ខេត្តមណ្ឌលគិរី ៖ សត្វសេកជាង១០០ក្បាលបានត្រូវសមត្ថកិច្ចរំដោះពីក្រុមជួញដូរ ខណៈពួកគេបម្រុងដឹកទៅលក់បន្តឲ្យឈ្មួញ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ។ ប្រភពព័ត៌មានឲ្យដឹងថា កម្លាំងចម្រុះប្រចាំស្នាក់ការប្រចាំបញ្ជានៅគីឡូម៉ែត្រលេខ៥៩ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា បានចាប់ឃាត់ជនសង្ស័យចំនួន២នាក់ ដែលជួញដូរសត្វព្រៃខុសច្បាប់ រួមនឹងវត្ថុតាងមាន សេកចំនួន ១០៩ក្បាលនិងម៉ូតូ២គ្រឿង ។
ក្រោយពីចាប់ឃាត់ខ្លួន ជនសង្ស័យនិងវត្ថុតាងត្រូវបានប្រគល់ទៅឲ្យខាងដែនជម្រកសត្វព្រៃសីមា ដើម្បីចាត់ការបន្តតាមនីតិវិធី ។ សូមបញ្ជាក់ថា ចំពោះសេកទាំង១០៩ក្បាល បានលែងទៅព្រៃវិញ ហើយសេកនេះដែរគឺស្ថិតក្នុងពពួកសត្វកម្រ ដែលស្ទើរផុតពូជទៅហើយ នៅក្នុងទឹកដីខេត្តមណ្ឌលគិរី ។
សត្វសេកទាំងនេះ ត្រូវបានពួកព្រានព្រៃដាក់សំណាញ់ចាប់នៅតាមចម្ការពោត តែពេលមិនមានចម្ការពោតគេប្រើចំណីផ្សេងៗដើម្បីចាប់ ។ ទីផ្សារសត្វសេកទាំងនេះ បើតាមប្រភពព័ត៌មានថា នៅឯប្រទេសវៀតណាម សេកណាមានកន្ទុយវែងហើយពណ៌ល្អ មានតម្លៃរហូតរហូតដល់២លានដុង ហើយក្រុមព្រានព្រៃទាំងនេះ ពេលទាក់បានច្រើន ហើយក៏លក់ទៅដឹកឲ្យឈ្មួញដែលចាំទិញនៅស្រុកស្នួល ខេត្តក្រចេះ និងលក់បន្តឲ្យឈ្មួញវៀតណាម ៕
ចែករំលែកព័តមាននេះ