ចូល​​ឆ្នាំ​ចិន​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​កើន​ឡើង​​វិញ បន្ទាប់​ពី​ធ្លាក់​ចុះ​យ៉ាង​គំហុក (វី​ដេ​អូ​)


ខេត្ត​ព្រះ​សីហ​នុ ៖ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម ឆ្នាំ​២០២០​នេះ ភ្ញៀវ​ទេសចរមាន​ការ​កើនឡើង​វិញ​ហើយ បន្ទាប់​ពី​មានការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​រយៈពេល​កន្លង​មក បើ​តាម​ការ​ប្រៀប​ធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៩ ។ នេះ​បើ​យោង​តាម​ការ​គូសបញ្ជាក់​ពី​លោក តាំង សុចិត្ត​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ ក្នុង​ឱកាស​ផ្តល់​កិច្ច​សម្ភាសន៍​នា​ព្រលប់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​ឆ្នេរ​អូរ​ឈើទាល ក្រុងព្រះសីហនុ​។

ថ្លែង​បញ្ជាក់​នា​ឱកាស​នោះ​ផង​ដែរ លោក តាំង សុចិត្ត​គ្រឹះ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​អះអាង​ថា យោង​តាម​តួលេខ​ដែល​មន្ត្រី​ជំនាញ​របស់​លោក​ទទួល​បាន​ក្នុង​កំឡុង​ពេល​៣​ថ្ងៃនេះ គិត​ចាប់ពី​ថ្ងៃ​ទី​២៤ រហូត​ដល់​ថ្ងៃ​ទី​២៦ ខែមករា​នេះ ភ្ញៀវ​ទេសចរ​ជាតិ​មានការ​កើនឡើង​រហូត​ដល់​ជាង​៦៧.៩៧%​ឯណោះ ផ្ទុយ​ទៅ​វិញ​មាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មានការ​ថយ​ចុះ​៤៥.៣៨%​វិញ ជា​ពិសេស​ភ្ញៀវ​ចូល​តាម​ច្រក​ព្រ​លាន​យន្តហោះ មានការ​ថយ​ចុះ​រហូត​ដល់​៥០% ឯណោះ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ភ្ញៀវ​ដែល​មក​សម្រាក​កម្សាន្ត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​​ចិន​-​វៀតណាម ថ្ងៃ​ទី​២៦ មក​រា នៅ​ខេត្ត​ព្រះ​សីហ​នុ​នេះ មាន​ដូច​ខាងក្រោម ៖

១-​ភ្ញៀវ​ទេសចរ​សរុប​ប្រមាណ ៤០.៩៨៦​នាក់ កើនឡើង ៦៧.៩៧% (​ឆ្នាំ​២០១៩ មាន ២៤.៤០០​នាក់​) ក្នុង​នោះ​មាន​ភ្ញៀវ​ជាតិប្រមាណ ៣៨.០៣៧​នាក់ កើនឡើង​១០០.១៩% (​ឆ្នាំ​២០១៩ មាន​១៩.០០០​នាក់​) និង​ភ្ញៀវ​អន្តរជាតិ​ប្រមាណ ២.៩៤៩​នាក់ ថយ​ចុះ​៤៥.៣៨%(​ឆ្នាំ​២០១៩ មាន ៥.៤០០​នាក់​)​។

២-​តាម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ​មាន​ប្រមាណ​១៤​ជើងហោះហើរ ថយ​ចុះ​០៦​ជើង (​ឆ្នាំ​២០១៩ មាន​២០​ជើង​)​។ ភ្ញៀវ​សរុប​ប្រមាណ​៩៥២​នាក់ ថយ​ចុះ​៧៧.៧២% (​ឆ្នាំ​២០១៩ មាន​២.២៩០​នាក់​) ក្នុង​នោះ​មាន​ភ្ញៀវ​ជាតិប្រមាណ​៤៥​នាក់ ថយ​ចុះ​២៥% (​ឆ្នាំ​២០១៩ មាន​៦០​នាក់​) និង​ភ្ញៀវ​អន្តរជាតិ​ប្រមាណ​៩០៧​នាក់ ថយ​ចុះ ៥៩.៣២% (​ឆ្នាំ​២០១៩ មាន​២.២៣០​នាក់​) ។

៣-​ភ្ញៀវ​ទេសចរ​តាម​បណ្តា​កោះ​នានា សរុប​ប្រមាណ ២.៩៥១​នាក់ កើនឡើង​៨៦.០៦% (​ឆ្នាំ​២០១៩ មាន ១.៥៨៦​នាក់​) ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិប្រមាណ ១.៨៨២​នាក់ កើនឡើង​១១៥.៨២% ( ឆ្នាំ​២០១៩ មាន ៨៧២​នាក់​) និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ប្រមាណ​១.០៦៩​នាក់ កើនឡើង​៤៩.៧១% ( ឆ្នាំ​២០១៩ មាន ៧១៤​នាក់​) ។

៤- តាម​បណ្តា​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ព្រះ​សីហ​នុ មាន​ភ្ញៀវ​សរុប​៦.២៥៦​នាក់ កើនឡើង ១៩៦.៤៩% ក្នុង​នោះ​ភ្ញៀវ​ជាតិ ៦.១៣០ កើនឡើង ២៣៥.៥២% និង​អន្តរជាតិ ១២៦​នាក់ ថយ​ចុះ ៥៥.៤៧% (​ឆ្នាំ​២០១៩ សរុប​៣.៣៧៤​នាក់​, ភ្ញៀវ​ជាតិ ៣.២៦៩​នាក់ និង​អន្តរជាតិ ១០៥​នាក់​) ។

៥- ភ្ញៀវ​តាម​បណ្តា​ឆ្នេរ​នានា សរុប​ប្រមាណ ៣០.៨២៧​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ ២៩.៩៨០​នាក់ និង​អន្តរជាតិ ៨៤៧​នាក់​។

ដោយឡែក​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ធ ស្នងការ​នគរបាល​ខេត្ត បាន​ថ្លែង​ឱ្យ​ដឹង​ដែរ​ថា សម្រាប់​រយៈពេល​៣​ថ្ងៃ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​-​វៀតណាម លើ​បញ្ហា​សន្តិសុខ​មាន​ភាពល្អ​ប្រសើរ ដែល​កត្តា​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​នេះ ដោយសារ​យើង​បាន​កំណត់​គោល​ដៅ និង​ដាក់​ផែនការ​បាន​ល្អ ទៅ​តាម​គោលដៅ​ប្រចាំការ និង​បាន​ត្រៀមកម្លាំង​ក្នុង​ការ​អន្តរាគមន៍​បន្ទាន់​នៅ​ពេល​មាន​ហេតុការណ៍ ជា​ពិសេស​លើ​បញ្ហា​អគ្គិភ័យ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ