ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហុ​ឹ​ម សេរី ឈ្នះ​ថៃ​ទឹក​ទី​2 ចំណែក​អេ ណា​រ័​ត្ន ឈ្នះ​អ៊ូ​ស​បេ​គី​ស្ថាន​ដោយ​ពិន្ទុ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី កាលពី​ថ្ងៃអាទិត្យ​ទី​២៦​មក​រា កីឡាករ​កម្ពុជា​ពីរ​រូប​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ពេញចិត្ត​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​យកឈ្នះ​គូប្រកួត​ដែល​ជា​កីឡាករ​បរទេស​រៀង​ៗ​ខ្លួន​។ កីឡាករ ហ៊ឹ​ម សេរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ បាន​ធ្វើ​ឱ្យ​កីឡាករ​ថៃ…

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី កាលពី​ថ្ងៃអាទិត្យ​ទី​២៦​មក​រា កីឡាករ​កម្ពុជា​ពីរ​រូប​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ពេញចិត្ត​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​យកឈ្នះ​គូប្រកួត​ដែល​ជា​កីឡាករ​បរទេស​រៀង​ៗ​ខ្លួន​។ កីឡាករ ហ៊ឹ​ម សេរី មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ បាន​ធ្វើ​ឱ្យ​កីឡាករ​ថៃ ណុ​ក​ត្រាក់​ធីប ស៊ី​ត ផ​អ៊ែ​ត បោះបង់​ការ​ប្រកួត​ត្រឹម​ទឹក​ទី​២ ខណៈ​កីឡាករ អេ ណា​រ័​ត្ន មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា​បាន​យកឈ្នះ​កីឡាករ​អ៊ូ​ស​បេ​គី​ស្ថាន Tulabaev Kobilbek ដោយ​ពិន្ទុ ។

ឈុត​ឆាក​ប្រកួត​រវាង​កីឡាករ ហ៊ឹ​ម សេរី​និង​កីឡាករ​ថៃ ណុ​ក​ត្រា​ធីប ពិតជា​ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​កីឡាករ​កម្ពុជា​ម្នាក់​នេះ​ប្រើ​ក្បាច់​ប្រយុទ្ធ​ពិសេស​ៗ​វាយលុក​ទៅ​លើ​គូប្រកួត​យ៉ាង​សាហាវ​តាំងពី​បើក​ឆាក​ប្រកួត​នៅ​ក្នុង​ទឹកទី​១​ម៉្លេះ។ ឯ​កីឡាករ​ថៃ​ក៏​មិនធម្មតា​នោះ​ដែរ គេ​បាន​វាយបក​សង​វិញ​ភ្លាម​ៗ​សំដៅ​ផ្ទៃមុខ​ហ៊ឹ​ម សេរី តែ​ត្រូវ​ហ៊ឹ​ម សេរី បា​រ៉ា​ស​ជាប់​រហូត ។

ស្នៀត​ជើង​របស់​ហ៊ឹ​ម សេរី មិន​បង្អង់​ទុក​យូរ​ឡើយ បាន​ទាត់​សន្ធាប់​ទៅ​លើ​គោលដៅ​សំខាន់​ៗ ដូច​ជា​កណ្ដៀតក្អម​និង​កញ្ចឹងក​ប៉ុន្តែ​នៅ​តែ​មិន អាច​ធ្វើ​អី​កីឡាករ​ថៃ​បាន ។ គ្រាន់តែ​ចូល​ដល់​ទឹក​ទី​២​ភ្លាម ហ៊ឹ​ម សេរី បាន​សម្រុកចូល​វាយលុក​ទៅ​លើ​កីឡាករ​ថៃ ជា​បន្ត​ទៀត ដោយ​ប្រើ​ស្នៀត​ជើង​ទាត់​ផ្ទួន​ៗ​ត្រូវ​ដើមដៃ​ខាងឆ្វេង​កីឡាករ​ថៃ​បណ្ដាល​ឱ្យ​រង​របួស​ជា​ទម្ងន់​មិន​អាច​ប្រកួត​តទៅ​ទៀត​បាន​ត្រូវ​លោក​អាជ្ញាកណ្ដាល​បញ្ឈប់​លែងឱ្យ​ប្រកួត​តែ​ម្ដង ។

ក្រឡេក​មើល​ការ​ប្រកួត​រវាង​កីឡាករ អេ ណា​រ័​ត្ន ជាមួយ​កីឡាករ​អ៊ូ​ស​បេ​គី​ស្ថាន​វិញ​ក៏​មិន​អន់​ប៉ុន្មាន​​ដែរ ធ្វើ​ឱ្យ​អ្នក​ទស្សនា​ផ្ទាល់​ស្រែក​ហ៊ោ​កងរំពង​ពេញ​សង្វៀន​តែ​ម្ដង​ព្រោះ​ពួក​គេ​ទាំង​ពីរ​បាន​ប្រើ​ស្នៀត​ពិសេស​ៗ​វាយ​សម្រុក​រក​គ្នា​ដើម្បី​យកឈ្នះ​រៀងខ្លួន ។ គូ​នេះ​ចាប់ផ្ដើម​វាយ​សម្រុក​តាំងពី​ទឹក​ទី​១ ក្នុង​ពេល​កីឡាករ អ៊ូ​ស​បេ​គី​ស្ថាន មាន​កម្លាំង​ខ្លាំង​ជាង រីឯ​ល្បិច​ប្រកួត​វិញ​ចាញ់​អេ ណា​រ័​ត្ន​ដាច់​តែ​ម្ដង ។

ដូច្នេះ​ហើយ​បានជា​ចូល​ដល់​ទឹក​ទី​៤​គេ​សង្កេត​ឃើញ​កីឡាករ អ៊ូ​ស​បេ​គី​ស្ថាន​ស្ថាន​រាង​ធ្លាក់ដៃ​បន្តិច​ធ្វើ​ឱ្យ​កីឡាករ អេ ណា​រ័​ត្ន​មានឱកាស​វាយ​យកឈ្នះ​ដោយ​ពិន្ទុ​។

ចំណែក​គូប្រកួត​មិត្តភាព​វិញ កីឡាករ ពុទ្ធ ភា​រិ​ន្ទ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ បាន​យក​ឈ្នះ​កីឡាករ លាភ សំណាង មក​ពី​ក្លិប​កងពលតូច​លេខ​៧០​ដោយ​ពិន្ទុ និង​កីឡាករ ទេស បូ​រី មក​​ពី​ក្លិប​កងពលតូច​លេខ​៧០​ចាញ់​ពិន្ទុ​កីឡាករ ភាព ផា​សេង មក​ពី​ក្លិប​រាហូ​កីឡា​ខេត្តបាត់ដំបង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ