មេរោគ​ថ្មី​រាតត្បាត​ចិន ថៃ ​និង​វៀតណាម​ កម្ពុជា​កំពុង​ការពារ​ខ្លួន


រាជធានី​ភ្នំពេញ ៖ លោក ម៉​ម ប៊ុ​ន​ហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ក្រើនរំឭក​ដល់់ ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ជំងឺរលាក​សួត​ដែល​បង្ក​ឡើង​ដោយ​វីរុស​ថ្មី​កូ​រ៉ូ​ណាដែល​កំពុង​រា​ត្បា​ត​នៅ​តំបន់​អាស៊ី រហូត​មានមនុស្ស​៩​នាក់​ហើយ​បាន​ស្លាប់​នៅ​ប្រទេស​ចិន និង​អ្នក​ឈឺ​មាន​ជាង​៥០០​នាក់ ក្នុង​នោះ​នៅ​ប្រទេស​វៀតណាម​និង​ថៃ ជិតខាង​កម្ពុជា​ក៏​បាន​រក​ឃើញ​មាន​ឆ្លង​វីរុស​ដ៏​សាហាវ​នេះ​ដេរ ។ ជំងឺ​នេះ​អាច
កើត​មាន​ឡើងជា​យថាហេតុ ជា​ពិសេស​ត្រូវ​នៅឱ្យ​ឆ្ងាយ​ពី​បក្សី​ដែល​មាន​ជំងឺ ។

យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២០ស្ដី​ពី​បច្ចុប្បន្នភាព​និង​វិធានការ​បង្ការ​ជំងឺ​រលាកសួត បង្ក​ឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណា​ថ្មី លោក រដ្ឋមន្ត្រី ម៉​ម ប៊ុ​ន​ហេង បាន​លើក​ឡើង​ថា ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (Cov2019) នៅ​តែ​បន្ត​រាតត្បាត​នៅ​ប្រទេស
ចិន ។ ដូច្នេះ​ក្រសួង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ជា​ពិសេស​អ្នកដំណើរ​ដែល​មាន​គម្រោង​ទៅ​កាន់​ឬ​ត្រឡប់​មក​ពី​ខេត្ត ដែល​កំពុង​កើត​ជំងឺ​នេះ​នៅ​ប្រទេស​ចិន ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ផ្ទាល់ខ្លួន​ខ្ពស់​ក្នុង​ការ​ការពារ​សុខភាព​ពី​ការ​ឆ្លង​ជំងឺ​នេះ នា​រដូវ​បុណ្យចូលឆ្នាំ​ចិន​និង​ចូល​ឆ្នាំ​ថ្មីប្រពៃណី​ជាតិ​ខាង​មុខ ដោយសារ​វីរុស​នេះ​មានលក្ខណៈ​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត ។

លោក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា ប្រសិនបើ​មាន​ករណី​សង្ស័យ​ថា​មាន​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ត្រូវ​ស្វែងរក​ការ​ព្យាបាល​ជា​បន្ទាន់​នៅ​តាម​គ្រឹះស្ថាន​សុខាភិបាល​សាធារ​ណៈ​ដែល​នៅ​ជិត​ផ្ទះ​បំផុត ហើយ​ត្រូវ​ជម្រាប​ជូន​មន្ត្រី​សុខាភិបាល អំពី​ប្រវត្តិ​ជំងឺ​និង​ប្រវត្តិ​នៃ​ការ​ធ្វើ​ដំណើរ​ផង​ដែរ ។ ក្រសួង​សុខាភិបាល បាន​ដាក់​ម៉ាស៊ីន​ស្គែ​នក​ម្តៅ​នៅ​ច្រក​ផ្លូវអាកាស​មាន អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ និង​ខេត្ត​សៀមរាប ច្រក​បា​វិត និង​ច្រក​ផ្លូវគោក​នៅ​ប៉ោយ​ប៉ែ​ត ច្រក​ព្រែក​ចាក ដើម្បី​ស្រាវជ្រាវ​រក​ករណី​សង្ស័យ​ដោយ​ក្រុម​ច​ត្តា​ឡី​ស័ក​នៅ​តាម​ច្រក​ទាំងអស់ បាន​ត្រៀម​បន្ទប់​ដាក់​អ្នកជំងឺ​ឲ្យ​នៅ​ដាច់​ដោយឡែក នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ និង​មន្ទីរពេទ្យ​បង្អែក
ខេត្តសៀមរាប ត្រៀម​សម្ភារ​បរិក្ខារ​ពេទ្យ និង​ឱសថ​ចាំបាច់​សម្រាប់​ការ​ព្យាបាល​ផង​ដែរ ប្រ​សិន
បើ​រក​ឃើញ​មានការ​សង្ស័យ ។

លោក​រដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ថា ក្រសួង​មាន​មន្ទីរពិសោធន៍​ជាតិ​ត្រៀម​ជា​ស្រេច​ដើម្បី​រក​អត្តសញ្ញាណ​វីរុស​ថ្មី​នេះ ។ ក្នុង​នោះ​មាន​ក្រុម​ជំនាញសុខាភិបាល​ជាង​២.០០០​នាក់ ដែល​បាន​បណ្តុះបណ្តាល​រួច​ជា​ស្រេច​ក្នុង​ការ​តាមដាន និង​ឆ្លើយ​តប​នឹង​ជំងឺ​កើតឡើង​ថ្មី​ៗ ត្រៀមលក្ខណៈ​ឆ្លើយ​តប​បើ​កើត​មាន​ជាយថាហេតុ ។

ក្រសួង​ក៏​បាន​ផ្សព្វផ្សាយ​ជូនដំណឹង​ដល់​មន្ទីរពេទ្យ​ជាតិ និង​មន្ទីរ​សុខាភិបាល​ទាំង​២៥​រាជធានី​-​ខេត្ត ឱ្យ​ត្រៀម​លក្ខណៈ​ជា​ស្រេច ក្នុង​ការ​ឆ្លើយ​តប​និង​ផ្តល់​អន្តរាគមន៍​ជា​បន្ទាន់ ប្រសិនបើ​មាន ករណី​សង្ស័យ និង​កំពុង​ពង្រឹង​ការងារ​តាមដាន​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាល់​ធ្ងន់ធ្ងរ និង​បាន​ពិនិត្យ​វាយតម្លៃ​រក​លំនាំ​មិនធម្មតា​នៃ​ជំងឺ​នេះ​ជា​និច្ច ។ ក្រសួងសុខាភិបាល ក៏​បាន​ប្រកាស​ដែរ​ថា កម្ពុជា​មិន​មាន​ករណី​ជំងឺផ្ដាសាយបក្សី​កើត​ឡើង​ទេហើយ​ពុំ​ទាន់​រក​ឃើញ​ករណី​ជំងឺ​រលាក​សួត​បង្ក​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ​នៅឡើយ​ដែរ ។

ទោះបីជា​បែប​ណា ក៏​បុគ្គល​គ្រប់​រូប​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ផ្ទាល់ខ្លួន​ក្នុង​ការ​ការពារ​សុខភាព​ពីការ​ឆ្លង​ជំងឺ​ខាងលើ នា​រដូវ​បុណ្យចូលឆ្នាំ​ចិន​-​វៀតណា​មខាង​មុខ ដោយ​គួរ​ចៀសវាង​ការ​ចូល​ទៅ​កន្លែង​ចិញ្ចឹមសត្វ​បើ​គ្មាន​ភារកិច្ច ឬ​ប៉ះពាល់​ផ្ទាល់ជាមួយ​សត្វ​នៅ​តាម​កសិដ្ឋាន​ចិញ្ចឹមសត្វ និង​ទីផ្សារបក្សី​រស់ ឬ​ចូល​កន្លែង​សត្តឃាត ឬ​ប៉ះពាល់​ជាមួយ​ផ្ទៃ​ណាមួយ​ដែល​កខ្វក់ ឬ​ប្រឡាក់​ដោយ​លាម​កប​សុ​បក្សី ឬ​សត្វ​ដទៃ​ទៀត ។

ចៀសវាង​ប៉ះពាល់​ជិត​ស្និទ្ធ ឬ​ទៅ​ទីផ្សារ​លក់​គ្រឿង​សមុទ្រ​ហូ​ណា​ន ឬ​ទីផ្សារ ឬ​កសិដ្ឋាន​ដែល​មាន​សត្វ​រស់ ឬ​សត្វព្រៃ ឬ​កន្លែង​ដែល​គេ​ដឹង​ថា​មាន​វីរុស​កំពុង​ចរាចរណ៍ ។ ត្រូវ​លាងដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត បន្ទាប់​ពី​ការ​ប៉ះពាល់​សត្វ ឬ​វត្ថុ​ផ្សេង​ៗ​ដែល​អាច​ជា​ប្រភព​ចម្លងរោគ ព្រមទាំង​ប្រ
កាន់ខ្ជាប់​នូវ​ការ​អនុវត្ត​អនាម័យ និង​ចំណីអាហារ​ដែល​មាន​សុវត្ថិ​ភាពល្អ ។

ត្រូវ​ចង​ចាំ​ថា មិន​អាច​ឆ្លង​វីរុស​ផ្ដាសាយ​បក្សី ឬ​វីរុស​រលាក​សួត​ប្រភេទ​ថ្មី​នេះ​ទេ បើ​លោក​អ្នកកាន់​ឬ​បរិភោគ​ប​សុ​បក្សី និង​ស៊ុត ឬ​ម្ហូបអាហារ​ដែល​ចម្អិន​បាន​ល្អ​ត្រឹមត្រូវ ។ ចៀសវាង​ប៉ះពាល់​ជិត​ស្និទ្ធ​ជាមួយ​អ្នកមាន​ជំងឺ​ផ្លូវដង្ហើម​ស្រេច ។ អ្នកមាន​រោគ​សញ្ញា​ជំងឺ​ផ្លូវដង្ហើម​ស្រេច ត្រូវ​ខ្ទប់មាត់ និង​ច្រមុះ​នៅ​ពេល​ក្អក កណ្តាស ។ បុគ្គលិក សុខាភិបាល ដែល​ផ្តល់​ការ​ថែទាំ​អ្នកជំងឺ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​វិធានការ​បង្ការ​ការ​ចម្លងរោគ​ក្នុង​គ្រឹះស្ថាន​សុខាភិបាល​ឲ្យ​បាន​ហ្មត់ចត់ និង​ត្រឹមត្រូវ​ដើម្បី​ចៀសវាង​ការ​ឆ្លង​ជំងឺ​នេះ​មក​បុគ្គល​ខ្លួនឯង​។

ប្រសិនបើ​សង្ស័យ​ថា​ឆ្លង​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដោយ​មាន​គ្រុនក្តៅ​៣៨អង្សា​សេ និង​មាន​រោគ​សញ្ញា​មួយ​យ៉ាងតិច​ក្នុង​ចំណោម ក្អក ហូរ​សំបោរ ឈឺបំពង់ក ដង្ហើម​ខ្លី និង​ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្លាប់​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ចិន ដោយ​បាន​ប៉ះពាល់ ជាមួយ​អ្នកជំងឺ​ផ្លូវដង្ហើម ប៉ះពាល់​ជាមួយ​សត្វ ក្នុង​អំឡុង​១៤​ថ្ងៃមុន​ចេញ​រោគ​សញ្ញា ឬ​ដោយ​បាន​ប៉ះ ពាល់​ជាមួយ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​ស្រួចស្រាល់​មិនដឹង​អំពី​អត្តសញ្ញាណ​(​ប្រភេទមេរោគ​)​ច្បាស់លាស់ ត្រូវ​ប្រញាប់​រាយការណ៍​ទៅលេខ​ទូរស័ព្ទ​ទាន់​ហេតុការណ៍​១១៥ ។

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោក​វេជ្ជបណ្ឌិត លី សូ​វ៉ា​ន់ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែមក​រា​ថា ជំងឺ​ផ្លូវដង្ហើម​នេះ​កំពុង​រាតត្បាត​យ៉ាងខ្លាំង​នៅ​ប្រទេស​ចិន និង​ឆ្លង​ដល់​ប្រទេស​មួយចំនួន​ទៀត ។ គិត​មក​ដល់​ពេល​នេះ គេ​រកឃើញ​ជំងឺ​នេះ​ចំនួន​៤៤៥​ករណី​(​ប្រទេស​ចិន​៤៤០ករណី ថៃ​២​ករណី ជប៉ុន​១​ករណី កូរ៉េ​ខាងត្បូង១​ករណី និង​សហរដ្ឋអាមេរិក​១​ករណី​) ។ ក្នុង​នោះ​ស្លាប់​៩​នាក់ និង​ជាង​៣០​នាក់ ជា​សះស្បើយ​ចេញពី​មន្ទីរពេទ្យ​នៅ​ប្រទេស​ចិន ។

ប្រភេទ​មេរោគ​កូ​រ៉ូ​ណា​វីរុស​ថ្មី ដែល​រក​ឃើញ​ដំបូង​បង្អស់​នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២០ នៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី បាន​នាំ​ចូល​ជំងឺ​ទៅ​ខេត្ត​ក្រុង​ដទៃ​ទៀត​ក្នុង​ប្រទេស​ចិន​ចំនួន​១៣​ខេត្ត​ហើយ ។ អ្នកជំនាញ​បាន​អះអាង​ថា ជំងឺ​នេះ​មានការ​ឆ្លង​ពី​មនុស្ស​ទៅ​មនុស្ស​តែ​នៅ​មាន​កម្រិត ។ រហូត​មក​ដល់​ពេល​នេះ មាន​តែ​ក្រុង​វូ​ហាន ប្រទេស​ចិន​ប៉ុណ្ណោះ មាន​ផ្ទុះ​ជំងឺ​រលាក​សួត​បង្ក​ឡើង​ដោយ​មេរោគ​កូ​រ៉ូ​ណា​វីរុស​ថ្មី​នេះ ក្រៅពី​នៅប្រទេស​ផ្សេង​ទៀត​ជា​ករណី​នាំ​ចូល​ជំងឺ​ពី​ក្រុង​វូ​ហាន​ប៉ុណ្ណោះ ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ