រាជធានីភ្នំពេញ ៖ រថយន្តឡិចស៊ីសមួយគ្រឿង បន្ទាប់ពីម្ចាស់ហៅជាងពីក្រុមហ៊ុនមកដាក់ GPS នឹកគិតថាឲ្យមានសុវត្ថិភាព ផ្ទុយទៅវិញ ជាងមកដាក់ GPS ខណៈដែលធ្វើការត្រួតពិនិត្យបច្ចេកទេសមួយថ្ងៃ មិនទាន់បានដំណើរការស្រួល ចូលមកដល់ថ្ងៃទី២ ពេលម្ចាស់ភ្លេចខ្លួនដោយសារអាងក្រុមហ៊ុនមានការទទួលខុសត្រូវ ស្រាប់តែជាងបើករថយន្តយកទៅបាត់ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៨ មករា ។
ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។
រថយន្ដដែលចោរលួចយកទៅបាត់ម៉ាកឡិចស៊ីស NX200T ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-6695 មានម្ចាស់ឈ្មោះ សាញ់ ចិន្តា ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ ។ ចំណែកកូនស្រី ជាអ្នកប្រើប្រាស់រថយន្តខាងលើ ឈ្មោះ សន សុីវហុង អាយុ២៥ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅផ្ទះកើតហេតុខាងលើ ។ ជួបជាមួយស្ត្រីរងគ្រោះជាម្ចាស់រថយន្តទាំង២នាក់ម្តាយកូនបានឲ្យដឹងថា ក្រុមហ៊ុនដែលគាត់ហៅមកដាក់GPS គាត់ធ្លាប់ដាក់រថយន្តចំនួន៤គ្រឿងមកហើយ ។ ចំណែករថយន្តឡិចស៊ីសដែលបាត់ខាងលើ ត្រូវបានខាងក្រុមហ៊ុនបញ្ជូនជាងម្នាក់ឈ្មោះ ខន ពន្លក ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត នៅខេត្តកំពង់ចាម ជាជនសង្ស័យ មកដាក់GPS អស់រយៈពេលជាង១ខែមកហើយ គិតថាដើម្បីឲ្យមានសុវត្ថិភាព ។
ដោយសាររថយន្ត មានបញ្ហាបច្ចេកទេសផ្នែកប្រព័ន្ធភ្លើង គាត់ទំនាក់ទំនងទៅខាងក្រុមហ៊ុន ក្រែងមកពីGPS ទើបនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ជាងឈ្មោះ ខន ពន្លក ប្រចាំក្រុមហ៊ុននោះ មកធ្វើកម្មវិធីភ្ជាប់ប្រព័ន្ធGPSឡើងវិញ តែមិនទាន់ដំណើរការស្រួលបួល ទើបនៅព្រឹកថ្ងៃទី១៨ ខែមករា ជាងជាជនសង្ស័យដដែល បានមកធ្វើការកែសម្រួលម្តងទៀត ។ ស្របពេលដែល កូនស្រីម្ចាស់រថយន្តឈ្មោះ សន សុីវហុង ចាំជាងធ្វើរថយន្តយូរពេក ក៏ប្រញាប់ទៅលក់ដូរនៅឯសន្ធរម៉ុក នៅតែម្តាយ ឈ្មោះ សាញ់ ចិន្តា មើលជាង ។ លុះដល់វេលាម៉ោង១០កន្លះម្ចាស់ជាប់រវល់តែមើលកម្មករលើកអីវ៉ាន់ ជនសង្ស័យក៏ធ្វើជាបើករថយន្តទៅមុខថយក្រោយ ក៏បង្វែរក្បាលរថយន្ត បើកចេញក្រៅផ្ទះទៅបាត់ភ្លាមៗតែម្តង ។
ចំណែកម្ចាស់ឃើញដែរ តែគិតថាជាងក្រុមហ៊ុនជាម៉ូយរបស់គាត់ ក្រែងលោគេបើកសាករថយន្ត ។ លុះចាំបាត់ៗអស់រយៈពេល៥នាទី ក៏មិនឃើញបើករថយន្តមកវិញ ក៏ដេញកម្មករម្នាក់ឲ្យជិះម៉ូតូទៅតាម បានឃើញរថយន្ត បើកឡើងទៅផ្លូវចោមចៅបត់ស្តាំទៅខាងកើតបាត់ស្រមោល គឺតាមមិនទាន់ទេ បើកលឿនណាស់ ទើបនាំគ្នាផ្អើលឆោឡោឆែកពិនិត្យរូបភាពលើកាមេរ៉ាសុវត្ថិភាព ដើម្បីយករូបភាពខ្លះៗរត់ទៅប្តឹងសមត្ថកិច្ច ផ្អើលអស់សមត្ថកិច្ចមួយរាជធានីភ្នំពេញ ឃ្លាំពិនិត្យមើលភិនភាគរថយន្តឡិចស៊ីសខាងលើ តែពុំទទួលបានលទ្ធផល ។
ជុំវិញករណីលួចរថយន្តសេ៊រីទំនើបខាងលើ អធិការខណ្ឌពោធិ៍សែនជ័យបញ្ជាឲ្យមន្ត្រីជំនាញ ហៅនាំជន
រងគ្រោះ២នាក់ម្តាយកូន ទៅសាកសួរនៅអធិការដ្ឋានខណ្ឌតែម្តង ពុំចាំបាច់ទៅប៉ុស្តិ៍ចោមចៅ៣ឡើយ ។
រហូតមកដល់រសៀលថ្ងៃដដែល ព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដឹកនាំផ្ទាល់ដោយលោក ឡេង វាសនា នាយផ្នែក នាំជនរងគ្រោះទៅសាកសួរដល់ក្រុមហ៊ុននៅក្បែរសាលាតិចណូ ដើម្បីសហការស្វែងរកជនសង្ស័យ ។ បើតាមប្រភពមួយផ្សេងទៀត ជនសង្ស័យឈ្មោះ ខន ពន្លក ជាជាងជំនាញខាងប្រព័ន្ធGPS
ធ្លាប់លួចរថយន្តឡិចសុីស RX300 របស់អតិថិជនម្តងហើយ កាលពីចុងឆ្នាំ២០១៩ រត់គេចខ្លួនពីក្រុមហ៊ុនខេជី មកធ្វើការក្រុមហ៊ុនថ្មី ។
មកដល់ពេលនេះលួចរថយន្តឡិចសុីសNX200tបានសម្រេចម្តងទៀតគេចខ្លួនបាត់ស្រមោល ។ ពេលនេះសមត្ថកិច្ចខណ្ឌពោធិសែនជ័យ កំពុងធ្វើការស្រាវជ្រាវទាំងល្វីងមុខ ខណៈក្នុងថ្ងៃនោះកើតមានចោរលួច ប្លន់ ម៉ូតូ រថយន្ត ចំនួន៤ករណីផ្ទួនៗគ្នា ។ បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋខ្លះទាំងអារម្មណ៍ភ័យព្រួយ ព្រោះសកម្មភាពបទល្មើស លួច ប្លន់ ក្នុងខណ្ឌពោធិសែនជ័យ ដូចជាឌឺលោកវរសេនីយ៍ឯក មន វុធី អធិការទើបឡើងកាន់តំណែងថ្មីដល់ហើយ ៕
ចែករំលែកព័តមាននេះ