ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនខិលខូច​កំពុង​លួច​អង្កន់​ដី​អតីត​បន្ទាយ​កងទ័ព​សម័យ​លោក​ម្ចាស់​លក់​យ៉ាងស្ងាត់

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ «​អាងខ្នង​គូ​» គឺជា​ឈ្មោះ​អតីតទីតាំង​ «​បន្ទាយ​កងទ័ព​ជំនាន់​សម័យ​លោក​ម្ចាស់​» ដែល​មាន​ប្រវត្តិ​ជាង​១០០​ឆ្នាំ​គិតដល់​ពេល​នេះ​ ។ បច្ចុប្បន្ន​ ដី​ក្នុង​តំបន់​នេះ ​ត្រូវ​បាន​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​គ្រប់…

ខេត្តបាត់ដំបង​ ៖ «​អាងខ្នង​គូ​» គឺជា​ឈ្មោះ​អតីតទីតាំង​ «​បន្ទាយ​កងទ័ព​ជំនាន់​សម័យ​លោក​ម្ចាស់​» ដែល​មាន​ប្រវត្តិ​ជាង​១០០​ឆ្នាំ​គិតដល់​ពេល​នេះ​ ។ បច្ចុប្បន្ន​ ដី​ក្នុង​តំបន់​នេះ ​ត្រូវ​បាន​រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​គ្រប់ គ្រង​រួម​គ្នា​ ដោយ​ក្រសួង​វប្ប​ធ​ម៌ និង​វិចិត្រសិល្បៈ និង​ក្រសួង​ទេសចរ​ណ៍ ។ ប៉ុន្តែ​សព្វថ្ងៃ​ ទីតាំង​ដី​ប្រវត្តិ សាស្ត្រ​នេះ​មួយ​ផ្នែក​ធំ ត្រូវ​បាន​ជនខិលខូច ដែល​មាន​មន្ត្រី​ខ្លះ​ជា​បង្អែក​ផង ​បាន​ឃុបឃិ​ត​ហែក​ចែក​គ្នា​អង្កន់​លក់​ប្រមូល​យក​លុយ​យ៉ាង​ស្ងាត់ស្ងៀម ក្រោម​គំនិត​ទុច្ចរិត ​«​ឈ្នះ​បាន​ដី​ ចាញ់​បាន​លុយ​»​។

«​អាងខ្នង​គូ​» មា​នទី​តាំងនៅ​ត្រើយ​ខាងកើត​នៃ​ដងស្ទឹង​សង្កែ និង​នៅ​ទល់មុខ​និង​ប្រាសាទភ្នំបាណន់ ដែល​មាន​ទំហំ​៨០០​ម៉ែត្រ​ គុណ១,២០០​ម៉ែត្រ​ ស្ថិត​ក្នុងភូមិ​កំប៉ង់​កើត ឃុំ​ក​ន្ទឺ​រ​២ ស្រុក​បាណ​ន់​ ។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​បាន​និយាយ​ថា បច្ចុប្បន្ន​ ផ្ទៃដី​ទាំងអស់​នៅ​ក្នុង​តំបន់​«​អាងខ្នង​គូ​» គឺជា​ដី​កសិកម្ម​ដែល​គ្រប់គ្រង​ដោយ​ប្រជាពលរដ្ឋ​រាប់​សិប​គ្រួសារ តែ​គ្មាន​ប្លង់​កម្ម​សិទ្ធ​ិទេ​ ។ ប៉ុន្តែ​ផ្ទៃដី​មួយ​ចំនួន ​ត្រូវ​បាន​គេ​លក់ដូរ​បន្ត​គ្នា​យ៉ាង​អនា​ធិ​ប​តេ​យ្យ ដោយ​គ្មាន​អាជ្ញាធរ ឬ​មន្ទីរ​ពាក់ព័ន្ធ​ណាមួយ​ មាន​វិធានការ​ទប់ស្កាត់​ឡើយ នា​ពេល​កន្លង​មកនេះ​។ បើ​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា ដី​ដែល​ក្រុម​ជនខិលខូច​លួច​អង្កន់​ចែក​គ្នា​លក់ដូរ​នោះ ភាគច្រើន​ជា​ដី​នៅ​ជាប់​ដងផ្លូវ (​ជុំវិញ​ទំនប់​អាងខ្នង​គូ​) នៃ​តំបន់​នោះ​តែ​ម្ដង​។

កោះសន្តិភាពបាន​ជួប​សួរនាំ​ដោយ​ផ្ទាល់ ជាមួយ​ពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​តំបន់​ប្រវត្តិសាស្ត្រ​មួយ​នេះ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ដោយ​ពួក​គេ​បាន​ប្រាប់​ថា ដី​នៅ​ក្នុង​តំបន់ ​«​អាងខ្នង​គូ​» នេះ​ មិន​ត្រូវ​បាន​អាជ្ញាធរ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​ឲ្យ​កាន់កាប់​ស្របច្បាប់​ទេ​ ។ ប៉ុន្តែ​ពលរដ្ឋ​ដែល​ធ្លាប់​បង្កបង្កើន​ផល​លើ​ផ្ទៃដី​នៅ​ក្នុង​តំបន់​នោះ ពួក​គេ​អាច​ដាំ​ដុះ​បាន តែ​ត្រូវ​ប្រគល់​ជួន​រដ្ឋ​វិញ ដោយ​គ្មាន​សំណង​ប្រសិនបើ​រដ្ឋ​ត្រូវការ​អភិវឌ្ឍ​ន៍​តំបន់​នោះ​ ។ អ្នក​ភូមិ​បាន​និយាយ​ថា កន្លង​មក​ ដោយសារ​តែ​អាជ្ញាធរ​ ឬ​មន្ត្រីនៃ​មន្ទីរ​ពាក់ព័ន្ធ មិនសូវ​អើពើ​យកចិត្តទុកដាក់​ថែរក្សា​ដី​នៅ​តំបន់​នោះ ទើប​ធ្វើ​ឲ្យ​ជនខិលខូច និង មន្ត្រី​មួយ​ចំនួន មានឱ​កាសឃុប​ឃិ​ត​គ្នា​លួច​បែងចែក​ដី​នៅ​ក្នុង​តំបន់​នោះ ពុះ​ជា​ឡូ​ត៍​ៗ​លក់ដូរ​យ៉ាងអនា​ធិ​ប​តេ​យ្យ​ ។ ជា​ពិសេស​ដី​នៅ​ជាប់​ដងផ្លូវ​ជុំវិញ​តំបន់ ​«​អាងខ្នង​គូ​»​នេះ​តែ​ម្ដង​។

បើ​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា តំលៃ​ដី​នោះ​ក្នុង​មួយ​ប្លង់​ចាប់ពី​២.០០០​ដុល្លារ រហូត​ដល់​៥.០០០​ដុល្លារ ទៅ​តាម​ទំហំ​ក្បាលដី​តូច​ឬ​ធំ​។ បច្ចុប្បន្ន​ ដី​ដែល​នៅ​ជាប់​តាម​ដងផ្លូវ ​ត្រូវ​គេ​បោះ​ប​ង្កោ​ល​កំណត់​ព្រំប្រទល់​ជា​ឡូ​ត៍ៗ រីឯ​កន្លែង​ខ្លះ​ត្រូវ​គេ​សាងសង់​ជា​លំនៅ​ឋាន​ហ៊ុម​​ព័ទ្ធ​ទៅ​ដោយ​របង​ជុំវិញ​ ។ អ្នក​ភូមិ​បាន​ប្រាប់​ថា អ្នក​ដែល​ទិញ​ដី​តំបន់​ប្រវត្តិសាស្ត្រ​ទាំងនោះ មាន​ទាំង​ប្រជាពលរដ្ឋ មាន​ទាំង​ក្រុម​គ្រួសារ​មន្ត្រីរាជការ​ ។ ពួក​អ្នក​ច្បាម​ប្រមូល​ទិញ​ដី​នោះ ហាក់​បានដឹង​រួច​ស្រេច​ហើយ​ថា «​វា​ជា​ដី​របស់​រដ្ឋ និង ជា​តំបន់​អភិរក្ស សម្រាប់​វប្ប​ធ​ម៌ និងទេសចរ​ណ៍» ទៀត​ផង តែ​ពួក​គេ​នៅ​តែ​វិនាស​ទិញ ដោយ​ឈរ​លើ​ទ្រឹស្ដី​មួយ​«​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​»​។ អ្នក​ភូមិ​ម្នាក់​និយាយ​ទៀត​ថា ប្រពន្ធ​លោក​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​នៅ​ស្រុក​នោះ បាន​កេណ្ឌ​គ្នា​ទៅ​ទិញ​ដី​នៅ​តំបន់​នោះ នៅ​ប៉ែក​ខាងជើង នៃអាងខ្នង​គូ ដោយ​ឈរ​លើ​គំនិត​ទុច្ចរិត​«​ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​» នេះឯង​។

ពាក់ព័ន្ធ​នឹង​ករណី​ទិញលក់​ដី​រដ្ឋ នៅ​ក្នុង​តំបន់​ប្រវត្តិសាស្ត្រ ខាងលើ​នេះ អភិបាលស្រុក​បាណ​ន់ លោក​ប៉ែន សារី​យូ បាន​ថ្លែងប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​២២ មក​រា យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​បានដឹង​ដែរ​ អំពី​រឿង​ជន​ខិលខូច​លួច​អង្កន់​ដី​នៅ​តំបន់​អាងខ្នង​គូ​នេះ​លក់ ហើយ​ខ្ញុំ​ក៏​កំពុង​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ និង ធ្វើការ​ស្រាវជ្រាវ ដើម្បី​ទប់ស្កាត់​ជា​បន្ទាន់​ផង​ដែរ នៅ​ពេល​នេះ​»​។ លោក​អភិបាលស្រុក​រូប​នេះ ​បាន​បញ្ជាក់​ថា បើ​តាម​លោក​ចុះ​ពិនិត្យ​ជាក់ស្ដែង លើ​ផ្ទៃដី​នៅ​ក្នុង​តំបន់​ «​អាងខ្នង​គូ​» នេះ គឺ​មាន​កន្លែង​ខ្លះ​ត្រូវ​គេ​ចាក់​ដី​លុបបម្រុង​​សាងសង់​លំនៅ​ឋាន និងកន្លែង​ខ្លះ​ទៀត​ នៅ​ជុំវិញនៃ​តំបន់​វប្ប​ធ​ម៌​នេះ ត្រូវ​គេ​បោះ​ប​ង្កោ​ល​ព្រំ​ធ្វើ​ជា​របង ដែល​មានរ​លក្ខណៈ​អង្កន់​ជា​ដី​ឡូ​ត៍ ​។ លោក​ប៉ែន សារី​យូ បាន​បញ្ជាក់​ថា ពេល​នេះ ​មន្ត្រី​ជំនាញ​បាន​ចុះ​ស្រង់​របាយ​ការ​ណ៍ និងស្រង់​ឈ្មោះ​ម្ចាស់​ដី និង​ឈ្មោះ​អ្នកទិញ​ដី​ទាំងនោះ​។ ប៉ុន្តែ​នៅ​ចំពោះ​មុខ​ដំបូង យើង​នឹង​មាន​វិធានការ​ទប់ស្កាត់​នូវ​ចលនា​លួច​លក់​ដី​នៅ​តំបន់​នោះ​សិន ហើយ​យើង​នឹង​ធ្វើ​របាយ​​ការ​៍​បញ្ជូន​ទៅ​ថ្នាក់លើ ដើម្បី​រង​ចាំ​ចំណាត់ការ​បន្ត ​។

បើ​តាម​ប្រវត្តិ «​អាងខ្នង​គូ​» គឺជា​ស្លាកស្នាម​ប្រវត្តិសាស្ត្រ ដែល​ជា​តំបន់​ទីតាំង ​«​បន្ទាយ​កងទ័ព​នៅ​ជំនាន់​សម័យ​លោក​ម្ចាស់​» និង​មាន​ផ្ទៃក្រឡា​ចំនួន​១.០០០​ហិកតា ដែល​មាន​បន្ទាយ​លោក​ម្ចាស់​ស្នាក់​នៅ​ចំ​កណ្ដាល ហើយ​វា​ស្ថិត​នៅ​ប៉ែក​ខាត​កើត នៃ​ប្រាសាទភ្នំបាណន់​។ នេះ​បើ​យោង​តាម​ចំណារ នៅ​ក្នុង​សៀវភៅ​«​ផែនការ​អភិវឌ្ឍ​ន៍ និង​ការ​ការពារ តំបន់​ទេសចរ​ណ៍សំខាន់​ៗ នៅ​ក្នុង​ខេត្តបាត់ដំបង​» ដែល​បោះ​ពុ​ម្ភ​នៅ​ឆ្នាំ​២០០៨ ​។ ក្នុង​ចន្លោះ​ពី​ទស​វត្ស​ឆ្នាំ​៨០ ​ដល់​ទស​វត្ស​ឆ្នាំ​៩០ មាន​មនុស្ស​ជា​ច្រើន​ក្រុម បាន​នាំ​គ្នា​ឈ្មុសឈ្មុល​ជីក​កកាយ​រុករក​វត្ថុ​បុរាណ​នៅ​ក្នុង​បន្ទាយ​លោក​ម្ចាស់​នេះ​ ។ ពួក​គេ​បាន​រក​ឃើញ​វត្ថុ​បុរាណ​ជា​ច្រើន​ប្រភេទ ដែល​មាន​អាយុកាល​ដំណាលគ្នានិងអគារ​សាលាខេត្ត​បាត់ដំបង (​អគារ​ចាស់ អាយុ​ជាង​១០០​
ឆ្នាំ​)​។

ពិតមែនតែ​តំបន់​«​អាងខ្នង​គូ​» ទាំងមូល​ជាស​ម្ប​តិ្ត​រដ្ឋ ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​វប្ប​ធ​ម៌​និង​វិចិត្រសិល្បៈ និងមន្ទីរ​ទេសចរ​ណ៍​ផង​។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ដី​នៅ​ក្នុង​តំបន់​អាងខ្នង​គូ​ទាំងមូល ​បាន​ប្រែ​ក្លាយជា​ដី​កសិកម្ម​របស់​ប្រជាពលរដ្ឋ​រាប់​សិប​គ្រួសារ ដែល​រស់នៅ​តំបន់​នោះ ហើយ​ក៏​ត្រូវ​គេ​ឃុំ​ឃិ​ត​គ្នា លួច​ពុះ​ជ្រៀក​ជា​ឡូ​ត៍​ៗ​លក់ដូរ​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​ទៀត​ផង​ ។ ប៉ុន្តែ​យ៉ាងណា បើ​តាម​លោក​ប៉ែន សារី​យូ អភិបាលស្រុក​បាណ​ន់ បាន​អះអាង​ថា ពេល​នេះ​លោក​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​និង​ស្រាវជ្រាវ​រកមុខ​អ្នក​លួច​លក់​ដី​តំបន់​អតីត​«​បន្ទាយ​កងទ័ព​ជំនាន់​សម័យ​លោក​ម្ចាស់​»​ដែល​មាន​អាយុ​ជាង​១០០​ឆ្នាំ នោះ​ហើយ ដើម្បី​រាយ​ការ​ណ៏​ជួន​ថ្នាក់ដឹកនាំ​ជ្រាប និងមាន​វិធានការ​បន្ត​ ៕

អត្ថបទសរសេរ ដោយ