ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរ​ហើយ​បុគ្គលិក​ជាង​១០០​នាក់​ផ្ទុះ​ការ​តវ៉ា​ទាមទារ​សំណង​ពី​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​មួយ​ទាំង​ព្រឹក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​បម្រើ​ការងារ​ជា​ច្រើន​ផ្នែក​នៅ​សណ្ឋាគារ THE GREAT DUKE (​អតីត​សណ្ឋាគារ អ៊ី​ន​ធើ​ខន ទី​ណ​ង់​តា​ល់​) ចំនួន​១១៣​នាក់…

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​បម្រើ​ការងារ​ជា​ច្រើន​ផ្នែក​នៅ​សណ្ឋាគារ THE GREAT DUKE (​អតីត​សណ្ឋាគារ អ៊ី​ន​ធើ​ខន ទី​ណ​ង់​តា​ល់​) ចំនួន​១១៣​នាក់ បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ទាមទារ​សំណង​ជា​លើក​ទី​៤ ក្រោយ​ពី​សណ្ឋាគារ​ដ៏​ធំ​លំដាប់​ផ្កាយ​៥​មួយ​នេះ​បាន​ប្រកាស​ថា «​ក្រុមហ៊ុន​មាន​បញ្ហា​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន និង​បិទទ្វារ​» នា​ពេល​កន្លង​មក និង​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​នោះ​ទេ ។

ការ​តវ៉ា​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ខាង​មុខ​សណ្ឋាគារ THE GREAT DUKE ដែល មាន​ទីតាំង​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌ​បឹង​កេងកង ។

លោក ទូច កុសល ប្រធាន​សហជីព​កម្មករ​និ​យោ​ជិ​ក​វិស័យ​ទេសចរណ៍​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុងថ្ងៃនេះ​ដែរ​ពួក​យើងខ្ញុំ​ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុង​សណ្ឋាគារ THE GREAT DUKE អតីត​សណ្ឋាគារ អ៊ី​ន​ធើ​ខន ទី​ណ​ង់​តា​ល់ មក​ពី​គ្រប់​ផ្នែក​ប្រមាណ​ជា​១១៣​នាក់ គឺ​ពួក​យើងខ្ញុំ​មក​ទាមទារ​សំណង​ដែល​សណ្ឋាគារ​មួយ​នេះ​បាន​បិទទ្វារ​មិន​ធ្វើ​អាជីវកម្ម ដោយ​មិន​ព្រម​ទូរ​ទាត់​សំណង​ឱ្យ​បាន​សមរម្យ​ទៅ​តាម​ផ្លូវច្បាប់ ។

ខណៈ​នេះ​ដែរ​ពួក​យើងខ្ញុំ​នាំ​គ្នា​មក​ធ្វើការ​ទាមទារ​សំណង​ចំនួន​៤​ចំណុច​គឺ ទី​១-​ទាមទារ​ឱ្យ​សណ្ឋាគារ​នេះ​ទូរ​ទាត់​ប្រាក់​អតីតភាព​មុន​ឆ្នាំ​២០១៩​ដែល​ហៅ​ថា​ប្រាក់​រំលឹក​, ទី​២-​ទាមទារ ឱ្យ​ខាង​សណ្ឋាគារ​គិត​ប្រាក់​សោហ៊ុយ​ជម្ងឺ​ចិត្ត ខណៈ​ដែល​ពួក​គាត់​ទាំងអស់​គ្នា​ម្នាក់​ៗ​បាន​ធ្វើការ​នៅ​ទី​នេះ​អស់​រយៈពេល​១០​ឆ្នាំ​ជាង ខ្លះ​២០​ឆ្នាំ​ជាង​ហើយ​បាត់បង់​ការងារ​, ទី​៣-​ឱ្យ​ខាង​សណ្ឋាគារ​ទូរ​ទាត់​ប្រាក់​ជូនដំណឹង និង​ចំណុច​ទី​៤-​ទាមទារ​ខាង​សណ្ឋាគារ​ផ្តល់​ឱ្យ​នូវ​ប្រាក់​ឈប់​សម្រាក​ប្រចាំឆ្នាំ ដែល​ពួក​គាត់​ប្រើ​មិន​អស់ និង​នៅ​សល់​នោះ ។

លោក​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា យើង​ឃើញ​ថា​សណ្ឋាគារ​មួយ​នេះ​ហាក់ដូចជា​មិន​មាន​ចេតនា​ចង់​ដោះស្រាយ​បញ្ហា​ទូរ​ទាត់​សំណង​ឱ្យ​ក្រុម​កម្មករ មាន​ន័យ​ថា សណ្ឋាគារ​មួយ​នេះ​តែងតែ​រំលោភច្បាប់​ស្តី​ពី​ការងារ​ម្តង​ហើយ​ម្តងទៀត ដោយ​កាល​ខែ​៧ ក្នុង​ឆ្នាំ​២០១៨ កន្លង​មកនេះ​ពួក​យើង​ក៏​ធ្លាប់​ធ្វើការ​ទាមទារ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ដែរ ហើយ​រាប់​ទាំង​លើក​នេះ​ទៀត​គឺជា​លើក​ទី​៤​ហើយ ដោយ​ខាង​សណ្ឋាគារ​មានច្បាប់​ការងារ​តែ​មិន​គោរព​និង​យក​ច្បាប់​មក​អនុវត្តន៍​ជាដើម​នោះ ។

បើ​អ​ញ្ចឹ​ង​នៅ​ពេល​នេះ ពួក​យើងខ្ញុំ​សុំ​ស្នើរ​ដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ពិសេស​ទៅ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ក៏​ដូច​ជា​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល មេត្តា​ជួយ​ដោះស្រាយ​បញ្ហា​នេះ​មក​ដល់​ពួក​កម្មករ​យើងខ្ញុំ​ផង ។

ពួក​យើង​មានការ​លំ​បាល​ខ្លាំង​ណាស់​សព្វ​ថ្ងៃនេះ ដោយ​អ្នកខ្លះ​ខ្វះខាត​ជីវភាព ដែល​ត្រូវ​រក​ប្រាក់​បង់​អោយ​ធនាគារ អ្នកខ្លះ​ទៀត គាត់​ត្រូវ​ទទួល​បន្ទុក​ចិញ្ចឹម​គ្រួសារ ត្រូវ​បង់​អោយ​ថ្លៃ​បន្ទប់​ជួល ទិញ​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ និង ថ្លៃ​ទឹកដោះគោ កូន​បៅ​ជាដើម ។ ចឹ​ង​យើងខ្ញុំ​សុំ​ទទូច​ហើយ​ទទូច​ទៀត មេត្តា​ជួយ​ដោះស្រាយ​អោយ​កម្មករ​អោយ​បាន​ឆាប់រ​ហ័យ បើ​មិន​អ​ញ្ចឹ​ង ទេ ពួក​យើងខ្ញុំ​នឹង​នៅ​តែ​បន្ត​ធ្វើការ​តវ៉ា​ជា​បន្ត​ទៀត ។

គួរ​បញ្ជាក់​ថា សណ្ឋាគារ​ដ៏​ធំ​លំដាប់​ផ្កាយ​៥​ខាងលើ​នេះ​បាន​បិទទ្វារ​អាជីវកម្ម​របស់​ខ្លួន​មក​ទល់​នឹង​ពេល​នេះ​គឺ​អស់​រយៈពេល​២០​ថ្ងៃ​កន្លង​ហើយ ដោយ​ចាប់តាំងពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ មក​ម្ល៉េះ​ក្រោយ​ពី​ក្រុមហ៊ុន​បាន​ធ្វើការ​ប្រកាស​ថា «​ក្រុមហ៊ុន​មាន​វិបត្តិ​សេដ្ឋកិច្ច ផ្ទាល់ខ្លួន​ទើបបាន​សម្រេច​បិទទ្វារ​បែប​នេះ​» ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ