វិស័យ​សំណង់​និង​អចលនទ្រព្យ​ស្ថិត​ក្នុង​ផែនការ​តាមដាន​ពី​ស្ថាប័ន​រូបិយ​វត្ថុ​ជាតិ


រាជធានី​ភ្នំពេញ ៖ សន្ទុះ​នៃ​កំណើន​ក៏​ដូច​ជា​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​សំណង់​និង​អចលនទ្រព្យ​ជិត​១​ទសវត្សរ៍​ចុង​ក្រោយ​នេះ​កើនឡើង​គួរ​ចាប់អារម្មណ៍​។ ទន្ទឹម​នឹង​វិស័យ​មួយ​នេះ​បន្ត​មានការ​រីក​ចម្រើន​ខ្លាំង​ពី​ឆ្នាំទៅ​មួយ​ឆ្នាំ ក៏​ត្រូវ​បាន​ស្ថាប័ន​រូបិយ​វត្ថុ​ជាតិ ឬ​ធន​គារ​ជាតិ​នៃ​កម្ពុជា​ដាក់​បញ្ចូល​ទៅ​ក្នុង​ចំណុច​នៃ​ផែនការ​តាមដាន​របស់​ខ្លួន​។

មន្ត្រីជាន់ខ្ពស់​ធនាគារជាតិ​នៃ​កម្ពុជា​ទន្ទឹម​នឹង​វិស័យ​ធនាគារ​និង​ហិរញ្ញវត្ថុ​បន្ត​មានការ​រីក​ចម្រើន​និង​មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​និង​វិស័យ​សំណង់​និង​អចលនទ្រព្យ​នេះ ទាមទារ​ត្រូវ​បន្ត​តាមដាន​និង​ដាក់​ចេញ​នូវ​វិធាន​ការណ៍​គ្រប់​ជ្រុងជ្រោយ​ការ​អនុវត្ត​វិស័យ​មួយ​នេះ​ដោយ​ផ្អែក​តាម​បទ​ពិសោធន៍​វិស័យ​នេះ​មានការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​។

លោក ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​មាន​ប្រសាសន៍​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​២០១៩​និង​លើក​ទិស​ដៅ​បន្ត​កាលពី​ថ្ងៃ​ទី​១៧ ខែមករា​ថា យើង​ត្រូវ​បន្ត​តាមដាន​ការ​អនុវត្ត​របស់​វិស័យ​សំណង់​និង​អចលនទ្រព្យ ដោយសារ​វិស័យ​នេះ​និងវិស័យ​ធនាគារ​មាន​ទំនាក់​ទំ​និង​យ៉ាង​ជិត​ស្និទ្ធ​ទាំង​នៅ​រូបភាព​ជា​វត្ថុ​បញ្ចាំ​និង​ឥណទាន​ក្នុងវិស័យ​ធនាគារ​ទៅ​កាន់​វិស័យ​អចលនទ្រព្យ​។ ​លោក​ទេសាភិបាល​គូស​បាន​បញ្ជាក់​ថា «​បច្ចុប្បន្ន​នេះ​វិស័យ​សំណង់​និង​អចលនទ្រព្យ​មានការ​កើនឡើង​ចូលរួម​ចំណែក​យ៉ាង​សកម្ម​នៅ​ក្នុង​កំណើន ។ តែ​ទោះ​យ៉ាងណា​តាម​បទ​ពិសោធន៍​អន្តរជាតិ​វឌ្ឍនៈភាព​លើ​វិស័យ​សំណង់​និង​អចលនទ្រព្យ​អាច​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស ដែល​ទាមទារ​ឱ្យ​មានការ​ដាក់​ចេញ​នូវ​វិធាន​ការណ៍​ប្រុង​ប្រយ័ត្ន​និង​ធ្វើការ​វាយតម្លៃ​ឱ្យ​បាន​ស៊ីជម្រៅ គ្រប់​ជ្រុងជ្រោយ​ជាមួយ​កិច្ច​សហប្រតិបត្តិការ​ក្នុង​ចំណោម​ភ្នា​ក់ងារ​ពាក់ព័ន្ធ​របស់​រាជរដ្ឋាភិបាល​ដូច​ជា​ការ​ដាក់​ពន្ធ​លើ​ប្រតិបត្តិការ​ទិញ​លក់ ការ​រក្សារ​អចលនទ្រព្យ និង​ជ្រើសរើស​គម្រោង​ដែល​មានគុណ​វុ​ឌ្ឍ និង​ការ​ដាក់​កម្រិត​កំណត់​លើ​អនុ​បាត​កម្ចី​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​»​។

លោក​បាន​លើក​ឡើង​ថា វិស័យ​សំណង់​វា​ល្អ តែ​វា​ថ្មី​បញ្ហា​រីក​ចម្រើន និង​ប្រឈម​យើង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ការពារ​ជា​មុន​។​យើង​ធ្វើការ​ត្រួតពិនិត្យ​ដោយ​ផ្អែក​ទៅ​លើទស្សនៈ​អនាគត វា​សំខាន់​ណាស់​ដើម្បី​ធានា​កុំឱ្យ​កើត​មាន​ជាយថាហេតុ​។​ធនាគារកណ្តាល​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​មុន​។​ទន្ទឹម​នឹង​ស្ថាប័ន​រូបិយ​វត្ថុ​ជាតិ​បង្ហាញ​ផែនការ​តាម​លើ​ប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​សំណង់​និង​អចលនទ្រព្យ​បង្ការ​កុំឱ្យ​កើត​មាន​បញ្ហា​ជាយថាហេតុ ថ្នាក់ដឹកនាំ​កំពូល​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ក៏​បាន​បង្ហាញ​ការ​រឹត​បណ្តឹង​ការ​អនុវត្ត​ច្បាប់​សំណង់ ខណៈ​វិស័យ​នេះ​មានការ​បាក់​រលំ​អគារ​ពីរ​នៅ​ខេត្ត​ព្រះ​សីហ​នុ​និង​ខេត្ត​កែប​កាលថ្មី​ៗ​នេះ​។

លោក ជា​សុ​ផា​រ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​មាន​ប្រសាសន៍​ថ្មី​ៗ​នេះ​ថា​វិស័យ​សំណង់​នៅ​ឆ្នាំ​២០១៩ វិស័យ​សំណង់​មាន​ចំនួន​រហូត​ទៅ​ដល់​១​ម៉ឺន​១​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ស្មើនឹង​៩៨%​បើ​ប្រៀប​នឹង​ឆ្នាំ​២០១៨ មាន​តែ​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ ច្បាប់​សំណង់​នេះ​ចាត់​ទុក​ថា​បាន​ផ្តល់​នូវ​ជំនឿ​ជឿជាក់​របស់​រាជរដ្ឋាភិបាល​ដល់​អ្នក​វិនិយោគ បោះទុន​នៅ​ក្នុង​ព្រះ រាជាណាចក្រ​កម្ពុជា​មានការ​សម្រុក​ច្រើន ដែល​តម្រូវ​ឱ្យ​ច្បាប់​សំណង់​នេះ​ឆ្លើយ​តប​ទៅ​និង​កិច្ចការ​ដែល​យើង​ចង់បាន​។ ​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា «​កាលពីមុន​វិស័យ​សំណង់​អត់​មានច្បាប់ តែ​ពេល​នេះ​មានច្បាប់​ហើយ​ជឿជាក់​ចុះ​ថា​ខ្ញុំ​នឹង​អនុវត្តន៍​បាន ។ ពី​មុន​អត់​ច្បាប់​ខ្ញុំ​មិនដឹង​ធ្វើ​ម៉េច​ដែរ​អង្វរ​គេ​ក៏​គេ​អត់​ស្តាប់​យើង ទៅ​សំពះ​ក៏​មិន​និយាយ​រក​។​ប៉ុន្តែ​ឥឡូវ​អត់​ទេ​គឺ​ធ្វើ​ទៅ​តាម​ច្បាប់ ម្តង​ទៅ​ត្រួតពិនិត្យ​មាន​ឯកសារ​រុញ​ទៅ​ធ្វើ​ដើមបណ្តឹង​ទៅ​តុលាការ​។​បើ​យើង​បាន​យ៉ាង​ដូច្នេះ​ទើប​យើង​សម្រេច​បាន​នូវ​គោលបំណង​នៃ​ច្បាប់​សំណង់​នេះ​»​។

យោង​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩​និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០២០​របស់​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់​នៅ​ថ្ងៃ​ទី​២៥​ធ្នូ​២០១៩​នេះ​បង្ហាញ​ថា ទិន្នន័យ​សណង់​ទូ​ទាំង​ប្រទេស​មាន​ចំនួន​៤.៤៤៦​គម្រោង​មាន​ផ្ទៃក្រឡា​សំណង់​សរុប​ជាង​១៨​លាន​ម៉ែត្រការ៉េ តម្លៃ​ប៉ា់ន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​៩.៣៥៣​លាន​ដុល្លារ​អា​មេ​រិ​ក បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៨​មាន​ចំនួន​៨៦៧​គម្រោង មាន​ផ្ទៃក្រឡា​សំណង់​ជាង​១១​លាន​ម៉ែត្រការ៉េ​ត ហើយ​មាន​តម្លៃ​ប៉ាន់ស្មាន​ទុន​វិនិយោគ​ប្រមាណ​ជាង​៥.២២៨​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​៧៨,៨៨%៕ កែសម្រួលដោយ ៖ សុឃាក់

កិច្ចការជំនួញ

Sponsored News

១១:១១ | ក្នុងស្រុក

លក់ដាច់ខ្លាំងសាហាវអតិថិជនពេញៗហាង ព្រោះតម្លៃផ្អើលទីផ្សារ 279$ តែសមត្ថភាពលំដាប់ A អេមមួយកំប្លេ ថតស្អាតបែប AI បួនគ្រាប់ទំហំ 48MP RAM ក៏ធំ 8GB ROM ក៏ធំ 128GB ថ្មក៏ខ្លាំង 5000mAh (មានវីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ