ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ ទាក់ទាញ​ភ្ញៀវ​យ៉ាង​​ច្រើន​កុះករ ទោះ​ផ្លូវ​លំបាក​បន្តិច (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ មិន​ថា ប្រជាពលរដ្ឋ​ទាំង​ខេត្ត​ប៉ៃលិន ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​នៅ​ខេត្ត​នានា​នោះ​ឡើយ នរណា​ៗ​ក៏​កោតសរសើរ​មិន​ដាច់​ពី​មាត់​ដែរ​ថា ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ទឹកធ្លាក់​ភ្នំ​ខៀវ ជា​កន្លែង​ដែល​មាន​ទឹកជ្រោះ​ថ្លា​ឆ្វង់ ធម្មជាតិ​សុទ្ធសាធ…

ខេត្ត​ប៉ៃលិន ៖ មិន​ថា ប្រជាពលរដ្ឋ​ទាំង​ខេត្ត​ប៉ៃលិន ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​នៅ​ខេត្ត​នានា​នោះ​ឡើយ នរណា​ៗ​ក៏​កោតសរសើរ​មិន​ដាច់​ពី​មាត់​ដែរ​ថា ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ទឹកធ្លាក់​ភ្នំ​ខៀវ ជា​កន្លែង​ដែល​មាន​ទឹកជ្រោះ​ថ្លា​ឆ្វង់ ធម្មជាតិ​សុទ្ធសាធ ហូរ​ធ្លាក់​ពីលើ​ភ្នំ​មក ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​ចុះ​ងូត​លេង​ត្រជាក់​ទាំង​រូប​កាយ ថែម​ទាំង​សប្បាយ​ក្នុង​ចិត្ត បំបាត់​នូវ​ទុក្ខ​កង្វល់​នានា ថែម​ទាំង​មាន​ទេសភាព​ព្រៃ​ភ្នំ​អម​ទៅ​ដោយ​សម្លេង​រ៉ៃ​យំ​យ៉ាង​ពីរោះ​នៅ​តាម​ដើមឈើ ដែល​ដុះ​នៅ​ក្បែរ​មាត់​អូរ​ផង​ដែរ ។

ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២០​នេះ ខណៈ​រដូវ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម មិន​ទាន់​ចប់​នៅឡើយ គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរ​មក​ពី​តាម​បណ្តា​ខេត្ត​នានា ជា​ច្រើន​នាំ​គ្នា​បើកបរ​ម៉ូតូ និង​រថយន្ត​ទៅ​លេង​ជាច្រើនគ្រឿង ជា​ហេតុ​ធ្វើ​ឱ្យ​អាជីវករ​លក់ដូរ​ដាច់​កក់​កប​គួរ​ឱ្យ​កត់​សម្គាល់ ។

ប្រភព​ពី​លោក ឃួ​ន ឈី​ម អាយុ​៥០​ឆ្នាំ ជា​មេការ​លក់​សំបុត្រ​ផ្លូវ​ទៅ​ទឹកធ្លាក់​អូរ​តា​វ៉ៅ បាន​រៀប​រាប់​ឱ្យ​ដឹង​ថា នា​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម​នេះ គឺ​មាន​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ទៅ​លេង​កំសាន្ត​ទឹកធ្លាក់​មាន​ច្រើន​ប្រហាក់ប្រហែល​ទៅ​នឹង​ឆ្នាំ​មុន​ៗ​ដែរ ។

លោក​បន្ត​ទៀត​ថា ការ​ចូល​ទៅ​លេង​កំសាន្ត​នៅ​ទឹកធ្លាក់​នេះ គឺ​រថយន្តក្រុង​១​គ្រឿង​តម្លៃ​២០០០០​​រៀល រថយន្ត​ទេសចរណ៍​ទួ​រី​ស​តម្លៃ​១៥០០០​រៀល ហើយ​ម៉ូតូ​១​គ្រឿង​តម្លៃ​៣០០០​រៀល ដោយ​ជិះ​ទៅ​ដល់​ខាងលើ រថយន្ត​១​គ្រឿង​ត្រូវ​បង់ថ្លៃ​ផ្ញើ​ចំនួន​៣០០០​រៀល និង​ម៉ូតូ​១​គ្រឿង​​តម្លៃ​២០០០​រៀល ។ ចំណែក​ភ្ញៀវ​ទេសចរណ៍​ខ្មែរ​វិញ គឺ​អត់​គិត​ប្រាក់​នោះ​ទេ ដោយឡែក​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​វិញ គិត​ប្រាក់​ម្នាក់​៤០០០​រៀល ។

លោក​បន្ថែម​ទៀត​ថា នៅ​ក្នុង​រមណីយដ្ឋាន​នេះ គឺ​បាន​ដាក់​នគរបាល​ចំនួន​១២​នាក់​ឱ្យ​ឈរ​យាមកាម​តាំងពី​ច្រក​ខ្លោងទ្វារ រហូត​ដល់​កន្លែង​លេង​ទឹក ដោយ​មានការ​សម្រួល​ផ្លូវ​រថយន្ត​ជូន​ភ្ញៀវ​ផង​ដែរ ។

លោក​បញ្ជាក់​ទៀត​ថា ភ្ញៀវ​មិន​រអ៊ូរទាំ​ពី​រឿង​ផ្លូវ​ឆ្ងាយ​នោះ​ទេ ប៉ុន្តែ​ពួក​គេ​និយាយ​ថា ផ្លូវ​មានការ​លំបាក​បន្តិច ខណៈ​អាជ្ញាធរ​កំពុង​តែ​ធ្វើការ​ឈូស​ឆាយ​ផ្លូវ​តាំងពី​ជាប់​នឹង​ថ្នល់ជាតិ រហូត​ដល់​កន្លែង​លេង​ទឹកតែ​ម្តង ។

បើ​តាម​ចុងភៅ​ម្នាក់​ប្រចាំ​ទឹកធ្លាក់​នេះ បានឱ្យ​ដឹង​ថា នៅ​រដូវ​បុណ្យចូលឆ្នាំ​ចិន​នេះ ការ​លក់ដូរ​ពិតជា​ដាច់​ខ្លាំង ដោយ​ក្នុង​១​ថ្ងៃ​ៗ​គាត់​អាច​លក់​ត្រី​អស់​រហូត​ដល់​រាប់រយ​ក្បាល និង​មាន់​ដុត​ក៏​លក់ដាច់​ចំនួន​៥០​ទៅ​៦០​ក្បាល​ដែរ ។ គាត់​បន្ត​ទៀត​ថា នៅ​ពេល​បុណ្យចូលឆ្នាំ​ចិន​នេះ ត្រី​ដុត​១​ក្បាល​តម្លៃ​៣០០០០​រៀល មាន់​ដុត​១​ក្បាល​តម្លៃ​៥០០០០​រៀល និង​ថ្លៃ​ជួល​ខ្យុ​ស​សម្រាក​១​កន្លែង​១៥០០០​រៀល ហើយ​ក៏​មាន​ម្ហូប​ផ្សេង​ៗ​ទៀត លក់​ក្នុង​តម្លៃ​ដូច​ថ្ងៃ​ធម្មតា​ដែរ ។

បើ​តាម​ភ្ញៀវ​ទេសចរ​ម្នាក់​ឈ្មោះ ផា​ន់ ច​ន្ថា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មក​ពី​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន និង​ភ្ញៀវ​ទេសចរ​ឈ្មោះ ទូច ទិ​ត្យ ភេទ​ប្រុស អាយុ​៧៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​ចា សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង និង​ស្ត្រី​ម្នាក់​ឈ្មោះ កែវ ច​ន្ធី អាយុ​៤៨​ឆ្នាំ បាន​រៀបរាប់​ឱ្យ​ដឹង​ដូច​ៗ​គ្នា​ថា ពួក​គាត់​ពិតជា​សប្បាយ​រីករាយ​ខ្លាំង​ណាស់ ទោះបីជា​អាយុ​កាន់តែ​វ័យចាស់​បន្តិច​ហើយ​ក៏​ដោយ គ្រាន់តែ​ឃើញ​ក្មេង​ៗ​លេង​ទឹក​ក៏​ពួក​គាត់​មានការ​រំ​ភើ​ង​ជំនួស ដោយពេល​ខ្លះ​ក៏​ចុះ​ទៅ​ហែល​ទឹក​លេង​ជាមួយ​ពួក​គេ​ទាំងនោះ​ផង​ដែរ ។

ប្រភព​បន្ត​ទៀត​ថា ពួក​គាត់​មួយ​ចំនួន ទើបតែ​ធ្វើ​ដំណើរ​មក​លេង​រមណីយដ្ឋាន​ខាងលើ​ជា​លើក​ទី​១ ខ្លះមក​បាន​ពីរ​ទៅ​បី​ដង​ហើយ ប៉ុន្តែ​ឱ្យ​តែ​ដល់​រដូវ​បុណ្យ​ទាន​ធំ​ៗ​ម្តង​ៗ ចង់​តែ​នាំ​គ្នា​ទៅ​លេង​ទឹកធ្លាក់​ភ្នំ​ខៀវ ព្រោះ​ពេល​ចុះ​ងូត​ធ្វើ​ឱ្យ​ត្រជាក់​ដល់​បេះដូង បំបាត់​ការ​នឿយហត់ ធ្វើ​ឱ្យ​មាន​កម្លាំង​ចិត្ត និង​មិន​នឹកនា​ពី​រឿង​លំបាក​វេទនា​អ្វី​ផ្សេង​ៗ ។ ម្យ៉ាងវិញទៀត ទេសភាព​តាម​ដងអូរ​ក៏​បញ្ចេញ​ពណ៌​ខៀវស្រស់​បំព្រង ថែម​ទាំង​មាន​ខ្យល់អាកាស​បរិសុទ្ធ ដោយ​ស្តាប់​សម្លេង​អ្នក​ទៅ​លេង​ទឹក​បញ្ចេញ​ភាព​អឹងកង​លាយឡំ​ជាមួយ​សត្វ​យំ​ខ្ញៀវខ្ញារ​នៅ​តាម​ដើមឈើ​ធំ​ៗ​ផង​ដែរ ។

ចំណែក​នគរបាល​ទេសចរណ៍​ម្នាក់​ឈ្មោះ ឡូ​ន សុខ​ផា​នី បាន​រៀបរាប់​ឱ្យ​ដឹង​ថា នៅ​បុណ្យ​ចូលឆ្នាំ​ចិន​នេះ មាន​កងកម្លាំង​ជាង​១០​នាក់​ដាក់​នៅ​តាម​គោលដៅ​នីមួយ​ៗ ដើម្បី​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់ និង​សម្រួល​ផ្នែក​ចរាចរណ៍​ជូន​ភ្ញៀវ​ឱ្យធ្វើ​ដំណើរ​ចេញចូល​ទៅ​មក​ដោយ​សុវត្ថិភាព ។

លោក​បន្ត​ទៀត​ថា តាំងពី​ចាប់ផ្តើម​ថ្ងៃ​សែន​ចិន​រួច រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​បញ្ហា​គ្រោះ​ថ្នាក់​អ្វី​កើតឡើង​ចំពោះ​ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​ទៅ​លេង​ទឹកធ្លាក់​នោះ​ឡើយ ហើយ​ការ​ប៉ះទង្គិច​គ្នា ឬ​បាត់បង់​ម៉ូតូ​ក៏​អត់​មាន​ដែរ ព្រោះ​នគរបាល​មានការ​យាមកាម​យ៉ាង​តឹង​រឹង ដើម្បី​ឱ្យ​ពលរដ្ឋ​ចូល​ទៅ​លេង​កំសាន្ត​សប្បាយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ