះ គឺជាការបញ្ជាក់អំពីកំសោយរបស់សមត្ថកិច្ច ដែលអសមត្ថភាពក្នុងការថែរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ បណ្តែតបណ្តោយអោយសកម្មភាពប្លន់ប្រដាប់អាវុធបែបនេះកើតមានទៅរួច បង្កភាពភ័យខ្លាចដល់ពលរដ្ឋរស់នៅក្នុងមូលដ្ឋាន ខណះដែលបច្ចុប្បន្នប្រទេសកំពុងជួបសុខសន្តិភាព ៕
ចែករំលែកព័តមាននេះ