ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​អា​មេ​រិ​ក​គ្រោង​រៀបចំ​ធ្វើ​​​ថ្ងៃ​14​ មីនា ​ខាង​មុខ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​ថា រដ្ឋមន្ត្រីក្រសួងការ​បរទេស​អាស៊ាន បាន​ពិភាក្សា​លើ​សំណើ​របស់សហរដ្ឋអាមេរិក ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក…

រាជធានី​ភ្នំពេញ ៖ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​ថា រដ្ឋមន្ត្រីក្រសួងការ​បរទេស​អាស៊ាន បាន​ពិភាក្សា​លើ​សំណើ​របស់សហរដ្ឋអាមេរិក ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២០ នៅ​ឡាស​វេ​ហ្គា​ស សហរដ្ឋ​អាមេ​រិ​ក ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ក្រសួងការបរទេស​និង​សហ​ប្រតិ​បត្តិការ​អន្តរជាតិចុះ​ថ្ងៃ​ទី​១៨ ខែមករា បន្ទាប់​ពី​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​ដឹកនាំ​គណៈ​ប្រតិ​ភូ​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន នៅ​ថ្ងៃ​ទី​១៦ និង​១៧ ខែមករា ឆ្នាំ​២០២០ នៅ​ទីក្រុង​ញ៉ា​ចាង ប្រទេស​វៀតណាម​។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​ថាការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​អាស៊ាន​ជាមួយ​ប្រទេស​ដៃគូ​សន្ទនា​អាស៊ាន គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​កសាង​សហគមន៍​អាស៊ាន និង​មជ្ឈត្តភាព​របស់​អាស៊ា​ន ។ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​ជម្រាប​ជូន​កិច្ចប្រជុំ​ស្តី​ពី​ការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​អាស៊ាន​-​នូ​វែ​ល​ហ្សេ​ឡង់ នៅ​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០២០ បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៦ នៅ​ដា​ណា​ង ប្រទេស​វៀតណាម ។ លោក​ឧបនាយករដ្ឋមន្ត្រី​បន្ត​ថា ក្នុង​កិច្ចប្រជុំ​ចង្អៀត​នេះ​ដែរ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ក៏​បាន​ពិភាក្សា​លើ​សំណើ​របស់​សហរដ្ឋអាមេរិក ដើម្បី​រៀបចំ​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​-​សហរដ្ឋ​អា​មេ​រិ​ក នៅ​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២០ នៅ​ឡាស​វេ​ហ្គា​ស សហរដ្ឋអាមេរិក ។

រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​បាន​គាំទ្រ​ប្រធានបទ​«​ភាព​ស្អិតរ​មួ​ត និង​ការ​ឆ្លើយ​តប​»​របស់​វៀតណាម ដែល​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​នេះ និង​អាទិភាព​ចម្បង​ចំនួន​៥ ដើម្បី​ជំរុញ​ការ​កសាង​សហគមន៍​អាស៊ាន ។ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន បាន​កត់សម្គាល់​នូវ​ឯកសារ​សមិទ្ធផល​សំខាន់​ៗ ដែល​បាន​ដាក់​ចេញ​ដោយ​វៀតណាម ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ដែល​ស្រប​នឹង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រធាន​អាស៊ាន​មុន​ៗ ដើម្បី​សម្រេច​គោលដៅ​នៃ​ការ​កសាងសហគមន៍​អាស៊ាន​ ។

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រីក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ទៅ​ចូលរួម​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន នៅ​ថ្ងៃ​ទី​១៦ និង​១៧ ខែមករា ឆ្នាំ​២០២០ នៅ​ទីក្រុង​ញ៉ា​ចាង ប្រទេស​​វៀតណាម ។ ក្នុង​កិច្ចប្រជុំ​ចង្អៀត​នេះ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន បាន​ពិភាក្សា​បញ្ហា​សំខាន់​ៗមួយ​ចំនួន​បន្ត​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥និង​៣៦ ដែល​ប្រទេស​ថៃ​ធ្វើ​ជា​ប្រធាន ។ ជា​ពិសេសវិធីសាស្ត្រ​ដើម្បី​ជំរុញ​ដំណើរការ​កសាង​សហគមន៍​អាស៊ាន ។

រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន បាន​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ស្តី​ពី​ទំនាក់ទំនង​ខាងក្រៅ​របស់​អាស៊ាន និង​បញ្ហា​តំបន់​និង​អន្តរជាតិ​នានា ដែល​ជា​ផល​ប្រយោជន៍ និង​កង្វល់​រួម​របស់​អាស៊ាន ។ ចំពោះ​ការ​កសាង​សហគមន៍​អាស៊ាន រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន បាន​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​ស្តី​ពី​វិធីសាស្ត្រ​ដើម្បី​ធ្វើ​ឲ្យ​បាន​សម្រេច​ពេញលេញ នូវ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥ ។ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន រំពឹង​នូវ​លទ្ធផល​នៃ​ការ​ពិនិត្យ​ឡើង​វិញ​ពាក់កណ្តាល​អាណត្តិ​នៃ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥ និង​ផែនទី​លម្អិត​នៃ​សហគមន៍​ទាំង​បី​នៅ​ក្នុង​ឆ្នាំ​២០២០​។

រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ក៏​បាន​ប្រកាន់​យក​នូវ​វិធីសាស្ត្រ​សម្លឹង​មើលទៅ​មុខ ដោយ​បាន ផ្តួចផ្តើម​ពិភា​ក្សា​លើ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ក្រោយ​ឆ្នាំ​២០២៥ ហើយ​និង​វិស័យ​ដែល​មាន​សារៈសំខាន់​សម្រាប់​សមាហរណកម្ម​អាស៊ាន រួម​ទាំង​ការ​លើកកម្ពស់​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ក្នុង​តំបន់ ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព កា​រត​ភ្ជាប់​អាស៊ាន សេដ្ឋកិច្ច​ឌី​ជី​ថ​ល និង​ការ​អភិវឌ្ឍ​វិស័យ ប​ចេ្ច​ក​វិទ្យា​យ៉ាង​ឆាប់​រហ័ស​ក្នុង​បរិបទ​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ទីក្រុង​វៃឆ្លាត សន្តិសុខ​ប្រព័ន្ធ​អុ​ី​នធើ​រ​ណេ​ត ការ​លើក​កម្ពស់​ស្ត្រី​និង​សមភាព​យេ​នឌ័​រ ការ​ប្រែប្រួល​អាកាសធាតុ ផ្សែង​អ័ព្ទ​ឆ្លង​ដែននិង​បញ្ហា​សន្តិសុខ​មិនមែន​ប្រ​ពី​ណី​ដទៃ​ទៀត​។ លោក​ឧបនាយករដ្ឋមន្ត្រី បាន​ឆ្លៀតឱកាស​ជម្រាប​ជូន​កិច្ចប្រជុំ​ចង្អៀត អំពី​អាទិភាព​កម្ពុជា​នៅក្នុង​អាស៊ាន​សម្រាប់​ឆ្នាំ​២០២០ ។

ពាក់ព័ន្ធ​នឹង​សសរស្តម្ភ​នយោបាយ​សន្តិសុខ​អាស៊ា​ន លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើក​ឡើង​ថា ​ក្នុង​​នាម​ជា​ប្រទេស​ដែល​ផ្តួចផ្តើម​និង​ធ្វើ​ជា​ម្ចាស់ផ្ទះនៃ​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន កម្ពុជា​ជា​និច្ច​កាល បេ្ត​ជ្ញា​ចិត្ត​ជួយ​មជ្ឈមណ្ឌល​ឱ្យ​ដំណើរការ​បាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព ក្នុង​ការ​បង្កើន​ការ​យល់​ដឹង​ពី​ផល​ប៉ះពាល់​នៃ​សំណល់​យុទ្ធភណ្ឌ​ពី​សង្គ្រាម និង​បាន​លើកទឹកចិត្ត​ដោយ​មជ្ឈមណ្ឌល​មាន​វឌ្ឍនភាព​ជា​វិជ្ជមាន ក្នុង​ការ​កសាង​សមត្ថភាព​ស្ថាប័ន និង​ពង្រីក​ដំណើរការ​នៅឆ្នាំ​២០១៩ ។ ឆ្នាំ​២០២០ ជា​ឆ្នាំ​ដែល​មាន​សារៈសំខាន់​សម្រាប់កិច្ច​សហប្រតិបត្តិការ​រវាង​អាស៊ាន និង​អង្គការ​សហ​ប្រជា​ជាតិ ហើយ​ក៏​ជា​ខួប​៧៥​ឆ្នាំ​នៃ​ការ​បង្កើត អង្គការសហប្រជាជាតិ ។

ក្នុង​ន័យ​នេះ រដ្ឋមន្ត្រី ការ​បរទេស​អាស៊ាន បាន​គាំទ្រ​នូវ​សំណើ​របស់​វៀតណា​ម ដែល​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​២០២០ និងជា​ប្រធាន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​សម្រាប់​ខែមករា ឆ្នាំ​២០២០ ក្នុង​ការ​រៀប ចំ​ឱ្យ​អាស៊ាន​បាន​ជម្រាប​ជូន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ពី​ប្រធានបទ «​កិច្ច​សហ ប្រតិបត្តិការ​រវាង​អង្គការសហប្រជាជាតិ និង​អង្គការ​តំបន់ និង​អនុ​តំបន់ ក្នុង​ការ​ថែរក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ ៖ តួនាទី​របស់​អាស៊ាន​» នៅក្នុង​ខែមករា ឆ្នាំ​២០២០​នេះ នៅ​ទីក្រុង​ញូ​វ​យ៉​ក ។ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​ស្តី​ពី​បញ្ហា​ក្នុង​តំបន់​និង​អន្តរជាតិ​ដែល​លេចធ្លោ​មួយ​ចំនួន ដោយ​សង្កត់ធ្ងន់​ទៅ​លើ​បញ្ហា​ដែល​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​បាន​កត់សម្គាល់​វឌ្ឍនភាព នៃ​កិច្ច​សន្ទនា​ក្នុង​ន័យ​ស្ថាបនា​រវាង មី​យ៉ា​ន់​ម៉ា​និង​បង់​ក្លា​ដែ​ស ចំពោះ​ដំណើរការ​នៃ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ជន​បាត់បង់​ទីលំនៅ​នៅ​រដ្ឋ​រ៉ា​ខា​ញ ។

រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ក៏​បាន​វាយតម្លៃខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អគ្គលេខាធិការ​អាស៊ាន ក្នុង​ការ​ដឹកនាំ​ការ​អនុវត្ត​អនុសាសន៍​នៃការ​វាយតម្លៃ សេចក្តី​ត្រូវការ​បឋម ហើយ​បាន​ទន្ទឹងរង់ចាំ​មើល​ការ​អនុវត្ត​នូវ​ការ​វាយតម្លៃ​ពី​តម្រូវការ​គ្រប់​ជ្រុងជ្រោយ ។ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន បាន​បង្ហាញ​ពី​ការ​ត្រៀម​រួចរាល់​របស់​អាស៊ាន ក្នុង​ការ​ជួយ​គាំទ្រ​ដល់​ដំណើរការ​នៃ​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ឱ្យ​បាន​ឆាប់រហ័ស មាន​សុវត្ថិភាព និង​មាន​សណ្តាប់ធ្នាប់​។ចំពោះ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន បាន​គូស​បញ្ជាក់​អំពី​វឌ្ឍនភាព នៃ​កិច្ច​សហប្រតិបត្តិការ និង​កិច្ច​ពិគ្រោះ​យោបល់​រវាង​អាស៊ាន និង​ចិន ជា​ពិសេស​​ការ​បញ្ចប់​ការ​ពិភាក្សា​ជុំ​ទី​១ និង​ការ​ចាប់ផ្តើម​ពិភាក្សា​ជុំ​ទី​២ នៃ​សេចក្តី​ព្រាង​អត្ថបទ​ចរចា​តែ​មួយ​នៃ​ក្រម​ប្រតិ​បត្តិ​នៃ​សមុទ្រ​ចិន​ខាងត្បូង ។

រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​អនុវត្ត​សេចក្តីថ្លែងការណ៍​ស្តីពី​ការ​ប្រតិ​បត្តិ​របស់​បណ្តា​ភាគី​នៅ​សមុទ្រ​ចិន​ខាងត្បូង​(DOC) ឱ្យ​បាន​ទាំងស្រុង ពេញលេញ និង​មាន​ប្រសិទ្ធ​ភាព ។ រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន រំពឹង​ទុក​ពី​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​ភាព​ជា​ដៃគូ សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ​(RCEP)​នៅ​ឆ្នាំ​នេះដែល​នឹង​រួមចំណែក​បន្ថែម​ទៀត​ដល់​កំណើនសេដ្ឋកិច្ច និង​វិបុលភាព​ក្នុង​តំបន់ ។ ក្រៅពី​កិច្ចប្រជុំ​ចង្អៀត លោក​ឧបនាយក​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន ក៏​មាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក​ដោ​ន ប្រាំ​ម៉ូ​ដ​វី​ណៃ រដ្ឋមន្ត្រី​ក្រសួងការបរទេសថៃ ដើម្បី​ពិភាក្សា​ពី​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​និង​ថៃ និង​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់ និងអន្តរជាតិ ដែល​ជា​កង្វល់​រួម ៕