ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​អំពាវនាវ​ឱ្យ​វៀត​ណាម​មក​វិនិយោគ​ផ្នែក​កែ​ច្នៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា​ខ្ញុំ​សូម​សម្ដែង​នូវ​ការ​សាទរ​ចំពោះ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​របស់​វៀតណាម ជា​ពិសេស​ការ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀតណាម និង​សហ…

រាជធានី​ភ្នំពេញ ៖ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មាន​ប្រសាសន៍​ថា ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ប្រជាជន​កម្ពុជា​ខ្ញុំ​សូម​សម្ដែង​នូវ​ការ​សាទរ​ចំពោះ​ការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​របស់​វៀតណាម ជា​ពិសេស​ការ​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​វៀតណាម និង​សហ ភាព​អឺរ៉ុប ដែល​បាន និង​កំពុង​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម​និង​ទេសចរណ៍ ជាមួយនឹង​លំហូរ​វិនិយោគ​បរទេស​ក្នុង​ប្រទេស​វៀតណាម ក៏​ដូច​ជា​បណ្ដា​ប្រទេស​ជិតខាង​ក្នុង​តំបន់​រួម​ទាំង​កម្ពុជា​ផង​ដែរ ដែល​ជា​ការ​រួមចំណែក​ក្នុង​ការ​លើកកម្ពស់​កំណើនសេដ្ឋកិច្ច ជា​ពិសេស​ការ​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៃ​ប្រទេស​យើង​ទាំង​ពីរ ។

សម្ដេច​តេ​ជោ​បាន​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​លៀង​សាយភោជន៍​អបអរសាទរ​ពិធី​បុណ្យចូលឆ្នាំ​ប្រ​ពៃ​ណី​ជាតិ​វៀតណាម ឆ្នាំ​២០២០ ជាមួយ​សហគមន៍ និង​ធុរកិច្ច​វៀត ណាម​នៅ​កម្ពុ​ជានា​រាត្រី​ថ្ងៃ​ទី​១៧ មក​រា នៅ​សណ្ឋាគារ​សុខា រាជធានី​ភ្នំពេញ ដើម្បី​បង្ហាញ​អំពី​ទិដ្ឋភាព​ជា​ប្រពៃណី ជា​ពិសេស​ការ​ពង្រឹង​ភាព​ជា​ដៃគូ​លើ​គ្រប់​ភាគី​ពាក់ព័ន្ធ​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​វៀតណាម ។

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា លោក​ប្រធាន​ក្លឹ​ប​ធុរកិច្ច​វៀតណាម​ប្រចាំ​នៅ​កម្ពុជា បាន​លើក​ពី​ទំហំ​ពាណិជ្ជកម្ម​លើស​ពី​៥​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។ តួលេខ​នេះ​គឺជា​តួលេខ​ដែល​យើង​ជឿជាក់​បាន ព្រោះថា​អ្វី​ដែល​ជា​តួលេខ​ដែល​យើង​បាន​កត់ត្រា​តាម​រយៈ​គយ នោះ​មិនមែន​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​នោះ​ទេ ។

យ៉ាង​ហោច​ណាស់​វៀតណាម​បាន​ជួយ​ទិញ​ស្រូវ​ពី​កម្ពុជា​ក្នុង​ចន្លោះ​ពី​១​លាន​ទៅ​២​លាន​តោន​ក្នុង​មួយ​ឆ្នាំ ហើយ​មិន​បាន​កត់ត្រា​នៅ​ក្នុង​ជើង​លេខ​របស់​គយ​នោះ​ទេ ។ មូលហេតុ​នេះ​ហើយ​ដែល​យើង​អំពាវនាវ​ឱ្យ​មិត្ត​វៀតណាម​ឲ្យ​មក​វិនិយោគ​នៅ​កម្ពុជា​ដោយសារ​វៀតណាម​មាន​លទ្ធភាព​ច្រើន​នៅ​ក្នុង​ការ​កែ​ច្នៃ ដូច្នេះ​ការ​វិនិយោគ​ទៅ​លើ​ឧស្សាហកម្ម​កែ​ច្នៃ​នៅ​កម្ពុជា​គឺ​មាន​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ក៏​ដូច​ជា​ធុរកិច្ច​វៀត ណាម​ដែល​ធ្វើ​សកម្មភាព​នៅ​កម្ពុជា ។

ទន្ទឹម​នេះ​សមិទ្ធផល​នៃ​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​វៀតណាម បច្ចុប្បន្ន​ក៏​ដូច​ជា​បណ្ដា​ឆ្នាំ​កន្លង​មក បាន​ឆ្លុះ​បញ្ចាំង​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី ការ​ជឿ​ទុកចិត្ត​គ្នា ការ​ជួយ​គ្នា និង​ការ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​នូវ​វឌ្ឍនភាព​បាន​ល្អ​ប្រសើរ​ទាំង​វិស័យសេដ្ឋកិច្ច​-​នយោបាយ និង​ការទូត ។

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា ខ្ញុំ​មាន​សុទិដ្ឋិនិយម​ចំពោះ​វិស័យ​វិនិយោគិន​ជាតិ​និង​បរទេស​ទាំងអស់ ជា​ពិសេស​វិនិយោគិន​វៀតណាម​ដែល​ជ្រើសរើស​កម្ពុជា​ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្តានុពល​នៃ​វិនិយោគ​ដំបូង​ឬ​ការ​ពង្រីក​សេវាកម្ម​របស់​ខ្លួន​បន្ត​ទៀត​ស្រប​តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល​ស្ដី​ពី​ការ​លើក ទឹកចិត្ត​សម្រាប់​ការ​វិនិយោគ និង​ការ​ធ្វើ​ធុរកិច្ច​ដោយ​គ្មាន​ការ​រើសអើង​ដែល​មាន​លក្ខណៈ​ប្រកួត ប្រជែង​ស្មើភាព​រាល់​ការ​ការពារ​នូវ​សិទ្ធិ និង​ផលប្រយោជន៍​ស្របច្បាប់​សម្រាប់​ការ​វិនិយោគ​លើ​គ្រប់​វិស័យ​ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំង​ពីរ​សម្រេច​បាន​គោលដៅ​ដែល​បាន​គ្រោងទុក ។

ខ្ញុំ​ពិតជា​មានការ​រីករាយ​ដែល​ខ្ញុំ​បាន​អនុវត្ត​នូវ​ការ​សន្យា​របស់ខ្ញុំ​នៅ​ទីក្រុង​ហាណូយ​នៅ​ពេល​ទស្សនកិច្ច​របស់ខ្ញុំ​នៅ​ទីនោះ ហើយ​ដែល​មាន​សំណូមពរ​ឱ្យ​មានការ​ជួបជុំ​គ្នា​ប្រចាំឆ្នាំ ។ សម្ដេច​តេ​ជោ​បញ្ជាក់​ថា នេះ​ជា​ឆ្នាំ​ទី​១​ដែល​ជួបជុំ​គ្នា ហើយ​ខ្ញុំ​សង្ឃឹមថា ឆ្នាំ​ក្រោយ​មុន​ពេល​ចូល​ឆ្នាំ​វៀតណាម យើង​នឹង​មានការ​ជួបជុំ​គ្នា​ជា​បន្ត​ទៀត សង្ឃឹមថា យើង​នឹង​ជួប​គ្នា​បែប​នេះ​ដើម្បី​ពង្រឹង​នូវ​ចំណងមិត្តភាព និង​បង្កើន​នូវ​ជំនឿ​ទុកចិត្ត​រវាង​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស​គឺ​ពង្រឹង​នូវ​ការ​ជឿ​ទុកចិត្ត​សម្រាប់​វិនិយោគិន​វៀតណាម​នៅ​កម្ពុជា ។

នៅ​ក្នុង​ឱកាស​រីករាយ​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​វៀតណាម​ឆ្នាំ​២០២០ ដែល​នឹង​ឈាន​មក​ដល់​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​នេះ សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា សូម​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ទាំងអស់​លើក​កែវ​ឡើង​ដើម្បី​ចំណងមិត្តភាព និង​សាមគ្គីភាព​ភាពរឹងមាំ​រវាង​ប្រជាជន​នៃ​ប្រទេស​យើង​ទាំង​ពីរ​កម្ពុជា​-​វៀតណាម ជា​ពិសេស​ដើម្បី​សុខភាព​បរិបូណ៌​និង​ជោគជ័យ​គ្រប់​ភារកិច្ច​របស់​លោក​-​លោកស្រី​ទាំងអស់​នៅ​ទី​នេះ ៕

អត្ថបទសរសេរ ដោយ