ខេត្តតាកែវ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា កម្មករ កម្មការិនីកាត់សម្លៀកបំពាក់ដែលបានបម្រើការងារនៅរោងចក្រយីហោ «វូណាមី» បានដួលសន្លប់ជាបន្តបន្ទាប់ចំនួន៣៧នាក់ទាំងព្រឹក ដោយពុំដឹងមូលហេតុនោះទេ ហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី ម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅភូមិសំរោង ឃុំសូភី ស្រុកបាទី។
បើតាមលោក ភួន ឈីម អភិបាលស្រុកបាទី បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២១ ខែមករានេះ មានកម្មករ និងកម្មការនីនៅរោងចក្រ «វូណាមី» ស្ថិតក្នុងស្រុកបាទី បានដួលសន្លប់ជាបន្តបន្ទាប់ចំនួន៣៧នាក់ ។ ហើយចំពោះការដួលសន្លប់នេះ អាជ្ញាធរនៅមិនទាន់ដឹងមូលហេតុច្បាស់នៅឡើយនោះទេ តែលោកអភិបាលស្រុកបានសន្និដ្ឋានជាជំហានដំបូងថា អាចមកពីការឃើញគ្នាសន្លប់ ទើបភ័យស្លន់ ក៏ដួលសន្លប់បន្តបន្ទាប់គ្នាតែម្តងទៅ។
ប្រភពដដែលបន្តថា ក្រុមកម្មករ និងកម្មការិនីដែលដួលសន្លប់នេះ ត្រូវបានអាជ្ញាធរស្រុកបាទី ដឹកបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាហើយទី និងមានកម្មករខ្លះបានធូរស្រាលខ្លះៗហើយ នេះបើគិតមកត្រឹមម៉ោង១០និង២០នាទីព្រឹកថ្ងៃដដែលនេះ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ