អាជីវករមួយរូបណាក៏មិនអាចគ្រប់គ្រងអាជីវកម្មដោយខ្លួនឯងតែម្នាក់ដែរ ហើយអ្នកត្រូវពឹងផ្អែកលើមនុស្សជុំវិញខ្លួនដើម្បីជួយពង្រីកអាជីវកម្ម ។ ក្នុងករណីនេះ ទំនាក់ទំនងដែលអ្នកមានជាមួយនឹងបុគ្គលិករបស់អ្នកជាអ្វីដែលជះឥទ្ធិពលលើចំណូលអាជីវកម្ម និងការប្រកបការងាររបស់អ្នកដែរ ។ ដូច្នេះតើអាជីវករគួរធ្វើយ៉ាងដូចម្តេចដើម្បីរក្សាទំនាក់ទំនងដែលល្អ និងជួយដល់អាជីវកម្មរបស់ខ្លួន?
១. ប្រាប់ពីអ្វីដែលអ្នកចង់មើលឃើញឲ្យបានច្បាស់លាស់៖
កំហុសឆ្គងធំជាងគេក្នុងនាមជាអ្នកដឹកនាំ គឺការផ្តល់កិច្ចការដែលមិនច្បាស់លាស់ដល់បុគ្គលិករបស់ខ្លួន ។ ជាលទ្ធផលវាមានតែធ្វើឲ្យអ្នកស្តីបន្ទោស ឬខឹងបុគ្គលិកដែលមិនអាចសម្រេចបានលទ្ធផលដែលអ្នកចង់បានប៉ុណ្ណោះ ខណៈដែលពួកគេខឹងអ្នកព្រោះតែមិនផ្តល់ការណែនាំច្បាស់លាស់ ។ ដូច្នេះអ្នកត្រូវតែគោរពបុគ្គលិកដោយទុកពេល ដើម្បីគិតពីកិច្ចការដែលអ្នកចង់ឲ្យពួកគេច្បាស់លាស់ និងផ្តល់ការណែនាំឲ្យលម្អិត និងព្រមទាំងឧស្សហ៍តាមដានមើលពួកគេផងដែរ ។
២. និយាយគ្នាពីបញ្ហាដែលធ្ងន់ធ្ងរ៖
បញ្ហាមួយចំនួនអាចនឹងតម្រូវឲ្យអ្នក និងបុគ្គលិកនិយាយគ្នាមួយទល់មួយឲ្យបានច្បាស់លាស់ ហើយបញ្ហាទាំងនោះរួមមានបញ្ហាលុយ កំហុសឆ្គង លទ្ធផលមិនល្អ ឬបញ្ហារវាងបុគ្គលិក និងបុគ្គលិកជាដើម ។ បញ្ហាទាំងនេះភាគច្រើនអាចបង្កបញ្ហាដទៃទៀតប្រសិនបើអ្នកមិនព្យាយាមដោះស្រាយវា ដូច្នេះអ្នកដឹកនាំមិនត្រូវមើលរំលង ឬព្យាយាមដោះស្រាយវាតាមអ៊ីមែល សារ ឬតាមទូរស័ព្ទឡើយ ។
៣. រក្សាចំណាប់អារម្មណ៍លើបុគ្គលិក៖
មនុស្សចូលចិត្តពេលដែលអ្នកដទៃព្យាយាមយល់ពីពួកគេក្រៅពីភាពជោគជ័យ និងប្រវត្តិការងាររបស់ខ្លួន ។ ប្រសិនបើអ្នកមិនដែលស្គាល់បុគ្គលិកអ្នកពីមុនទេ អ្នកគួររៀបចំពេលវេលា ឬកម្មវិធីដែលអនុញ្ញាតឲ្យពួកគេចែករំលែកពីសាច់រឿងក្នុងជីវិត ឬគោលដៅដែលពួកគេកំពុងព្យាយាមសម្រេច ខណៈដែលអ្នកស្តាប់ដោយយកចិត្តទុកដាក់ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ