ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេ​ង ស្វាគមន៍​ភ្ញៀវ​កិត្តិយស​សំខាន់​ៗ​ច្រើន​រយ​​នាក់​ក្នុង​ពិធីជប់លៀង​ប្រចាំឆ្នាំ​ដ៏​អស្ចារ្យ


រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេ​ង (CDX) បាន​រៀបចំ​កម្មវិធី​ជប់លៀង​ប្រចាំឆ្នាំ​ដ៏​អស្ចារ្យ​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភោគី​ត្រា ក្រោម​ប្រធានបទ “Green Oasis” ដោយ​បាន​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​សំខាន់​ៗ​រាប់រយ​នាក់​មក​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ​គ្នា ។

ព្រឹត្តិការណ៍​នេះ គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត ដើម្បី​អបអរសាទរ​នូវ​សមិទ្ធផល​របស់​ក្រុមហ៊ុន និង​បុគ្គលិក​ឆ្នើម ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ក្នុង​ការងារ​របស់​ពួក​គាត់ ។ ចំណុច​កាន់តែ​សំខាន់​នៃ​ការ​ជោគជ័យ​ក្នុង​ឆ្នាំ​២០១៩​នោះ គឺ​ក្រុមហ៊ុន​បាន​បញ្ចប់​សិក្ខាសាលា​របស់​ខ្លួន​តាម​ការ​គ្រោងទុក​ដែល​​បាន​ធ្វើ​នៅ​ទូ​ទាំង​២៥​ខេត្ត​-​ក្រុង ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​ផ្តល់​នូវ​ការ​អប់រំ និង​លើក​ស្ទួយ​ចំណេះដឹង​ប្រជាជន​កម្ពុជា​រាប់រយ​នាក់​នៅ​ក្នុង​វិស័យ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ ។

ក្រៅពី​ទទួល​បាន​ជោគជ័យ​ដែល​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ក្រុមហ៊ុន​ក៏​បាន​ជ្រើសរើស​យក​ប្រធានបទ “Green Oasis” នេះ​ក្នុង​គោលបំណង​ផ្តោត​លើ​ការ​លើកទឹកចិត្ត​ដល់​ប្រជាជន​ឱ្យ​ចេះ​សន្សំ​សំចៃ​ធនធាន និង​ចេះ​ស្រលាញ់​បរិស្ថាន ព្រោះ​ផែនដី​ជា​មាតា​នៃ​ពិភព​លោក និង​ដើម្បី​ទប់ស្កាត់​ការ​បម្រែបម្រួល​អាកាសធាតុ និង​បង្កើត​យុគ្គសម័យ​នៃ​ពណ៌​បៃតង ។

ព្រឹត្តិការណ៍​មួយ​នេះ ក៏​បាន​ជំរុញ​ឱ្យ​ភ្ញៀវ​ដែល​បាន​អញ្ជើញ​ចូលរួម ចាប់ផ្តើម​មាន​ផ្នត់គំនិត​វិជ្ជមាន​ថ្មី​ៗ​ទាក់ទង​ទៅ​នឹង​ការ​ថែរក្សា​បរិស្ថាន ដោយ​ក្នុង​នោះ​ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​ភ្ញៀវ​សំខាន់​ៗ មក​ពី​បណ្ដា​ស្ថាប័ន និង​ក្រុមហ៊ុន​ផ្សេង​ៗ​គ្នា​ដូច​ជា ៖ ឯកឧត្តម ស៊ូ សុ​ជាតិ អគ្គនាយក​នៃ​គណៈ​កម្ម​ការ​មូល​ប​ត្រ​កម្ពុជា​, លោក​ជំទាវ ឆាយ ល​ក្ខិ​ណា ជា​អគ្គ​នាយិកា​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេ​ង​, លោកស្រី Nancy Chau ជា​អភិបាល​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេ​ង​, លោកស្រី Jen Tran ជា​អភិបាល​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេ​ង​, លោក Lawrence Kook ជា​អភិបាល​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេ​ង​, លោកស្រី Monisa Yang អ្នក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេ​ង​, លោក​បណ្ឌិត Raymond Choi ប្រធាន​ក្រុមហ៊ុន ប្រី​ស្ទី​ច​ហូ​ម (​ខេ​ម​បូ​ឌា​), លោក Andrew Chong នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ប្រី​ស្ទី​ច​ហូ​ម (​ខេ​ម​បូ​ឌា​), លោក​បណ្ឌិត Sammy So, លោក Jerry He ព្រមទាំង​វត្តមាន​ភ្ញៀវ​កិត្តិយស​រាប់រយ​នាក់​ទៀត​មក​ពី​ប្រទេស​ជា​ច្រើន​ដូច​ជា​៖ កម្ពុជា​, ចិន​, អូស្ត្រាលី​, បារាំង​, វៀត​ណាម​, ហ្វី​លី​ពី​ន​, ឥណ្ឌូ​នេ​ស៊ី​, ម៉ា​កាវ​, សិង្ហ​បុរី​, សហរដ្ឋអាមេរិក​, អង់គ្លេស​, ភូមា​, សាធា​រណរដ្ឋ​ឆែក និង ជប៉ុន ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ជប់លៀង​ប្រចាំឆ្នាំ​នេះ ដើម្បី​អបអរសាទរ​នៃ​ភាព​ជោគជ័យ និង​ការ​ចូលរួម​ចំណែក​របស់​ក្រុមហ៊ុន ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​មានការ​អភិវឌ្ឍន៍​ល្អ​ប្រសើរ​ឡើង​ឥត​ឈប់​ឈរ ។

លោក​ជំទាវ ឆាយ ល​ក្ខិ​ណា បាន​ថ្លែងអំណរគុណ ចំពោះ​វត្តមាន​របស់​ភ្ញៀវ​ទាំងអស់ អំឡុង​ពេល​ថ្លែង​សុន្ទរកថា​ស្វាគមន៍ ។ លោក​ជំទាវ​បាន​បន្ត​ទៀត​ថា​៖ រយៈពេល ៣ ឆ្នាំ​កន្លង​មកនេះ ក្រុម​ហ៊ុន​បាន​សម្រេច​នូវ​កិច្ច​ការងារ​ជា​ច្រើន ដែល​មាន​សមិទ្ធផល​ជា​បន្តបន្ទាប់​ដូច​ជា​៖ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន​ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេ​ង​, ក្រុមហ៊ុន​គ្រឿងអលង្ការ ឡុ​ក​ហ្វុ​ក​កម្ពុជា ដែល​ជា​ក្រុមហ៊ុន លក់​គ្រឿង​អលង្ការ ដោយ​មានការ​ទទួលស្គាល់​ទូ​ទាំង​ពិភពលោក​, ក្រុមហ៊ុន​អចលនទ្រព្យ ប្រី​ស្ទី​ច​ហូ​ម (​ខេ​ម​បូ​ឌា​) ដែល​មានការ​គ្រាំ​ទ្រ​យ៉ាងច្រើន​ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ផង​ដែរ ។ បន្ថែម​លើស​ពី​នេះ លោក​ជំទាវ​បាន​សម្តែង​ការ​អរគុណ​ដល់​បុគ្គលិក​ទាំងអស់​ដែល​បាន​រួមដៃគ្នា​គាំទ្រ ជ្រោម​ជ្រែង ប្រកបដោយ​ក្តី​ស្រលាញ់​ដ៏​ស្មោះត្រង់​ក្នុង​ការ​អភិវឌ្ឍន៍​ក្រុមហ៊ុន​អោយ​មាន​ផ្លែផ្កា​ដូច​ថ្ងៃនេះ ។

លោក​បណ្ឌិត Raymond Choi ប្រធាន​ក្រុមហ៊ុន ប្រី​ស្ទី​ច​ហូ​ម (​ខេ​ម​បូ​ឌា​) ក៏​បាន​ថ្លែងអំណរ​គុណ​ចំពោះ​ភ្ញៀវ​កិត្តិយស​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​ទាំងមូល​នៅ​រាត្រី​នោះ​ផង​ដែរ ដោយ​​លោក​បាន​លើក​ឡើង​ថា វត្តមាន​របស់​ភ្ញៀវ​កិត្តិយស​ទាំងអស់ គឺ​ពិតជា​មាន​តម្លៃ​បំផុត​សម្រាប់​ក្រុមហ៊ុន ។ ប្រធានបទ “Green Oasis” មិន​ត្រឹមតែ​ផ្តោត​ទៅ​លើ​ភាព​ជោគជ័យ​របស់​យើង​ប៉ុណ្ណោះ​ទេ ហើយ​ពួក​យើង​ក៏​ផ្តោត​ទៅ​លើ​ការ​ចូលរួម​ចំណែក​ក្នុង​ការ​ថែរក្សា​បរិស្ថាន​ស្អាត ។ «​ជា​ការ​ពិត​ណាស់ ព្រឹត្តិការណ៍​យប់​នេះ គឺជា​រាត្រី​មួយ​ដែល​មិន​អាច​បំភ្លេច​បាន​» ។

លោក Lawrence Kook អភិបាល​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេ​ង (CDX) បាន​បង្ហាញ​ពី​ការ​ពិពណ៌នា​នៃ​សមិទ្ធផល​របស់​ក្រុមហ៊ុន ។ លោក​បន្ថែម​ថា «​ការ​ជោគជ័យ​របស់​ក្រុមហ៊ុន (CDX) ថ្ងៃនេះ​គឺ​ដោយសារ​តែ​មានការ​គាំទ្រ​ដ៏​ស្មោះត្រង់​របស់​អ្នក​ទាំងអស់​គ្នា ហើយ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​តែ​ការ​រីក​ចម្រើន​ច្រើន​ឡើង​ៗ​ជា​រៀង​រាល់​ឆ្នាំ ។ យើង​អាច​មើលឃើញ​ពី​ការ​បំពេញបេសកកម្ម​របស់​យើង​ក្នុង​ការ​ផ្តល់​នូវ​ចំណេះដឹង និង​ការ​ណែនាំ​ប្រជាជន​កម្ពុជា អំពី​ឧស្សាហកម្ម​នេះ​ឱ្យ​បាន​ត្រឹមត្រូវ​» ។ «​ហើយ​ក្នុង​នាម​យើង​ជា​អ្នក​ដឹកនាំ និង​ជា​ឯកអគ្គរដ្ឋទូត​ក្នុង​វិស័យ​ឧបករណ៍​និ​ស្ស​ន្ទ​កម្ពុជា យើង​មាន​មោទកភាព​ក្រៃ​លែង​ក្នុង​ការ​បន្តដំណើរ​ឆ្ពោះទៅ​មុខជា​និរន្តរ៍ និង​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍន៍​លើ​វិស័យ​ផ្សេង​ៗ​ទៀត​នៅ​ប្រទេស​កម្ពុជា​» ។

ក្នុង​នោះ​វត្តមាន​កំពូល​តារាចម្រៀង​ប្រចាំ​ប្រទេស​កម្ពុជា អ្នក​នាង សុគន្ធ នី​សា បាន​ធ្វើ​ឱ្យ​ភ្ញៀវ​ដែល​​បាន​អញ្ជើញ​ចូលរួម​ព្រមទាំង​បុគ្គលិក​ប្រចាំ​ក្រុមហ៊ុន​មាន​ភាព​សប្បាយ​រីករាយ​ជាមួយនឹង​ការ​សម្តែង​ដ៏​ប៉ិនប្រសព្វ​របស់​អ្នក​នាង អម​ដោយ​ទឹកដម​សំឡេង​ដ៏​ផ្អែមល្ហែម និង​មនោ​សញ្ចេតនា។ ភ្ញៀវ​កិត្ដិយស​មានការ​ភ្ញាក់ផ្អើល និង​សប្បាយ​រីករាយ​ជាមួយនឹង​ការ​ប្រគំ​តន្ត្រី​ដោយ​ផ្ទាល់ ព្រម​ទាំង​កម្មវិធី​រាំ​លេង​កម្សាន្ត និង​ការ​ចាប់ឆ្នោត​ផ្សងសំណាង​ជា​ច្រើន​រង្វាន់​ទៀត ។

ព្រឹត្តិការណ៍​នេះ បាន​បង្កើត​នូវ​ពេលវេលា​មួយ​ដ៏​សែន​កក់ក្តៅ សប្បាយ​រីករាយ និង​ធ្វើ​ឱ្យ​អនាគត​ក្រុមហ៊ុន​កាន់តែ​ល្អ​ប្រសើរ​ឡើង​ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេ​ង (CDX) ក្នុង​ការ​បំពេញបេសកកម្ម​របស់​ខ្លួន ដើម្បី​ឱ្យ​មានការ​រីក​ចម្រើន​ដល់​សេដ្ឋកិច្ច​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា នៅ​ក្នុង​ឆ្នាំ ២០២០ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ