ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភេទ​អាហារ​​ទាំង​នេះហើយ ដែល​ធ្វើ​ឱ្យ​​ធុំក្លិន​ខ្លួន​មិនល្អ

4 ឆ្នាំ មុន

ក្លិន​ខ្លួន​មិន​ល្អជា​បញ្ហា​គួរ​ឱ្យ​អាម៉ាស​និង​ផ្ដល់​ភាព​រំខាន​ជា​ខ្លាំង​។​ភាគច្រើន​នៃ​ពួក​យើង​ដឹង​ថា​ការ​ទទួល​ខ្ទឹមស ឬ​ខ្ទឹមបារាំង​នឹង​បង្ក​បញ្ហា​ក្លិន​មាត់​មិនល្អ ប៉ុន្តែ​ប្រហែលជា​មិន​បាន​ចាប់អារម្មណ៍​ទេ​ថា​នៅ​មាន​អាហារ​មួយ​ចំនួន​ទៀត​ក៏​អាច​ធ្វើ​ឱ្យ​ធុំក្លិន​ខ្លួន​ផង​ដែរ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ប្រភេទ​នៃ​អាហារ​ដែល​ផ្លាស់​ប្ដូរ​ក្លិន​ខ្លួន​ធម្មជាតិ​របស់​អ្នក ឬ​បង្ក​ក្លិន​ខ្លួន​មិនល្អ ៖ ១. ផ្កា​ខាត់ណា​ខៀវ…

ក្លិន​ខ្លួន​មិន​ល្អជា​បញ្ហា​គួរ​ឱ្យ​អាម៉ាស​និង​ផ្ដល់​ភាព​រំខាន​ជា​ខ្លាំង​។​ភាគច្រើន​នៃ​ពួក​យើង​ដឹង​ថា​ការ​ទទួល​ខ្ទឹមស ឬ​ខ្ទឹមបារាំង​នឹង​បង្ក​បញ្ហា​ក្លិន​មាត់​មិនល្អ ប៉ុន្តែ​ប្រហែលជា​មិន​បាន​ចាប់អារម្មណ៍​ទេ​ថា​នៅ​មាន​អាហារ​មួយ​ចំនួន​ទៀត​ក៏​អាច​ធ្វើ​ឱ្យ​ធុំក្លិន​ខ្លួន​ផង​ដែរ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ប្រភេទ​នៃ​អាហារ​ដែល​ផ្លាស់​ប្ដូរ​ក្លិន​ខ្លួន​ធម្មជាតិ​របស់​អ្នក ឬ​បង្ក​ក្លិន​ខ្លួន​មិនល្អ ៖

១. ផ្កា​ខាត់ណា​ខៀវ ស្ពៃក្ដោប និង​ផ្កា​ខាត់ណា ៖ បន្លែ​ប្រភេទ​នេះ​មាន​ផ្ទុក​ជាតិ​ស្ពាន់ធ័រ​ដែល​រាង​កាយ​បំបែក​ទៅ​ជា​សមាសធាតុ​ដែល​ស្រ​ដៀង​គ្នា​ទៅ​នឹង​សមាសធាតុ​ដែល​ទទួលខុសត្រូវ​ចំពោះ​ក្លិន​ខ្លួន​មិនល្អ​។ លើស​ពី​នេះ​ទៅ​ទៀត​ផ្កា​ខាត់ណា​ក៏​មាន​ផ្ទុក​នូវ​សារធាតុ choline ដែល​ជា​សារធាតុចិញ្ចឹម​ប្រភេទ​វីតាមីន B ដែល​អាច​បណ្ដាល​ឱ្យ​ធុំក្លិន​ខ្លួន​។ ភាគច្រើន​ក្លិន​ខ្លួន​នឹង​ប្រែជា​មិនល្អ​រយៈពេល ១ ម៉ោង​ក្រោយ​ទទួលទាន​បន្លែ​ប្រភេទ​នេះ ហើយនឹង​ប្រែជា​ធម្មតា​វិញ​នៅ​រយៈពេល ៦ ម៉ោង​។

ទោះជា​យ៉ាងណា​មិនមែន​មាន​ន័យ​ថា​អ្នក​គួរ​ឈប់​ទទួលទាន​បន្លែ​ទាំងនេះ​តែ​ម្ដង​ឡើយ គឺ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ចូរ​លាង​សម្អាត​បន្លែ​ទាំងនេះ​ជាមួយ​អំបិល​មួយ​ចិ​ប​សិន​។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​កម្ចាត់​សារធាតុ​បង្ក​ក្លិន​ខ្លួន​មិនល្អ ខណៈ​ដែល​រក្សា​សមាសធាតុ​មាន​ប្រយោជន៍​។

២. សាច់​ក្រហម ៖ អាស៊ីត​អា​មី​ណូ​នៅ​ក្នុង​សាច់​ក្រហម​បន្សល់​ទុក​កាក​សំណល់​ក្នុង​ពោះវៀន​កំឡុង​ពេល​រំលាយ​អាហារ​ដែល​បញ្ចេញ​ក្លិន​មិនល្អ​។ អង់ស៊ីម​ពោះវៀន​បំបែក​កាក​សណល់​ទាំង​នោះ​ដែល​បន្ទាប់​មក​លាយ​ជាមួយ​ពពួក​បាក់តេរី​លើ​ស្បែក​កំឡុង​ពេល​បែកញើស ហើយ​បង្ក​ក្លិន​ខ្លួន​មិនល្អ​។ ក្លិន​ខ្លួន​របស់​អ្នក​អាច​នឹង​ប្រែជា​មិនល្អ​កំឡុង​ពេល ២ ម៉ោង​ក្រោយ​ទទួលទាន​សាច់​ក្រហម​។ ក្លិន​ញើស ឬ​ក្លិន​ខ្លួន​មិនល្អ​ព្រោះ​ការ​ទទួលទាន​សាច់​ក្រហម​អាច​ត្រូវ​បាន​ទៅ​វិញ​កំឡុង​ពេល ២ ទៅ ៣ ម៉ោង ឬ​យូរ​រហូត​ដល់ ២ ស​ប្តា​ហ៍​។

៣. ត្រី​មួយ​ចំនួន ៖ ពិត​ណាស់​ត្រី​អាច​ផ្ដល់​ឱ្យ​រាង​កាយ​នូវ​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​ជា​ច្រើន ប៉ុន្តែ​ប្រភេទ​នៃ​ត្រី​ដែល​មាន​ផ្ទុក​សារធាតុ choline ដូច​ជា​ត្រី​ធូ​ណា និង​សាល​ម៉ុ​ន​អាច​បណ្ដាល​ឱ្យ​អ្នកមាន​ក្លិន​ខ្លួន​ដូច​ត្រី​។ មនុស្ស​មួយ​ចំនួន​ផ្ទុក​សារធាតុ choline នៅ​ក្នុង​ញើស​របស់​ពួក​គេ​រហូត​ដល់​មួយ​ថ្ងៃក្រោយ​ទទួលទាន​ត្រី​ប្រភេទ​នេះ​រួច​ឥទ្ធិពល​នៃ​សារធាតុ​ទាំងនោះ​ក៏​បង្ក​ក្លិន​ខ្លួន​មិនល្អ​។

រីឯ​មនុស្ស​មួយ​ចំនួន​តូច​ទៀត​នៅ​ពេល​ទទួលទាន​អាហារ​មាន​ផ្ទុក​សារធាតុ choline និង carnitine រួម​បញ្ចូល​ទាំង​ត្រី សាច់ និង​ស៊ុត អាច​ត្រូវ​រាង​កាយ​បំ​លែង​ទៅ​ជា trimethylamine ឬ​ជំងឺ​ក្លិនឆ្អាប​ដូច​ត្រី​ដែល​អាច​ព្យាបាល​បាន​ដោយ​ការ​ផ្លាស់​ប្ដូរ​របប​អាហារ​និង​ប្រើប្រាស់​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​។

៤. អាហារ​កែ​ច្នៃ ៖ ជាតិ​ស្ករ​ចម្រាញ់​ដែល​មាន​ផ្ទុក​ក្នុង​អាហារ​កែ​ច្នៃ​បង្កើន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ហើយ​ជាតិ​ស្ករ​ដែល​មាន​ក្នុង​ឈាម​ក្រោយ​ទទួលទាន​អាហារ​កែ​ច្នៃ​រួច​ជះ​ឥទ្ធិពល​លើ​ការ​បែក​ញើស​ចំពោះ​មនុស្ស​មួយ​ចំនួន ហើយ​នៅ​ពេល​វា​រួម​បញ្ចូល​គ្នា​ជាមួយ​បាក់តេរី​លើ​ស្បែក​នោះ​នឹង​បង្ក​បញ្ហា​ក្លិន​ខ្លួន​មិនល្អ​។ អាហារ​កែ​ច្នៃ​ក៏​ខ្វះ​នូវ​សារធាតុ​ក្លរ៉ូភីល​ដែល​ជា​សារធាតុ​ជួយ​បំបាត់​ក្លិន​ខ្លួន​មិនល្អ និង​សម្អាត​ក្នុង​រាង​កាយ​ផង​ដែរ​។ បញ្ហា​ក្លិន​ខ្លួន​បណ្ដាល​មក​ពី​ការ​ទទួលទាន​អាហារ​កែ​ច្នៃ​នឹង​បាត់​ទៅ​វិញ​ក្នុង​រយៈពេល ១ ស​ប្តា​ហ៍​ក្រោយ​។ ទោះជា​យ៉ាងណា អ្នក​គួរ​កាត់​បន្ថយ​ការ​ទទួលទាន​អាហារ​កែ​ច្នៃ​មិន​ត្រូវ​ទទួលទាន​ជាប់​ជា​ប្រចាំ​ឡើយ​។

៥. អាហារ​មាន​ផ្ទុក​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ទាប ៖ របប​អាហារ​មាន​ផ្ទុក​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ខ្ពស់​អាច​បង្ក​បញ្ហា​ក្លិន​ខ្លួន​មិនល្អ ប៉ុន្តែ​របប​អាហារ​មាន​ផ្ទុក​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ទាប​ក៏​ជា​បញ្ហា​ដូច​គ្នា​ចំពោះ​មនុស្ស​មួយ​ចំនួន​។ នៅ​ពេល​រាង​កាយ​ទទួល​បាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ទាប​ដើម្បី​បំ​លែង​ទៅ​ជា​ថាមពល នោះ​នឹង​ចាប់ផ្ដើម​ដុត​បំផ្លាញ​ខ្លាញ់​ជំនួស​វិញ​។ នេះ​ហើយ​ជា​ហេតុ​ដែល​បណ្ដាល​ឱ្យ​របប​អាហារ​មាន​ផ្ទុក​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ទាប​នាំ​ឱ្យ​ស្រក​ទម្ងន់ និង​បង្ក​ក្លិន​ខ្លួន​។ នៅ​ពេល​ដុត​រំលាយ​ជាតិ​ខ្លាញ់ រាង​កាយ​នឹង​ផលិត​នូវ​សារ​ធាតុគីមី​ម្យ៉ាង​ដែល​បណ្ដាល​ឱ្យ​ញើស​មាន​ក្លិន​ដូច​ទឹក​លាង​ក្រចក ឬ​ក្លិន​ផ្លែ​ឈើ​។

សម្គាល់​៖ ទោះបី​ការ​មាន​ក្លិន​ខ្លួន​មិនល្អ​អាច​ជា​រឿង​គួរ​ឱ្យ​អាម៉ាស ប៉ុន្តែ​មិនមែន​មាន​ន័យ​ថា​អ្នក​ត្រូវ​ឈប់​ទទួលទាន​អាហារ​ដូច​បាន​រៀបរាប់​ខាងលើ​តែ​ម្ដង​ឡើយ​! ចូរ​ព្យាយាម​ញ៊ាំ​ក្នុង​កម្រិត​សម​ល្មម​ទើប​ប្រសើរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ