រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមហ៊ុនអូស៊ីអាយស៊ីដោះស្រាយសំណងជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារសម្រេចបានជាង៩០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅពេលឆាប់ៗនេះ ។
ក្នុងពិធីប្រគល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន៥១គ្រួសារ ដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ នៅព្រឹកថ្ងៃទី២០ ខែមករានេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន៥១គ្រួសារនាពេលនេះ គឺជាលើកទី៥ហើយ ដែលសរុបទាំងអស់ចំនួន៣៤១ប័ណ្ណ ដែលគ្រោងនឹងបញ្ចប់ ។
លោកបញ្ជាក់ថា ការចែកប័ណ្ណប្រគល់ផ្ទះជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារនេះជាការឆ្លុះបញ្ចាំងនៃការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការធានាសិទ្ធិកាន់កាប់ស្របច្បាប់របស់ប្រជាពលរដ្ឋសំដៅលើកកម្ពស់ជីវភាពសុខុមាលភាព និងកាត់បន្ថយភាពក្រីក្រ រួមទាំងរួមចំណែកការពង្រឹងយុត្តិធម៌ និងសេ្ថរភាពសង្គម ។
អគ្គនាយកក្រុមហ៊ុនអូស៊ីអាស៊ីបានឲ្យដឹងថា មកដល់ពេលនេះក្រុមហ៊ុនអូស៊ីអាស៊ីបានដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋបានចំនួន៩២.០៦ភាគរយហើយ ខណៈនៅសល់ជាង៧ភាគរយ ឬជាង៨០គ្រួសារទៀតនឹងត្រូវដោះស្រាយបញ្ចប់នាពេលខាងមុខ ៕
ចែករំលែកព័តមាននេះ