រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ប្រមាណជាង២សប្តាហ៍កន្លងមកនេះ មណ្ឌលអប់រំកែប្រែ«ម១» ឬហៅថាពន្ធនាគារព្រៃស ដែលជាកន្លែងឃុំខ្លួនអ្នកទោសធំជាងគេនៅកម្ពុជានោះ បានផ្អាកការទទួលជនសង្ស័យ ដែលតម្រូវយកទៅឲ្យឃុំខ្លួនជាបណ្តោះ អាសន្ននៅទីនោះហើយ មូលហេតុគឺបណ្តាលមកពីពន្ធនាគារព្រៃស(ម១)មានផ្ទុកទណ្ឌិត និងជនសង្ស័យដល់ទៅប្រមាណ១០.០០០នាក់ទៅហើយ នេះបើតាមមន្ត្រីបម្រើការនៅពន្ធនាគារ«ម១»បានឲ្យដឹង ។ ទណ្ឌិត និងជនសង្ស័យប្រមាណ១ម៉ឺននាក់ ភាគច្រើនជាអ្នកមានទោស និងមិនទាន់មានទោសពាក់ព័ន្ធគ្រឿងញៀន ហើយមនុស្សដែលប្រើប្រាស់គ្រឿងញៀនពិតជាពិបាកគ្រប់គ្រងបំផុត ។
សេចក្តីរាយការណ៍បន្តថា ការផ្អាកមិនទទួលយកជនសង្ស័យទៅឃុំខ្លួននៅពន្ធនាគារព្រៃស«ម១»នោះ មិនទាន់មានការប្រកាសជាផ្លូវការណាមួយពីសំណាក់អ្នកគ្រប់គ្រងពន្ធនាគារនោះទេ នេះគ្រាន់តែជាការបង្ហើបឲ្យដឹងពីមន្ត្រីនគរបាលអនុវត្តច្បាប់មកពីគ្រប់បណ្តា អង្គភាព ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ កងរាជអាវុធហត្ថ និងខណ្ឌនានា ដែលចាប់ខ្លួនជនសង្ស័យបញ្ជូនទៅតុលាការ ហើយតុលាការសម្រេចឲ្យឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ននោះ ។
ចំណែកមន្ត្រីពន្ធនាគារវិញបានឲ្យដឹងថា ពិតណាស់ មានជនសង្ស័យត្រូវជាប់ឃុំ ក្នុងមួយថ្ងៃមិនក្រោមពី៤០នាក់នោះទេ ភាគច្រើនពាក់ពន្ធគ្រឿងញៀនលួច ឆក់ ប្លន់ អំពើហិង្សា រំលោភទំនុចិត្ត ។ល។ ដូច្នេះចំនួននេះបានធ្វើឲ្យពន្ធនាគារព្រៃស ហៅថាមណ្ឌលអប់រំកែប្រែ«ម១» ពេញលើសចំណុះគ្មានកន្លែងដាក់ ជាហេតុមិនអាចទទួលយកបានទៀតឡើយ ។
តាមប្រភពដដែលបានបន្តថា ក្រោយពេលពន្ធនាគារព្រៃ«ម១» បានសម្រេចចិត្តផ្អាកការទទួលឃុំខ្លួនជនសង្ស័យនោះ មានចម្ងល់ថា ចុះបើសមត្ថកិច្ចចាប់ខ្លួនជនសង្ស័យមួយថ្ងៃៗ មានចំនួនច្រើនយ៉ាងដូច្នោះ តើឲ្យយកពួកគេទៅទុកឯណា0x017d7 ចម្លើយបានមកវិញក៏មកពីមន្ត្រីនគរបាលអនុវត្តច្បាប់ដែរថា មិនទាន់ទាល់ច្រកទេ ពន្ធនាគារ«ម១» មិនទទួលគឺនៅមានពន្ធនាគារប៉េហ្ស៊ីរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលយកដែរ ព្រោះពន្ធនាគារប៉េហ្ស៊ី ទើបនឹងផ្ទេរចេញពីកណ្តាលក្រុងទៅបោះទីតាំងជាប់គ្នាជាមួយមណ្ឌលអប់រំកែប្រែ«ម១»នោះដែរ ។
ពន្ធនាគារប៉េហ្ស៊ីទើបតែមានទណ្ឌិត និងជនសង្ស័យប្រមាណរាប់រយ មិនទាន់ដល់ពាន់នាក់នោះទេ ដូច្នោះជៀសវាងការចង្អៀតណែន និងខ្វះការគ្រប់គ្រង តុលាការសម្រេចជាង២សប្តាហ៍ចុងក្រោយនេះ តម្រូវឃុំខ្លួនជនសង្ស័យនៅពន្ធនាគារប៉េហ្ស៊ីវិញ ។ បានសង្កេតឃើញនៅសាលាដំបូងរាជធានីភ្នំពេញនោះវិញ ចុងឆ្នាំ២០១៩ រហូតមកដល់ពេលនេះ មួយថ្ងៃៗគ្រប់បណ្តាអង្គភាព នគរបាលជាតិ នឹងកងរាជអាវុធហត្ថ ដែលមានភារកិច្ច និងតួនាទីបង្ក្រាបបទល្មើស បានចាប់បញ្ជូលជនសង្ស័យប្រុសស្រីពាក់ពន្ធគ្រឿងញៀន លួច ឆក់ ប្លន់ រំលោភទំនុកចិត្ត មិនក្រោមពី៤០នាក់ដែរ នេះហើយជាកត្តាធ្វើឲ្យពន្ធនាគារព្រៃស«ម១» មិនអាចផ្ទុកមនុស្សបានទៀតនោះ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ