ស្ត្រីម្នាក់​កំពុងអង្គុយសុខៗស្រាប់តែ​ឡាន​រេ​ចង្កូត​រំលងផ្លូវ​បុក​ប៉ើង​ធ្លាក់​ចូលបឹង


រាជធានី​ភ្នំពេញ ​៖ រថយន្ត​ម៉ាក​ស៊ីអ័រ​វី​ (CRV)​ មួយ​គ្រឿង​បើកបរ​ដោយ​ជនជាតិ​ចិន​បាន​បើក​បោះពួយ​យ៉ាង​លឿន ហើយ​បែក​កង់​មុខ ក៏​រេ​ចង្កូត​ទៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត​​បុក​ស្ត្រី​ម្នាក់ដែល​កំពុង​តែ​ឈប់​ម៉ូតូ​អង្គុយ​លើ​ខឿន​ចិញ្ចើម​មាត់បឹង​តា​មោក បណ្តាល​អោយ​ឱ្យស្ត្រីរងគ្រោះ​ប៉ើង​ធ្លាក់​ចូល​ទៅ​ក្នុង​ទំនាបមាត់​បឹង​រង​របួសធ្ងន់ ។ ​ចំណែក​រថយន្ត​ធ្លាក់​ផ្លូវ​ចូល​ទៅ​ទំនាប​មាត់បឹង​តា​មោក​ បណ្តាល​អោយ​អ្នកបើកបរ​រថយន្តរង​របួស​ផង​ដែរ​។

​គ្រោះថ្នាក់​ខាងលើ​​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​២​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៦​ខែ មក​រា ឆ្នាំ​២០២០ នៅ​តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។

​ស្ត្រី​​ម្នាក់​ដែល​រង​របួស​ក្នុង​គ្រោះថ្នាក់​​ខាងលើនោះ​​ឈ្មោះ​យ៉េ​ង អេ​ង អាយុ​៤១​ឆ្នាំ មាន​លំនៅ​ភូមិ​ត្រពាំង សង្កែ ឃុំ​គគីរ​ធំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ត្រូវ​រថយន្ត​សង្គ្រោះដឹក​​បញ្ជូន​ទៅ​​សង្គ្រោះ​​នៅ​មណ្ឌល​សុខភាព​ព្រែក​ព្នៅ ។ ​ចំណែក​រថយន្ត​​មួយគ្រឿង​ដែល​បែក​កង់​បង្ក​គ្រោះថ្នាក់​ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា ម៉ាក​ស៊ី​អ័​រ​វី (C​R​V)​ពណ៌​ស្លាប​​កំភេម​ ពាក់​ស្លាក​លេខ ភ្នំពេញ​ ២J-៣៧៩៣ បើកបរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់ មិនស្គាល់អត្ត​សញ្ញាណ​ បាន​រង​របួស​បែក​ខ្ទង់ច្រមុះ​ផង​ដែរ​។

​តាម​ប្រភពពី​​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាកស៊ីអ័រវី បាន​ធ្វើ​ដំណើរ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​​ក្នុង​​ល្បឿន​លឿន ​លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​​នោះ​បែក​កង់​មុខ​ខាងឆ្វេង រួច​​ក៏​រេ​ចង្កូត​ទៅ​ឆ្វេង​ដៃ​ឆ្លង​ចំណែក​ផ្លូវ​ម្ខាងទៀតក៏​បុក​ស្ត្រី​រង​គ្រោះ​ដែល​កំពុង​តែ​អង្គុយ​លើ​ខឿន​មាត់បឹងប៉ើង​ធ្លាក់​ចូល​ទៅ​ក្នុងទំនាបមាត់​បឹង​តា​មោក​តាម​រថយន្ត​តែ​ម្តង ។

​តាម​​ប្រភពដដែល​បាន​​អោយ​ដឹង​​ថា ក្នុង​គ្រោះថ្នាក់​​ខាងលើ​បណ្តាល​អោយ​ស្ត្រី​រង​គ្រោះ​​រង​របួសធ្ងន់ ហើយ អ្នកបើកបរ​រថយន្ត​ក៏​បាន​បែក​ខ្ទង់ច្រមុះ​រងរបួស​ផង​ដែរ ​។ ពាក់​ព័ន្ធនឹងករណីនេះដែរ​ ​គេ​និយាយ​ថា គ្រោះថ្នាក់​មើល​មិនឃើញ​មែន នៅ​មុន​ពេល​កើត ជន​រង​គ្រោះ​រួម​ទាំង​ប្តី​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​ ពាក់​​ស្លាក​លេខ បាត់ដំបង ​១X-៦៦៨៥​ មក​ពី​ខេត្តកំពង់ធំ ​ហើយ​ក៏​បាន​ឈប់​ម៉ូតូ​អង្គុយ​លេង​លើ​ខឿន​ចិញ្ចើម​បឹង​តា​មោក បន្ទាប់មក​បុរសជា​ប្តី​ក៏​បាន​ទៅ​ដងទឹក​មក​ជះ​ម៉ាស៊ីន​ម៉ូតូ​អោយ​ត្រជាក់​ ស្រាប់តែ​រថយន្ត​បែក​កង់​មក​បុក​ស្ត្រី​ជា​ប្រពន្ធ​ពេញទំហឹង​តែ​ម្តង​។

បន្ទាប់​ពី​គ្រោះថ្នាក់ ស្ត្រី​រង​របួស​ធ្ងន់​ខាងលើ​ ​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូន​ទៅ​កាន់​មណ្ឌល​សុខភាព​ព្រែក​ព្នៅដើម្បីសង្គ្រោះ​ ។​ ចំណែក​​បុរសជា​ជនជាតិ​ចិន​ត្រូវ​បាន​មិត្ត​ភ​ក្តិ​ជា​ជនជាតិ​ចិន​ដូច​គ្នា និង​អ្នកបកប្រែ​មក នាំ​ទៅ​កាន់​មន្ទីរពេទ្យ ប៉ុន្តែដោយសារ​ខ្លាចបុរស​​ជនជាតិ​ចិន​នោះ​គេចខ្លួន​បាត់​ ទើប​នគរបាល​បាន​អោយ​ចុះ​ពីលើ​រថយន្ត​វិញ​ ហើយ​នគរបាល​ក៏​បាន​ដឹក​បុរសជនជាតិចិន​នោះ​​តាម​រថយន្ត​នគរបាល​​ដើម្បី​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​តែ​ម្តង​ ។ ចំណែក​​រថយន្ត​និង​ម៉ូតូ​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាច​ណ៍​ផ្លូវគោក​ដើម្បី​រង់​​ចាំ​ដោះស្រាយ​សងការ​ខូចខាត​៕​ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ