ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី ស៊ុ​យ សែ​ម ៖ កម្ពុជា​មិន​ខ្វះ​ថាមពល​អគ្គិសនី​ទៀត​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុ​យ សែ​ម បាន​អះអាងថា នៅ​ឆ្នាំ​២០២០​នេះ កម្ពុជា​លែង​ខ្វះ​អគ្គិសនី​ប្រើប្រាស់​ដូច​ឆ្នាំ​មុន​ទៀត​ហើយ ។…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុ​យ សែ​ម បាន​អះអាងថា នៅ​ឆ្នាំ​២០២០​នេះ កម្ពុជា​លែង​ខ្វះ​អគ្គិសនី​ប្រើប្រាស់​ដូច​ឆ្នាំ​មុន​ទៀត​ហើយ ។ លោក​រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល បានអះ​អាង​សា​ជា​ថ្មី​នេះ បន្ទាប់​ពី​រដ្ឋសភា​និង​ព្រឹទ្ធសភា បាន​អនុម័ត​ច្បាប់​ចំនួន​៦​ទាក់ទិន​នឹង​ការបង្កើត​ស្ថានីយ​អគ្គិសនី និង​សម្រេច​ទិញ​ពី​ប្រទេស​ឡាវ ។ សេចក្តីព្រាងច្បាប់​ចំនួន​៦ ទាក់ទង​នឹង​ការ​ធានា​ទូទាត់​របស់​រាជរដ្ឋាភិ​បាល ឲ្យ​ក្រុមហ៊ុន​ឯកជន​ចំនួន​៤ សម្រាប់​ការ​សាងសង់​ស្ថានីយអគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ដែល​មាន​អា​នុភាព​សរុប​១៤០​មេ​ហ្គា​វ៉ា​ត់ និង​ការ​ធានា​ទិញ​ថា​ម ពល​អគ្គិសនី​ផលិត​ដោយ​ធ្យូងថ្ម​ទំហំ​២៤០​មេ​ហ្គា​វ៉ា​ត់​ពី​ប្រទេស​ឡាវ​ជា​ស្ថាពរ ។

លោក​រដ្ឋមន្ត្រី សុ​៊​យ សែ​ម បាន​ឲ្យ​ដឹង​ថា សម្រាប់​ឆ្នាំ​២០២០​នេះ​តទៅ កម្ពុជា​លែង​ខ្វះខាតអគ្គិសនី​​ប្រើ​ប្រាស់​ទៀត​ហើយ មិន​ដូច​ឆ្នាំ​២០១៩កន្លង​មកនេះ បាន​ជួប​ប្រទះ​បញ្ហា​ខ្វះខាត​អគ្គិសនី​ដោយ​មានការ​ផ្តាច់​ការ​ផ្គត់ផ្គង់​នៅ​តំបន់​មួយ​ចំនួន ។ លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម ត្រូវ​បាន​គេហទំព័រ​មួយ​ស្រង់​សម្តី​ផ្សាយ​នៅ​ថ្ងៃ​ទី ២១ ខែមករា ឆ្នាំ​២០២០​ថា ក្រសួង​តែងតែ​ធ្វើ​ផែនការមេ​មួយយ៉ាង​ហ្មត់ចត់ ដើម្បី​ឱ្យ​អ្នក​វិនិយោគ ឬ​រាជរ​ដ្ឋាភិ​បាល​ខ្លួនឯង​ធ្វើការ​វិនិយោគ​ប្រភព​អគ្គិសនី​មួយ​ឱ្យ​បាន​ពិតប្រាកដ និង​រៀបចំ​បណ្តាញ​ខ្សែ​មួយ​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​នៅ​ទូទាំង​ប្រទេស ។

លោក​រដ្ឋមន្ត្រី​ពន្យល់​ថា មូលហេតុ​ដែល​មានការ​ខ្វះខាត​អគ្គិសនី​នៅ​ក្នុង​ឆ្នាំ​២០១៩ ដោយសារ​កម្ពុជា​ត្រូវ​ការ​ថាមពល​អគ្គិសនី​ខ្ពស់ ដែល​មាន​បន្ទុក​ខ្លាំង​គឺ​មាន​ចំនួន​១.៨០០​មេ​ហ្គា​វ៉ា​ត់​នៅ​ក្នុងរដូវប្រាំង ។ មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ក្រោយ​ពី​បាន​រៀបចំ​ផែនការ​មេ​ថ្មី ដោយ​បាន​ធ្វើការ​សិក្សាជាមួយនឹង​អ្នកជំនាញ​ការ​លើ​សេចក្តី​ត្រូវការ​លើសហគ្រាស​ធុន​ធំ អាជីវកម្ម​ធុន​តូច​និង​មធ្យមនិង​នៅ​តាម​ខ្នង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​សម្រាប់​ឆ្នាំ២០២០​នេះ សេចក្តី​ត្រូវការ​អគ្គិសនី​នៅ​ក្នុង​បន្ទុក​អតិបរមា​មាន​ចំនួន​២.២១៤​មេ​ហ្គា​វ៉ា​ត់ សម្រាប់​​ប្រើប្រាស់​នៅ​ក្នុង​រដូវប្រាំង​នេះ ដោយ​កើនឡើងខ្ពស់​ជាង​ឆ្នាំ​២០១៩ ។

លោក​រដ្ឋមន្ត្រី​បន្ថែម​ថា «​បច្ចុប្បន្ន​នេះ យើង បាន​ដាក់​ឱ្យ​ដំណើ​ង​ការ​រោងចក្រ​ធ្យូងថ្ម​មួយ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ដែល​មាន​ថាមពល​១៥០​មេ​ហ្គា​វ៉ា​ត់ នាំ​ចូល​ពី​ប្រទេស​ថៃ​២៣០​មេ​ហ្គា​វ៉ា​ត់ នាំ​ចូល​ពី​ប្រទេស​ឡាវ​ចំនួន​៧០​មេ​ហ្គា​វ៉ា​ត់ និង​មក​ពី​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​មាន​ចំនួន​១៩៥​មេ​ហ្គា​វ៉ា​ត់ ដាក់​ឱ្យ​ដំណើរការ​រោងចក្រ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​នៅ​ខេត្តកំពង់ស្ពឺ​មាន​ចំនួន ៨០​មេ​ហ្គា​វាត់ ពី​ខេត្ត​អា​តា​ពើ​ចំនួន​១០០​មេ​ហ្គា​វ៉ា​ត់​ទៀត រោច​ក្រ​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ​ចំនួន​៤០០​មេ​ហ្គា​វ៉ា​ត់ ដែល​កំពុង​ដំណើរការ​សាងសង់​នៅ​ស្រុក​ល្វាឯម ខេត្តកណ្តាល​» ។ លោក​រដ្ឋមន្ត្រី​ថ្លែង​ទៀត​ថា «​សម្រាប់​ឆ្នាំ២០២០​នេះ កម្ពុជា​ត្រូវការ​អគ្គិសនី​បន្ថែម​ប្រមា​ណ​៤១៤​មេ​ហ្គា​វ៉ា​ត់ ខណៈ​យើង​មាន​ជាង៧០០​មេ​ហ្គា​វ៉ា​ត់​សម្រាប់​ផ្គត់ផ្គង់​នៅ​ក្នុង​ប្រទេស ។

ដូច្នេះ ​អាច​និយាយ​បាន​ថា សម្រាប់​ឆ្នាំ​២០២០​នេះ មិន​អាច​ខ្វះខាត​នោះ​ទេ​នា​រដូវប្រាំង​នេះ ព្រោះ​គម្រោង​អគ្គិសនី​មាន​លើស​សេចក្តី​ត្រូវការ​» ។ បើ​តាម​លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម បញ្ជាក់​ថា មក​ដល់​ពេល​នេះ​កា​រត​បណ្តាញ​អគ្គិសនី​សម្រេច​បាន​ប្រមាណ​៩២​ភាគរយ​សម្រាប់​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់​តាម​គម្រោង​ភូមិ​នៅ​ទូ​ទាំង ប្រទេស ហើយ​តាម​ផែនការ​គឺ​នឹង​ត​បណ្តាញ​ឱ្យ​ចប់​នៅ​ត្រឹម​ឆ្នាំ​២០២០​នេះ ឱ្យ​ពលរដ្ឋ​បាន​ប្រើប្រាស់​គ្រប់​ខ្នង​ផ្ទះ ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ