ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​គ្រឹះ​ប្រាសាទ និង​ទីតាំង​មនុស្ស​រស់នៅ​កាល​ពី​​ជាង​១​ពាន់​ឆ្នាំ​មុន

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អ្នកជំនាញ​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​សាកលវិទ្យា​ល័យ​​ហា​វ៉ៃ​សហរដ្ឋអាមេរិក​ធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​ទួល​ដូន​ប៉ុក ស្ថិត​នៅ​ខាងលិច​ប្រាសាទវត្តអធ្វា ស្ថិត​ក្នុងភូមិ​ទ្រាក សង្កាត់​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៩…

ខេត្តសៀមរាប ៖ អ្នកជំនាញ​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​សាកលវិទ្យា​ល័យ​​ហា​វ៉ៃ​សហរដ្ឋអាមេរិក​ធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​នៅ​ទួល​ដូន​ប៉ុក ស្ថិត​នៅ​ខាងលិច​ប្រាសាទវត្តអធ្វា ស្ថិត​ក្នុងភូមិ​ទ្រាក សង្កាត់​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៩ និង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២០ ។

ផេ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​ថា លោក​ទិន ទីណា អនុប្រធាន​មណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បញ្ជាក់​ថា ការ​ស្រាវជ្រាវ​ធ្វើ​ឡើង​ដើម្បី​ស្វែងរក​ភូមិ​បុរាណ ទី​សក្ការបូជា និង​សម្ភារ​ប្រើប្រាស់​នានា ដែល​ស្ថិត​នៅ​ក្រៅ​រាជធានី​អង្គរ ពិសេស​នៅ​ជុំវិញ​ខេត្តសៀមរាប ។ គំហើញ ថ្មី​ៗ​នេះ​ជា​ប្រយោជន៍​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ ការ​យល់​ដឹង​ពី​ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ​ខ្មែរ​ពី​អតីតកាល​ដល់​បច្ចុប្បន្ន ព្រមទាំង​រួមចំណែក​ការពារ​បុរាណ​ដ្ឋា​ន​លើ​តំបន់​ដែល​កំពុង​អភិវឌ្ឍន៍ ។

លោក​ហេង ពិភាល់ បណ្ឌិត​បុរាណវិទ្យា​នៃ​សាកលវិទ្យាល័យ​ហា​វ៉ៃ​និង​ជា​ប្រធាន​គម្រោង​ស្រាវ​ជ្រាវ​បានឱ្យ​ដឹង​ថា ក្រុមការងារ​បាន​ធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​ចំនួន​៥​រណ្តៅ ទំហំ​១​គុណ​២​ម៉ែត្រ នៅ​លើ​ទួល​ដូន​ប៉ុក​ផង និង​នៅ​លើគោក​មនុស្ស​រស់នៅ​ក្បែរ​ទួល​នេះ​ផង​។ ជា​លទ្ធផល​រណ្តៅ​កំណាយ​នៅ​ទួល​ដូន​ប៉ុក​បាន​រក​ឃើញ​គ្រឹះ​ប្រាសាទ​ធ្វើ​ពី​ថ្មបាយក្រៀម​ពី​ខាងក្រោម និង​ឥដ្ឋ​នៅ​ពី​ខាងលើ​ដែល​កប់​ក្នុង​ដី​ជម្រៅ​ជាង​១​ម៉ែត្រ ដែល​មាន​សសរ​ពេជ្រ​ពណ៌​ផ្កាឈូក​២​កំណាត់ និង​គំនរ​ថ្មភក់​នៅ​ក្នុង​ខ្ទម​អ្នកតា ។

តាម​ការ​សន្និដ្ឋាន​ប្រាសាទគោក​ដូន​ប៉ុក​បាន​កសាង​ឡើង​ក្នុង​ស​.​វ​.​ទី​១០ មាន​អាយុ​ប្រហាក់​ប្រហែល​ទៅ​នឹង​ប្រាសាទបន្ទាយស្រី​និង​ប្រាសាទ​ព្រះឥន្ទ្រ​កោ​សី​យ៍ ដែល​ជាទី​សក្ការៈ​របស់​មនុស្ស​នា​សម័យ​នោះ ។

លោក​បណ្ឌិត​បុរាណវិទ្យា​រូប​នេះ​បន្ត​ថា តាម​រយៈ​លទ្ធផល​កំណាយ ប្រាសាទ​ឥដ្ឋ​នេះ​ដួលរ​លំនៅ​អំឡុង​ស​.​វ​.​ទី​១២ ឬ​១៣ និង​លែង​ជា​កន្លែង​ប្រារព្ធ​ពិធី​សាសនា​ធំដុំ​ទៀត​ហើយ ពោល​គឺ​នៅ​ត្រឹម​តែ​ជា​គោក​អ្នកតា​ប៉ុណ្ណោះ ។ ការ​ផ្លាស់​ប្តូរ​នេះ​ប្រហែល​ជួន​គ្នា​នឹង​ការ​កសាង​វត្ត​អធ្វា​នា​ស​.​វ​.​ទី​១២ ឬ​ទី​១៣​ដែរ ដោយ​មនុស្ស​បាន​ប្តូរ​ទៅ​គោរព​បូជា​នៅ​វត្ត​អធ្វា​វិញ ។ ក្រៅពី​នោះ ទាំង​ក្នុង​រណ្តៅ​នៅ​ទួល​ដូន​ប៉ុក និង​គោក​ភូមិ ក៏​ឃើញ​មាន​បំណែក​កុលាលភាជន៍​ចិន​ពី​ស​.​វ​.​ទី​១២​ដល់ទី​១៧ និង​ភាជន៍​ខ្មែរ​ផលិត​នៅ​តំបន់​នគររាជ ភ្នំ​គូលែន និង​ជើងឯក​នៅ​ស​.​វ​.​ទី​១០​និង​១៣ មាន​ភាជន៍​ផុយ ភាជន៍​រឹង​មាន​ស្រទាប់​រលោង និង​គ្មាន​ស្រទាប់​រលោង រួម​ទាំង​របស់​ប្រើប្រាស់ ផ្សេង​ៗ ។

ទាំងនេះ​បញ្ជាក់​ថា ទីតាំង​ដែល​ពួក​គាត់​រស់នៅ​សព្វថ្ងៃ (​ទួល​ដូន​ប៉ុក​) ជា​ភូមិ​ចាស់​ត​ពី​ដូនតា និង​មាន​មនុស្ស​រស់នៅ​ត​គ្នា​ជាង​១០០០​ឆ្នាំ​មក​ហើយ ពោល​គឺ​តាំងពី​ស​.​វ​.​ទី​១០​ដែល​មាន​សំណង់​ប្រាសាទ​ឥដ្ឋ​ចំនួន​១ និង​មាន​គោក​ភូមិ​នៅ​ជុំវិញ​ប្រាសាទ​ចំនួន​៦​។ ចំណែក​បំណែក​កុលាល​ភាជន៍​​បង្ហាញ​ឱ្យ​ដឹង​ថា វត្តមាន​មនុស្ស​រស់នៅ​ទួល​ដូន​ប៉ុក​មាន​យ៉ាងតិច​ដល់​ស​.​វ​.​ទី​១៨ ។

លោក វិទូ ភិ​រម្យ បុរាណ​វិទូ​នៃ​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​ត​ម្ត​ល់​ឯកសារ​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានឱ្យ​ដឹង​ថា តាម​រយៈ​លទ្ធផល​កំណាយ​នៅ​ទួល​ដូន​ប៉ុក គឺ​បាន​បង្ហាញ​ភស្តុ​តាង​ជា​ច្រើន​ទាក់ទង​នឹង​ការ​រៀបចំ​ភូមិករ​របស់​មនុស្ស​សម័យ​បុរាណ​នៅ​ភាគ​ខាងត្បូង​អង្គរ ដែល​ប្រាសាទ​​គឺជា​មជ្ឈមណ្ឌល​សំខាន់​នៃ​សហគមន៍​មួយ​។ ប្រាសាទ​មាន​មនុស្ស​ថែរក្សា​និង​រស់នៅ​ជុំវិញ មានការ​ប្រើប្រាស់​សម្ភារ ផ្សេង​ៗ​ដែល​បម្រើ​ឱ្យ​ជីវភាព​ប្រចាំ​ថ្ងៃ​និង​កិច្ច​បូជា ។ រីឯ​បំណែក​កុលាលភាជន៍​អាច​ឱ្យ​យើង​ឈ្វេងយល់​ពី​សេដ្ឋកិច្ច និង​ការ​រស់នៅ​របស់​មនុស្ស​ពី​សម័យ​បុរាណ ។ លើស​ពី​នេះ​យើង​បានដឹង​ពី​ចលនា​ពាណិជ្ជកម្ម​និង​ការ​ប្រើប្រាស់​ភាជន៍​នាំ​ចូល​មក​ពី​ស្រុក​ចិន ដូច​ជា​ក្នុង​រាជវង្ស​ម៉េ​ង និង​ឆេ​ង (​តិចតួច​) ភាជន៍​បៃតង​ក្នុង​រាជវង្ស​យួន និង​សុង រួម​ទាំង​ប្រភេទ​ភាជន៍​រឹង​ផលិត​ក្នុងស្រុក​ផង …​។

លោក​ភិ​រម្យ បន្ត​ថា លទ្ធផល​ទាំង​អស់នេះ​នៅ​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ​នៅឡើយ ដ្បិត​នៅ​ជា​លទ្ធ​ផល​បឋម ហើយ​យើង​ក៏​មាន​គម្រោង​ស្រាវជ្រាវ​នា​ពេល​អនាគត​ដើម្បី​ឈ្វេងយល់​អំពី​ទំហំ​នៃ​ខឿន​ប្រាសាទ​ដែល​យើង​ឃើញ​តើ​វា​មាន​ទំហំ​ប៉ុនណា បើ​ប្រៀបធៀប​នឹង​ប្រាសាទ ផ្សេង​ៗ​ក្នុង​សម័យ​ដំណាលគ្នា​នោះ ? តើ​នេះ​ជា​ប្រព័ន្ធ​នៃ​ការ​រៀបចំ​ភូមិករ​និង​ប្រាសាទ​នា​ស​.​វ​.​ទី​១០​ឬ​យ៉ាងណា ?

បុរាណ​វិទូ​ខាងលើ​ក៏​បានឱ្យ​ដឹង​ដែរ តាម​រយៈ​កិច្ចសហការ​ជាមួយ​សាកលវិទ្យាល័យ​ហា​វ៉ៃ គឺជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ផ្សព្វផ្សាយ និង​ការពារ​បុរាណ​ដ្ឋា​ន​ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​អង្គរ ដ្បិត​តំបន់​នេះ​សព្វថ្ងៃ​កំពុង​អភិវឌ្ឍន៍​ខ្លាំង ហើយ​តម្រូវការ​ប្រើប្រាស់​ដីធ្លី​ក៏​ខ្ពស់​ដែល​អាច​បង្ក​ហានិភ័យ​ខ្ពស់​ដល់​បុរាណ​ដ្ឋា​ន​នៅ​ក្នុង​តំបន់​នេះ​ដែរ​។ ដូច្នេះ​តាម​រយៈ​សកម្មភាព​នៃ​ការ​ស្រាវជ្រាវ​តាម​បែប​បុរាណវិទ្យា​មួយ​នេះ យើង​អាច​បង្ហាញ​ពន្យល់​ប្រជាពលរដ្ឋ​ឱ្យ​យល់​ពី​តម្លៃ​និង​ឱ្យ​ចេះ​ស្រឡាញ់ ការពារ​សម្បត្តិ​ដូនតា កុំឱ្យ​មានការ​បំផ្លិចបំផ្លាញ ។

លើស​ពី​នេះ​ទៀត​អាច​ផ្សព្វផ្សាយ​ឱ្យ​ពួក​គាត់​ដឹង​ថា ទីតាំង​បុរាណ​ដ្ឋា​ន​នេះ​ត្រូវ​ការពារ​ដោយ​អាជ្ញា​ធរ​ជាតិ​អប្សរា និង​យល់​ដឹង​ពីសារ​សំខាន់​របស់​ទីទួល​បុរាណ​ដែល​ផ្សារ​ភ្ជាប់​ទៅ​នឹង​តំបន់​អង្គរ ព្រោះ​​អង្គរ​មិន​សំដៅ​តែ​លើ​រាជធានី​ដែល​មាន​ក្រុម​ប្រាសាទធំ​ៗ​ទាំងនោះ​តែ​មួយ​មុខ​ទេ គឺជា​ការ​រួម​ផ្សំគ្នា​នៃ​ប្រាសាទ និង​ភូមិករ​តូច​ៗ​ទាំងអស់​នេះឯង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ