ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​ក្រើនរំលឹក​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ពី​ជំងឺឆ្លង​រលាក​សួត​ប្រភេទ​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រីក្រសួង​សុខា​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​រលាក​សួត​ដែល​បង្ក​ឡើង​ដោយ​វិ​រុស​កូ​រ៉ូ​ណា ប្រភេទ​ថ្មី​កំពុង​រាល​ត្បាញ​នៅ​ក្នុង​តំបន់​អាស៊ី ព្រោះ​ជំងឺ​នេះ​អាច​កើត​មាន​ឡើងជា​យថាហេតុ ជា​ពិសេស​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​សត្វ​បក្សី​ដែល​មាន​ជំងឺ ។…

រាជធានី​ភ្នំពេញ ៖ លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រីក្រសួង​សុខា​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​រលាក​សួត​ដែល​បង្ក​ឡើង​ដោយ​វិ​រុស​កូ​រ៉ូ​ណា ប្រភេទ​ថ្មី​កំពុង​រាល​ត្បាញ​នៅ​ក្នុង​តំបន់​អាស៊ី ព្រោះ​ជំងឺ​នេះ​អាច​កើត​មាន​ឡើងជា​យថាហេតុ ជា​ពិសេស​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​សត្វ​បក្សី​ដែល​មាន​ជំងឺ ។

យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ស្ដី​ពី​បច្ចុប្បន្នភាព និង​វិធាន​បង្ការ​ជំងឺ​រលាក​សួត​បង្ក​ឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណា​ថ្មី នៅ​ថ្ងៃ​ទី​២១ ខែមករា​នេះ ឆ្នាំ​២០២០ លោក ម៉​ម ប៊ុ​ន​ហេង បាន​លើក​ឡើង​ថា ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រ​ភេទ​ថ្មី (Cov2019) នៅ​តែ​មាន​រាតត្បាត​នៅ​ប្រទេស​ចិន​ដូច្នេះ ក្រសួង​សូម​អំពាវនាវ​ប្រជាពលរដ្ឋ​ទាំងអស់ និង​ជា​ពិសេស​អ្នកដំណើរ​ដែល​មាន​គម្រោង​ទៅ​កាន់ ឬ​ត្រឡប់​មក​ពី​ខេត្ត​ដែល​កំពុង​កើត​ជំងឺ​នេះ​នៅ​ប្រទេស​ចិន​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ផ្ទាល់ខ្លួន​ខ្ពស់​ក្នុង​ការ​ការពារ​សុខភាព​ពី​ការ​ឆ្លង​ជំងឺ​នេះ​នា​រដូវ​បុណ្យចូលឆ្នាំ​ចិន និង​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ខាង​មុខ ដោយសារ​វីរុស​នេះ​មាន​លក្ខណៈ​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ « ខ្ញុំ​សូម​ប្រកាស​ធ្វើការ​ក្រើនរំលឹក​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​លើ​ការ​បង្ការ​ការ​ចម្លងជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​ដែល​អាច​កើត​មាន​ជាយថាហេតុ ដូច្នេះ​សូម​ក្រើនរំលឹក​ដល់​បងប្អូន ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ថា ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​សត្វ​បក្សី ឬ​កុំទៅ​ផ្សារ​លក់​គ្រឿង​សមុទ្រ​ហូ​ណា​ន ឬ​ទីផ្សារ ឬ​កសិដ្ឋាន​ដែល​មាន​សត្វ​រស់ ឬ​សត្វព្រៃ ឬ​កន្លែង​ដែល​គេ​ដឹង​ថា មាន​វីរុស​កំពុង​ចរាចរណ៍ និង​ភ្នំ​ទៅ​ក្បែរ ឬ​ជិត​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម​ស្រប​នៅ​ទីកន្លែង​ដែល​ដឹង​ថា មាន​ជំងឺ​បាន និង​កំពុង​កើត​មាន ឬ​កំពុង​ផ្ទុះ​រាតត្បាត​» ។

ជាមួយ​គ្នា​នោះ​ដែរ លោក​រដ្ឋមន្ត្រី​សង្កត់ធ្ងន់​ថា ប្រសិនបើ​មាន​ករណី​សង្ស័យ​ថា មាន​ជំងឺ​រលាក​សួត​បង្ក​ដោយ​លក្ខណ​ប្រភេទ​ថ្មី​ត្រូវ​ស្វែងរក​ការ​ព្យាបាល​ជា​បន្ទាន់​នៅ​តាម​គ្រឹះស្ថាន​សុខាភិបាល​សាធារណៈ ដែល​នៅ​ជិត​ផ្ទះ​បំផុត ហើយ​ត្រូវ​ជម្រាប​ជូន​មន្ត្រី​សុខាភិបាល​អំពី​ប្រវត្តិ​ជំងឺ និង​ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរ​ផង​ដែរ ។ លោក​បញ្ជាក់​ថា ក្រសួង​បាន​ដាក់​ម៉ាស៊ីន​ស្កេ​ន​កំ​ដៅ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ និង​សៀមរាប បា​វិត ប៉ោយ​ប៉ែ​ត ព្រែក​ចាក និង​ស្រាវជ្រាវ​រក​ករណី​សង្ស័យ​ដោយ​ក្រម​ច​ត្តា​ឡី​ស័ក នៅ​តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ ព្រមទាំង​បាន​ត្រៀម​បន្ទប់​ដាក់​អ្នកជំងឺ​ឲ្យ​នៅ​ដាច់​ដោយឡែក​នៅ​មន្ទីរពេទ្យ​មិត្ត ភាព​ខ្មែរ​-​សូ​វៀត មន្ទីរពេទ្យ​ខេត្ត​ព្រះ​សីហ​នុ និង​មន្ទីរពេទ្យ​ខេត្តសៀមរាប ត្រៀម​សម្ភារៈ​បរិក្ខារ​ពេទ្យ និង​ឱសថ​ចាំបាច់​សម្រាប់​ការ​ព្យាបាល​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា ក្រសួង​មាន​មន្ទីរពិសោធន៍​ជាតិ​ត្រៀម​ជា​ស្រេច ដើម្បី​រក​អត្តសញ្ញាណ​វីរុស​ថ្មី​នេះ ។ ក្នុង​នោះ​មាន​ក្រុម​ជំនាញ​សុខាភិបាល​ជាង​២.០០០​នាក់ ដែល​បាន​បណ្តុះបណ្តាល​រួច​ជា​ស្រេច​ក្នុង​ការ​តាមដាន និង​ឆ្លើយ​តប​ជំងឺ​កើតឡើង​ថ្មី​ៗ​ត្រៀមលក្ខណៈ​ឆ្លើយ​តប បើ​កើត​មាន​ជាយថាហេតុ ក្រសួង​ក៏​បាន​ផ្សព្វផ្សាយ​ជូនដំណឹង​ដល់​មន្ទីរពេទ្យ​ជាតិ និង​មន្ទីរ​សុខាភិបាល​ទាំង​២៥ រាជធានី​-​ខេត្ត​ឱ្យ​ត្រៀមលក្ខណ​ជា​ស្រេច​ក្នុង​ការ​ឆ្លើយ​តប និង​ផ្តល់​អន្តរាគមន៍​ជា​បន្ទាន់ ប្រសិនបើ​មាន​ករណី​សង្ស័យ និង​កំពុង​ពង្រឹង​ការងារ​តាមដាន​ជំងឺ​ផ្លូវដង្ហើម​ស្រួច​ស្រាវ​ធ្ងន់ធ្ងរ និង​បាន​ពិនិត្យ​វាយតម្លៃ​រក​លំនាំ​មិនធម្មតា​នៃ​ជំងឺ​នេះ​ជា​និច្ច ។

ក្រសួង​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​យ៉ាង​ដូច្នេះ​ថា ទោះជា​បច្ចុប្បន្ន​នេះ​កម្ពុជា​មិន​មាន​ករណី​ជំងឺផ្ដាសាយបក្សី​កើតឡើង​ទៀត​ក៏​ដោយ និង​ពុំ​ទាន់​រក​ឃើញ​ករណី​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ​ក៏​ដោយ​ក៏​បុគ្គល​គ្រប់​រូប​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ផ្ទាល់ខ្លួន​ក្នុង​ការ​ការពារ​សុខភាព​ពី​ការ​ឆ្លង​ជំងឺ​ខាងលើ នា​រដូវ​បុណ្យចូលឆ្នាំ​ចិន​ខាង​មុខ​នេះ​ដោយ ៖ គួរតែ​ជៀសវាង​ការ​ចូល​ទៅ​កន្លែង​ចិញ្ចឹមសត្វ (​បើ​គ្មាន​ភារកិច្ច​) ឬ​ប៉ះពាល់​ផ្ទាល់​ជាមួយ​សត្វ​នៅ​តាម​កសិដ្ឋាន ចិញ្ចឹមសត្វ និង​ទីផ្សារ​បក្សី​រស់ ឬ​ចូល​កន្លែង​សត្តឃាត ឬ​ប៉ះពាល់​ជាមួយ​ផ្ទៃ​ណាមួយ​ដែល​កខ្វក់ ឬ​ប្រឡាក់ ដោយ​លាមក​សត្វ ប​សុ​បក្សី ឬ​សត្វ​ដទៃ​ទៀត ។

ក្រសួង​បន្ត​ថា ប្រសិនបើ​សង្ស័យ​ថា ឆ្លង​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដោយ​មាន​កម្តៅ ៣៨ អង្សា​សេ និង​មាន​រោគ​សញ្ញា​មួយ​យ៉ាងតិច​ក្នុង​ចំណោម ក្អក ហូរ​សំបោរ ឈឺបំពង់ក ដង្ហើម​ខ្លី និង​ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចិន​ដោយ​បាន​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ផ្លូវដង្ហើម ប៉ះពាល់​ជាមួយ​សត្វ​ក្នុង​អំឡុង​១៤​ថ្ងៃមុន​ចេញ រោគ​សញ្ញា ដោយសារ​ជំងឺ​ផ្លូវដង្ហើម​ស្រេច​ស្រាវ​មិនដឹង អំពី​អត្តសញ្ញាណ (​ប្រភេទ​មេរោគ​) ច្បាស់លាស់​ត្រូវ​ប្រញាប់​រាយការណ៍​ទៅ​លេខ​ទូរស័ព្ទ​ទាន់ ហេតុការណ៍​១១៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ