ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​មេធាវី​សម្តេច​តេ​ជោ​សែន​ទទួល​ការពារ​ក្តី​ឲ្យ​អ្នក​សារព័ត៌មាន​ដែល​ប្រកប​តាម​វិជ្ជាជីវៈ​របស់​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​គី តិច ប្រធាន​ក្រុម​មេធាវី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ទទួលយក​ការពារ​ក្តី​អ្នក​សារព័ត៌មាន នៅ​ពេល​មាន​បញ្ហា​ប្តឹងផ្តល់​ណាមួយ​ក្នុង​ការ​ធ្វើ​ការងារ​តាម​វិជ្ជាជីវៈ​របស់​ខ្លួន​ត្រឹមត្រូវ ។…

រាជធានី​ភ្នំពេញ ៖ លោក​គី តិច ប្រធាន​ក្រុម​មេធាវី​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ទទួលយក​ការពារ​ក្តី​អ្នក​សារព័ត៌មាន នៅ​ពេល​មាន​បញ្ហា​ប្តឹងផ្តល់​ណាមួយ​ក្នុង​ការ​ធ្វើ​ការងារ​តាម​វិជ្ជាជីវៈ​របស់​ខ្លួន​ត្រឹមត្រូវ ។ ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​ក្រសួង​ព័ត៌មាន ជាមួយ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត សម្តេច​តេ​ជោ នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា​នេះ លោក គី តិច ប្រធាន​មេធាវី​ស្ម័គ្រ​ចិត្តបាន​ថ្លែង​ថា ក្រុម​មេធាវី លោក​បាន​យល់ព្រម​តាម​ការ​កំណត់​យក​ការពារ​ក្តី​តែ​ការពារ​តែ​រឿង​ក្តី​អ្នក​សារព័ត៌មាន​ណា​ដែល​គោរ​តាម​វិជ្ជាជីវៈ ចំណែក​សារព័ត៌មាន​ដែល​មិន​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាម​ច្បាប់​នោះ​មេធាវី​មិន​ជួយ​ការពា​ក្តី​នោះ​ទេ ។

លោក​មេធាវី​គី តិច ក៏​បាន​ឲ្យ​ដឹង​ថា មេធាវី​ស្ម័គ្រចិត្ត​របស់​សម្តេច​តេ​ជោ​មាន​៦៧​រូប ហើយ​មាននៅ​តាម​បណ្តា​ខេត្ត​-​រាជធានី​ទាំងអស់​ដោយ​ក្នុង​មួយ​ខេត្ត​មាន​មេធាវី​២​រូប ការិយាល័យ​នៅ​ទីនោះ ដើម្បី​ការពា​ក្តី ។ លោក​មេធាវី​បាន​អះអាង​ថា ក្រុម​មេធាវី​បាន​ចាប់ផ្តើម​ជួយ​ការពារ​អ្នក​សារព័ត៌មាន ចាប់ពី​ពេល​ដែល​សម្តេច​តេ​ជោ​ហ៊ុន​សែន ប្រកាស​កាលពី​ថ្ងៃ​ទី ១៤​ខែមករា ឆ្នាំ​២០២០ ក្នុង​ជំនួប​ជាមួយ​អ្នក​សារព័ត៌មាន លើក​ទី​៤​កន្លង​មក បាន​ទទួល​ឲ្យ​ក្រុម​មេធាវី​លោក​ការពារ​ក្តី​ជូន​អ្នក​សារព័ត៌មាន ដោយ​ថវិកា​ដែល​រៀបចំ​ការពារ​ក្តី​នេះ​គឺជា​ថវិកា​របស់​សម្តេច​តេ​ជោ​ផ្ទាល់​តែ​ម្តង ។

លោក​បញ្ជាក់​ថា ៖«​មេធាវី​យើង​ជួយ ចំពោះ​អ្នក​សារព័ត៌មាន​ដែល​ប្រកប​វិ​ជ្ជី​ជីវៈ​ត្រឹមត្រូវ​ដែល​ទទួល​រង​នៅ​ការ​ប្តឹង ។ ផ្ទុយ​ទៅ​វិញ​ចំពោះ​អ្នក​សារព័ត៌មាន ដែល​មិន​ប្រកប​វិជ្ជាជីវៈ​ត្រឹមត្រូវ គឺ​សម្តេច​មិន​ផ្តល់​មេធាវី​ជូន​ទេ ។ ករណី​នេះ​សម្តេច​តេ​ជោ​បាន​ផ្តល់​សិទ្ធិ​មក​ឲ្យ​យើងខ្ញុំ​ថា ជួយ ឬ​មិន​គួរ​ជួយ​» ។ លោក​មេធាវី​ក៏​បាន​លើក​ឡើង​ទៀត​ថា សម្តេច​តេ​ជោ​សម្តេច​ផ្តល់​សេវា​មេធាវី​ដល់​អ្នក​សារព័ត៌មាន​តែ​៥០​បូក​៥០ គឺ​មាន​ន័យ​ផ្តល់​ឲ្យ​តែ​អ្នក​សារព័ត៌មាន​ប្រកប​វិជ្ជាជីវៈ​ត្រឹមត្រូវ ទាំង​បុរស និង​ស្ត្រី ចំណែក​អ្នក​សារព័ត៌មាន​មិន​គោរព​វិជ្ជាជីវៈ​ត្រឹមត្រូវ​មិន​ជួយ​ទេ ។

ជាមួយ​គ្នា​នោះ​ដែរ លោក​មេធាវី​ក៏​បាន​ស្នើ​សុំ​ដល់​ក្រសួង​ព័ត៌មាន​ត្រូវ​ផ្សព្វផ្សាយ​ដល់​អ្នក​សារព័ត៌មាន​ទាំងអស់​ឲ្យ​ជួយ​ផ្សាយ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​វិញ​ពាក់ព័ន្ធ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​ជនបទ​ដាច់​ស្រយាល​ឲ្យ​បានដឹង​ពី​សេវា​មេធាវី​ស្ម័គ្រ​សម្តេច​តេ​ជោ​សែន ជា​ពិសេស​នោះ​ជួយ​ស្ត្រី​ក្រីក្រ ដើម្បី​ឲ្យ​ក្រុម​មេធាវី​ចុះ​ជួយ ។ លោក​មេធាវី​បាន​បញ្ជាក់​ថា ៖«​មេធាវី​យើង​ស្នើ​សុំ​ឲ្យ​ក្រសួង​ជួយ​ផ្សព្វផ្សាយ​ដល់​អ្នក​សារព័ត៌មាន​ទាំងអស់​ធ្វើការ​រាយការណ៍​ពី​សេវា​ការពារ​ដល់​ជន​ក្រីក្រ ពិសេស​អ្នក​ដែល​គ្មាន​ស្មា​ត​ហ្វូ​ន​ប្រើប្រាស់ ដែល​មិនដឹង​សេវា​មេធាវី​ស្ម័គ្រ​សម្តេច​តេ​ជោ ។ ព្រោះ​សម័យនេះ​គេ​អាច​ធ្វើ​តាម​ស្មា​ត​ហ្វូ​ន​» ។

លោក​ថា​៖«​ខ្ញុំ​ស្នើ​សុំ ដើម្បី​ដល់​គាត់​ព្រោះ​គាត់​ចុះ​យក​ព័ត៌មាន​ដឹង​រឿង​មុន​ពួក​ខ្ញុំ ។ នៅ​ពេល​គាត់​ដឹង​គាត់​មក​ប្រាប់​ពួក​ខ្ញុំ ក្រុម​យើង​ចុះ​ទៅ​ជួយ​ដល់​ស្ត្រី​រង​គ្រោះ​ក្រីក្រ​នោះ​ភ្លាម ។ អ្នក​សារព័ត៌មាន​ទទួល​បាន​ព័ត៌មាន​មុន ពិសេស​នោះ​នៅ​តំបន់​ដាច់​ស្រយាល​ជនបទ​» ។ ទោះ​យ៉ាងណា​ក្តី​លោក​មេធាវី ក៏​បាន​អះអាង​ការ​ផ្តល់​សេវា​មេធាវី​ការពារ​ក្តី​ជូន​អ្នក​សារព័ត៌មាន​នេះ​មិន​អាច​និយាយ​ថា ដឹង​តែ​ឈ្នះក្តី​នោះ​ទេ​ព្រោះថា អ្នក​ដែល​សម្រេច ដោយ​យុត្តិធម៌​នោះ គឺជា​សិទ្ធិ​របស់​ចៅក្រម ។ លោក​បញ្ជាក់​ថា​៖«​សូម​បញ្ជាក់​ថា មេធាវី គឺជា​អ្នក​ការពារ ចំណែក​ចៅក្រម គឺជា​សម្រេច ។ ប៉ុន្តែ​នៅ​ពេល​អ្នក​សារព័ត៌​ដែល​ធ្វើ​តាម​វិជ្ជាជីវៈ និង​តាម​ច្បាប់​នោះ​យើង​ងាយស្រួល​ជួយ ។ តែបើ​អ្នក​សារព័ត៌មាន​មិន​ប្រកបដោយ​វិជ្ជាជីវៈ​យើង​មិន​អាច​ជួយ​ទេ​ទោះបី​រដ្ឋមន្ត្រី ក្រសួង​ព័ត៌មាន​ឲ្យ​ជួយ​ក៏​មិន​អាច​ជួយ​បាន​ដែរ ព្រោះ​គ្មាន​ច្បាប់​ការពារ​» ។

ចំណែក​លោក​រដ្ឋមន្ត្រី​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​លើក​ឡើង​ថា នៅ​ពេល​អ្នក​សារព័ត៌មាន​បញ្ហា​ផ្លូវច្បាប់​ណាមួយ​ដែល​ត្រូវ​បាន​ទទួល​រង​នូវ​ការ​ប្តឹង គឺ​ត្រូវ​ឲ្យ​អ្នក​សារព័ត៌មាន​នោះ​ឆ្លងកាត់​មក​ក្រសួង​ព័ត៌មាន​ពិនិត្យ​សិន ព្រោះថា អ្នក​សារព័ត៌មាន​គ្រប់គ្រង​ដោយ​ច្បាប់ គឺ​អ្នក​សារព័ត៌មាន​ចុះបញ្ជី​ត្រឹមត្រូវ ។ ដូច្នេះ​អ្នក​សារព័ត៌មាន​បែប​នេះ ខាង​មេធាវី​ក៏​ដូច​ជា ក្រសួង​ព័ត៌មាន​នឹង​សហការ​គ្នា​ផ្តល់​សេវា ។

ពាក់ព័ន្ធ​នឹង​ការ​ជួយ​សេវា​ផ្នែក​ច្បាប់​នេះ​ដែរ លោក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រសួង​នឹង​រៀបចំ​ធ្វើ​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​សេវា​មេធាវី​រដ្ឋាភិបាល​ដែល​ត្រូវ​ផ្តល់​ជូន​អ្នក​សារព័ត៌​មាននៅ​ពេល​ខាង​មុខ​នេះ ដោយ​មានការ​ចូលរួម​ពី​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ ដើម្បី​ធ្វើការ​ពន្យល់​ដល់​អ្នក​សារព័ត៌មាន​ផង​ដែរ ។ ចំពោះ​សំណើ​របស់​លោក​រដ្ឋមន្ត្រី ត្រូវ​បាន​លោក​មេធាវី គី តិច​បាន​ប្រកាស​ស្វាគមន៍ និង​ទទួលយក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ