ខេត្តសៀមរាប ៖ បើតាមការអះអាងពីមន្ត្រីរដ្ឋបាលព្រៃឈើបានឱ្យដឹង នៅថ្ងៃទី២២ មករា នេះថា តំបន់ព្រៃពូជឈើគ្រញូងដែលទើបនិងដាំក្នុងអំឡុងឆ្នាំ២០១១ ត្រូវបានជនអគតិលួចដុតបំផ្លាញ ក្នុងគោលបំណងវាទទីយកដីរដ្ឋធ្វើជាឯកជន បណ្តាលឱ្យឆេះខូចខាតកូនឈើគ្រូញូង និងឈើផ្សេងៗប្រមាណ ជាង៤០ហិកតា បង្កការភ្ញាក់ផ្អើលពេញស្រុកបន្ទាយស្រី ។ ហេតុការណ៍ឆាបឆេះនេះ កើតឡើងនៅវេលាម៉ោង០៦យប់ថ្ងៃទី២១ មករា ឆ្នាំ២០២០ រហូតដល់ដល់ម៉ោង១០យប់ថ្ងៃដដែល ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
បើតាមលោកសេង លន់ នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅបានឱ្យដឹងថា ករណីភ្លើងឆេះព្រៃនៅតំបន់ព្រៃពូជកូនឈើគ្រញូងនេះ បណ្តាលឱ្យខូចខាតព្រៃឈើសរុបទាំងអស់ប្រហែល៤០ហិកតានោះ គឺមានមនុស្សមកលួចដុត ។
លោកបន្តថា ការពន្លត់នោះ មានកម្លាំងរដ្ឋបាលព្រៃឈើ និង កម្លាំងយោធាភូមិភាគទី៤ ពន្លត់ដោយប្រើតែកម្លាំងបាយសុទ្ធ ព្រោះយើងគ្មានឡានទឹក។លោកបញ្ជាក់ថា ក្នុងហេតុការណ៍នោះ ប្រើប្រាស់អាត្រាក់ទ័រចំនួន០២គ្រឿង ភ្ជួរកាត់ដោយពុំបានប្រីប្រាស់ឡានទឹកឡើយ ហើយព្រៃនោះកាលពីឆ្នាំមុនក៏ធ្លាប់ឆេះដែរ។
លោកបន្ថែមថា មូលហេតុនៃការឆាបឆេះនេះគឺបណ្តាលមកពីជនអគតិលួចដុត ដើម្បីចង់មកវាទយកដីព្រៃរបស់រដ្ឋ។លោកបញ្ជាក់ថា ករណីនេះលោកនឹងស្រាវជ្រាវរកជនបង្កដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។សូមបញ្ជាក់ថា ចំការព្រៃឈើគ្រញូងនេះមានដូចជាចំការឈើគ្រញូងធម្មជាតិ (ឈើធំៗ)និងក្រោយមកអាជ្ញាធរនិងពលរដ្ឋនាំគ្នាដាំឈើគ្រញូង ព្រោះជាឈើកម្រជិតផុតពូជ៕
ចែករំលែកព័តមាននេះ