ការមានក្តីស្រមៃ ឬគោលដៅក្នុងការក្លាយជាបុគ្គលដែលជោគជ័យមិនមានអ្វីខុសទេ ប៉ុន្តែសម្រាប់មនុស្សមួយចំនួនដែលតែងតែចង់ជោគជ័យនិងមិនដែលភ្លក់រសជាតិនៃការបរាជ័យនោះវាមិនមែនជារឿងល្អឡើយ ។ ផ្ទុយមកវិញ យោងទៅតាមបុគ្គលដែលជោគជ័យមួយចំនួន ការបរាជ័យម្តងម្កាលជាចំណុចសំខាន់ដែលជួយឲ្យពួកគេមានថ្ងៃនេះ ។ ខាងក្រោមនេះ គឺជាមហាសេដ្ឋីមួយចំនួនដែលទទួលយកការបរាជ័យ៖
១. លោក ម៉ាក ឃ្យូបេន (Mark Cuban)៖
យោងទៅតាមមហាសេដ្ឋី និងសហគ្រិន ម៉ាក ឃ្យូបេន ការបរាជ័យប្រៀបបានជាឱកាសក្នុងការរៀនសូត្រមួយ ។ លោកធ្លាប់បានចែករំលែកថា បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Indiana University លោកបានសុំឈប់ និងត្រូវបានបញ្ឈប់ពីការងារចំនួនបីជាប់ៗគ្នា ។ លោកបានបន្តទៀតថា មនុស្សម្នាក់ៗតែងតែពូកែនឹងរឿងអ្វីមួយ ប៉ុន្តែអ្វីដែលពិបាកជាងគេ គឺការរកឲ្យឃើញថាអ្នកពូកែធ្វើអ្វីឲ្យប្រាកដ និងការសាកល្បងម្តងហើយម្តងទៀតដើម្បីរកវាឃើញ ។ លោកបានបន្ថែមថា «ពេលដែលអ្នកមានអាយុ ២២ និង ២៤ឆ្នាំ គ្មានអ្វីជាការបរាជ័យទេ» ។
២. លោក ប៊ីល ហ្គេតសន៍ (Bill Gates)៖
ជាមួយនឹងទ្រព្យសម្បត្តិប្រមាណ ១០៩ប៊ីលានដុល្លាររបស់លោក លោក ប៊ីល ហ្គេតស៍ ត្រូវបានចាត់ទុកដោយមនុស្សជុំវិញពិភពលោកថាជាបុគ្គលដ៏ជោគជ័យមួយរូប ប៉ុន្តែលោកក៏ធ្លាបបានភ្លក់រសជាតិនៃការបរាជ័យជាច្រើនដងមកហើយដែរ ។ ការបរាជ័យទាំងនោះមិនបានធ្វើឲ្យលោកបាក់ទឹកចិត្តទេ ហើយលោកបានប្រាប់មកថាលោកទទួលស្គាល់ថាវាជាបទពិសោធន៍ ឬឧបសគ្គដែលបង្រៀនមេរៀនសំខាន់ៗដល់លោកទៅវិញ ។ លោកបាននិយាយក្នុងសៀវភៅរបស់លោកដែលមានឈ្មោះ Business @the Speed of Throught: Succeeding in the Digital Economy ថា «ពេលដែលអ្នកទទួលយកថាព័ត៌មានដែលមិនល្អមិនមែនជាព័ត៌មានអវិជ្ជមាន តែជាភស្តុតាងបង្ហាញថាអ្នកត្រូវផ្លាស់ប្តូរ នោះអ្នកមិនបានចាញ់ទេ» ។
៣. លោក ស្ទីវ ចបស៍ (Steve Jobs)៖
មុនពេលចូលមរណភាព លោកមហាសេដ្ឋី ស្ទីវ ចបស៍ បានជួយឲ្យក្រុមហ៊ុន Apple ក្លាយជាក្រុមហ៊ុនដែលផលិតទូរស័ព្ទដៃធំជាងគេលើលោកក្នុងផ្នែកតម្លៃ ។ កាលពីឆ្នាំ ២០០៥ លោកបានចែករំលែកទស្សនៈរបស់លោកជាមួយនឹងនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Standford University ថា «ការចងចាំថាខ្ញុំនឹងចែកឋានក្នុងពេលឆាប់ៗ គឺជាឧបករណ៍ដែលសំខាន់ជាងគេដែលបានជួយឲ្យខ្ញុំធ្វើការសម្រេចចិត្តធំៗក្នុងជីវិត» ។ លោកបានបន្តថា «រាល់ការភ័យខ្លាចពីការខ្មាសអៀន ឬបរាជ័យមិនមានសារៈសំខាន់ទៀតឡើយបើធៀបនឹងមរណភាព ហើយវាធ្វើឲ្យខ្ញុំមើលឃើញច្បាស់ពីអ្វីដែលពិតជាសំខាន់ពិតប្រាកដ» ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ