ប្រទេសអូស្ត្រាលី ៖ តាមរយៈរ៉យទ័របានឱ្យដឹងថា ជនជាតិអាមេរិក៣នាក់ បានត្រូវបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះទម្លាក់ទឹកប្រឆាំងភ្លើងឆេះព្រៃ១គ្រឿងនៅភាគអាគ្នេយ៍ប្រទេសអូស្ត្រាលី។ គ្រោះថ្នាក់នេះ ត្រូវបានអាជ្ញាធររាយការណ៍នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ខណៈសីតុណ្ហភាពកើនឡើងខ្ពស់ ព្រមទាំងមានខ្យល់បោកបក់ខ្លាំង ដែលកាន់តែបង្កើនអណ្ដាតភ្លើងក្នុងតំបន់។ ស្របពេលនោះសហរដ្ឋអាមេរិក បានបញ្ជូនបណ្ដាយន្តហោះទម្លាក់ទឹកមកជួយសម្ព័ន្ធមិត្តអូស្ត្រាលី។
ហើយខាងផ្នែកពន្លត់ភ្លើងបញ្ជាក់ថា កងយន្តហោះទម្លាក់ទឹកទាំងអស់ហាមមិនឲ្យហោះចេញ រង់ចាំការស៊ើបអង្កេតមួយ។ នៅក្រុងកង់បេរ៉ាអាជ្ញាធរអំពាវនាវដល់ប្រជាជននិងបណ្ដាពលករ នៅផ្នែកខាងកើតរដ្ឋធានីកុំឲ្យរត់ចេញ ដោយព្រមានថា ពួកគេអាចជួបគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុតន ិងអាចបាត់បង់ជីវិត។
ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នក្រុងកង់បេរ៉ាថ្លែងថា ភ្លើងឆេះព្រៃ គឹជាការគំរាមកំហែងមួយ ចំពោះអាយុជីវិតរបស់បណ្ដាមនុស្សដែលស្ថិតនៅតាមគន្លងរបស់វា។ ប្រជាជនក្នុងតំបន់ទាំងនោះកំពុងស្ថិតក្នុងគ្រោះថ្នាក់ ហើយត្រូវរកជម្រកការពារ ខណៈអណ្ដាតភ្លើងជិតមកដល់។
បណ្ដាជើងហោះហើរទាំងទៅទាំងមក ព្រលានយន្តហោះក្រុងកង់បេរ៉ា ត្រូវពន្យារពេល ដើម្បីទុកដែនអាកាស សម្រាប់ប្រតិបត្តិការរបស់បណ្ដាយន្តហោះទម្លាក់ទឹក ដែលអណ្ដាតភ្លើងពេលនេះរាលមកដល់ក្បែរព្រលានយន្តហោះ ស្ថិតនៅភាគខាងកើតក្រុង។
ចាប់តាំងពីខែកញ្ញាមក ភ្លើងឆេះព្រៃច្រើនរយកន្លែង បានបំផ្លាញព្រៃឈើអស់ច្រើនបំផុត និងបណ្ដាលឲ្យមនុស្សបាត់បង់ជីវិត២៩នាក់ និងបំផ្លាញផ្ទះសម្បែង២៥០០ខ្នង រួចពពួកសត្វគ្រប់ប្រភេទជិត១ពាន់លានក្បាលត្រូវបាត់បង់ជីវិត៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ