ចូល​ឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​ភ្ញៀវ​ទៅ​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា​យ៉ាង​សប្បាយ(មានវីដេអូ)


ខេត្តកំពង់ចាម ៖ រមណីយដ្ឋាន​ក្បាលហុង​ទឹកឆា​នៅ​ស្រុក​ព្រៃឈរ និង​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ស្រុក​កំពង់សៀម ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន និង​វៀតណាម ឆ្នាំ​២០២០​នេះ គេ​ឃើញ​ភ្ញៀវ​មក​កម្សាន្ត​លេង​ច្រើន​កុះករ ជាង​តាម​បណ្ដា​រមណីយដ្ឋាន​ផ្សេង​ៗ ។​ជាមួយ​គ្នា​នោះ កងកម្លាំង​សមត្ថកិច្ច​រួម និង​ប្រជា​ការពារ​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​តាម​រមណីយដ្ឋាន​សំខាន់​ៗ ដើម្បី​ពង្រឹង​សន្តិសុខ និង​សណ្ដាប់ធ្នាប់​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ត​លេង ។

លោកតា អោ ស អាយុ​៧៥​ឆ្នាំ រស់នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គាត់ និង​អ្នក​ភូមិ​ឯទៀត​មាន​គ្នា​ប្រមាណ​ជាង​៧០​នាក់ ត្រូវ​បាន​ក្រោក​ពី​សម្រាក​នៅ​វេលា​ម៉ោង​៥​ទៀប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​២៦ មក​រា​នេះ ដោយ​ជិះ​រថយន្ត​ចំនួន​៣​គ្រឿង​មក​ធ្វើបុណ្យ​នៅ​ក្នុងស្រុក​ព្រៃឈរ ខេត្តកំពង់ចាម លុះ​ពេល​រសៀល​នឹង​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ។ លោកតា មាន​ប្រសាសន៍​បន្ត​ថា បន្ទាប់​ពី​ចូលរួម​កម្មវិធី​បុណ្យ​ចប់ ពួក​គាត់​បាន​ជិះ​រថយន្ត​មក​លេង​នៅ​ក្បាលហុង​រមណីយដ្ឋាន​ទឹកឆា ខណៈ​ពេល​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​ចូល​មក​កាន់​តំបន់​នេះ​ផ្លូវថ្នល់​ត្រូវ​បាន​គេ​កំពុង​តែ​រៀបចំ​បាន​ល្អ​ប្រសើរ​ជា​បណ្ដើរ ។

ក្នុង​ពេល​ដែល​ចូល​មក​ដល់​បរិវេណ​ក្បាលហុង​មាន​រោង​អង្គុយ​លេង​ជា​ច្រើន​កន្លែង ត្រូវ​បាន​គេ​សង់​ប្រប​នឹង​តាម​មាត់​អូរ​ដែល​មានទឹក​ហូរ​ធ្លាក់​ចុះ​មិន​ដាច់​ទាំង​រដូវវស្សា និង​រដូវប្រាំង ហើយ​ទឹក​ដែល​ហូរ​ធ្លាក់​ចុះ​ទៅ​ផ្ដល់​អត្ថប្រយោជន៍​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណាំ​ស្រូវ​បាន​ថែម​ទៀត​ផង ។ ជាមួយ​នោះ​អារម្មណ៍​ដែល​មាន​ភាព​តានតឹង​ហាក់បីដូចជា បាន​ធូរស្រាល​ពេល​ដែល​បានឃើញ​សម្រស់​ធម្មជាតិ ហើយ​ថ្ងៃ​ខាង​មុខ ប្រសិនបើ​មានឱកាស​ទំនេរ​គាត់ និង​ក្រុម​គ្រួសារ​នាំ​គ្នា​ធ្វើ​ដំណើរ​មក​លេង​រមណីយដ្ឋាន​ទឹកឆា​ជា​លើក​ទី​២​បន្ត​ទៀត ។

លោក ហេង សេង​ហ៊ួ ម្ចាស់​រមណីយដ្ឋាន​ទឹកឆា ប្រាប់​ឲ្យ​ដឹង​ថា សម្រាប់​ភ្ញៀវ​ដែល​មក​លេង​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន ២០២០​នេះ គឺ​មានការ​ថមថយ​ចុះ​ជាង​ឆ្នាំ​២០១៩ ព្រោះថា មិន​ចំ​ថ្ងៃ​ឈប់​សម្រាក​ចុង​ស​ប្តា​ហ៍​កម្មករ​-​កម្មការិនី​នៅ​តាម​រោងចក្រ​ក្នុងស្រុក​ព្រៃឈរ និង​ជើងព្រៃ​មិន​បាន​ឈប់​ស ម្រាក​ទើប​ភ្ញៀវ​មានការ​ថយ​ចុះ ។

ជាមួយ​នោះ​រូប​លោក​ក៏​ដូច​ជា ប្រជាពលរដ្ឋ​ក្នុងស្រុក​ព្រៃឈរ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក អ៊ុ​ន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​ដែល​បាន​យកចិត្តទុកដាក់​ផ្ដល់​កាដូ​ឆ្នាំ​ថ្មី គឺ​ជួយ​សាងសង់​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​ខ្សែ​មាន​ប្រវែង​ជាង​៣.០០០ ម៉ែត្រ ចូល​មក​កាន់​រមណីយដ្ឋាន​ទឹកឆា ក្នុង​នោះ​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភាព​ងាយស្រួល​ដឹក​កសិផល​មក​កាន់​ទីផ្សារ​បាន​ឆាប់រហ័ស ។

លោក​ស៊ា​ន សុ​គុន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម​មាន​ប្រសាសន៍​ឱ្យ​ដឹង នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មក​រា​នេះ​ថា ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន ភ្ញៀវ​ដែល​មក​កម្សាន្ត​លេង​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តកំពង់ចាម​មាន​ចំនួន​ប្រមាណ​៣២.៨៧៧​នាក់ និង​អន្តរជាតិ​ចំនួន​៥២២​នាក់ ។ ក្នុង​នោះ​ភ្ញៀវ​មក​លេង​ទឹកឆា​ចំនួន​៩.០៨០​នាក់ ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ចំនួន​១៥.០២០​នាក់ ដោយ​គិត​ពី​ថ្ងៃ​ទី​២៤ ដល់​២៦ មក​រា ២០២០ ។

លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម​មាន​ប្រសាសន៍​បន្ត​ថា ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​អភិបាលខេត្ត​នៅ​តាម​រមណីយដ្ឋាន​ជា​ច្រើន​កន្លែង ក្នុង​ខេត្តកំពង់ចាម​ត្រូវ​បាន​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច រួម​ជាមួយ និង​ប្រជា​ការពារ​ភូមិ ដើម្បី​ពង្រឹង និង​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ត​លេង ។ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន មិន​មាន​បាតុភូត​ណាមួយ​កើតឡើង​នោះ​ទេ​ដោយសារ​តែ​ពលរដ្ឋ​មានការ​យល់​ដឹង​ច្រើន ។ សម្រាប់​មុខម្ហូប​ដែល​បាន​លក់ដូរ​ត្រូវ​បាន​កំណត់​តម្លៃ​ដោយ​មន្ទីរ​ទេសចរណ៍​ខេត្ត​មិន​អនុញ្ញាត​ឲ្យ​យក​តម្លៃលើស​ក្នុង​តារាង​នោះ​ទេ ។ ហើយ​អ្វី​ដែល​បង្កើត​នូវ​ភាព​សប្បាយ​រីករាយ​ស​ង្ក្រា​ន​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ និង​រៀបចំ​ធ្វើ​ឡើង​នៅ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​តែ​ម្ដង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ