ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ចាប់ផ្តើម​សម្រុក​ប្រមូល​ផល​ដំឡូង​​មី ខណ​:​តម្លៃ​ឡើង​ខ្ពស់​ជាង​មុន (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ចង់ ឬ​មិន​ចង់ ក៏​កសិករ​ត្រូវ​តែ​ស្វែងរក​កម្មករ ដើម្បី​ចូល​ទៅ​ដក​ដំឡូង​មី​នៅ​ក្នុ ង​ចម្ការ​របស់​ខ្លួន ដើម្បី​ដឹក​លក់​នៅ​តាម​ស្តង់​នានា​ក្នុង​ក្រុង ខណៈ​អ្នកខ្លះ​ដំឡូង​មី​របស់​ខ្លួន ដាំ…

ខេត្ត​ប៉ៃលិន ៖ ចង់ ឬ​មិន​ចង់ ក៏​កសិករ​ត្រូវ​តែ​ស្វែងរក​កម្មករ ដើម្បី​ចូល​ទៅ​ដក​ដំឡូង​មី​នៅ​ក្នុ ង​ចម្ការ​របស់​ខ្លួន ដើម្បី​ដឹក​លក់​នៅ​តាម​ស្តង់​នានា​ក្នុង​ក្រុង ខណៈ​អ្នកខ្លះ​ដំឡូង​មី​របស់​ខ្លួន ដាំ ទើបតែ​បាន​ប្រហែល​១០​ខែ ក៏​ត្រូវ​ដក​យក​ទៅ​លក់ ដោយសារ​ជំពាក់​បំណុល​គេ ខណៈ​តម្លៃ​ទីផ្សារ​ឡើង​ខ្ពស់​។

ម្យ៉ាងវិញទៀត ពេល​ឃើញ​តម្លៃ​ទីផ្សារ​នា​ដើមឆ្នាំ​២០២០​នេះ មានការ​ឡើងថ្លៃ​ជាង​មុន​គួរសម​ដែរ ទើប​ន​ភ​រសៀល​ថ្ងៃ​ទី​២០ ខែមករា​នេះ ប្រជា​កសិករ​ម្នាក់​ចាប់ផ្តើម​សម្រុក​ដក​ដំឡូង​មី​ដឹក​យក​ទៅ​លក់​នៅ​ក្នុង​ស្តង់​ក្បែរ​ចម្ការ​របស់​ខ្លួន ដើម្បី​យក​ប្រាក់​សងបំណុល​ធនាគារ និង​មីក្រូហិ​រញ្ញវត្ថុ ។ បន្ទាប់​ពី​ប្រមូល​ផល​រួច ពួក​គេ​នឹង​ភ្ជួរ​ដី​ប្តូរ​ដាំ​ដំណាំ​ពោត​វិញ​ម្តង ដើម្បី​រក្សា​ដី​របស់​ខ្លួន​ឱ្យ​នៅ​តែ​មាន​ជីវជាតិ​ល្អ​ដដែល ។

បើ​តាម​ប្រជា​កសិករ​ម្នាក់​ឈ្មោះ កាន ប៊ុ​ន​ថន អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​មាន​ដី​ចំនួន​៣​ហិ​កតា ដោយ​ឆ្នាំ​នេះ គាត់​បាន​ដាំដំឡូង​មី​ទាំងអស់ ហើយ​ក៏​បាន​ជួល​កម្មករ​ចូល​ប្រមូល​ផល​ជា​បណ្តើរ​ៗ ខណៈ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ឃើញ​ថា ដំឡូង​មី​ឡើង​ខ្ពស់​រហូត​ដល់​១​គីឡូក្រាម​២​បាត (​ប្រាក់​ថៃ​) គាត់​ក៏​បាន​ជួល​កម្មករ​ឱ្យ​ប្រមូល​ផល​បាន​ចំនួន​២​ហិ​កតា​រួច​មក​ហើយ សរុប​បាន​ចំនួន​២៣​តោន ។

លោក​បន្ត​ទៀត​ថា លុះ​បន្ទាប់​ពី​ឃើញ​កសិករ​នាំ​គ្នា​ចូល​ទៅ​ដល់​ដឹក​លក់​ច្រើន ស្រាប់តែ​ម្ចាស់​ស្តង់​ទម្លាក់​ថ្លៃ​នៅ​ត្រឹមតែ​១​គីឡូក្រាម​១.៤​ទៅ​១.៥​បាត (​ប្រាក់​ថៃ​) ប៉ុណ្ណោះ ។ ប៉ុន្តែ លោក​ក៏​ចាប់ផ្តើម​ផ្អាក រង់ចាំ​រហូត​ដល់​ពេល​នេះ ប៉ះ​ចំ​ពេល​ដែល​ម្ចាស់​ស្តង់​ដំឡូង​មី​គេ​ទិញ​ថ្លៃ ដោយ​១​គីឡូក្រាម លក់​បាន​២​បាត (​ប្រាក់​ថៃ​) ឃើញ​ថា តម្លៃ​បែប​នេះ អាច​ទទួលយក​បាន ។

លោក​បញ្ជាក់​ថា ទិន្នផល​ដំឡូង​មី​ឆ្នាំ​នេះ មានការ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​បន្តិច ខណៈ​ភ្លៀង​ធ្លាក់​មិន​គ្រប់គ្រាន់ ហើយ​ដាំ​ជា​ច្រើន​លើក​ច្រើន​សារ​ចំណាយ​ដើមទុន​អស់​ច្រើន មើលទៅ​បន្ទាប់​ពី​ប្រមូល​ផល​រួច ប្រហែលជា​សង​ជំពាក់​បំណុល​គេ​មិន​គ្រប់​នោះ​ទេ ព្រោះ​លោក​ជំពាក់​គេ​រហូត​ដល់​៣​ពាន់​ដុល្លារ​ឯណោះ ។ តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ នៅ​ឆ្នាំ​ក្រោយ​ៗ ខាង​លោក​នឹង​ប្តូរ​ទៅ​ដាំ​ដំណាំ​ពោត​វិញ​ម្តង ដើម្បី​ឱ្យ​ដី​ក្នុង​ចម្ការ​របស់​ខ្លួន​មាន​ជីវជាតិ​ល្អ​ប្រសើរ​ឡើង​វិញ ។

លោក​ក៏​សូម​ឱ្យ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ជួយ​រក​ទីផ្សារ​កសិផល​ជូន​ប្រជា ពល​រដ្ឋ​ផង​ដែរ ដោយពេល​ប្រមូល​ផល សូមកុំ​ឱ្យ​ក្រុម​ឈ្មួញ​នាំ​គ្នា​ទម្លាក់​ថ្លៃ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ម្នាក់​ៗ​មានការ​លំបាក ខាតចុងខាតដើម ហើយ​សងបំណុល​គេ​មិន​គ្រប់​នោះ​ឡើយ ។

លើស​ពី​នេះ ក៏​សូម​ឱ្យ​ខាង​មន្ទីរ​ជំនាញ ចុះ​បង្រៀន​ដល់​កសិករ​នៅ​តាម​ភូមិ​នានា​ឱ្យ​ចេះ​ផលិត​កសិផល​របស់​ខ្លួន ទទួល​បាន​ផល​ល្អ ត្រូវ​តាម​ស្តង់ដា ហើយ​ទទួល​បាន​ទិន្នផល​ខ្ពស់​ផង​ដែរ ។

ចំណែក​ឈ្មួញ​រកស៊ី​ដឹក​ដំឡូង​មី​ម្នាក់​ឈ្មោះ ឈិ​ន លី​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ បាន​រៀប​រា ប់​ឱ្យ​ដឹង​ថា ការ​ស៊ីឈ្នួល​ដឹក​ដំឡូង​មី​ឱ្យ​គេ​នេះ គឺ​១​តោន លោក​ទារ​ថ្លៃ​ចំនួន​១០០​បាត (​ប្រាក់​ថៃ​)​។ តែបើ​ដឹក​ឆ្ងាយ ខាង​លោក​ក៏​ទារ​គេ ម្ចាស់​ចម្ការ តម្លៃ​ខ្ពស់​ជាង​នេះ ។

លោក​បន្ត​ទៀត​ថា លោក​ក៏​ដាំដំឡូង​មី​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន​ដែរ តែ​អត់​សូវ​បាន​ទទួល​ទិន្នផល​ខ្ពស់​នោះ​ទេ ព្រោះតែ​អាកាសធាតុ​មិន​អំណោយផល ហើយ​ដំឡូង​មី​ក៏​មិនសូវ​មាន​មើល​ធំ​ៗ លុះ​ជំពាក់​​បំណុល​គេ ក៏​បង្ខំចិត្ត​ដក​លក់​អស់​ទៅ​ហើយ រួច​ទើប​ទំនេរ​ពី​ការងារ ក៏​ស៊ីឈ្នួល​ដឹក​ដំឡូង​មី​តែ​​ម្តង ។ មើលទៅ​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត ខាង​លោក​នឹង​ប្តូរ​ទៅ​ដាំពោត​ក្រហម ឬ​ដាំ​ស្វាយកែវ​រមៀត ព្រោះ​សង្កេត​ឃើញ​ថា កសិករ​ដាំដំឡូង​មី​ច្រើន​នៅ​ឆ្នាំ​នេះ ស្ទើរតែ​គ្រប់​គ្នា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ