លោក Bill Gates ៖ ទ្រព្យ ១០៩ ប៊ី​លាន​ដុល្លារ​របស់ខ្ញុំ​បង្ហាញ​ពី​ភាព​អយុត្តិធម៌​នៃ​សេដ្ឋកិច្ច


លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) គឺជា​បុរស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​លោក​ដែល​ទ្រព្យសម្បត្តិ​សរុប​របស់​លោក​មាន​ប្រមាណ ១០៨.៨​ប៊ី​លាន​ដុល្លារ ។ ហើយ​លោក​បាន​និយាយ​ថា ទ្រព្យសម្បត្តិ​របស់​លោក​នេះ គឺ​មិន​យុត្តិធម៌​សម្រាប់​អ្នក​ដទៃ​ទេ ។

លោក​បាន​សរសេរ​ក្នុង​អត្ថបទ​មួយ​ថា «​មនុស្ស​មួយ​ចំនួន​តូច​ទទួល​បាន​ឱកាសល្អ​ៗ ខ្ញុំ​ទទួល​បាន​រង្វាន់​យ៉ាងច្រើន​សម្រាប់​ការងារ​ដែល​ខ្ញុំ​បាន​ធ្វើ​កន្លង​មក ខណៈ​ដែល​អ្នក​ដទៃ​ដែល​ខិតខំ​ធ្វើការ​ដូច​ខ្ញុំ​ដែរ​កំពុង​តែ​ជួប​ការ​លំបាក​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​» ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក ហ្គេ​ត​ស៍ បាន​និយាយ​ថា រដ្ឋាភិបាល​គួរតែ​បង្កើន​ពន្ធ​សម្រាប់​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ ជា​ពិសេស​គឺ​ពន្ធ​លើ​ចំណូល​ពី​ការ​វិនិយោគ​លើ​ភាគហ៊ុន ។ មិន​មាន​អ្នកមាន​ណា​ម្នាក់​ដែល​កសាង​ទ្រព្យសម្បត្តិ​របស់​ខ្លួន​ដោយ​អាស្រ័យ​តែ​លើ​ប្រាក់ខែ​ទេ ។ លោក​មហាសេដ្ឋី ម៉ាក ឃ្យូ​បេន (Mark Cuban) ក៏​គាំទ្រ​គំនិត​នេះ​ដែរ និង​បាន​ផ្តល់​យោបល់​មក​ថា ស្ថាបនិក និង​ម្ចាស់​ក្រុមហ៊ុន​គួរតែ​ចែករំលែក​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ឲ្យ​ទៅ​បុគ្គលិក​ដើម្បី​ធ្វើ​ឲ្យ​ពួក​គេ​ក្លាយជា​វិនិយោគិន​ដែរ ។

លោក​បាន​បន្ត​ទៀត​ថា​វា​ជា​អ្វី​ដែល​លោក​បាន​ធ្វើ​ក្នុង​ក្រុមហ៊ុន Broadcast.com របស់​លោក​ដែល​លោក​បាន​បង្កើត​ឡើង​និង​លក់​ឲ្យ​ទៅ Yahoo ក្នុង​ឆ្នាំ ១៩៩៩ ក្នុង​តម្លៃ ៦​ប៊ី​លាន​ដុល្លារ ។ លោក​បាន​អះអាង​ថា​បុគ្គលិក ៣០០​នាក់​ក្នុង​ចំណោម ៣៣០​នាក់​ដែល​ធ្វើការ​ឲ្យ Broadcast.com បាន​ក្លាយទៅជា​សេដ្ឋី​បន្ទាប់​ពី​ការ​លក់ ។

ជាមួយ​គ្នា​នេះ​ដែរ​លោក ហ្គេ​ត​ស៍ បាន​ជំរុញ​ឲ្យ​មានការ​បង្កើន​ពន្ធ​លើ​អចលនទ្រព្យ និង​បាន​និយាយ​ថា​វា​នឹង​មិន​ប៉ះពាល់​ដល់​អ្នកមាន​ទេ ។ លើស​ពី​នេះ​ទៅ​ទៀត​លោក​បាន​បន្ត​ថា ប្រព័ន្ធ​ដែល​អ្នកមាន​អាច​ផ្ទេរ​ទ្រព្យ​ឲ្យ​ទៅ​កូន​ៗ គឺ​មិនល្អ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ឡើយ ព្រោះ​មនុស្ស​ជំនាន់​ក្រោយ​នឹង​មិន​មានចិត្ត​ចង់​ខិតខំ​ធ្វើការ​និង​ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ទេ ។ វា​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​លោក​បង្កើត The Giving Pledge ជាមួយនឹង​លោក​មហាសេដ្ឋី Warren Buffett ដែល​បាន​ប្តេជ្ញា​ថា​នឹង​បរិច្ចាគ​ទ្រព្យ​ភាគច្រើន​របស់​ពួក​គេ​ឲ្យ​ទៅ​សប្បុរសធម៌ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ