ចែក​ម៉ាស១​លាន និងអំពាវនាវ​សូមអ្នក​លក់​ម៉ាស​កុំ​ដំឡើង​ថ្លៃ​​


រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃ​ទី​២៧ ខែមករា ឆ្នាំ​២០២០ បាន​ចេញ​សេចក្តីអំពាវនាវ​មួយ​ដល់​អ្នកលក់​ម៉ាស​ទាំងអស់ កុំ​ដំឡើង​ថ្លៃ​ម៉ាស​ដែល​ទិញ​មក​ពាក់​ការពារ​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ។ សេចក្តី​អំពាវ​នាវ​របស់​ក្រសួងសុខាភិបាល​បានលើក​ឡើង​ថា អ្នក​ដែល​លក់​ម៉ាស (mask) ទាំងអស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា សូម​ចូលរួម​ទប់ស្កាត់​ការ​ចម្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី (2019-nCoV) ដោយ​សុំ​កុំ​ដំឡើង​ថ្លៃ​ម៉ាស់ ទុក​លទ្ធភាព​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យេ​ី​ង​ដែល​មាន​តម្រូវការ​ប្រេ​ី​ម៉ាស់ អាច​ទិញ​ប្រេ​ី​បាន​ផង ដេ​ី​ម្បី​ជា​កិច្ច​ចូលរួម​ការពារ​សុខភាព​ផ្ទាល់ខ្លួន​លេ​ី​ការ​ចម្លងជំងឺ​នេះ និង​ជា​បុណ្យ​កុសល​សម្រាប់​លោក​អ្នកជា​អ្នកលក់​ម៉ាស់​នេះ​ផង​។

ទន្ទឹម​នឹង​នេះ ក្រសួង​ក៏​សូម​បងប្អូន​ប្រជាពលរដ្ឋយល់​ដឹង​ថា ប្រ​សិន​បេ​ី​មិន​មាន​ម៉ាស់​ទេ​នោះ ក៏​អាចប្រេ​ី​កន្សែង ឫ​ក្រដាស​ជូត​មាត់ សម្រាប់​ទប់មាត់​នៅពេល​ក្អក​កណ្តាស់​បាន ហេ​ី​យ​ត្រូវ​លាងដៃ​ភ្លាម​ក្រោយ
ពេល​ក្អក​កណ្តាស់​ជាមួយ​សាប៊ូ​និង​ទឹក​ស្អាត ។ ជាមួយ​គ្នា​នេះ​ដែរ ក្រសួង​ក៏​បាន​ចេញ​សារ​អប់រំសុខភាព ដែល​លោក​អ្នក​អាច​ទាញ​យក​មក​ប្រេ​ី​ប្រាស់​បាន​សម្រាប់​កិច្ច​ការពារ​សុខភាព​លោក​អ្នក​ពី​ការ​ចម្លងជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី (2019-nCoV) ជា​ច្រើន​ផង​ដែរ ។

ពាក់ព័ន្ធ​នឹង​ម៉ាស់​នេះ​ដែរ លោក​រដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉​ម ប៊ុ​ន​ហេង ត្រូវ​បាន​សារព័ត៌មាន​ក្នុង
ស្រុក​ដកស្រង់​ប្រសាសន៍​ផ្សាយ ដោយ​បាន​ចាត់​ទុក​ការ​ចែក​ម៉ាស់​ចំនួន​១​លាន នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​គឺជា​វិធានការ​ដ៏​ល្អ​ដើម្បី​ការពារ​ចំពោះ​ការ​ឆ្លង​ជំងឺ​រលាក​សួត ដែល​បង្ក​ឡើង​ដោយ​វីរុស
កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ។ លោក​រដ្ឋមន្ត្រី ម៉​ម ប៊ុ​ន​ហេង បាន​អរគុណ​!ព្រោះ​នេះ​ជា​វិធានការ​មួយ​ដើម្បី​ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​ការ​ចម្លង ប៉ុន្តែ​មិន​ត្រូវ​ដូរ​ម៉ាស់​គ្នា​ទេ ។ ត្រូវ​លាងដៃ​នឹង​សាប៊ូ​ឲ្យ​បាន​ញឹកញាប់​ផង​ដែរ ។

សូម​បញ្ជាក់​ថា អង្គភាព​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ក្នុង​រយៈពេល​១​ខែគិត​ចាប់ពី​ថ្ងៃ​ចន្ទ​ទី​២៧ ខែមករា ឆ្នាំ​២០២០​តទៅនឹង​ចែក​ម៉ាស់​ចំនួន​១​លាន​ជូន​មន្ត្រី​នគរបាល​ច្រក​ទ្វារ និង​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ដើម្បី​ការពារ​ការ​ចម្លងមេរោគ​ថ្មី​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី ។ ពិធី​ចែក​ម៉ាស​ចំនួន​១​លាន​នេះ នឹង​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ត្រី អុ​ី ចំរើន នាយ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ដោយ​មានការ​ចូលរួម​មន្ត្រី​ក្រោម​ឱវាទ​ទាំងអស់​។​ម៉ាស់​ទាំង​អស់នេះ គឺ​បាន​មក​ពី​ជំនួយ​របស់​សប្បុរស​ជន​នានា ហើយនឹង​ចែក​ជូន​ដល់​អ្នក​រត់​ម៉ូតូឌុប កម្មករ អាជីវករ ភ្ញៀវ​ជាតិ​-​អន្តរជាតិ ចេញចូល តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន ៖ ក្រោយពេល​ចុះ​ពិនិត្យ​នៅ​ច្រក​ទ្វារ​អន្តរជាតិ
ខេត្តសៀមរាប ៖ ក្រោយ​ពី​ចុះ​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប និង​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២០ លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេស​ចរណ៍ បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ថា តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សុខាភិបាល គិត​ត្រឹម​ថ្ងៃនេះ កម្ពុជា​មិន​ទាន់ជួប​ប្រទះ​អ្នកដំណើរ ឬ​ទេសចរ​ណា​ម្នាក់​ត្រូវបាន​សង្ស័យ​ថា​ឆ្លង​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទថ្មី «​កូ​រ៉ូ​ណា​វីរុស​» នៅឡើយ​ទេ ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា តាម​រយៈ​ការ​ចុះ​ត្រួតពិនិត្យ​និង​ការ​សាកសួរ​មន្ត្រី​នៅ​អាកាសយានដ្ឋានអន្តរជាតិ​សៀមរាប បាន​សង្កេត​ឃើញ​និង​ទទួល ព័ត៌មាន​ថា ចំនួន​ភ្ញៀវ​ទេសចរ​មានការ​ថយ​ចុះ​ជាង​ប៉ុន្មាន​ថ្ងៃមុន ដែល​មិន​ទាន់​មានការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​នេះ​នៅ​ប្រទេស​ចិន ព្រោះ​ប្រទេសចិន​ក៏​បាន​ហាមឃាត់​ប្រជាជន​ខ្លួន​នៅ​ទីក្រុង​វូហាន មិន​ឱ្យធ្វើ​ដំណើរ​ចេញ​ក្រៅប្រទេស​ដែរ ។ ប្រសិនបើ​ជំងឺ​នេះ​នៅ​តែ​រីក​រាលដាល ភ្ញៀវ​ទេសចរ​អន្តរជាតិ​នឹង​កាត់​បន្ថយ​ការ​ចេញ​ទៅ​ទស្សនា​នៅ​ក្រៅប្រទេស​របស់​ខ្លួន ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​បញ្ជា​ឱ្យ​សេនាធិ​ការ​កោះ​ប្រជុំ​គ្រប់​ផ្នែក​ពាក់ព័ន្ធ រួម​ទាំង​ផ្នែក​ឯកជន​ជា​បន្ទាន់ ដើម្បី​បន្ត​ជំរុញ​ចលនា​ទេសចរ​ក្នុងស្រុក​ឱ្យ​បាន​កាន់តែ​ខ្លាំង​ថែម​ទៀត និង​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផ្នែក​អាជីវកម្ម និង​ឧស្សាហកម្ម​ទេសចរណ៍ ដូចដែល​កម្ពុជា​ធ្លាប់ជួប​ប្រទះ និង​បាន​រួម​គ្នា​ទប់ស្កាត់​នៅ​ពេល​មានការ​ផ្ទុះ​ឡើង​នូវ​ជំងឺ SARS ក្នុង​ពិភពលោក​កាលពី​ឆ្នាំ​២០០៣ ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ការ​ជំរុញ​ចលនា​ទេសចរ​ក្នុង​ប្រទេស​នេះ គឺជា​វិធានការ​មួយ​ដ៏​សំខាន់​ដែល​អង្គការ​ទេសចរណ៍​ពិភពលោក​ទទួលស្គាល់ ក្នុង​ពេល​ដែល​វិស័យ​ទេសចរណ៍​ត្រូវ​ទទួល​រងនូវ​ផល​ប៉​ពាល់​ពី​ជំងឺឆ្លង ឬ​វិបត្តិ​សេដ្ឋកិច្ច​សាកល ។ ការ​ធ្វើ​ដំណើ​របស់​ទេសចរ​ក្នុងស្រុក​នឹង​ចូលរួម​ចំណែក​ទ្រទ្រង់​យ៉ាង​សំខាន់​ដល់​មូលដ្ឋានអាជីវកម្ម​ទេសចរណ៍ នៅ​ពេល​ដែល​ការ​ធ្វើ​ដំណើ​រ​របស់​ទេសចរ​អន្តរជាតិ​មានការ​ធ្លាក់​ចុះ ។

លោក​រដ្ឋមន្ត្រី ថោ​ង ខុន បញ្ជាក់​ថា នៅ​ពេល​មាន​វិបត្តិ​ដូចនេះ មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​ត្រូវការ​ត្រឹម​ចំណូល​ដើម្បី​ទូទាត់​ថ្លៃ​អគ្គិសនី ទឹក និង​ប្រាក់ខែ សម្រាប់​បុគ្គលិក​មួយ​ចំណែក​ប៉ុណ្ណោះ ។ ដូចនេះ ផ្នែក​ឯកជន​ផ្ទាល់​ត្រូវ​ចាត់ការ​កែសម្រួល​ការ​គ្រប់គ្រង​អាជីវកម្ម ដោយ​រស់​រវើក​តាម​សភាពការណ៍ ចូលរួម​កាត់​បន្ថយ​កញ្ចប់​ទស្សនកិច្ច កាត់​បន្ថយថ្លៃ​ចំណេញ ចូលរួម​បង្កើត​ព្រឹត្តិការណ៍​ទេសចរណ៍​នានា ជាមួយ​រដ្ឋបាល​មូលដ្ឋាន​ជាដើម ។

រីឯ​បុគ្គលិក និង​និយោជក​ដែល​បម្រើ​ការងារតាម​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍ ដូច​ជាស​ណ្ឋាគារ ភោជ​នីយដ្ឋាន​ជាដើម ត្រូវ​មានការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​ជាមួយ​ម្ចាស់​មូលដ្ឋាន ។ លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ការងារ​ដូចនេះ​កម្ពុជា​ក៏​ធ្លាប់​ជួប​ប្រទះ ហើយ​បាន​រួម​គ្នា​ឆ្លងកាត់​រួច​ហើយ ។ ចំពោះ​មុខ មុន​បង្អស់ ការ​ចាំបាច់​សំខាន់​បំផុត គឺ​ត្រូវ​រួម​គ្នា​ទប់ស្កាត់ និង​កម្ចាត់​ការរីក​រាលដាល​នៃ​ជំងឺ​ដ៏​សាហាវ​នេះ​ឱ្យ​ខាង​តែ​បាន ។
សូម​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៩ ខែមករា ខាង​មុខ ក្រសួងទេសចរណ៍​នឹង​ដឹកនាំ​កិច្ចប្រជុំ​ការងារ​ធំ មួយ​ជាមួយ​ផ្នែក​ពាក់ព័ន្ធ​លើ​ការងារ​នេះ​ផង​ដែរ ៕

ភ្ញៀវ​គ្រប់​ប្រភេទ​ឆ្លងកាត់​ច្រក​ទ្វារ​ព្រែក​ចាក​ត្រូវ​តែ​ពាក់​ម៉ាស់
ខេត្តកំពត ៖ នគរបាល​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​ក្នុង​រយៈពេល​២​ថ្ងៃនេះ បាន​ត្រួតពិនិត្យ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ប៉ុស្តិ៍​មុន និង​ចូល​ទឹកដី​កម្ពុជា តម្រូវ​ឲ្យ​ពាក់​ម៉ាស់​គ្រប់​គ្នា​ខណៈ​ពេល​មាន​មេរោគ​ថ្មី​មួយ​ឈ្មោះ​កូ​រ៉ូ​ណា​ជា​វីរុស​ផ្ទុះ​ឡើង​នៅ​ប្រទេស​ចិន ។ លោក​ឧត្តមសេនីយ៍ត្រី​ជុំ ប៊ុ​ណ្ណា​រ័​ត្ន នាយ​នគរបាល​ប៉ុស្តិ៍​ត្រួតពិនិត្យ​ច្រក​ទ្វា​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​បាន​ប្រជុំ​ជាមួយ​មន្ត្រី​នគរបាល និង​មន្ត្រី​គយ​និង​គ្រូពេទ្យ​ប្រចាំការ​នៅ​ច្រក​ទ្វារ​ព្រំដែន​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ទី​២៧ មក​រា ឱ្យ​មន្ត្រី​នគរបាល​ទាំងអស់​កំពុង​បំពេញភារកិច្ច​របស់​ខ្លួន​ពាក់​ម៉ាស់​ឱ្យ​បាន​គ្រប់​គ្នា​ការពារ​មេរោគ​ថ្មី​នេះ ។

លោក​ឧត្តម​ស​នី​យ៍​ជុំ ប៊ុ​ណ្ណា​រ័​ត្ន បាន​ដាក់​កម្លាំងបន្ថែម​នៅ​ច្រកព្រំដែន​ឱ្យ​ជួយ​ចែក​ម៉ាស់​ជូន​អ្នក​ធ្វើ
ដំណើរ​ជនជាតិ ផ្សេង​ៗ ក៏​ដូច​ជា​ជនជាតិ​វៀតណាមផង​ដែរ ព្រោះថា​មនុស្យ​គ្រប់​រូប​មិនដឹង​ថា តើ​អ្នក​ណាមួយ​កើត​មាន​ជំងឺ​នេះ​នៅ​ក្នុង​ខ្លួន​ទេ ។ លោក​ឧត្តមសេនីយ៍ត្រី​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មក​រា ថា ដោយឡែក​ជនជាតិ​ចិន​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​មិន​បានឃើញ​ធ្វើ​ដំណើរ​ឆ្លងកាត់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​ទេ ។ ទោះជា​មាន​ស្ថានភាព​បែប​នេះ​ក៏​ដោយ អ្នក​ធ្វើ​ដំណើរ​នៅ​តែ​ឆ្លងកាត់​ព្រំដែន​ជា​ធម្មតា ។ ដោយឡែក​ក្រុម​គ្រូពេទ្យ​កំពុង​ដាក់​ឧបករណ៍​តាមដាន​នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ៕

ក្រសួងសុខាភិបាល​ដាក់​វិធានការបង្ការ​ការ​ចម្លង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ក្រសួងសុខាភិបាល បាន​ក្រើនរំឭក​និង​អំពាវនាវដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ព្រមទាំងដាក់​វិធានការ​បង្ការ​ការ​ចម្លងជំងឺ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​មកកម្ពុជា ។ វិធានការ​បង្ការ​ការ​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​ប្រភេទថ្មី​នេះ គឺ​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ត្រូវ ៖

១-​ជៀសវាង​ធ្វើ​ដំណើរ​ឬ​ផ្អាក ប្រសិនបើ​មាន​គ្រុនក្តៅ និង​ក្អក ។
២-​ប្រ​សិន​មាន​គ្រុនក្តៅ ក្អក និង​ពិបាក​ដកដង្ហើម ត្រូវ​ស្វែងរក​ការ​ព្យាបាល​ជា​បន្ទាន់ និង​ប្រាប់​ពី​ប្រវត្តិនៃ​​ការ​​​ធ្វើ​ដំណើរ​របស់​លោក​អ្នក​ដល់​គ្រូពេទ្យ ។
៣-​ជៀសវាង​ការ​ប៉ះពាល់ ជាមួយ​អ្នក​ដែល​មានគ្រុនក្តៅ និង​ក្អក ។
៤-​លាងដៃ​ឲ្យ​បាន​ញឹកញាប់ ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ឬ​អាល់កុល​ហ្សែ​ល និង​ជៀសវាងប៉ះពាល់​ភ្នែក ច្រមុះ ឬ​មាត់ ។

៥-​នៅ​ពេល​ក្អក ឬ​កណ្ដាស់ ត្រូវ​ខ្ទប់មាត់ និង​ច្រមុះលោក​អ្នក​ដោយ​ប្រើ​កែងដៃ ឬ​ក្រដាស​រួច​បោះចោល
ក្នុង​ធុងសំរាម​ភ្លាម​និង​លាងដៃ​របស់​លោក​អ្នក ។
៦-​ប្រ​សិន​លោក​អ្នក​ពាក់​ម៉ាស់ ត្រូវ​ប្រាកដ​ថាពាក់​គ្រប​លើ​មាត់​និង​ច្រមុះ ប៉ុន្តែ​ជៀសវាង​ការ​ប៉ះម៉ាស់​ផ្ទៃ​ខាងក្រៅ​នៅ​ពេល​កំពុង​ពាក់​និង​ពេល​ដោះ ។
៧-​ត្រូវ​បោះចោល​ភ្លាម​នូវ​ម៉ាស់​ដែល​បាន​ប្រើរួច និង​លាងដៃ​ឲ្យ​ស្អាត​បន្ទាប់​ពី​ដោះ​ម៉ាស់ ។
៨-​ប្រ​សិន​អ្នក​ចាប់ផ្តើម​ឈឺ​ពេល​កំពុង​ធ្វើ​ដំណើរត្រូវ​ប្រាប់​អ្នកបម្រើ​លើ​យន្តហោះ និង​ស្វែងរក
ការ​ព្យាបាល​ឲ្យ​បាន​ឆាប់​និង​ប្រាប់​ពី​ប្រវត្តិ​នៃ​ការ​ធ្វើដំណើរ​ដល់​គ្រូពេទ្យ ។
៩-​បរិភោគ​តែ​អាហារ​ណា​ដែល​ឆ្អិន​ល្អ ។

១០-​មិន​ត្រូវ​ខាកស្តោះ​នៅ​ទី​សាធារណៈ ។
១១-​ជៀសវាង​ការ​ប៉ះពាល់​និង ធ្វើ​ដំណើរ​ជាមួយ​សត្វ​ដែល​ឈឺ ។
ជាមួយ​គ្នា​នេះ ក្រសួងសុខាភិបាល​ក៏​បាន​អំពាវនាវ​ដល់​ប​ជ្រា​ពលរដ្ឋ សម្រាប់​ព័ត៌មាន​បន្ថែម សូមទាក់ទង​ទៅ​ទូរស័ព្ទ​លេខ ១១៥ ដោយ​ឥត​គិតថ្លៃ​។ សូម​ជម្រាប​ថា ពាក់ព័ន្ធ​នឹង​ជំងឺ​ផ្លូវដង្ហើម​ថ្មី​នេះ ប្រមុខ​រាជ​រដ្ឋា​ភិបាល​ក៏​បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង មន្ទីរអង្គភាព ត្រួ​វ​តាមដាន​ឲ្យ​បាន​ដិត​ដល់ និង​យកចិត្តទុកដាក់​ឲ្យ​ខ្ពស់​បំផុត ។

តើ​ប្រទេស​ណាខ្លះ​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី ? ពង្រឹង​វិធានការ​ទប់ស្កាត់ ខណៈ​អ្នក​ឆ្លង​ចេះ​តែ​កើន
ប្រទេស​ចិន ៖ ក្រុង​ប៉េ​កាំ​ង​បាន​សម្រេច​កាលពី​ថ្ងៃ​ទី​២៧​មក​រា ពន្យារពេល​ថ្ងៃ​ឈប់​សម្រាក​បុណ្យចូលឆ្នាំ​ថ្មី​ចិន ក្នុង​ក្រប​ខណ្ឌ​នៃ​បណ្ដា​វិធានការ​តស៊ូ​ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​ថ្មី ដែល​តុល្យការ​នៅ​ចិន​ចំនួន​អ្នក​ស្លាប់​ឡើង​ដល់​៨០​នាក់​ហើយ ។

វិធានការ​នេះ​ត្រូវ​បាន​ប្រកាន់​យក ដើម្បី​កាត់​បន្ថយ​ការ​ប្រមូលផ្ដុំ​មនុស្ស​និង​រាំង​ខ្ទប់​ការ​ឆ្លង​។ នេះ​ជា​ការ​អះអាង​របស់​រដ្ឋាភិបាល​ចិន​ក្នុង​សេចក្ដី​ប្រកាស​មួយ ដែល​ក៏​កម្រិត​ផង​ដែរ​ចលនា​របស់​ប្រជាជន​ពិសេស​បំផុត​ក្នុង​ដំណាក់កាល​សំខាន់​នេះ​ប្រចាំឆ្នាំ ។ ពលរ​ដ្ខ​ចិន​តាម​ធម្មតា​ត្រូវ​ត្រឡប់​មក​ធ្វើការ​វិញ ថ្ងៃ​ទី​៣១​មក​រា​ក្រោយ​ពី​សម្រាក​៧​ថ្ងៃ ជា​ឱកាស​នៃ​ការ​ធ្វើ​ដំណើរ​របស់​មនុស្ស​ច្រើន​រយ​លាន​នាក់​ក្នុង​ទូ​ទាំង​ប្រទេស ។
រដ្ឋាភិបាល​កណ្ដាល​ចិន​ប្រកាស​នា​ថ្ងៃ​ទី​២៧​មក​រា​ថា ក្នុង​ទូ​ទាំង​ប្រទេស​មាន​អ្នក​ឆ្លង​វីរុស​២៧៤៤​នាក់់​ហើយ​មនុស្ស​២៤​នាក់​ថែម​ទៀត​ស្លាប់ ក្នុង​ខេត្ត​ហ៊ូ​បី​ជា​ចំណុចកណ្ដាល​នៃ​ការ​ឆ្លង​។ ពុំ​ុំ​មាន​អ្នក​ស្លាប់​ថ្មី​នៅ​ខាងក្រៅ​តំបន់​នេះ​ឡើយ​។

មុន​នេះ​បណ្ដា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ខាងសុខាភិបាល​ចិន​ថ្លែង​ថា លទ្ធភាព​នៃ​ការ​ឆ្លង​វីរុសមាន​កាន់តែ​ខ្លាំង ក៏​ទោះបី​នៅ​មិន​ទាន់​ដល់​កម្រិតនៃ​ការ​ឆ្លង​វីរុស​SRAS ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​រយ​នាក់​កាលពីដើម​ទស​វត្ស​ឆ្នាំ២០០០ ។ កាលពី​យប់​ថ្ងៃ​ទី​២៥​មក​រា​ប្រធានាធិបតីចិន លោក​សី​ុ​ជី​ន​ពីង​បាន​ទទួលស្គាល់​ថា សភាពការណ៍​ពិតជា​ធ្ងន់ធ្ងរ ដោយ​លោក​ព្រមាន​ថា​ការ​ឆ្លង​ដែល​លេច​ចេញ​កាលពី​ខែធ្នូ នៅ​ក្រុង​វូ​ហាន​ភាគ​កណ្ដាល​ប្រទេស​មាន​ល្បឿន​កាន់តែ​លឿន​។

នាយក​អង្គការ​សុខភាព​ពិភពលោក​WHO លោក​TEDROS ADHANOM GHEBREYESUS ប្រកាស​ថា​លោក​មក​កាន់​ចិន​ដើម្បី​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ប្រទេស​នេះ​ពី​បណ្ដា​វិធានការ​ទប់ស្កាត់​ការ​ឆ្លង ។ ទោះបី​យ៉ាងណា​ការ​សិក្សា​លើ​បណ្ដា​អ្នក​ឆ្លង​វីរុស​ដំ​បួង​ៗ​បង្ហាញ​ថា អត្រា​នៃ​ការ​ស្លាប់​ដោយសារ​វីរុស​2019 nCoVមាន​ខ្សោយ ។ សម្រាប់​លោក​GUI XI’EN អ្នកឯកទេស​ខាង​ជំងឺឆ្លង​នៃ​សាកលវិទ្យាល័យ​វូ​ហាន​យល់​ថា ចំនូ​ន​អ្នក​ឆ្លង​អាច​មាន​ច្រើន​បំផុត​ក្នុង​រង្វង់​ថ្ងៃ​ទី​៨​កុម្ភៈ មុន​ពេល​ចុះ​ថយ​វិញ​។

ការ​ឆ្លង​រាលដាល​នៃ​វីរុស​នោះ​បាន​ទៅ​ដល់​អឹ​រ៉ុ​ប​និង​អូស្ត្រាលី​ហើយ ម្នាក់​នៅ​កា​ណា​ដា ។​សហរដ្ឋអាមេរិក​ដែល​មាន​អ្នក​ឆ្លង​ឡើង​៥​នាក់ បាន​ប្រកាស​រៀបចំ ការ​ជម្លៀស​បុគ្គលិក​ការទូត​និង​បណ្ដា​ពលរដ្ឋ​អា​មេ​រិ​ក​ដែល​ស្ទះ​ជាប់​នៅ​វូ​ហាន ដោយ​បញ្ជូន​យន្តហោះ​មួយ​ទៅ​នា​ថ្ងៃ​ទី​២៨ មក​រា ។ ប្រទេស​ដទៃ​ៗ​ទៀត បាន​ទាក់ទងជាមួយ​ចិន ដើម្បី​ជម្លៀស​ពលរដ្ឋ​ពួក​គេ​ចេញ​ដែរ ។បារាំង​ប្រកាស​នា​ថ្ងៃ​ទី​២៦ មក​រា​ថា នឹង​រៀបចំ​ការធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិ​គេ តាម​ផ្លូវអាកាស​ដោយ​ផ្ទាល់​ហើយ អ្នក​ទាំងនេះ​នឹង​ដាក់​ឲ្យ​នៅ
ដាច់​ពី​គេ​រយៈពេល​១៤​ថ្ងៃ ។

កាលពី​ថៃ្ង​ទី​២៦​មក​រា​ចិន​បាន​ហាមឃាត់​បណ្ដោះអាសន្ន​ការ​ធ្វើ​ពា​ណិ​ជ្ច​កម្ម​សត្វព្រៃ​ក្នុង​បណ្ដា​ទីផ្សារ ភោជ​នីយដ្ឋាន​និង​បណ្ដា​ទីតាំង​ពាណិជ្ជ​អន​ឡាញ ។ ពពួកសត្វ​ព្រៃ​ដែល​តាម​ធម្មតាត្រួ​វ​គេ​ប្រមាញ់ យក​មក​លក់​ពោរ​ពាស​តាម​ទីផ្សារ ហើយ​ពពួកសត្វ​ព្រៃ​ត្រូវ​គេ​សង្ស័យ​ជា​អ្នក​ផ្ទុក​វីរុស ដែល​ប្ដូរ​រូប​ចម្លង​មក​មនុស្ស ។ ពស់​ក្រពើ​និង​សត្វព្រៃ​ឯទៀត​ៗ អាច​កុម្ម៉ង់​ទិញ​តាម​TAOBAO​ជា​ប្រព័ន្ធ​អន​ឡាញ​របស់​ក្រុមហ៊ុន​អា​លី​បា​បា ។

ប៉ូលិស​ហុងកុង​គូសបញ្ជាក់​ថា​ពួក​បាតុករ​ស្និទ្ធ​ប្រជាធិបតេយ្យ ពេល​ដែល​ទីក្រុង​នោះ​កំពុង​តែ​ចាត់​បណ្ដា​វិធានការ​ទប់ស្កាត់ ការ​ឆ្លង​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា កាលពី​ថ្ងៃ​ទី​២៦​មក​រា​បែរជា​នាំ​គ្នា​គប់​ដប​សាំង​ដុត​អគារ​មួយ​នៅ​ក្រុង​ហុងកុង ដែល​គេ​ជ្រើសរើស​សម្រាប់​ជា​កន្លែង​ដាក់​បណ្ដា​មនុស្ស​សង្ស័យ​ផ្ទុក​វីរុស​។ ប៉ូលិស​និយាយ​ថា​អំពើ​បែប​នោះ ជា​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​មូ​យ​ដល់​សន្តិសុខ​។ អាជ្ញាធរ​ហុងកុង​បាន​ប្រកាស​ថា ​ការ​ឆ្លង​រាលដាល​នៃ​វីរុស ដែល​ចាប់ផ្ដើម​នៅ​ភាគ​កណ្ដាល​ចិន ជា​បញ្ហា​បន្ទាន់​សាធារណៈ​មូ​យ រួច​ប្រកាស​ពី​វិធានការ​ទប់ស្កាត់​មួយ​ចំនួន​។ សម្រាប់​ពេល​នេះ​មាន​មនុស្ស​៦​នាក់​រក​ឃើញ​ឆ្លង​ជំ​ងឹ​នោះ​នៅ​ហុងកុង ។

វីរុស​កូ​រ៉ូ​ណា​ថ្មី​ក្រៅពី​ចិន មាន​អ្នក​ឆ្លង​៨​នាក់​នៅ​ថៃ ហុងកុង​៦​នាក់ ម៉ា​កាវ​៥​នាក់ អូស្ត្រាលី៤​នាក់ ជប៉ុន​៤​នាក់ ម៉ា​ឡេ​សុ​ី​៤​នាក់ សិង្ហ​បុរី​៤​នាក់បារាំង​៥​នាក់ កូរ៉េ​ខាងត្បូង​៣​នាក់ តៃវ៉ាន់​៣​នាក់ អា​មេ​រិ​ក​៥​នាក់ វៀតណាម​២​នាក់ នេ​ប៉ា​ល់​ម្នាក់​៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ