ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របរ​លក់​ស្បែកជើង​ជជុះ​ពេល​រាត្រី​នៅ​សួន​កុមារ​​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិនកាក់កបខ្លាំង​

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២០ ស្ថិត​នៅ​លើ​សួន​កុមារ ទល់​មុខ​សាលាខេត្ត​ប៉ៃលិន ស្ថិត​ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃ​លិ​ន ក្រុងប៉ៃលិន…

ខេត្ត​ប៉ៃលិន ៖ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២០ ស្ថិត​នៅ​លើ​សួន​កុមារ ទល់​មុខ​សាលាខេត្ត​ប៉ៃលិន ស្ថិត​ក្នុងភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃ​លិ​ន ក្រុងប៉ៃលិន មាន​ស្ត្រី​អាជីវករ​ម្នាក់​ឈរ​កាន់​​មី​ក្រូ​ហ្វូ​ន​ប្រកាស​លក់​​ស្បែកជើងជជុះ​​បែប​កំប្លុកកំប្លែង ដោយ​និយាយ​បញ្ចុះតម្លៃ​បណ្តើរ និង​ដៃ​ម្ខាង​រើស​ស្បែកជើង​ជូន​អតិថិជន​បណ្តើរ ​ក្នុង​ទឹកមុខ​ញញឹមញញែម ខណ​:​មាន​អ្នក​ចូល​ទៅ​ទិញ​ស្បែកជើង​ទាំង​ក្មេង​ទាំង​ចាស់ ដោយ​ម្នាក់​ៗ​ទិញ​មិន​តិច​គូ​នោះ​ទេ ព្រោះ​តម្លៃ​សមរម្យ ហើយ​មើលទៅស្បែកជើង​ក៏​​ស្អាត​ៗ គួរសម​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ជាអ្នកលក់ស្បែកជជុះ​​ខាងលើ​​​ឈ្មោះ លឹ​ម គឹ​ម​ណៃ អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​ហ៊ី​ជើង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​បាន​ជួល​កន្លែង​លក់ដូរ​ស្បែក​ជើ​ង​ជជុះ​នេះ អស់​រយ​:​ពេល​២​ទៅ​៣​ខែ​មក​ហើយ ដោយ​បាន​ទិញ​ស្បែកជើង​ទាំងនោះ​​មក​ពី​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ស្ត្រីជាអ្នកលក់ស្បែកជើងជជុះខាងលើ​​​បាន​បន្ត​​ថា តាំងពី​ចាប់​មុខរបរ​លក់ដូរស្បែកជើងជជុះ​​នេះមក​ គឺ​ជា​រៀងរាល់ថ្ងៃ ​លក់ដាច់​បាន​ប្រាក់​ក្នុង​១​យប់​ចំនួន​១០​ទៅ​២០​ម៉ឺន​រៀល​ប៉ុណ្ណោះ ដោយ​មិនសូវ​មាន​ភ្ញៀវ​មក​លេ​ង​សួន​កុមារ​ច្រើន​ដូច​ពេល​នេះ​ទេ ។ ប៉ុន្តែ​នៅ​យប់​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​នេះ មាន​មនុស្ស​ម្នា​ជា​ច្រើន បាន​នាំ​គ្នា​ដើរ​លេង​កំសាន្ត ដោយ​សម្បូរ​ទៅ​ដោយ​មនុស្ស​ប្លែក​មុខ​មក​ពី​តាម​បណ្តា​ខេត្ត​នានា រួច​ក៏​សម្រុកចូល​ទៅ​ទិញ​ស្បែកជើង​​របស់​គាត់ ដោយ​ភ្ញៀវ​ម្នាក់​ៗ​ទិញ​ចាប់ពី​៥​ទៅ​១០​គូ ​ចំណែក​​អ្នកខ្លះ​ទិញ​ពាក់​ខ្លួនឯង និង​ខ្លះទៀត​ទិញ​ឱ្យ​កូនចៅ និង​ទិញ​ផ្ញើ​អ្នក​ផ្ទះ​ផង​ដែរ ព្រោះ​ក្នុង​១​គូ គាត់​លក់​​​តម្លៃ​ត្រឹមតែ​៧០០០​រៀល ។ បើ​ទិញ​៣​គូ គឺ​លក់​ឱ្យ​ក្នុង​តម្លៃ​២០.០០០​រៀល ។

ស្ត្រីជា​អ្នកលក់ស្បែកជើងជជុះ​ខាងលើបានបន្ត​​ទៀត​ថា ដូច្នេះ​ការ​លក់ដូរ​នៅ​យប់​នេះ ពិតជា​កាក់​កប​ខ្លាំង ណាស់ ពោល​គឺ​អាច​រក​ចំណូល​បាន​ប្រ​ហែល​៥០ទៅ​៧០​ម៉ឺន​រៀល ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួកគាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​មមាញឹក​រើស​ស្បែកជើង​ជូន​ភ្ញៀវ ហើយ​ថែម​ទាំង​និយាយ​បន្ទន់ចិត្ត​ភ្ញៀវ​មិន​ឱ្យ​ដាច់​ចិត្ត​ដើរ​ចេញពី​កន្លែង​រើស​ស្បែកជើង​នោះ​ឡើយ ។ ម្យ៉ាង​វិញ​ទៀត អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍​នោះ គឺ​គាត់​ចេះ​និយាយ​លួងលោម​​ចិត្ត​អតិថិជន ដោយ​ប្រើ​មីក្រូហ្វូន​របស់​ខ្លួន ថែម​ទាំងបញ្ចុះតម្លៃ​​ទៀត ទើបភ្ញៀវ​​ម្នាក់​ៗ​នាំ​គ្នា​ឈរ និង​អង្គុយ​រើស​យ៉ាង​ពពាក់ពពូន​តែ​ម្តង ។

ចំណែក​អាជីវករ​ដទៃ​ទៀត​ដែល​លក់ដូរ​ម្ហូបអាហារ​ផ្សេង​ៗ ដូច​ជា នំ ចំណី ពង​ទា​កូន នៅ​លើ​សួន​កុមារ​នេះ​ដែរ បាន​បង្ហើប​ឱ្យ​ដឹង​ថា ការ​លក់ដូរ​នៅ​លើ​សួន​កុមារ​នេះ គឺ​ពួក​គាត់​ជួល​កន្លែង​គេ​លក់ដូរ ពោល​គឺ​អាច​លក់ដូរ​នៅ​ជុំវិញ​សួន​នេះ​បាន ដោយ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ទុក​តែ​ផ្លូវ​សម្រាប់​គេ​ដើរ​ចុះឡើង ​និង​​បង់ប្រាក់​គឺជា​ការ​ស្រេច ​ប៉ុន្តែ​ពួក​គាត់​​មិន​ប្រាប់​ពី​តម្លៃ​ជួល​ក្នុង​១​ខែ ត្រូវ​បង់​ប៉ុន្មាន​នោះ​ឡើយ ។ ​ក្នុង​១​យប់ ពួកគាត់​ត្រូវ​បង់ប្រាក់​ឱ្យ​សន្តិសុខ​​ចំនួន​៤០០០​រៀល ក្នុង​នោះ​គឺសម្រាប់​ថ្លៃ​សម្អាត​សម្រាម និង​ថ្លៃ​ដាក់​អំ​ពូ​ល​ភ្លើង​បំភ្លឺ​​លក់ដូរ​ពេល​យប់​ចាប់ពី​ម៉ោង​៧ រហូត​ដល់​ម៉ោង​១០​យប់ ពោល​គឺ​អស់​ភ្ញៀវ​ពេល​ណា ​​អាច​រើ​យក​អី​វ៉ា​ន់​ទៅ​ផ្ទះ លុះ​ថ្ងៃក្រោយ ទើប​យក​ទៅ​រៀបចំ​ដាក់​លក់​បន្ត​ទៀត ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ការ​ជួល​កន្លែង​លក់ដូរ និង​ការ​បង់ថ្លៃ​ភាស៊ី ថ្លៃ​ភ្លើង មិនជា​បញ្ហា​អ្វី​សម្រាប់​ពួក​គាត់​នោះ​ទេ ព្រោះ​បច្ចុប្បន្ន​គ្មាន​កន្លែង​ណា​ដែ​ល​មិន​គិត​ប្រាក់​នោះ​ឡើយ ដោយ​គ្រាន់តែ​បង់​ច្រើន ឬ​តិច​ប៉ុណ្ណោះ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ