ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំជូត​ប្រពៃណី​ចិន តើ​ឆ្នាំ​អ្វីខ្លះ​ឆុង ត្រូវ​កាត់​ឆុង​តាម​ជំនឿ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ​អ្នក​ជាប់សែស្រឡាយ​ចិន​តែងតែ​ទៅ​កាត់​ឆុង​តាម​ជំនឿ​លើ​ក្បួន​ចិន​សែ ។ ការ​កាត់​ឆុង​នេះ​នៅ​មុន​បុណ្យចូលឆ្នាំ​ថ្មី​មក​ដល់ គឺ​ឆ្នាំជូត ។ របៀប​សែន​កាត់​ឆុង គឺ​សាច់​ជ្រូក​បី​ជាន់​ឆៅ​បី​ចម្រៀក ពង​ទា​ឆៅ​បី​គ្រាប់…

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ​អ្នក​ជាប់សែស្រឡាយ​ចិន​តែងតែ​ទៅ​កាត់​ឆុង​តាម​ជំនឿ​លើ​ក្បួន​ចិន​សែ ។ ការ​កាត់​ឆុង​នេះ​នៅ​មុន​បុណ្យចូលឆ្នាំ​ថ្មី​មក​ដល់ គឺ​ឆ្នាំជូត ។

របៀប​សែន​កាត់​ឆុង គឺ​សាច់​ជ្រូក​បី​ជាន់​ឆៅ​បី​ចម្រៀក ពង​ទា​ឆៅ​បី​គ្រាប់ ផ្លែ​ឈើ និង​ក្រដាស​កាត់​ឆុង ។ លោកតា​អាចារ្យ​ប្រចាំ​វិហារ​ព្រះ​ចៅ នៅ​លើ​វត្ត​ភ្នំ​បាន​ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា អ្វី​ដែល​មិន​បំភ្លេច​នោះ​គឺ​រឿង «​ឆ្នាំ​ឆុង​» ព្រោះ​បើ​តាម​ទំនៀមទម្លាប់​ជនជាតិ​ចិន គឺ​មាន​អបិយ​ជំនឿ​ទាក់ទង​នឹង​រឿង​ឆុង​ឆ្នាំ​យ៉ាង​ខ្លាំង ដោយ​ក្នុង​នោះ​ពួក​គេ​តែង​គិត​ថា វា​ជា​ហេតុផល​ដែល​បណ្ដាល​ឲ្យ​យីអ៊ុន​ធ្លាក់​ចុះ រកស៊ី មិន​រីក​ចម្រើន ឬ​មាន​ជំងឺ​ជាដើម ។ ច្បាស់​ជា​ធ្លាប់​ជ្រាប​ហើយ​ថា សត្វ​ខ្លា​.​ស នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ ក្នុង​រាជធានី​ភ្នំពេញ​អាច​ជួយ​ចម្លងគ្រោះ​ឆ្នាំ​ឆុង​បាន​យ៉ាង​ពូកែ​សក្តិ​សិទ្ធិ ។ ព្រោះ​ទីនោះ​ជា​កន្លែង​សក្ការបូជា​ដែល​គេ​តែង​ល្បី ត​ៗ គ្នា​ថា បារមី​សត្វ​ខ្លា​.​ស អាច​ជួយ​រំដោះ​គ្រោះ​ទាំងឡាយ​ដល់​អ្នក​ដែល​មាន​ឆ្នាំ​ឆុង ។

សម្រាប់​ឆ្នាំ​ថ្មី «​ឆ្នាំជូត​» នេះ តើ​មាន​ឆ្នាំ​អ្វីខ្លះ​ដែល​ឆុង ហើយ​គួរ​ធ្វើ​បែប​ណា​ដើម្បី​កាត់​គ្រោះ ស៊យ​ទាំងនោះ? លោកតា​ឡា​បាន​ឲ្យ​ដឹង​ថា តាម​ក្បួន​ចិន ក្នុង​ឆ្នាំ​ចិន ឆ្នាំជូត ឆ្នាំ​២០២០​នេះ មាន​ឆ្នាំ​ឆុង​ចំនួន​៥ នោះ​គឺ​ឆ្នាំជូត ឆ្នាំមមី ឆ្នាំរកា ឆ្នាំថោះ ឆ្នាំមមែ ប៉ុន្តែ​ឆ្នាំ​ដែល​ឆុង​ខ្លាំង​ជាងគេ​ដល់​ទៅ​១០០​ភាគរយ នោះ​គឺ​ឆ្នាំមមី បន្ទាប់​មក​មាន​ឆ្នាំជូត​៧៥​ភាគរយ ឆ្នាំរកា​៥០​ភាគរយ ឆ្នាំថោះ​២៥​ភាគរយ និង​មមែ​ធម្មតា​ប៉ុណ្ណោះ ។

លោកតា​បាន​ប្រាប់​អំពី​វិធី​រំដោះគ្រោះ ខ្លះ​ៗ សម្រាប់​អ្នក​ដែល​មាន​ឆ្នាំ​ឆុង​ទាំងអស់ អាច​អនុវត្ត​វា​បាន​ដោយ​ខ្លួនឯង ដោយ​ត្រូវ​យក​ពងមាន់ ឬ​ពង​ទា​ចំនួន​២​គ្រាប់ សាច់​ជ្រូក​បី​ជាន់​ឆៅ ទៅ​សែន​នៅ​ទីណា​ក៏​បាន ឲ្យ​តែ​មាន​រូបសំណាក​ខ្លា​.​ស ប៉ុន្តែ​បើ​រូបសំណាក​ខ្លា​.​ស នៅ​ក្នុង​វត្ត​ទើប​សក្តិ​សិទ្ធិ​ជាង រួច​អុជ​ធូប​ចំនួន​៣​សរសៃ និយាយ​បែ​បន់ ។ បន្ទាប់​មក​យក​សាច់​ជ្រូក​បី​ជាន់​ញាត់​ចូល​មាត់​រូបសំណាក​ខ្លា​.​ស រួច​យក​ពង​ទៅ​គោះ​ជាមួយនឹង​ក្បាល រូបសំណាក​ខ្លា​.​ស​ឲ្យ​បែក ទើប​យក​ពង​នោះ​ទៅ​គប់​ចោល​ដើម្បី​ឲ្យ​គ្រោះ​ស៊យ​ចេញ​ឆ្ងាយ​ទៅ​តាម​នោះ ។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​រំដោះ​គ្រោះ​ទាំងពួង ដែល​អាច​កើតឡើង​ជាយថាហេតុ ដូច្នេះ​ជន​ប្រុស​ស្រី​ដែល​មាន​ឆ្នាំ​ឆុង សូម​ប្រញាប់​​មក​កាត់​គ្រោះ​ដើម្បី​សេចក្ដីសុខ​អ្នក​ទាំងអស់​គ្នា ។

លោកតា​ឡា​បញ្ជាក់​ថា យ៉ាងណាមិញ​សម្រាប់​អ្នក​ដែល​រវល់​គ្មាន​ពេលទំនេរ​ទេ អាច​ធ្វើ​កិច្ច​ជំនួស ដោយ​ឲ្យ​អ្នក​ផ្ទះ​យក​សម្លៀក​បំពាក់​បុគ្គល​ដែល​មាន​ឆ្នាំ​ឆុង​ដូច​បាន​រៀបរាប់​ទៅ​រៀបចំ​ពិធី​រំ​ដោយ​គ្រោះ​ជំនួស​ក៏​បាន​ដែរ ។

លោកគ្រូ​ម៉េ​ង​ឲ្យ​ដឹង​ដែរ​ថា «​ក្នុង​ករណី​អ្នក​ដែល​ខក​ខានមិនបាន​កាត់​គ្រោះ​ទេ​នោះ គ្រោះ​ចង្រៃ​អាច​ធ្វើ​ឲ្យ​យើង​ជួប​រឿង​មិនល្អ ដូច​ជា អាច​នឹង​ជួប​គ្រោះថ្នាក់​តាម​ផ្លូវ​ក៏​ថា​បាន ឬ​រឿង​ល្អ​ប្ដូរ​ទៅ​ជា​អាក្រក់ ពេល​ខ្លះ​អាច​នឹង​មានការ​ទាស់ទែង​ពាក្យ​សម្ដី​គ្នា និង​ឈាន​ដល់​ការ​ប្រើ​ហិង្សា​ទៀត​ផង ។ ជាក់ស្ដែង​មាន​អ្នកខ្លះ​ខំ​ប្រុង​ប្រយ័ត្ន​ណាស់​ដែរ តែបើ​គ្រោះ​មក​ដល់​ទោះ​ខំ​គេច​ក៏​មិន​ផុត ដូច្នេះ​វិធី​ដ៏​ល្អ​បំផុត គឺ​ត្រូវ​រៀបចំ​ពិធី​នេះ​ឲ្យ​បាន​រួសរាន់​ទាន់​ពេល ហើយ​ក៏​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​អំឡុងពេល​ខ្លួន​កំពុង​មាន​ឆ្នាំ​ឆុង​បែប​នេះ ។

សម្រាប់​អ្នក​តាម​ថែរក្សា​នៅ​ទី​នេះ​មិន​ដែល​ប្រកាន់​ទោសទណ្ឌ​អ្វី​នោះ​ទេ ព្រោះ​យើង​ក៏​មិន​បាន​ទៅ​រំខាន​សុខទុក្ខ​អ្វី​គេ​ដែល គ្រាន់តែ​រៀប​ពិធី​រំ​ដោយ​គ្រោះ​សន្សំ​សុខ ដូច្នេះ​នេះ​មិនមែន​ជា​បញ្ហា​ចោទ​នោះ​ទេ »​។

ចំពោះ​បច្ច័យ​សម្រាប់​ជូន​លោកតា គឺ​មិន​កំណត់​ទេ ទៅ​តាម​ទឹកចិត្ត​សទ្ធា​ប៉ុណ្ណោះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ