ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​មក​លេង​ខេត្ត​ប៉ៃលិន​ឆ្នាំ​នេះ​​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន (មានវីដេអូ)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ការ​ដើរ​លេង​កំសាន្ត​របស់​ភ្ញៀវ​ទេសចរ​រយ​:​ពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៥-២៦ និង​២៧ ខែមករា ឆ្នាំ​២០២០ នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​នេះ ហាក់ដូចជា​មានការ​ធ្លាក់​ចុះបើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៩​កន្លង​មក ។…

ខេត្ត​ប៉ៃលិន ៖ ការ​ដើរ​លេង​កំសាន្ត​របស់​ភ្ញៀវ​ទេសចរ​រយ​:​ពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២៥-២៦ និង​២៧ ខែមករា ឆ្នាំ​២០២០ នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​នេះ ហាក់ដូចជា​មានការ​ធ្លាក់​ចុះបើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៩​កន្លង​មក ។ ចំណែក​មូលហេតុ​នៃ​ការ​ធ្លាក់​ចុះ​នេះ មាន​អ្នកខ្លះ​លើក​ឡើង​ថា ដោយសារ​តែ​ភ្ញៀវ​ភាគច្រើន​ធ្វើ​ដំណើរ​ទៅ​លេង​តាម​បណ្តា​ខេត្ត​នានា​ដូច​ជា​ខេត្តសៀមរាប ព្រះ​សីហ​នុ ខេត្ត​រតនគីរី ជាដើម ។ ចំណែក​អ្នកខ្លះ​ទៀត លើក​ឡើង​ថា ដោយសារ​តែ​នៅ​តាម​រមណីយដ្ឋាន​នីមួយ​ៗ​មិន​ទាន់​មាន​អ្វី​ប្លែក​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទាំងនោះ​ឱ្យ​ចូល​មក​លេង រីឯ​ផ្លូវ​ទៅ​លេង​កម្សាន្ត​នៅ​កន្លែង​ខ្លះ​ក៏​មានការ​លំបាក​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន​មាន​កន្លែង​ដើរ​លេង​កំសាន្ត​ជា​ច្រើន​ដូច​ជា រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ភ្នំ​យ៉ា​ត​, រមណីយដ្ឋាន​ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ​, រមណីយដ្ឋាន​ចំការ​ខ្នុរ​, រមណីយដ្ឋាន​ចំការ​សាវម៉ាវ​, កន្លែង​លេង​ទឹក​ស្ពាន​តា​រៀប​, រមណីយដ្ឋាន​រហាត់ទឹក និង​អាង​ជីងចក់ ព្រមទាំង​កន្លែង​លេង​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។ ប៉ុន្តែ​ក្នុង​ចំណោម​កន្លែង​លេង​កម្សាន្ត​ទាំងនេះ នៅ​កន្លែង​ខ្លះ​ទៀត មិន​ទាន់​មានការ​អភិវឌ្ឍ​ឱ្យ​មានការ​រីក​ចម្រើន​នៅឡើយ​ទេ ។ ចំណែក​ទឹកធ្លាក់​មួយ​កន្លែង​ទៀត នៅ​ក្បែរ​ក្រុងប៉ៃលិន ដូច​ជា​ទឹកធ្លាក់​បរ​ហ៊ុយ​ជាដើម ដែល​មិន​ទាន់​អាច​ធ្វើ​ដំណើរ​ទៅ​ដល់ ដោយសារ​អត់​មាន​ផ្លូវ​ចូល ។ បើ​នៅ​ថ្ងៃ​ខាង​មុខ មានការ​អភិវឌ្ឍ អាច​នឹង​មាន​ភ្ញៀវ​ចូល​ទៅ​លេង​ច្រើន​ជាក់​ជា​មិន​ខាន ជា​ពិសេស​ម្ហូបអាហារ ត្រូវ​តែ​លក់​ក្នុង​តម្លៃ​សមរម្យ ការ​មើលថែ​រក្សា ការពារ​យានជំនិះ ត្រូវ​តែ​មាន​សុវត្ថិភាព ។

ចំណែក​ភ្ញៀវ​ទេសចរណ៍​ម្នាក់ ឈ្មោះ ប៊ុ​ន ធឿ​ន បាន​លើក​ឡើង​ថា ការ​ដែល​អត់​សូវ​មាន​ភ្ញៀវ​ក្នុងស្រុក​ដើរ​លេង​កំសាន្ត​ច្រើន ក៏​អាច​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច​គ្រួសារ ខណ​:​ធ្វើស្រែ​ចម្ការ​មិនសូវ​បាន​ផល តម្លៃ​ទីផ្សារ​ធ្លាក់​ចុះ ទិន្នផល​បាន​ទាប ទើប​អត់​សូវ​មាន​ថវិកា​ដើរ​លេង​កំសាន្ត ។ មួយ​ផ្នែក​ទៀត ប្រជាពលរដ្ឋ​ដែល​មាន​ថវិកា​ច្រើន គេ​មាន​រថយន្ត​ខ្លួនឯង បើកបរ​ទៅ​លេង​ខេត្ត​ឆ្ងាយ​ៗ ទើប​ធ្វើ​ឱ្យ​ខេត្ត​ប៉ៃលិន មានការ​ស្ងាត់​ភ្ញៀវ​បែប​នេះ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ លោក លឹ​ម វាសនា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ជាតិ​មាន​ចំនួន​១៥,៥៧៥​នាក បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៩ មាន​ចំនួន​១៧,១៨១​នាក់ មានការ​ថយ​ចុះ​-៩,៣៤% ហើយ​ភ្ញៀវ​ទេសចរ​អន្តរជាតិ មាន​ចំនួន​៦៩​នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩​មាន​ចំនួន​៩៤​នាក់ មានការ​ថយ​ចុះ​ចំនួន​-២៦,៥៩% ។ លោក​បន្ត​ទៀត​ថា ភ្ញៀវ​ទេសចរ​សរុប​មាន​ចំនួន​១៥,៦៤៤​នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៩ មាន​ចំនួន​១៧,២៧៥​នាក់ មានការ​ថយ​ចុះ​ចំនួន​-៩,៤៤% ។ ចំនួន​ដែល​ទទួលភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​មាន​ចំនួន​៩​កន្លែង ក្នុង​នោះ​មាន ១-​រមណីយដ្ឋាន​ភ្នំ​យ៉ា​ត ២- រមណីយដ្ឋាន​ទឹកធ្លាក់​ភ្នំ​ខៀវ ៣-​តំបន់​លំហែកាយ អូរ​ឈើ​ក្រំ ៤-​រមណីយដ្ឋាន​ចំការ​ខ្នុរ ៥- រមណីយដ្ឋាន​ម្លប់​សាវម៉ាវ និង​៦-​រមណីយដ្ឋាន​ស្ទឹង​ត្រជាក់ចិត្ត ។

លោក​បញ្ជាក់​ទៀត​ថា ខាង​លោក​ក៏​មិន​ទាន់​ដឹង​ពី​មូលហេតុ ដែល​ភ្ញៀវ​ទេសចរ​មានការ​ថយ​ចុះ​នេះ​ដែរ ខណ​:​លោក​ពេល​នេះ​កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​នៅ​រាជធានី​ភ្នំពេញ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​កាលពី​ប៉ុន្មាន​ខែ​មុន ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ