រាជធានីភ្នំពេញ៖ បទពិសោធន៍ដែលម្ចាស់អាជីវកម្មក្នុងស្រុកបានទទួលនាឆ្នាំកន្លងមកដែលការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅកម្ពុជាបានធ្វើឱ្យប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មតូច-ធំទទួលរងផលប៉ះពាល់ដោយសារអគ្គិសនីដាច់ចរន្តផ្គត់ផ្គង់ជាញឹកញាប់ក្នុងមួយថ្ងៃៗកំឡុងពេលរដូវប្រាំងទៅនេះ។ ផ្នែកលើបញ្ហាធ្លាប់ជួបប្រទះខាងលើ ម្ចាស់ឧស្សាហកម្មក្នុងស្រុកបានបង្ហាញក្តីបារម្ភជាខ្លាំងអំពីការផ្គត់ផ្គង់ថាមពលអគ្គិសនីទៅដល់រោងចក្រនៅឆ្នាំ២០២០នេះ ប៉ុន្តែមន្ត្រីរបស់រាជរដ្ឋាភិបាលបានអះអាងថាបញ្ហាកង្វះខាតថាមពលអគ្គិសនីនឹងមិនកើតមានឡើងដូចឆ្នាំមុននោះទេ។
លោកស្រីឧកញ៉ា កែវ មុំ នាយិកាក្រុមហ៊ុនផលិតនំស្រួលីលី មានប្រសាសន៍ឱ្យកាលពីថ្ងៃទី២១ ខែមករា ថា «ចំពោះខ្ញុំដែលជាម្ចាស់ឧស្សាហកម្មមួយរូបគឺមានការព្រួយបារម្ភខ្លាំងមែនទែនចំពោះការកង្វះខាតថាមពលអគ្គិសនីផ្គត់ផ្គង់នៅតាមអគាររោងចក្រ។ អីចឹងវាមិនមែនតែរូបខ្ញុំម្នាក់នោះទេ សូម្បីតែប្រជាជននៅទូទាំងប្រទេសមានការព្រួយបារម្ភនូវការកង្វះខាតអគ្គិសនីនេះដែរ ។ កាលពីចុងឆ្នាំ២០១៩ ឃើញប្រកាសរបស់សម្តេចចេញមកថា បច្ចុប្បន្នអគ្គិសនីដែលដើរដោយកំលាំងទឹកគឺមានការខ្វះខាតទឹក ហើយការផលិតអគ្គិសនីក៏មានការខ្វះខាត អីចឹងវាជាការបារម្ភរបស់ខ្ញុំក៏ដូចជាឧស្សាហករដទៃទៀតផងដែរ»។
ខណៈនឹងក្តីបារម្ភខ្លាចរោងចក្រមិនមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ដូចកាលរដូវប្រាំងឆ្នាំមុន នាយិកាផលិតនំស្រួយលីលី បាននឹងកំពុងរៀបចំតម្លើងម៉ាស៊ីនភ្លើងទុកជំនួយពេលចរន្តអគ្គិសនីត្រូវបានដាច់ចរន្ត។ លោកស្រីឧកញ៉ាបានបញ្ជាក់ថា «ដោយសារមានការកង្វះខាតថាមពលអគ្គិសនីបែបនេះ ក្រុមហ៊ុនយើងកំពុងធ្វើការទាក់ទងខាងតម្លើងផ្ទាំងសូលា (ថាមពលព្រះអាទិត្យ)សម្រាប់ផ្គត់ផ្គង់នៅក្នុងរោងចក្រ ហើយយើងក៏បានត្រៀមនូវម៉ាស៊ីនភ្លើងប្រើប្រាស់ជំនួសអគ្គិសនី ។ កាលពីឆ្នាំ២០១៩ នៅពេលការផ្គត់ផ្គង់អគ្គិសនីមានមិនគ្រប់គ្រាន់ ធ្វើឱ្យយើងមានការខាតបង់ច្រើន នៅពេលខ្សែសង្វាក់ផលិតកម្មមួយកំពុងតែដំណើរការសុខៗ ស្រាប់តែមកដាក់ភ្លើងបែបនេះ ។ អីចឹងផលិតផលដែលនៅជាប់ក្នុងម៉ាស៊ីននោះគឺវានឹងខូច ហើយនំដែលខ្ញុំផលិតវាស្រួយ ព្រោះយើងត្រូវប្រើភ្លើងដុតឱ្យក្តៅខ្លាំងលុះដល់សង្វាក់ផលិតកម្មមិនដើរ ធ្វើឱ្យនំទាំងនោះឆេះទាំងអស់ ។ ដូចនេះពេលដាច់ភ្លើងតែមួយភ្លែតនេះធ្វើឱ្យយើងខូចខាតអស់ច្រើន, ចំណាយពេលសម្អាតនិងត្រូវការច្រើនម៉ោងទម្រាំដំណើរផលិតបានដូចដើម និងសម្ភារៈប្រើប្រាស់មួយចំនួនផ្សេងទៀតប្រឈមការខូចតខាតជាដើម»។
ពាក់ព័ន្ធនឹងការផ្គត់ផ្គង់ថាមពលអគ្គិសនីនៅឆ្នាំ២០២០ ពិសេសនៅរដូវប្រាំងខាងមុខនេះត្រូវបានថ្នាក់ដឹកនាំប្រទេសព្យាការណ៍ថានឹងមានរហូតដល់ជាង២ពាន់មេហ្គាវ៉ាត់ ពោលមានច្រើនជាងកាលពីឆ្នាំ២០១៩ ដែលមានតែជាង១ពាន់មេហ្គាវ៉ាត់ ។ តែទោះជាយ៉ាងនេះក្តី បញ្ហាកង្វះខាតថាមពលអគ្គិសនីនឹងមិនកើតឡើងដូចឆ្នាំមុននោះទេ។
លោក ស៊ុយ សែន រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានឱ្យដឹងថា «យើងឃើញថានៅឆ្នាំ២០២០នេះសេចក្តីត្រូវការថាមពលនៅក្នុងបន្ទុកក្នុងរដូវប្រាំងឆ្នាំនេះមានប្រមាណ២.២១៤មេហ្គាវ៉ាត់ ឡើងលើសកាលពីឆ្នាំ២០១៩។កាលពីឆ្នាំ២០១៩ត្រូវការ១.៨០០ តែឥឡូវនេះត្រូវការ២.២១៤មេហ្គាវ៉ាត់ អីចឹងយើងត្រូវថែមអគ្គិសនី៤១៤មេហ្គាវ៉ាត់ទេ គឺគ្រប់គ្រាន់នេះនៅក្នុងបន្ទុកអគ្គិសនីអតិបរមាខ្ពស់បំផុត»។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «ដូច្នេះយើងចង់បញ្ជាក់ថា បញ្ហាខ្វះអគ្គិសនីនៅរដូវប្រាំងនាឆ្នាំ២០២០នេះនឹងមិនមានកើតឡើងទៀតទេ ។ យើងធានាព្រោះយើងមានលើសពីសេចក្តីត្រូវការ»។
បើតាមលោករដ្ឋមន្ត្រី នៅឆ្នាំ២០២០នេះ ក្រសួងបានដាក់ចេញនៅវិធានសំខាន់ៗមួយចំនួនត្រូវផ្គួបឬផ្គុំគ្នាដើម្បីធ្វើយ៉ាងណាកុំឱ្យមានការខ្វះថាមពលដូចឆ្នាំមុនទៀត ។ នៅរដូវប្រាំងក្នុងឆ្នាំ២០២០នេះចាប់ផ្តើមគិតពីការសន្សំសំចៃទឹកនៅក្នុងអាងវ៉ារីអគ្គិសនីយើងទាំងអស់, ត្រូវអភិវឌ្ឍប្រភពណាដែលអាចជួយផ្គត់ផ្គង់ដល់ប្រភពវ៉ារីអគ្គិសនី ដូចជាប្រភពជួយសន្សំសំចៃទឹក ដើម្បីឱ្យសេចក្តីត្រូវការថាមពលធានាថានឹងមិនខ្វះទេនៅក្នុងរដូវប្រាំងឆ្នាំ២០២០។
លោកស្រីឧកញ៉ា កែវ មុំ បានមានប្រសាសន៍ថា «នៅឆ្នាំ២០២០នេះ បើសិនមិនមានការកង្វះខាតថាមពលអគ្គិសនីយកមកផ្គត់ផ្គង់នៅតាមឧស្សាហកម្មនោះទេ វាជារឿងប្រពៃល្អណាស់ ព្រោះនៅតាមរោងចក្រដំណើរការនៅពេលមានអគ្គិសនីគ្រប់គ្រាន់ ធ្វើឱ្យការបិទ និងបើកនៅម៉ាស៊ីមានដំណើរការដោយរលូន ផលិតភាពបានកាន់តែច្រើន មានភ្លើងប្រើប្រាស់បានទៀតទាត់ ។ ដូចនេះយើងសង្ឃឹមថាអាចនឹងមិនមានការខ្វះខាតអគ្គិសនីនៅពេលខាងមុខ ដោយយើងឃើញថា រាជរដ្ឋាភិបាលមានការខិតខំប្រឹងប្រែងលើបញ្ហានេះ»៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ