រាជធានីភ្នំពេញ ៖ កន្លងមក លោកអ្នកបានជ្រាបរួចមកហើយថា តារាកំប្លែងភេទទី៣ កញ្ញា ផេនខេក មានទំនាក់ទំនងស្នេហាជាមួយនឹងកំលោះសង្ហាម្នាក់។ នៅពេលនេះដែរ កញ្ញាក៏បានបើកទម្លាយនូវរឿងរ៉ាវស្នេហារបស់អ្នកទាំងពីរ ដើម្បីបញ្ចប់ការងឿងឆ្ងល់។
ផេន ខេក បានតស៊ូជាមួយសិល្បៈ មិនចាញ់តារាភេទទី៣ ផ្សេងទៀតឡើយ។ នាងពេលនេះ សម្បូរទីផ្សារសម្តែង ហើយឈរលើលំដាប់មួយល្អក្នុងសិល្បៈ។ តារាមានធាត់គួរឱ្យ ក្នាញ់រូបនេះ បានក្លាយជាពិធីការិនីសម្បូរពាក្យសើចសប្បាយ អុកឡុកកូជាមួយសុភ័ក្រ កុសុម៉ា និងអៀង វិច្ឆ័យ។ តាំងពេលនោះផង ផេនខេត កាក់កបការងារយ៉ាងសម្បូរបែបតែម្តង។
ចំពោះស្នេហារវាងកញ្ញា ផេនខេក និងគូស្នេហ៍ឈ្មោះវិឆ្ឆ័យ សឹងតែធ្វើឲ្យមហាជនមួយចំនួនបាក់ចង្កេះទៅហើយ ព្រោះនឹកស្មានមិនដល់ថា មានកំលោះសង្ហាម្នាក់ហ៊ានដាក់ចិត្តដាក់កាយស្រឡាញ់នាងឡើយ។ មិនតែប៉ុណ្ណោះ មានមហាជនភាគច្រើនងឿងឆ្ងល់ថា តើចំណងស្នេហ៍អ្នកទាំងពីរជាការពិត ឬគ្រាន់តែជាការសម្ដែងធ្វើឱ្យមហាជនចាប់អារម្មណ៍ ឬក៏យ៉ាងណា?
ក្នុងជំនួបផ្ទាល់ជាមួយសារព័ត៌មានយើង កញ្ញា ផេនខេក បានរៀបរាប់ពីចំណងស្នេហាយ៉ាងស្អិតរមួតរបស់ខ្លួន ដើម្បីឱ្យទស្សនិកជនបានជ្រាបច្បាស់។ នាងបានអះអាងថា រវាងនាង និងសង្សារ គឺស្គាល់គ្នាបានរយៈពេលជិតពីរឆ្នាំមកហើយ ផ្ដើមពីអ្នកគាំទ្រស្រឡាញ់ចូលចិត្ត ហើយអ្នកទាំងពីរក៏មានការចាប់អារម្មណ៍គ្នាទៅវិញទៅមក រហូតបានទាក់ទងជាគូស្នេហ៍ និងស្វែងយល់ចិត្តគ្នាសង្សាមកទល់សព្វថ្ងៃនេះ។
មិនតែប៉ុណ្ណោះស្នេហាអ្នកទាំងពីរក៏បានដឹងឮដល់ចាស់ទុំ ឪពុកម្ដាយទាំងសងខាង ព្រមទាំងមានការព្រមព្រៀងឱ្យភ្ជាប់សាច់ឈាមជាមួយគ្នាក្នុងពេលឆាប់ៗនេះ ដោយមិនគិតពីភេទដូចគ្នានោះឡើយ។ នាងក៏សប្បាយចិត្តនឹងទទួលយក ក៏ព្រោះពេលនេះរូបរាងកាយរបស់នាងក៏ជាមនុស្សស្រីពិតៗ អាចរស់នៅជាមួយគ្នាដូចជាប្ដីប្រពន្ធទូទៅ បើទោះជាពុំអាចមានកូនជាមួយគ្នាក្ដី ក៏នាងនៅតែរីករាយនឹងទទួលយកអ្វីដែលនាងបានជ្រើសរើសផងដែរ។
សម្រាប់កញ្ញា ផេនខេក ផ្ទាល់ នាងក៏មានការភ្ញាក់ផ្អើល និងសឹងមិនគួរឱ្យជឿដូចគ្នា នៅពេលដែលគូស្នេហ៍បានសុំនាងរៀបការ។ ពីព្រោះនាងក៏ធ្លាប់គិតថា បើទោះជាខ្លួនបានកែភេទជាស្រី១០០% រួចក្ដី ប៉ុន្តែនាងមិនអាចកុហកខ្លួនឯងបាននោះទេថា នាងជាអ្នកណា ដោយនាងមិនសូវជឿជាក់ថា គូស្នេហ៍របស់នាងនឹងព្រមទទួលយកនាងជាគូអនាគតពិតនោះទេ។ ជាងនេះទៅទៀតនាងក៏ធ្លាប់គិតពីសម្ដីរបស់មហាជនដែលនិយាយមកថា គេគ្រាន់តែចូលមកលេងសើចក្នុងជីវិតរបស់នាង ដោយសារនាងជាបុគ្គលម្នាក់ដែលល្បី ឬក៏អាចផ្ដល់អ្វីៗឱ្យគេបាន។ ប៉ុន្តែបន្ទាប់ពីបានសិក្សាចិត្តគ្នាអស់រយៈពេលបានយូរគ្រាន់បើដែរនោះ នាងក៏មានទំនុកចិត្តនឹងសង្សារ ហើយព្រមទទួលការរៀបការសាងអនាគតជាមួយគ្នាផងដែរ ។
យ៉ាងណាមិញ នាងក៏បានផ្ដាំផ្ញើដល់អ្នកគាំទ្ររបស់នាងឈប់ឱ្យមានការសង្ស័យចំពោះចំណងស្នេហ៍របស់នាង និងអនាគតស្វាមីបន្តទៀត។ ពីព្រោះស្នេហារបស់អ្នកទាំងពីរ គឺជាការពិតដោយស្រឡាញ់គ្នា ចិត្តនឹងចិត្ត មិនមែនដើម្បីបង្ហាញឱ្យគេឃើញ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ចង់ល្បីនោះទេ៊
ជាងនេះទៅទៀត នាងក៏បញ្ជាក់ថា នាងនឹងមានដំណឹងល្អក្នុងពេលឆាប់ៗនេះជាមួយនឹងសង្សារសំណព្វចិត្តផងដែរ ដើម្បីបញ្ចប់ឱ្យមន្ទិលនេះ។ គាត់ពិតជាស្រលាញ់នាង មិនបោកប្រាក់ មានល្បិចដាក់យើងទេ មានតែខំជួយយើងរកស៊ីប្រឹងលក់របស់តាមអនឡាញ។ ដូចនេះកុំសន្និដ្ឋានមនុស្សលើសម្បកក្រៅ សំខាន់គឺទឹកចិត្ត។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ