ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា សិស្សស្រីចំនួន១០នាក់ ដែលកំពុងសិក្សានៅវិទ្យាល័យហ៊ុនសែនកែវសីមា ស្ថិតនៅក្នុងស្រុកកែវសីមា នៃខេត្តមណ្ឌលគិរី បានដួលសន្លប់ជាបន្តបន្ទាប់ ហើយកំពុងតែស្ថិតនៅក្នុងការសង្គ្រោះរបស់ក្រុមគ្រូពេទ្យក្នុងមូលដ្ឋាននេះ ។
សេចក្តីរាយការណ៍បានបន្ត សិស្សម្នាក់ក្នុងចំណោមសិស្សដែលដួលសន្លប់បានរៀបរាប់ថា ក្នុងពេលកំពុងសិក្សាពេលរសៀល ក៏ស្រាប់តែមានសិស្សម្នាក់បានដួលសន្លប់ក្នុងបន្ទប់រៀន មួយសន្ទុះក្រោយមកក៏មានការដួលជាបន្តបន្ទាប់ទៀត ពេលឃើញមិត្តភក្កិរបស់ខ្លួនសន្លប់ ។ សិស្សដដែលបានរៀបរាប់ថា នៅសាលារៀនរបស់ពួកគេ គឺជាអគារសិក្សាថ្មីដែលទើបសាងសង់រួច និងនៅក្បែរព្រៃការពាររបស់ដែនជម្រកសត្វព្រៃកែវសីមា ហើយនៅពេលដែលដួលសន្លប់នោះអាកាសធាតុនៅក្នុងបន្ទប់រៀនមានសភាពក្តៅខ្លាំង បើទោះបីជាមានកង្ហារចំនួនពីរគ្រឿងក៏ដោយ ។ សិស្សដដែលបន្តទៀតថា ចំពោះអាការៈនៃសិស្សដែលដួលសន្លប់ គឺមានការចុកជើង ណែនដើមទ្រូង ពិបាកដកដង្ហើម និងវិលមុខ ។
លោកគ្រូម្នាក់បានបញ្ជាក់ដែរថា អាកាសធាតុនៅថ្ងៃកើតហេតុនេះមានភាពក្តៅហប់ខ្លាំង ហើយសិស្សបានដួលសន្លប់ជាបន្តបន្ទាប់ដែលតម្រូវឱ្យលោកគ្រូ អ្នកគ្រូ រួមទាំងអាជ្ញាធរប្រញាប់ប្រញាល់បញ្ជូនសិស្សានុសិស្សមកកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះ ។
លោកវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យឯកជន ឈ្មោះ សុខ បញ្ញា២ បានឱ្យដឹងថា ចំពោះអាការៈអាចបណ្ដាលមកពីក្តៅខ្លាំង និងកង្វះអុកស៊ីសែននៅក្នុងបន្ទប់រៀន ។ ក្រោយការដួលសន្លប់ដែលបានអូសបន្លាយចាប់ពីម៉ោង១រសៀល ថ្ងៃទី២៣ ខែមករានេះ ក្រោមកិច្ចអន្តរាគមន៍ពីលោកឧត្តមសេនីយ៍ទោឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកនួន សារ៉ន អភិបាលស្រុកកែវសីមា រួមទាំងអាជ្ញាធរមន្ត្រីរាជការទាំងអស់ បានដុតដៃដុតជើង ជួយសង្គ្រោះសិក្សានុសិស្សដោយខ្លះត្រូវបញ្ជូនទៅមន្ទីរពេទ្យឯកជន ខ្លះទៀតត្រូវបញ្ជូនទៅមណ្ឌលសុខភាព កែវសីមា និងអ្នកដែលមានអាការៈធ្ងន់ធ្ងរត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។
ករណីដួលសន្លប់នៅក្នុងវិទ្យាល័យហ៊ុនសែនកែវសីមានេះ ត្រូវបានសិស្សានុសិស្សបញ្ជាក់ថា មិនមែនជាលើកទី១នោះទេ ដែលមានការដួលសន្លប់ ។ ការដួលសន្លប់នេះ គឺបានអូសបន្លាយអស់រយៈពេលច្រើនថ្ងៃមកហើយ ប៉ុន្តែមានតែសិស្សម្នាក់ ឬពីរនាក់ប៉ុណ្ណោះដែលដួលសន្លប់ ហើយនាថ្ងៃទី២៣ មករានេះ ចំនួននៃអ្នកសន្លប់មានការកើតឡើងតែម្តង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ