ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បាយ​ម្យ៉ាងដែរ​! អ្នក​ភូមិ​ប្រមាណ​៥០០​នាក់​នាំ​គ្នា​ទៅ​ចាប់​ត្រី​នៅ​បឹង​ធំ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២០ ប្រជាជន​ទាំងប្រុស ទាំងស្រី ចាស់ ក្មេង ប្រមាណ​៥០០​នាក់…

ខេត្តសៀមរាប ៖ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២០ ប្រជាជន​ទាំងប្រុស ទាំងស្រី ចាស់ ក្មេង ប្រមាណ​៥០០​នាក់ បាន​មក​ប្រមូលផ្តុំ​គ្នា​នៅ​បឹង​ធំ​មួយ ស្ថិត​នៅ​ក្នុងភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទ បាគង ខេត្តសៀមរាប ។

បឹង​ធំ​មួយ​នេះ អ្នក​ភូមិ​អភិរក្ស​ត្រី​ទុក​មិន​ឱ្យ​មានការ​នេសាទ​ផ្តេសផ្តាស​នោះ​ឡើយ គឺ​សម្រាប់​តែ​រក​ត្រី​រួម​គ្នា ដើម្បី​យក​មក​ធ្វើ​ជា​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​ក្នុង​ថ្ងៃ​ឡើង​មាឃ ឬ​ឡើងអ្នកតា​ដែល​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​២៥ ខែមករា ឆ្នាំ​២០២០ និង​ធ្វើ​ម្ហូប​សម្រាប់​គ្រួសារ ព្រមទាំង​ទទួលភ្ញៀវ ដែល​ជា​ទំនៀមទម្លាប់​របស់​អ្នក ស្រុក​អង្គរ​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​ម្តង​។

មុន​ពេល​ចេញ​ប្រតិបត្តិការ គណៈកម្មការ​ភូមិ​បាន​បាញ់​កាំជ្រួច បន្លឺ​ស្នូរ​ជា​សញ្ញា ដើម្បី​អនុញ្ញាត​ឱ្យ​ចុះ​ចាប់​ត្រី​បាន នៅ​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៥ ខែមករា នេះ​។ ដោយឡែក​ការ​រក​ត្រី​នេះ អនុញ្ញាត​ឱ្យ​ប្រជាជន​ក្នុងភូមិ​បង្កោង​តែ​ប៉ុណ្ណោះ ដោយ​មិន​អនុញ្ញាត​ឱ្យ​ប្រជាជន​ភូមិ​ក្រៅ​ចុះ​ចាប់​នោះ​ឡើយ និង​ប្រើប្រាស់​តែ​ឧបករណ៍​បុរាណ​ទាំងអស់ រួម​មាន​ដូច​ជា ឆ្នៀង​អង្រុត និង​សំណាញ់​ជាដើម​។​ល​។

ចំពោះ​ការ​ចាប់​ត្រី​នេះ គណៈកម្មការ​បាន​កំណត់​ជា​ពីរ​ផ្នែក​។ ជាដំបូង​ប្រជាជន​ទាំងអស់​អាច​រក​ត្រី​ទុក​សម្រាប់​ខ្លួនឯង​ផ្ទាល់ រីឯ​មួយ​ផ្នែក​នៃ​បឹង​ដែល​ដាក់​ចម្រាស់​ការពារ​មិន​ឱ្យ​ចាប់ពី​ដំបូង​នោះ ត្រូវ​ចាប់​ទុក​រួម​សម្រាប់​ធ្វើ​ទឹក​នំ​បញ្ចុក​ប្រគេន​ព្រះសង្ឃ​។

ចំណែក​លោក ពេជ្រ ឃិ​ន មេ​ភូមិ​បង្កោង និង​ជា​គណៈកម្មការ​រៀបចំ​ក្នុង​ពិធី​នោះ​បាន​រៀបរាប់​ថា ដោយនៅ​ឆ្នាំ​នេះ​ខ្សត់​ទឹកភ្លៀង និង​មិន​មាន​ទឹកធំ​ផង ទើប​មិន​សំបូរ​ត្រី ហើយ​គណៈកម្មការ​គ្រប់​គ្រង និង​អភិរក្ស​បឹង​បាន​ប្រលែង​កូន​ត្រី​ប្រមាណ​ជា ១៥០០ ក្បាល កាលពី​អំឡុង​ខែ​១០ ឆ្នាំ​២០១៩ ដើម្បី​រក្សា​ទិន្នផល​ត្រី ដើម្បី​បាន​ផ្គត់ផ្គង់​ក្នុង​កម្មវិធី​នៅ​ឆ្នាំ​នេះ​បន្ត​។

លោក​បន្ត​ថា ការ​ចាប់​ត្រី​ឡើង​មាឃ​នេះ មាន​ជា​យូរយារ​មក​ហើយ រៀង​រាល់​ខែមាឃ បន្ទាប់​ពី​បញ្ចប់​ការ​ច្រូតកាត់ និង​ដាក់​ស្រូវ​ក្នុង​ជង្រុក​រួចរាល់​។ លោក​បញ្ជាក់​ថា ថ្វីបើ​កម្មវិធី​នេះ​មាន​ជា​យូរ​មក​ហើយ តែ​ការ​រៀបចំ​បាន​គ​គ្រឹ​គ​គគ្រេង​ប្រមាណ​ជាង​១០​ឆ្នាំ​កន្លង​មកនេះ នៅ​ពេល​លោក​មាន​តួនាទី​ជា​មេ​ភូមិ​ក្នុងភូមិ​បង្កោង​។ លោក​តែងតែ​អប់រំ​ប្រជាជន​ក្នុងភូមិ និង​អ្នក​ណា​ក៏​ដោយ​ដែល​នឹង​ក្លាយជា​អ្នកដឹកនាំ​បន្ត​វេ​ណ​ពី​លោក ធ្វើ​យ៉ាងណា​ថែរក្សា​ទ​នៀម​ទម្លាប់​នេះ​ឱ្យ​បាន​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​នា​ពេល​អនាគត​។

ក្នុង​ពិធី​នេះ​ដែរ អ្នកស្រី ឆៃ ណាត ក្នុង​ភូមិប​ង្គោ​ង ដែល​កំពុង​មមាញឹក​ចាប់​ត្រី ដោយ ដៃ​ម្ខាង​កាន់​អង្រុត ដៃ​ម្ខាង​រាវរក​ត្រី​ក្នុង​អង្រុត បាន​និយាយ​ដោយ​ទឹកមុខ​រីករាយ​ថា នាង​ខ្ញុំ​បាន​មក​រក​ត្រី​ជា​រៀង​រាល់​ឆ្នាំ ហើយ​ថ្ងៃនេះ​បាន​ក្រោក​មក​ជាមួយ​អ្នក​ភូមិ​តាំងពី​ម៉ោង​៥​ភ្លឺ​ម្ល៉េះ​។ អ្នកស្រី​បន្ត​ថា ឆ្នាំ​នេះ​មិនសូវ​សំបូរ​ត្រី​ដូច​ឆ្នាំ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ឆ្នាំ​នេះ​មិនសូវ​មាន​ទឹកភ្លៀង​ធំ មាន​តែ​ទឹកភ្លៀង​បន្តិច​ប៉ុណ្ណោះ ទើប​បណ្តាល​ឱ្យ​ទិន្នផល​ត្រី​ធ្លាក់​ចុះ​។

សូម​បញ្ជាក់​ផង​ដែរ​ថា តំបន់​រមណីយដ្ឋាន​អង្គរ ជា​តំបន់​បេតិកភណ្ឌ រស់​ដែល​សម្បូរ​ទៅ​ដោយ​មរតក​អរូបី​ជា​ច្រើន ហើយ​ត្រូវ​បាន​អ្នកស្រុក​អង្គរ បន្ត​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។ ក្នុង​ពិធីបុណ្យ​ឡើង​មាឃ ឬ​បុណ្យ​ឡើងអ្នកតា កឺ​ជា​ទំនៀមទម្លាប់​ប្រពៃណី​មួយ​ក្នុង​ចំណោម​​បេតិកភណ្ឌ​អរូបី​ជា​ច្រើន​ប្រតិបត្តិ​ដោយ​អ្នកស្រុក​អង្គរ​។

គួរ​បញ្ជាក់​ទៀត​ថា រៀងរាល់ថ្ងៃ​១ កើត ខែ មាឃ ប្រជាជន​តែងតែ​រក​ត្រី​រួម​គ្នា​ដើម្បី​យក​ត្រី​មក​ធ្វើ​ម្ហូប និង​ធ្វើ​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​សម្រាប់​ថ្ងៃ​៣​កើត ខែមាឃ ដែល​ជា​ថ្ងៃ​ឡើង​មាឃ ឬ​ឡើង​អ្នក​តា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ