លោក លី កាស៊ីង (Li Ka-shing) គឺជាវិនិយោគិន និងអាជីវករជនជាតិហុងកុង ព្រមទាំងជាបុរសដែលមានទ្រព្យសម្បត្តិច្រើនជាងគេលេខពីរក្នុងអាស៊ីផងដែរ ។ ប៉ុន្តែលោកមានប្រវត្តិដ៏ជូរចត់ ។ ឪពុករបស់លោកបានទទួលមរណភាពពេលដែលលោកអាយុ ១៤ឆ្នាំ ដែលបានបង្ខំឲ្យលោកឈប់រៀនដើម្បីរកការងារចិញ្ចឹមគ្រួសារ ។ លោករកបានការងារមួយក្នុងក្រុមហ៊ុនលក់ផ្លាស្ទិច ហើយលោកបានធ្វើការប្រមាណ ១៦ម៉ោងក្នុងមួយថ្ងៃ ។
នៅឆ្នាំ ១៩៥០ លោកបានចាប់ផ្តើមក្រុមហ៊ុនមួយដោយខ្លួនឯងហើយលោកបានចាប់ផ្តើមកសាងក្រុមហ៊ុនផលិត លក់រាយ បច្ចេកវិទ្យា អគ្គសិនី និងការវិនិយោគផ្សេងៗទៀតលើទូរគមាគមន៍ និងអចលនទ្រព្យជាដើម ។ បច្ចុប្បន្ននេះលោកមានទ្រព្យសម្បត្តិរួមប្រមាណ ២៩ប៊ីលានដុល្លារ ។ លោកក៏ជាសប្បុរសជនដ៏គួរឲ្យគោរពមួយរូបដែរក្នុងអាស៊ីដោយបានបង្កើតមូលនិធិ Li Ka-shing Foundation និងមជ្ឈមណ្ឌល The Li Ka-shing Center នៅសាកលវិទ្យាល័យ Standford University School of Medicine ថែមទៀត ។
លោកជាបុគ្គលដែលមានបទពិសោធន៍ជាច្រើនទាំងក្នុងអាជីវកម្មនិងជីវិត ហើយលោកប្រៀបបានជាឧទាហរណ៍ជាក់ស្តែងដ៏ល្អមួយរូបសម្រាប់មនុស្សដែលចង់ជោគជ័យនៅថ្ងៃមុខ ។ ខាងក្រោមនេះគឺជាគន្លឹះ និងគុណសម្បត្តិមួយចំនួនរបស់លោកលីដែលអ្នកអាចរៀនសូត្រតាមបាន៖
១. ក្នុងនាមជាអ្នកដឹកនាំដែលជោគជ័យ អ្នកត្រូវតែចំណាយពេលច្រើនជាងអ្នកដទៃក្នុងការរៀនចំគម្រោងការសម្រាប់អនាគត ។
២. ទោះជាទីផ្សារកំពុងតែមានស្ថានការមិនល្អពិតមែនក្តី អ្នកមិនគួរទុទិដ្ឋិនិយមពេលទេ ហើយពេលដែលទីផ្សារកំពុងតែល្អ អ្នកក៏មិនត្រូវសុទិដ្ឋិនិយមពេលដែរ ។
៣. កេរ្តិ៍ឈ្មោះដែលល្អសម្រាប់ខ្លួនឯង និងអាជីវកម្មគឺជាទ្រព្យមួយដែលមិនអាចកាត់ថ្លៃបាន ហើយវាមិនអាចត្រូវបានកត់ត្រាក្នុងកុងធនាគាររបស់អ្នកទេ ។
៤. អំណាច និងជំនឿចិត្តរបស់អ្នកមិនមែនជាបញ្ហាទេ ប្រសិនបើអ្នកមិនចេះដាក់ខ្លួន និងមិនមានចិត្តគំនិតល្អ អ្នកមិនអាចទទួលបានភាពជោគជ័យពិតប្រាកដឡើយ ។
៥. អាប្បកិរិយា និងចំណេះដឹងមានសារៈសំខាន់ដូចគ្នាសម្រាប់ភាពជោគជ័យ ។ អ្នកដឹកនាំដែលល្អជំរុញទឹកចិត្តឲ្យអ្នកដទៃល្អប្រសើរឡើងដែរ ខណៈដែលអ្នកដឹកនាំដែលមិនល្អជាន់ឈ្លីអ្នកធ្វើការជាមួយនិងបង្កជាបញ្ហា ។
៦. គន្លឹះក្នុងការទទួលបានភាពជោគជ័យអាស្រ័យលើសមត្ថភាពរបស់មនុស្សក្នុងការទទួលយកការផ្លាស់ប្តូរ និងសម្របខ្លួន ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ