បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ឆ្នាំ​នេះ រាជ​ធានី​​ភ្នំ​ពេញការ​ចរាចរណ៍​តាម​ផ្លូវ​ស្ងប់ស្ងាត់


រាជធានី​ភ្នំពេញ ៖ តាម​ការ​ពិនិត្យ​ជាក់ស្តែង នា​ឱកាស​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​នា​ថ្ងៃ​ដំបូង ដែល​បងប្អូន​ចិន​ហៅ​ថា​«​ថ្ងៃ​ឈី​វ​អិត​» នៅ​រាជធានី​ភ្នំពេញ​ហាក់​មាន​សភាព​ស្ងាត់​ជាង​ឆ្នាំ​មុន​ៗ គឺ​ស្ងាត់​ចរាចរណ៍​ស្រឡះ​ល្អ​ណាស់​តាម​ដង​វិ​ថី​នានា ក្នុង​នោះ​មាន​ដូច​ជា​មហាវិថី​ព្រះ​មុនី​វង្ស មហាវិថី​ព្រះ​នរោត្តម វិ​ថី​ព្រះ​ស៊ី​សុវត្ថិ​ជាដើម ដែល​នៅ​ថ្ងៃ​ធម្មតា​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង ។ ដោយឡែក​ ផ្សារ​ធំ​ៗ​វិញ​មាន ផ្សារ​ធំ​ថ្មី ផ្សារ​អូរ​ឫស្សី ផ្សារ​ចាស់ ផ្សារ​កណ្តាល និង​ផ្សារ​អូរ​ឡាំ​ពិ​ក គឺ​បាន​បិទទ្វារ ហើយ​អាជីវករ​ចេញ​មកតាំង​លក់​ខោអាវ​នៅ​ខាងក្រៅ ដោយសារ​តែ​កន្លែង​ផ្ញើ​កង់​-​ម៉ូតូ គេ​ឈប់​សម្រាក នេះ​និយាយ​តែ​ផ្សារ​ធំ​ថ្មី​មួយ​ប៉ុណ្ណោះ តែ​ការ​កកស្ទះ​ចរាចរណ៍​ជុំវិញ​ក៏​មិន​មាន​ដែរ ។

អ្នកស្រី កឹ​ម មួយ​លី ជា​អាជីវករ​លក់​ខោអាវនៅ​ផ្សារ​ធំ​ថ្មី និយាយ​ថា នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ​សម្រាប់​រូប​គាត់​ដែល​មាន​តូប​លក់ដូរ​នៅ​ក្នុង​ផ្សារ​ធំ​ថ្មី ។ កាលណា​ដល់​រដូវ​បុណ្យចូលឆ្នាំ​ចិន ដែល​ភាគច្រើន​អ្នកលក់​ជាប់សែស្រឡាយ​ចិន​គេ​តែង​ឈប់​លក់ ទើប​ខាង​ផ្សារ​គេ​រៀបចំ​ឲ្យ គាត់​មក​លក់​នៅ​ទីតាំង​ផ្ញើ​កង់​-​ម៉ូតូ ដោយ​ឡែក ​អ្នកលក់​ដែល​មាន​តូប​នៅ​ខាងក្រៅ​គេ​នៅ​លក់​ដដែល ។ ការ​បិទ​ផ្សារ​ផ្នែក​ខាងក្នុង​នេះ​គឺជា​ទូទៅ​ទៅ​ហើយ ក្នុង​នោះ​មាន​ផ្សារ​អូរ​ឡាំ​ពិ​ក ផ្សារ​អូរ​ឫស្សី និង​ផ្សារ​ផ្សេង​ៗ​ទៀត ។ អ្នកស្រី មួយ​លី និយាយ​ទៀត​ថា នៅ​ពេលចូល​ឆ្នាំ​ចិន​ម្តង​ៗ ខាង​គណៈកម្មការ​ផ្សារ​គេ​បិទទ្វារ​មិន​ឲ្យ​លក់​ខាងក្នុង មូលហេតុ​អ្នកលក់​ជាប់​សែ​ប្រឡាយ​ចិន​ប្រហែល​៧០​ភាគរយ​មិន​មក​លក់ ទើប​ខាង​ផ្សារ​បិទ​តែត្រឹម​៣​ថ្ងៃ​ប៉ុណ្ណោះ ។

ឯ​បងប្អូន​អាជីវករ​ដែល​នៅ​លក់ដូរ​រយៈពេល​៣​ថ្ងៃ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ចិន​នេះ ក៏​លក់ដាច់​គ្រាន់បើ​ដែរ ។ រូប​គាត់​ក៏​ដូច​ជា​អាជីវករ​ផ្សេងទៀត សូម​អរគុណ​ប្រធាន​ផ្សារ​ផង​ដែរ ដែល​ចេះ​ច្នៃប្រឌិត​យក​ទីតាំង​ផ្ញើ​កង់​-​ម៉ូតូ មក​ចែករំលែក​ឲ្យ​អាជីវករ​ខាងក្នុង​ផ្សារ​បាន​លក់​ជា​ធម្មតា និង​បាន​ប្រាក់​ចំណូល​គួរសម ជា​ជាង​ឈប់​នៅផ្ទះ​អត់​ប្រយោជន៍ ។ អ្នកស្រី យី សាន លក់​បន្លែ​នៅ​ផ្សារ​ធំ​ថ្មី​ផ្នែក​ខាងលិច​និយាយ​ថា នៅ​ថ្ងៃ​ចូល​ឆ្នាំ​ចិន​-​វៀតណាម ក្នុង​ផ្សារ​ធំ​ថ្មី​បាន​បិទទ្វារ​មិន​ឲ្យ​អា​ជីក​រណា​ម្នាក់​លក់​នៅ​ក្នុង​ផ្សារ​ទេ ។ ដោយឡែក​នៅ​តាម​ស្តង់​លក់​គ្រឿង​សមុទ្រ ត្រី បន្លែ និង​គ្រឿង​ហូប​ចុក​គឺ​លក់​ជា​ធម្មតា ហើយ​ក៏​មាន​ក្រុម​សន្តិសុខ​យាម​ប្រចាំការ​ផង​ដែរ​ជា​រៀង​រាល់​ឆ្នាំ​ឲ្យ​តែ​ចូល​ឆ្នាំ​ចិន ។

មិនមែន​តែ​ផ្សារ​ធំ​ថ្មី​មួយ​ទេ​ដែល​បិទ​ខាងក្នុង​ផ្សារ នៅ​ផ្សារ​ដទៃ​ទៀត​ក៏​បិទ​ដូច​គ្នា​ដែរ​ដូច​ជា ផ្សារ​អូរ​ឡាំ​ពិ​ក ផ្សារ​អូរ​ឫស្សី ផ្សារ​ទួល​ទំពូង ផ្សារចាស់ និង​ផ្សារ​កណ្តាល​ជាដើម ។ អ្នកស្រី ប៉ុន ដា​នី អភិបាល​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំ​ថ្មី​បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​ផ្សារ​មិន​បានបិទ​ផ្សារ​មិន​ឲ្យ​បងប្អូន​អាជីវករ​លក់​ក្នុង​ផ្សារ​នោះ​ទេ ប៉ុន្តែ​ដោយសារ​តែ​អាជីវករ​មក​លក់​ភាគតិច ហើយ​អាជីវករ​ដែល​ជាប់សែស្រឡាយ​ចិន​ភាគច្រើន​មិន​មក​លក់ ទើប​គណៈកម្មការ​ផ្សារ​បង្ខំចិត្ត​បិទ​ខាងក្នុង តែ​បាន​រៀបចំ​ឲ្យ​បងប្អូន​លក់​នៅ​ខាងក្រៅ ហើយ​ការ​លក់​បែប​នេះ​មាន​រយៈពេល​៣​ថ្ងៃ ទើប​ផ្សា​របើក​ដំណើរការ​ជា​ធម្មតា​វិញ ។

អ្នកស្រី​បញ្ជាក់​ថា អាជីវករ​បាន​សុំ​អ្នកស្រី​ឲ្យបិទ​ផ្សារ​រយៈពេល​យូរ​ដូច​ផ្សារ​អូរ​ឡាំ​ពិ​ក តែ​អ្នកស្រី​បាន​បដិសេធ​គឺ​បិទ​រយៈពេល​តែ​៣​ថ្ងៃប៉ុណ្ណោះ គឺ​ធ្វើ​អ្វី​ៗ​ជា​គោលការណ៍​របស់​ថ្នាក់ដឹកនាំ​មិនមែន​ចេះ​តែ​ធ្វើ​នោះ​ទេ ។ ដោយឡែក​នៅ​ផ្សារ​អូ​ឡាំ​ពិ​ក ផ្សារ​កណ្ដោល ផ្សារ​ចាស់ ផ្សារ​អូរ​ឫស្សី ផ្សារ​ទួល​ទំពូង ក៏​គណៈ
កម្ម​ការ​ផ្សារ​បិទទ្វារ​ដែរ ហើយ​ឃើញ​អាជីវករ​នាំ​គ្នា​លក់​ខាងក្រៅ​របង ។ គេ​សង្កេត​ឃើញ​ថា​ផ្លូវ​នៅ​ជុំវិញ​ផ្សារ និង​ដង​វិ​ថី​នានា​មិន​មានការ​កកស្ទះ​ដូច​ថ្ងៃ​ធម្មតា​ទេ ហើយ​ហាង​លក់​គ្រឿង​អេឡិច​ត្រូ​និ​ច គ្រឿង​ទំនិញ​ផ្សេង​ៗ បាន​បិទទ្វារទាំងស្រុង​ព្រោះ​ម្ចាស់​ហាង​សម្រាក ។

ឯការ​ធ្វើ​ចរាចរណ៍​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន និង​ស្ពាន​ជ្រោយចង្វា​ចាស់​មិន​មានការ​កកស្ទះ​ដែរ ។ បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​-​វៀតណាម គឺជា​បុណ្យ​ដ៏​សំខាន់​មួយ​របស់​បងប្អូន​ជនជាតិ​ចិន ឬ​បងប្អូន​ខ្មែរ​ដែល​ជាប់សែស្រឡាយ​ចិន ។ នៅ​ឆ្នាំ​២០២០​នេះ បុណ្យ​នេះ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ចំ​ថ្ងៃ​ទី​២៥,២៦ និង​២៧ ខែមករា ឆ្នាំ​២០២០ ហើយ​ពិធីសែនព្រេន បាន​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២០ ។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​មួយ​រូប​លើក​ឡើង​ថា នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ឆ្នាំ​នេះ ស្ថាប័នឯកជន​មួយ​ចំនួន​បាន​បិទទ្វារ ។ ដង​វិ​ថី​នានា​ដែល​ធ្លាប់តែ​មាន​សកម្មភាព​មមាញឹក​ដោយ​យានជំនិះ​គ្រប់​ប្រភេទ​ស្ទើរតែ​រំកិល​ខ្លួន​ទៅ​មុខ​មិន​រួច ក៏​ប្រែជា​ស្រឡះ ខណៈ​ក្រសួង​ស្ថាប័នរដ្ឋ​ក៏​ដូច​ជា​សាលារៀន​រដ្ឋ​ខ្លះ ស្ងាត់​មនុស្ស​ស្ទើរតែ​គ្មាន​សិស្ស ។ ចំណែក​ផ្សារ​ធំ​ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មិនមែន​ជា​ផ្សារ​ទំនើប​បាន​បិទទ្វារ​៣-៤​ថ្ងៃ ។ ម្យ៉ាងវិញទៀត បុណ្យចូលឆ្នាំ​ចិន​-​វៀតណាម​ឆ្នាំ​នេះ​ប៉ះ​ចំ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ដែល​មន្ត្រីរាជការ​ឈប់​សម្រាក​ផង​ដែរ ។

គួរ​រំលឹក​ថា កម្ពុជា​បើក​សេរីភាព​ក្នុង​ការ​ប្រតិបត្តិ​ជំនឿ​និង​ប្រពៃណី​ទំនៀមទម្លាប់ ដែល​បាន​សេចក្តី​ថា មិន​មាន​កំហុស​ចំពោះ​ច្បាប់​ឡើយ ប្រសិនបើ​បុគ្គល​ណា​ម្នាក់​ប្រតិបត្តិ​ប្រពៃណី​បរទេស ដូច​ជា​សែន​ចិន​ជាដើម​នេះ បើ​ទោះ​ជន​នោះ​ជា​ចិន ឬ​មិនមែន​ចិន​ក៏​ដោយ ។ អ្វី​ដែល​ជា​ចំណោទ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​វប្បធម៌​ជាតិ ពោល​គឺជា​ភារកិច្ច​របស់​មនុស្ស​ម្នាក់​ចំពោះ​ប្រពៃណី​វប្បធម៌​ជាតិ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ។ អ្នកជំនាញ​ខាង​ប្រវត្តិសាស្ត្រ​បាន​លើក​ឡើង​ថា មិន​មាន​អ្វី​គួរ​ឱ្យ​បារម្ភ​ឡើយ ព្រោះ​ប្រពៃណី​វប្បធម៌​ខ្មែរ និង​ប្រពៃណី​វប្បធម៌​ចិន មាន​លក្ខណៈ​ប្រហាក់ប្រហែល​គ្នា​ច្រើន​អន្លើ ហើយ​ប្រពៃណី​វប្បធម៌​នៃ​ជាតិ​សាសន៍​ទាំង​២ (​ខ្មែរ​និង​ចិន​)បាន​ធ្វើ​សុខដុម​នី​យ​កម្ម​នឹង​គ្នា​យ៉ាង​ល្អ ដែល​ចំណុ​ច​ខ្លះ​ស្ទើរតែ​លែង​នៅ​ជា​ប្រពៃណី​វប្បធម៌​ចិន ពោល​គឺ​ស្ទើរតែ​ក្លាយទៅជា​ប្រពៃណី​វប្បធម៌​ខ្មែរ​ទៅ​ហើយ ។

វត្តមាន​របស់​ជនជាតិ​ចិន ក៏​ដូច​ជា​ការ​ប្រតិបត្តិ​ប្រពៃណី​វប្បធម៌​ចិន​នៅ​លើ​ទឹកដី​ខ្មែរ ដូច​ជា សែន​ក្បាលទឹក សែន​ផ្នូរ សែន​ព្រះ​ខែ និង​ចូល​ឆ្នាំ​ថ្មី​ចិន​ជាដើម មិន​ត្រឹមតែ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​អវិជ្ជមាន​ដល់​ប្រពៃណី​វប្បធម៌​ខ្មែរ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​នាំ​មក​នូវ​ផល​ចំណេញ និង​រួមចំណែក​ផ្នែក​សេដ្ឋកិច្ច​ក្នុង​សង្គម​ខ្មែរ និង​ធ្វើ​ឱ្យ​សង្គម​ខ្មែរស្គាល់​និង​យល់​ដឹង​ពី​តម្លៃ នៃ​វប្បធម៌​ផ្សេង​គ្នា ទៀត​ផង ។ អ្វី​ដែល​សំខាន់ គឺ​ខ្មែរ​ត្រូវ​ពង្រឹង​ការ
ប្រតិបត្តិ​ច្បាប់​របស់​ប្រទេស និង​ពង្រឹង​អត្តសញ្ញាណប្រពៃណី​វប្បធម៌ ៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ