ដល់ក Lamborghini ស៊េរី​ចាស់​មួយគ្រឿង​​នេះ ថ្លៃ​ជាង Lamborghini Urus ទៅទៀត


វា​គ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ទេ ដែល​ថា​រថយន្ត Lamborghini Urus មានការ​លក់​ជោគជ័យ​បំផុត​ក្នុង​ចំណោម​ត្រកូល Lamborghini​។ កាលពី​ឆ្នាំ​មុន Lamborghini លក់​បាន​ចំនួន​៨២០៥​គ្រឿង​ដែល​ជា​ការ​កើនឡើង​៤៣% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​មួយទៀត​។ នេះ​គឺ​ដោយសារ​តែ​ការ​លក់​របស់​រថយន្ត Urus ដែល​ជា​ប្រភេទ​រថយន្ត SUV ប្រណាំង​។ វា​ត្រូវ​បាន​គេ​ទិញ​ដល់​ទៅ៤៩៦២​គ្រឿង នៅ​ឆ្នាំ​២០១៩ ដែល​លើស​ឆ្នាំ​​២០១៨ ដល់​ទៅ​១៨២%​។ តែ​អ្នក​គួរតែ​ដឹង​ថា Urus មិនមែន​ជា​រថយន្ត SUV ទី​មួយ​របស់ Lamborghini នោះ​ទេ​។ SUV ដំបូង​គេ​របស់ Lamborghini គឺជា​រថយន្ត LM002 ដែល​គេ​ស្គាល់​ថា​ជា​រថយន្ត «Rambo Lambo»។

Lamborghini LM002 ត្រូវ​បាន​ផលិត​នៅ​ចន្លោះ​ឆ្នាំ​១៩៨៦ និង​១៩៩២​។ វា​ជា​រថយន្ត​របស់ Lamborghini ដំបូង​គេ ដែល​ចង់​ធ្វើ​ម៉ូ​ដ​បែប​យោធា​។ កាលនោះ​មាន​ត្រឹមតែ​៣០០​គ្រឿង​ប៉ុណ្ណោះ ដែល​បាន​ផលិត​ចេញ​មក​។ នេះ​គឺ​ធ្វើ​ឱ្យ​វា​មាន​ភាព​កម្រ​យ៉ាង​ខ្លាំង​។ ប្រសិនបើ​អ្នក​ចង់រក​ទិញ​វា​មែន​នោះ វា​ពិតជា​ថ្លៃ​ខ្លាំង​មែនទែន ដល់​ថ្នាក់​ថា​ថ្លៃ​ជាង​រថយន្ត Lamborghini Urus នា​ពេល​បច្ចុប្បន្ន​ទៅ​ទៀត​។

គេ​បាន​ដាក់​លក់ Lamborghini LM002 ស៊េរី​ឆ្នាំ ១៩៨៩ ពណ៌​ស លើ DuPont Registry ដែល​ម្ចាស់​ពី​មុន​ជិះ​បាន​ចម្ងាយ​១៨៧៦៣​ម៉ា​យល៍​។ វា​មាន​ផ្នែក​ខាងក្នុង​ពាស​ដោយ ស្បែក​ខ្មៅ​ពេញលេញ​ជាមួយនឹង​ការ​តុបតែង​ឈើ​លើ​តាប​ឡូ ម៉ាស៊ីនត្រជាក់ និង​ប្រព័ន្ធ​សម្លេង Alpine Stereo ជាប់​នឹង​ដំបូល​។ តម្លៃ​វា​វិញ គឺ​ដល់​ទៅ​៣៤៩៩០០​ដុល្លារ​។ នេះ​គឺ​ធ្វើ​ឱ្យ​រថយន្ត​អាយុកាល​៤០​ឆ្នាំ​នេះ ថ្លៃ​ជាង Lamborghini Urus ដល់​ទៅ​១៤៩៩០០​ដុល្លារ​។ Urus នា​ពេល​នេះ ថ្មី​តម្លៃ​ចាប់ពី ២០០០០០​ដុល្លារ​។

LM002 ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន V12 ៥.២ លី​ត្រ ដែល​ផលិត​បាន​ថាមពល​៤២៦សេស​។ វា​មាន​ប្រអប់លេខ​ចំនួន​៨​លេខ​អូ​តូ និង អាច​ជាន់​ពី​០​ទៅ​១០០ ដោយ​ចំណាយពេល​៩.៣​វិនាទី ជាមួយនឹង​ល្បឿន​អតិបរមា ២០០​​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ