ខេត្តកំពង់ឆ្នាំង ៖ គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយ បានកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២១មករា ឆ្នាំ២០២០ ខណៈដែលសិស្សកំពុងតែសម្រុកចេញពីសាលាវិទ្យាល័យព្រះបាទសុរាម្រឹត ស្ថិតក្នុងភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ស្រាប់តែមានរថយន្តពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿង បើកក្នុងល្បឿនយ៉ាងលឿន បានបុករះម៉ូតូនិងកង់ជាច្រើនគ្រឿង បណ្ដាលឲ្យសិស្សនិងគ្រូ រងរបួសធ្ងន់និងស្រាល ចំណែកអ្នកបើកបររថយន្តបង្ករក៏ត្រូវបានឃាត់ខ្លួនកសាងសំណុំរឿងតាមផ្លូវច្បាប់ផងដែរ ។
សមត្ថកិច្ចនគរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលគ្រូនិងសិស្ស កំពុងចេញពីសាលាវិទ្យាល័យព្រះបាទសុរាម្រឹត ដោយខ្លះកំពុងឆ្លងថ្នល់ជាតិលេខ៥ និងខ្លះទៀតបំរុងនឹងឆ្លង ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក NISSAN NAVARA មួយគ្រឿង ពណ៌ត្រេអ៊ី ពាក់ស្លាកលេខខេមរៈភូមិន្ទ2-74 36 បើកបរដោយបុរសម្នាក់ឈ្មោះហាយ លីហួត មានឋានន្តរស័ក្តិ អនុសេនីយ៍ឯក នៅអង្គភាពកងវិស្វកម្មក្រសួងការពារជាតិបានបើកល្បឿនលឿន ក្នុងដំណើរពីត្បូងមកជើង ហើយក៏បានជ្រុលទៅបុកនិង ម៉ូតូម៉ាកវ៉េវមួយគ្រឿង ដែលកំពុងឆ្លងថ្នល់ រួចរថយន្តជ្រុលល្បឿនទៅមុខចម្ងាយប្រមាណ៥០ម៉ែត្រទៀតបានជ្រុលទៅបុកកង់ ដែលជិះដោយយុវតីម្នាក់ និងបានបន្ត ជ្រុលទៅបុកនិងម៉ូតូ២គ្រឿងទៀត ដែលជិះដោយសិស្សនិងគ្រូ កំពុងតែឈប់ស្ងៀម បំរុងឆ្លងថ្នល់ បន្ទាប់មកទើបរថយន្តបានបុកឡើងលើខឿនផ្លូវទើបទៅមុខលែងរួច ។
ក្រោយពេលកើតហេតុ គេឃើញគ្រូនិងសិស្សចំនួន៤នាក់ បានរងរបួសធ្ងន់និងស្រាល ក្នុងនោះយុវតីជិះកង់រងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។ ជាមួយគ្នានេះ គេឃើញ កង់យុវតីរងគ្រោះ ជាប់នៅពីក្រោមរថយន្ត ចំណែកម៉ូតូ២គ្រឿង ក្នុងនោះមួយគ្រឿងម៉ាក ស្មាស់ពាក់ស្លាកលេខ ភ្នំពេញ 1D. 8858 និងម៉ូតូម៉ាក ហុងដាសេ១២៥ ពាក់ស្លាកលេខ កំពង់ឆ្នាំង1E.5409 បានរងការខូចខាតធ្ងន់នៅជាប់ពីមុខរថយន្ត រីឯ ម៉ូតូម៉ាកវេវ ដែលបុកមុនគេខូចខាតស្រាល ។
ចំណែករថយន្តបង្ករបានរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ ចំពោះមធ្យោបាយមានម៉ូតូ៣គ្រឿង កង់១គ្រឿង និងរថយន្តបង្ករត្រូវបានសមត្ថកិច្ចនគរបាល ដឹកយកទៅរក្សាទុកនៅការិយាល័យ ចរាចរណ៌ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់ ។ ដោយឡែកអ្នកបើកបររថយន្តបង្ករត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ។
គិតនៅព្រឹកថ្ងៃទី២២មករា នេះ លោកវរសេនីយ៍ឯក ឈឹម សារុន នាយការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អ្នកបើកបរ រថយន្តបង្ខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ បន្ទាប់ពីសាកសួរ និងវាស់ជាតិអាល់កុល ឃើញមានកំរិត ០,៨២ ដែលតាមផ្លូវច្បាប់ អ្នកបើកបរទាំងឡាយណា មានជាតិអាល់កុលកំរិតចាប់ពី០,៤០ឡើង គឺត្រូវផ្តន្ទាទោសដាក់ពន្ឋនាគារ ចំណែក កំរិតក្រោម ០,៤០ចុះក្រោម ត្រូវផាកពិន័យតាមច្បាប់ ។
ចែករំលែកព័តមាននេះ