៣នាក់​ទិញមួយកញ្ចប់យកទៅប្រើ មិនទាន់​បាន​ប្រើផង ចប់ត្រឹមសមត្ថកិច្ច​


រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ និង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​មួយ​កញ្ចប់​តូច នៅ​ពេល​ដែល​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ​ដាក់​គោលដៅ​ត្រួតពិនិត្យ អាវុធ​ជាតិ​ផ្ទុះ និង​វាស់​ជាតិ​ស្រវឹង កាលពី​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២០ ទល​់មុខ​​ស្ថាន​ប្រេងឥន្ធនៈ​កាល់​តិច ផ្លូវជាតិ​លេខ​២ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

ជនសង្ស័យ​ចំនួន​៣​នាក់​​ខាងលើ​រួម​មាន ១-ឈ្មោះ សុខ ថី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​វៀត​ណាម មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ស្វាយ​រលំ ឃុំ​មួយ ស្រុក​ស្អាង ខេត្តកណ្ដាល ​២-​ឈ្មោះ ផ​ន ថី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ព្រែក​សំរោង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល ​និង​៣-​ឈ្មោះ សុខ ចិន្តា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។ ​ចំណែកវត្ថុតាង​ដែលសមត្ថកិច្ច​​ដកហូត​បាន​រួម​មាន​ ថ្នាំ​ញៀន​មួយ​កញ្ចប់​តូច និង​ម៉ូតូ​មួយគ្រឿង​​ម៉ាក​ស្គូ​​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១BK-២១៥៥ ជា​របស់​ជនសង្ស័យ ។

លោក​អនុសេនីយ៍ឯក វុ​ឌ្ឍ ភូសា​រា​វ័​ន្ត បានអោយ​ដឹង​ថា មុន​នឹង​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នេះ គឺ​កម្លាំង​នៃ​គណៈ​បញ្ជា​រការ​ឯកភាព​ខណ្ឌមានជ័យ ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឌី​ រ​ត្ន័​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដើម្បី​ដាក់​គោលដៅ​ត្រួតពិនិត្យ អាវុធ​ជាតិ​ផ្ទុះ​និង​ជាតិ​ស្រវឹង នៅ​ចំណុ​ច​មុខ​ស្ថានីយប្រេងឥន្ធនៈ​កាល់​តិច ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ​។

តាមប្រភពដដែល​បាន​បន្ត​ថា ​នៅ​ពេល​​ដែល​​កម្លាំងសមត្ថកិច្ច​ចម្រុះ​​កំពុង​តែ​អនុវត្ត​ការងារ ​ស្រាប់តែ​មាន ​ជនសង្ស័យ​​ចំនួន​​៣​នាក់​ខាងលើ​បាន​ជិះ​​ម៉ូតូ​មួយគ្រឿង​​ម៉ាក​ស្គូ​​ពី ពណ៌​ស ​មកដល់​គោលដៅ​ត្រួតពិនិត្យហើយ​កម្លាំង​សមត្ថកិច្ច​ក៏សុំ​ធ្វើការត្រួតពិនិត្យ ស្រាប់តែ​រក​ឃើញ​ថ្នាំ​ញៀន​មួយ​កញ្ចប់​តូច​នៅ​​​ជាប់​ខ្លួន​របស់​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោមគ្នា​៣​នាក់ ទើប​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ នៅ ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​ក្រោម​តែ​ម្ដង ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​មួយ​កញ្ចប់​តូច​នេះ​ពិតជា​របស់​ពួក​​ខ្លួន​ប្រាកដមែន​ ដោយ​ពួក​​ខ្លួន​​ទិញ​ក្នុង​តម្លៃ​៣​ម៉ឺន​រៀល គោលបំណង​យក​ទៅ​ប្រើប្រាស់​រួម​គ្នា តែ​មិន​ទាន់​បាន​ប្រើ​​ផង ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សាកសួរ​រួច​ហើយ ជនសង្ស័យ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំ​ណុំ​រឿង​បញ្ជូន​ខ្លួន​ទៅ​អធិការ​ខណ្ឌមានជ័យ​ចាត់ការ​បន្ត​តាម​នីតិ​វិធី ៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ