ចូល​ឆ្នាំ​ចិន​៖ ការ​សម្លឹង​មើល​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​និង​ចិន


នៅ​ពេល​ដែល​ប្រជាជន​កម្ពុជា​សឹង​គ្រប់​ផ្ទះ ​បាន​នាំ​គ្នា​ប្រារ​ព្វ​បុណ្យចូលឆ្នាំ​ចិន វា​មិន​ត្រឹមតែ​ជា​ឱកាស សម្រាប់ការ​ជួបជុំ​គ្រួសារ​និង​ការ​សប្បាយ​រីករាយ​នោះ​ទេ វា​ថែម​ទាំង​ជា​ការ​ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​ពី ទំនាក់ទំនង​ដ៏​រឹង​មាំ​ខ្លាំង​មួយ​រវាង​ចិន​ និង​កម្ពុជា​។

សាលារៀន ក្រុមហ៊ុន និងមុខរបរ​ជា​ច្រើន​ បាន​បិទ​មិន​ដំណើរការ​ដើម្បី​ប្រារ​ព្វ​បុ​ណ្យចូល​ឆ្នាំ​ចិន បើ​ទោះបី​ជា​មិន​មានច្បាប់​តម្រូវ​ក៏​ដោយ​ចុះ​។

នៅ​ថ្ងៃ​ទី​មួយ​នៃ​ការ​ចូល​ឆ្នាំ​ចិន គេ​ឃើញ​មានការ​ស្លៀក​បំពាក់​សម្លៀក​បំពាក់​ពណ៌​ក្រហមជា​ច្រើន​។ ក្រហម​សឹង​គ្រប់​ផ្ទះ​នៅ​កម្ពុជា​មាន​ន័យ​ជ្រៅ​ជាង​ពិធីបុណ្យ​ប្រពៃណី​ចិន​ធម្ម​តា​​។ វា​ថែម​ទាំង​បង្កប់ន័យ​ថា ទង់​ក្រហម​​របស់​ចិន​ បាន​ចូល​ជ្រៅ​ក្នុង​បេះដូង​ប្រជាជន​ និង​សង្គម​កម្ពុជា​។

ជាង​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន ទំនាក់ទំនង​រវាង ប្រទេស​ទាំង​ពីរ ត្រូវ​បាន​គេ​មើលឃើញ​ថា ​បាន​រីក​ធំធាត់​និង​រឹង​មាំ​ជាង​ពេល​ណា​ៗ​ទាំងអស់ ​។

ប្រទេស​ចិន​ក្លាយជា​ប្រទេស​ដែល​ផ្តល់​ជំនួយ​ច្រើន​ជាង មាន​ទំហំ​វិនិយោគ​ច្រើន​ជាងគេ និងមាន​អ្នក​ទេស​ចរណ៍​មក​កម្ពុជា​ច្រើន​ជាងគេ​។

នៅ​ចន្លោះ​ឆ្នាំ២០១៣ និងឆ្នាំ២០១៧ប្រទេស ចិន​បាន​វិនិយោគ​ចំនួន៥៣០០​លាន​ដុល្លារ​នៅ កម្ពុជា​ដែល​តួលេខ​នេះ​អាច​​និយាយ​បានថា ការ​វិនិយោគ​មាន​ប្រមាណ​១០០០​លាន​ដុល្លារ​ នៅក្នុង​មួយ​ឆ្នាំ​នៅ​កម្ពុជា​។

ចំណែក​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​តម្លៃ​ជា​ទឹកប្រាក់​ចំនួន​៦០០០​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១៧​។

កាលពី​ឆ្នាំ​២០១៩ ប្រទេស​ចិន​ក៏​បាន​សន្យា​ផ្តល់​ជំនួយ​ប្រមាណ​ជាជិត​៦០០​លានដុល្លារ​ដល់កម្ពុជា​សម្រាប់​រយៈពេល​បី​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០១៩​ ដល់​ឆ្នាំ​២០២១​។ ខ​ណៈ​ដែល​ប្រទេស​នេះ​ជា​ប្រទេស ដែល​ផ្តល់​ជំនួយ​ច្រើន​ជាង​បំផុត​ដល់​កម្ពុជា​។

រីឯ​ទេសចរណ៍​ចិន​ប្រមាណ​ជា​២​លាន​នាក់​បាន​ធ្វើ​ដំណើរ​មក​កម្ពុជា​កាលពី​ឆ្នាំ​២០១៨​។

តួលេខ​ទាំងនេះ​ បាន​បង្ហាញ​ថា​ដង្ហើម​សេដ្ឋកិច្ច​កម្ពុជា​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​ប្រទេស​ចិន​ហើយ​ជំនួយ​និង​ការ​វិនិយោគ​របស់​ចិន ​បាន​ចូលរួម​ចំណែក​យ៉ាង​ធំធេង​ដល់​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ដែល​មាន​កំណើន​ប្រមាណ​ជា​៧​ភាគរយ​នៅ​ក្នុង​មួយ​ឆ្នាំ​។

ដូច្នេះ ​ប្រទេស​កម្ពុជា​បាន​ទទួលផល​ប្រយោជន៍​ជា​ច្រើន​ពី​ទំនាក់ទំនង​ដ៏​រឹង​មាំ​រវាង​កម្ពុជា​និង​ចិន​ ។ ហេតុ​ដូច្នេះ ហើយ​បានជា​មេដឹកនាំ​ប្រទេស​កម្ពុជា ​គឺ​សម្តេច​តេ​ជោ​ហ៊ុន​ សែន ​តែងតែលើក​ឡើង​ហើយ​លើក​ឡើង​​ទៀត ​អំពី​សារសំខាន់​ខ្លាំង​នៃ​ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា​។

ប៉ុន្តែ​សម្លឹង​មើល​ចេញពី​ជ្រុង​អវិជ្ជមាន​វិញ​នោះ លំហូរ​ចូល​ដ៏​ច្រើន​នៃ​ជនជាតិ​ចិន​មក​កម្ពុជា​ក៏​បាន បង្ក​ជា បញ្ហា​សង្គម​មួយ​ចំនួន​ផង​ដែរ​ជា ដូច​ជា​ករណី​គ្រឿងញៀន ការ​ប្លន់ ការ​ចាប់ជម្រិត និង​អំពើ​អសកម្ម​ក្នុង សង្គម​មួយ​ចំនួន​ទៀត​ ពិ​េ​សស​នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ មុន​ពេល​ដែល​កម្ពុជា​បានបញ្ឈប់​ការ រកស៊ី​កាស៊ីណូ​អន​ឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ខ​ណៈ​ដែល​កម្ពុជា​ស្វាគមន៍​ជំនួយ​របស់​ចិន​នោះ វា​ទាមទារ​អោយ​កម្ពុជា​មាន ការ​គ្រប់គ្រង​ដ៏មានប្រ​សិ​ទ្ធ​ភាព​មួយ​ចំពោះ​ជនជាតិ​ចិន​នៅ​កម្ពុជា​ដើម្បី​ធ្វើ​យ៉ាងណា​ អោយ​កម្ពុជា​អាច​ទទួល​បាន​ផលប្រយោជន៍​កាន់​តែ​ច្រើន​ពី​ទំនាក់ទំនង​រវាង​ចិន ​និង​កម្ពុជា​។

ការ​ទប់ស្កាត់​សមភាព​អាក្រក់​មក​ពី​ប្រទេស​ចិន​មិន​ត្រឹមតែ​ជួយ​លប់​បំបាត់​បញ្ហា​សង្គម​ដែល​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន​នៅ​ប្រទេស​កម្ពុជា​នោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ជួយ​ជ្រោមជ្រែង​ដល់​ទំនាក់ទំនង ល្អ​រវាង​ចិន​និង​កម្ពុជា​ផង​ដែរ​។

ខណៈ​ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​សរសើរ​ពី​ទំនាក់ទំនង​ដ៏​ផូរផង់​នេះ ប្រជាជន​កម្ពុ​ជាមួយ​ចំនួន មិន​សប្បាយ​ចិត្តនឹង​បញ្ហា​សង្គម​ដែល​បង្ក​ឡើង​ដោយ​ជនជាតិ​ចិន ​។ ដូច្នេះ វា​បាន​ធ្វើ​អោយ​មាន ការ​យល់​ច្រឡំ​ដល់​ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា​។

ដើម្បី​បំបាត់​ការ​យល់​ច្រឡំ​នេះ វា​ទាមទារ​អោយ​មានការ​មាន​វិធានការ​ដ៏​មាន​ប្រ​សិ​ទ្ឋ​ភាព​ដើម្បី​ទប់ស្កាត់ ចិន​សមាសភាព​អាក្រក់​មិន​អោយមក​បង្ក​បញ្ហា​នៅ​កម្ពុជា ខ​ណៈ​ដែល​កម្ពុ​ជាង​ត្រូវ​ស្វាគមន៍ អោយ​បាន​កក់ក្តៅ​ដល់​ជនជាតិ​ដែល​ត្រឹមត្រូវ​ និង​រកស៊ី​ស្របច្បាប់​នៅ​កម្ពុជា​។

ចូល​ឆ្នាំ​ចិន​នៅ​ឆ្នាំ​នេះ គេ​ឃើញ​ទាំង​ចិន​និង​កម្ពុជា​បាន​សប្បាយ​រួម​គ្នា​។ វា​ជា​ការ​ចាំបាច់​ដែល​ស្នាមញញឹម រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ​ត្រូវ​ថែ​រក្សាអោយ​បាន​គ្រប់ពេល​វេ​លា ​៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ