ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​បុណ្យ​ជាតិ​អូស្ត្រាលី​ឆ្នាំ​២០២០ ៖ ទំនាក់​ទំនង​យូរអង្វែង​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​អភិវឌ្ឍន៍​ដោយ​វិធីសាស្ត្រ​ផ្តោត​លើ​​ប្រជាពលរដ្ឋ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ទិវា​បុណ្យ​ជាតិ​អូស្ត្រាលី​នា​ថ្ងៃ​ទី​២៦ ខែមករា គឺជា​ឱកាស​មួយ​ក្នុង​ការ​ប្រារព្ធ​ខួប​នៃ​ចំណងទាក់ទង​ជា​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​រវាង​ប្រទេស​អូស្ត្រាលី និង កម្ពុជា​។ ឯកឧត្តម Pablo Kang ដែល​ជា​ឯកអគ្គរាជទូត​អូស្ត្រាលី​ទើបនឹង​តែងតាំង​ថ្មី​សម្រាប់​កម្ពុជា…

រាជធានី​ភ្នំពេញ​៖ ទិវា​បុណ្យ​ជាតិ​អូស្ត្រាលី​នា​ថ្ងៃ​ទី​២៦ ខែមករា គឺជា​ឱកាស​មួយ​ក្នុង​ការ​ប្រារព្ធ​ខួប​នៃ​ចំណងទាក់ទង​ជា​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​រវាង​ប្រទេស​អូស្ត្រាលី និង កម្ពុជា​។

ឯកឧត្តម Pablo Kang ដែល​ជា​ឯកអគ្គរាជទូត​អូស្ត្រាលី​ទើបនឹង​តែងតាំង​ថ្មី​សម្រាប់​កម្ពុជា បាន​មាន​​ប្រសាសន៍​ថា «​ទំនាក់ទំនង​ទ្វេភាគី​ដ៏​រឹង​មាំ​របស់​យើង​នា​ពេល​បច្ចុប្បន្ន​នេះ ​បាន​បង្កើត​ឡើង​តាម​រយៈ​ដំណើរការ​ស្វែងរក​សន្តិភាព និង​ការ​ស្ដារ ​និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឡើង​វិញ​» ។

ឯកឧត្តម​បាន​បន្ត​ទៀត​ថា «​ក្នុង​នាម​ជា​មិត្ត​ភ​ក្កិ​ជិត​ស្និទ្ធ​និង​យូរអង្វែង យើង​តែង​ធ្វើការ​និង​ដោះ​ស្រាយ​បញ្ហា​រួម​គ្នា​។ នៅ​ពេល​ខ្លះ​យើង​មាន​ទស្សនៈ​ផ្សេង​គ្នា​ដែល​អាច​ឱ្យ​យើង​ឈាន​ដល់​ស្មារតី​នៃ​​ការ​លើក​បញ្ហា​នានា​ចេញ​មក​ដោយ​សុទ្ធ​ចិ​ត្ត និង​ដោយ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​» ។​

ចំណុច​សំខាន់​នៃ​ទំនាក់ទំនង​អូស្ត្រាលី​-​កម្ពុជា បាន​ស្ដែង​ឡើង​តាម​រយៈ​ថវិកា​ជំនួយ​ប្រមាណ​៥០ លាន​​ដុល្លារ​សហរដ្ឋអាមេរិក ដែល​អូស្ត្រាលី​នឹង​ត្រូវ​វិនិយោគ​លើ​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​អភិ​វឌ្ឍន៍​នា​ឆ្នាំ​នេះ​។ ដើម្បី​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន​កម្ពុជា អូស្ត្រាលី​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង​ផ្នែក​ពាក់ព័ន្ធ​នានា​នៅ​កម្ពុជា ដែល​រួម​មាន​ស្ថាប័ន​រាជរដ្ឋាភិបាល សង្គម​ស៊ី​វិល និង​​វិស័យ​ឯកជន​។ នេះ​បើ​យោង​តាម​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា ។​

ជាក់ស្តែង​គម្រោង​សំខាន់​មួយ​ក្នុង​គម្រោង​ជំនួយ​សំខាន់​ជា​ច្រើន​របស់​អូស្ត្រាលី​មក​កម្ពុជា នោះ​គឺ​ការ​អនុវត្ត​បែបបទ​ការងារ​ដោយ​វិធីសាស្ត្រ​ផ្តោត​លើ​ប្រជាពលរដ្ឋ ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​របស់​ជន​​ដែល​មាន​ពិការ​ភាព និង​ការ​ប្រឆាំង​អំពើ​ហិង្សា​ពាក់ព័ន្ធ​នឹង​យេ​ន​ឌ័​រ ដែល​កម្ពុជា​កំពុង​ជួប​ប្រទះ​។

ចាប់តាំងពី​ទិវា​បុណ្យ​ជាតិ​អូស្ត្រាលី​នា​ឆ្នាំ​កន្លង​ទៅ ស្ថានទូត​អូស្ត្រាលី​និង​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ឲ្យ​ដំណើរការ​នូវ​គំនិត​ផ្ដួចផ្ដើម​សំខាន់​មួយ​ដើម្បី​គាំទ្រ​ដល់​វិស័យ​ទាំង​ពីរ​នេះ​។ គំនិត​ផ្ដួចផ្ដើម​នោះ ហៅ​ថា «​គម្រោង​សហប្រតិបត្តិការ​អូស្ត្រាលី​-​កម្ពុជា ​ដើម្បី​សេវាកម្ម​ប្រកបដោយ​សមធម៌​និង​និរន្តរភាព​» ឬ​ហៅ​កាត់​ថា​កម្មវិធី «ACCESS» ។

តាម​រយៈ​កម្មវិធី ACCESS ​នេះ ប្រទេស​អូស្ត្រាលី​កំពុង​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ប្រើប្រាស់​ធនធាន​ប្រកបដោយ​និរន្តរភាព​សម្រាប់​ការ​ផ្ដល់​សេវា​ក្នុង​វិស័យ​សេវា​សង្គម​សំខាន់​ៗ​។

លោក​ជំទាវ ញាន សុចិ​ត្រា សុចិ​ត្រា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍ​សង្គម​នៃ​ក្រសួង​កិច្ចការ​នារី បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា «​គម្រោង​សហប្រតិបត្តិការ​អូស្ត្រាលី​-​កម្ពុជា​ដើម្បី​សេវាកម្ម​ប្រកប​ដោយ​សមធម៌​និង​និរន្តរភាព​» គឺ​ផ្តោត​សំខាន់​លើ​ការ​ប្រើប្រាស់​ធនធាន​ប្រកបដោយ​និរន្តរ​ភាព​សម្រាប់​ការ​ផ្ដល់​សេវា​ក្នុង​វិស័យ​សេវា​សង្គម​សំខាន់​ៗ ពាក់ព័ន្ធ​នឹង​ការ​ជួយ​ដល់​ជន​រង​គ្រោះ​នៃ​អំពើ​ហិ​ង្សា បញ្ហា​យែ​ន​ឌ័​រ ជាដើម ដែល​ក្នុង​នោះ​គឺ​មាន​ក្រសួង​កិច្ចការ​នារី និង​ក្រសួង​សង្គម​កិច្ច អតីត យុវជន ជា​អ្នក​អនុវត្ត​គម្រោង ។

លោក​ជំទាវ​មាន​ប្រសាសន៍​បញ្ជាក់​ថា សម្រាប់​ក្រសួង​កិច្ចការ​នារី តាម​រយៈ​គម្រោង​ខាងលើ​គឺ​បាន​​ប្រគល់​ជូន​អង្គការ​ដៃគូ​ចំនួន ៧ ដែល​មាន​ទាំង​អង្គការ​ក្រៅ​ស្រុក​និង​ក្នុងស្រុក សម្រាប់​អនុវត្ត​គម្រោង​នេះ ដែល​គម្រោង​ទាំងមូល​គ ឺ​គ្របដណ្តប់ ១៥ ខេត្ត ដែល​ការ​អនុវត្ត​ជំហាន​ដំបូង​សម្រាប់​ឆ្នាំ ២០១៩-២០២១ គឺ​ផ្តោត​លើ​ខេត្ត​អ​ទិ​ភាព​ចំនួន ៣ គឺ​ខេត្តកំពង់ចាម កំពង់ស្ពឺ និង​ខេត្តសៀមរាប ។

លោក​ជំទាវ ញាន សុចិ​ត្រា សុចិ​ត្រា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អភិវឌ្ឍ​សង្គម​នៃ​ក្រសួង​កិច្ចការ​នារី​បាន​បញ្ជាក់​ថា «​គម្រោង​នេះ​មាន​សារៈសំខាន់​បំផុត ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ការ​លើក​កម្ពស់ ​និង​អភិវឌ្ឍន៍​សមត្ថភាព​នៃ​ស្ថាប័ន​ដែល​ជា​អ្នក​ផ្តល់​សេវាកម្ម​ធ្វើ​យ៉ាងណា​ឲ្យ​ពួក​គាត់​ផ្តល់​សេវាកម្ម​ដល់​ជន​រង​គ្រោះ​ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធ​» ។ លោក​ជំទាវ​បន្ត​ថា​ សម្រាប់​ក្រសួង​កិច្ចការ​នារី សម្រាប់​គម្រោង​នេះ​គឺ​ផ្តោត​លើ​ការ​ទប់ស្កាត់​ផ្នែក​ហិ​ង្សា​លើ​ស្ត្រី និង​ការ​ផ្តល់​នូវ​សេវា​ជួយ​ដល់​ជន​រង​គ្រោះ ដែល​សេវា​សំខាន់​ៗ​ទាំងនោះ​គឺ​មាន​ដូច​ជា​សេវាកម្ម​ខាង​សុខាភិបាល សង្គម និង​យុត្តិធម៌​ជាដើម ។

ឯកឧត្តម​ឯកអគ្គរាជទូត Kang បាន​មាន​ប្រសាសន៍​ថា «​ខ្ញុំ​មាន​កិត្តិយស​ណាស់​ដែល​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​ស្វែង​យល់​ពី​គម្រោង «ACCESS» នៅ​ខេត្តសៀមរាប​នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​។ ការ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​គោលការណ៍​និរន្តរភាព មាន​ន័យ​ថា ​គំនិត​ផ្ដួចផ្ដើម​នានា​ដែល​អូស្ត្រាលី​បាន​និង​កំពុង​អនុវត្ត​នៅ​កម្ពុជា​នឹង​នៅ​តែ​បន្ត ទោះជា​កម្មវិធី​ជំនួយ​របស់​យើង​ត្រូវ​បាន​បញ្ចប់់​ក៏​ដោយ​»​។

សូម​រម្លឹក​ថា ប្រទេស​អូស្ត្រាលី បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា​ក្នុង​ឆ្នាំ​១៩៥២ និង​បាន​ដើរតួ​នាទី​បន្ត​ដឹកនាំ​ដំណើរការ​ស្វែងរក​សន្តិភាព​ចាប់តាំងពី​ពាក់កណ្ដាល​ទសវត្សរ៍​ឆ្នាំ​១៩៨០​។ ប្រទេស​អូស្ត្រាលី​ក៏​មាន​មោទនភាព​ផង​ដែរ ដែល​បាន​ក្លាយជា​គោលដៅ​សម្រាប់​ការ​សិក្សា​ថ្នាក់​សាកលវិទ្យាល័យ​របស់​និស្សិត​កម្ពុជា ក្នុង​នោះ​រួម​មានការ​ផ្ដល់​ជំនួយ​ដោយ​ផ្អែក​លើ​តម្រូវការ​តាម​រយៈ​កម្មវិធី​អាហារូបករណ៍​អូស្ត្រាលី ដោយ​ផ្អែក​លើ​តម្រូវការ​។

ស្ថិត​ក្នុង​ដំណាក់កាល​អន្តរ​ការ​ដែល​កំពុង​បោះ​ជំហាន​ឆ្ពោះទៅ​រក​ស្ថានភាព​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប​តាំងពី​ឆ្នាំ​២០១៦ ប្រទេស​កម្ពុជា​បាន​ទទួល​ជំនួយ​ឧបត្ថម្ភ​របស់​អូស្ត្រាលី ដើម្បី​ឆ្លើយ​តប​នឹង​ការ​ប្រឈម​នានា​ដែល​កើត​ចេញ​អំពី​សកម្មភាព​អភិវឌ្ឍន៍​ថ្មី​ៗ ក្នុង​នោះ​រួម​មានការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ បរិ​យា​បន្ន​សង្គម ផលិតភាព​កសិកម្ម និង​គោលនយោបាយ​ថាមពល​និង​ទឹក​។

ឯកអគ្គរាជទូត​អូស្ត្រាលី​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា «​អូស្ត្រាលី​នឹង​បន្ត​ធ្វើការ​ជាមួយ​កម្ពុជា​ដើម្បី​ឆ្លើយ​តប​នឹង​រាល់​ផល​ប៉ះពាល់​នានា ដែល​កើត​ចេញពី​សកម្មភាព​អភិវឌ្ឍន៍​។ ក្នុង​នាម​ជា​ភ័ក្ត្រ​និង​អ្នក​ជិតខាង​របស់​ខ្លួន ប្រទេស​អូស្ត្រាលី​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​គាំទ្រ​ដល់​ស្ថេ​រ​ភាព វិបុលភាព និង​ភាព​ធន់ នៅ​ប្រទេស​កម្ពុជា​និង​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វិ​ក​ផង​ដែរ​» ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ