ធ្វើ​ពិធី​​​សូត្រ​មន្ត​រំដោះ​​គ្រោះ​និង​ឧទ្ទិស​កុសលលើ​ផ្លូវ​ជាតិ​​លេខ​4


ខេត្តកំពង់ស្ពឺ ៖ នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្តកំពង់ស្ពឺ​បាន​រៀបចំ​ពិធី សូត្រ​មន្ត​រំដោះគ្រោះ និង​ឧទ្ទិស​កុសល​ជូន​ទៅ​ដល់​ជន​រង​គ្រោះ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ តាម​ដងផ្លូវ​ជាតិ​លេខ​៤ និង​ផ្លូវ​សំខាន់​នានា ព្រោះតែ​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​ពេក​ក្នុង​មួយ​ឆ្នាំ​ៗ​តាម​បណ្ដា​ក្រុង​ស្រុក​នៃ​ខេត្តកំពង់ស្ពឺ ។

ពិធី​ព្រះពុទ្ធ​សាសនា​នេះ​បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​លោក យឹ​ម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក វ៉ី សំណាង អភិបាល ខេត្តកំពង់ស្ពឺ និង​លោក​ជំទាវ​ឧកញ៉ា​កិត្តិ​បណ្ឌិត សៀង ចាន់​ហេង អគ្គ​នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ ដែល​រៀបចំ​ធ្វើ​ឡើង​នៅ​មុខ​បរិវេណ​សាលាខេត្ត​កំពង់ស្ពឺ ។

លោក វ៉ី សំណាង បាន​លើក​ឡើង​ថា​ដើមហេតុ​ដែល​រដ្ឋបាល​ខេត្ត បាន​រៀបចំ​ពិធីសូត្រមន្ត​រំដោះគ្រោះ និង​ឧទ្ទិស​កុសល​ជូន​ទៅ​ដល់ ជន​រង​គ្រោះ​ដែល​រងគ្រោះថ្នាក់​ចរាចរណ៍ តាម​ដងផ្លូវ​ជាតិ​លេខ​៤ និង​ផ្លូវ​សំខាន់​នានា តាម​បណ្ដា​ក្រុង​ស្រុក​នៃ​ខេត្តកំពង់ស្ពឺ​នា​ពេល​នេះ ដោយសារ​តែ​ជា​បន្តបន្ទាប់​មកនេះ សង្កេត​ឃើញ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ផ្លូវជាតិ​លេខ​៤​និង​ផ្លូវ​សំខាន់​នានា​ក្នុង​ខេត្ត បាន​បន្ត​កើត​មាន​ស្ទើរ​រាល់ថ្ងៃ និង​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​រង​របួស ព្រមទាំង​ខូចខាត​រថយន្ត និង​បំផ្លាញ ទ្រព្យសម្បត្តិ​ទាំង​រដ្ឋ និង​ឯកជន​អស់​ជា​ច្រើន​ទៀត ។

លោក​ក៏​បាន​រំលឹក​ដល់​អ្នកបើកបរ ឬ​អ្នក​ប្រើប្រាស់​ផ្លូវ​ទាំងអស់​គ្នា ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​ក្នុង​ការ​បើកបរ ជា​ពិសេស​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឲ្យ​បានជា​ប្រចាំ ទោះបី​ចម្ងាយ​ផ្លូវ​ជិត ឬ​ឆ្ងាយ​បែប​ណា​ក្តី​។ ពិសេស​ជាង​នេះ គឺ​ត្រូវ​ចេះ​យោគយល់ អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ពេល​ប្រើប្រាស់​ផ្លូវ​សាធារណៈ ដើម្បី​ឈាន​ទៅ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​នៅ​ថយ​ចុះ ៕

ព័ត៌មាន​ជាតិ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ