ខេត្តបន្ទាយមានជ័យ ៖ នៅទីបំផុត មន្ត្រីកងរាជអាវុធហត្ថ២នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើ
ផ្ទៃប្រទេសឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្ត និងបញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្ត រសៀលថ្ងៃទី១៩ ខែមករា ។ មន្ត្រីកងរាជអាវុធហត្ថទាំង២នាក់ដែលត្រូវបានឃាត់ខ្លួននេះ ម្នាក់ឈ្មោះ ស
ប៊ុនសឿង អត្តលេខ១៩៧៣៥២ ឋានន្តស័ក្តិវរសេនីយ៍ឯក ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត និងម្នាក់ទៀតឈ្មោះ ឆយ រដ្ឋនា ឋានន្តរស័ក្តិអនុសេនីយ៍ទោ អត្តលេខ១៩៧៣៩៥ មុខងារជាជំនួយការការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត ។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការធ្វើអធិការកិច្ចរបស់គណៈកម្មការចំពោះកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេសរៀបរាប់ថា បន្ទាប់ពីទទួលបានព័ត៌មានពីភាពមិនប្រក្រតីនៃការអនុវត្តតួនាទី ភារកិច្ច បណ្តាលឲ្យស្លាប់ជនសង្ស័យ ដោយកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងបទបញ្ជាដ៏ខ្ពងខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កងរាជអាវុធហត្ថលើ
ផ្ទៃប្រទេស បានធ្វើការស្រាវជ្រាវផ្ទៀងផ្ទាត់ ហើយជាលទ្ធផលបានរកឃើញការពិតដូចខាងក្រោម៖
១-នាយទាហាននៃកងរាជអាវុធហត្ថចំនួន២នាក់ បានប្រើអំពើហិង្សាដោយវាយជនសង្ស័យពិតប្រាកដ
មែន ។
២-ការធ្វេសប្រហែសក្នុងការអនុវត្តតួនាទី ភារកិច្ច ដោយឃាត់ខ្លួនជនសង្ស័យនៅជាមួយក្រុមក្មេងដែលកំពុងអប់រំបន្សាបគ្រឿងញៀន និងបណ្តោយឲ្យក្មេងទាំងនោះវាយធ្វើបាបជនសង្ស័យ ។ ក្រោយពីបញ្ជូនខ្លួនទៅពន្ធនាគារតាមដីកាឃុំខ្លួនបណ្តោះអាសន្នរបស់ចៅក្រមសើុបសួរនៃសាលាដំបូងខេត្តបន្ទាយមានជ័យ ជនត្រូវចោទឈ្មោះ ទុយ ស្រស់ បានបាត់បង់ជីវិត ។
៣-ជាវិធានការនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មន្ត្រីនគរបាលយុត្តិធម៌នៃគណៈកម្មការចំពោះកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកសាងសំណុំរឿងនាយទាហាននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចំនួន២នាក់ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចោទប្រកាន់តាមច្បាប់។
គួររំឭកថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១១និង៣០នាទីមានក្រុមពលរដ្ឋប្រមាណ៤០នាក់ បាននាំគ្នាមកតវ៉ានៅមុខសាលាខេត្ត តវ៉ារឿងទំនាស់ដីធ្លីនៅចំណុចអូរកំបុត និងអូរកន្សែង ស្ថិតក្នុងភូមិទ័ពសៀម ស្រុកអូរជ្រៅ និងចំណុចសម្បុកចាប ស្ថិតក្នុងភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ។
ពេលនោះ កម្លាំងកងរាជអាវុធហត្ថខេត្ត បានឃាត់ខ្លួនពលរដ្ឋ៤នាក់ ដោយចោទប្រកាន់ថាជាមេខ្លោងញុះញង់ឱ្យមានការតវ៉ាគឺ ១-ឈ្មោះ ទុយ ស្រស់ ភេទប្រុស អាយុ៣៤ឆ្នាំ ២-ឈ្មោះ នូវ នឿន ភេទប្រុស អាយុ៦២ឆ្នាំ ៣-ឈ្មោះ ហ៊ឹម គីរី ភេទប្រុស អាយុ៤៥ឆ្នាំ និង៤-ឈ្មោះ យឹម ម៉ក់ ភេទប្រុស អាយុ៦២ឆ្នាំ ។ ក្រោយពេលកងរាជអាវុធហត្ថខេត្តឃាត់ខ្លួន ជនទាំង៤នាក់ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ហើយសាលាដំបូងខេត្តបានបញ្ជូនខ្លួនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្ត តាមដីកាបង្គាប់លេខ៩៧៣ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ របស់សាលាដំបូងខេត្ត ។
នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ជនម្នាក់ឈ្មោះ ទុយ ស្រស់ បានស្លាប់នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុនមង្គលបុរី ។ លទ្ធផលនៃការធ្វើកោសល្យវិច័យរបស់ការិយាល័យបច្ចេកទេសនិងវិទ្យាសាស្គ្រ បានប្រកាសថា ឈ្មោះ ទុយ ស្រស់ មានភាពមិនប្រក្រតី មានសុខភាពមិនល្អ តែមិនបានគូសបញ្ជាក់ឱ្យច្បាស់លាស់នោះទេ ទោះបីអ្នកស្លាប់មានស្នាមជាំលើរាងកាយនិងសៀតផ្កាក្តី និងញៀនស្រាដាច់មិនបាន ។ មុនពេលស្លាប់ ក្រុមមន្ត្រីពន្ធនាគាខេត្តនិងក្រុម គ្រួសារជនរងគ្រោះបានបញ្ជូនទៅមន្ទីពេទ្យមិត្តភាពកម្ពុជា.ជប៉ុនមង្គលបុរី ប៉ុន្តែមិនអាចសង្គ្រោះបានទាន់ពេលវេលា ។ ប៉ុន្តែបើយោងតាមអ្នកជាប់ឃុំជាមួយថា ការស្លាប់របស់ឈ្មោះ ទុយ ស្រស់ គឺដោយសារការធ្វើទារុណកម្ម ។
បន្ទាប់ពីទទួលព័ត៌មានថាឈ្មោះ ទុយ ស្រស់បានស្លាប់កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០ ដោយមានការប្តឹងចោទប្រកាន់ថា សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តប្រើអំពើហិង្សា និងធ្វើទារុណកម្មបណ្តាលឱ្យស្លាប់ អយ្យការអមសាលាដំបូងខេត្ត បានធ្វើការស៊ើបអង្កេតដោយយកចិត្តទុកដាក់ជាបន្តបន្ទាប់ ។
នៅថ្ងៃទី១៣ ខែមករាឆ្នាំ២០២០ គណៈកម្មការចំពោះកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវ ជាលទ្ធផលរកឃើញថា នាយទាហាននៃកងរាជអាវុធហត្ថចំនួន២នាក់ដែលមាន ១-ឈ្មោះ ស បុ៊នសឿង ជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និង២-ឈ្មោះ ឆយ រដ្ឋនា ជាជំនួយការការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រើអំពើហិង្សាដោយវាយជនសង្ស័យពិតប្រាកដមែន ។
នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ មន្ត្រីនគរបាលយុត្តិធម៌នៃគណៈកម្មការចំពោះកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានកសាងសំណុំរឿងនិងបញ្ជូននាយទាហាននៃកងរាជអាវុធហត្ថទាំង២នាក់ទៅអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ។
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ អយ្យការអមសាលាដំបូងខេត្ត បានសម្រេចចោទប្រកាន់ឈ្មោះ ស ប៊ុនសឿង និងឈ្មោះ ឆយ រដ្ឋនា ពីបទហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងហិង្សាដោយចេតនាស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ តាមបញ្ញត្តិនៃមាត្រា ២១៨ និងមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។
តាមមាត្រាដែលចោទប្រកាន់នេះ ជនជាប់ចោទអាចជាប់ពន្ធនាគារពីចន្លោះ៧ឆ្នាំទៅ១៥ឆ្នាំ ។សម្រាប់សាធារណជនបានមើលឃើញថា ដោយសារបទបញ្ជាសម្តេចតេជោនាយករដ្ឋមន្ត្រីហ៊ុន សែន ទើបសំណុំរឿងនេះបានឈានទៅរកយុត្តិធម៌សម្រាប់ជនរងគ្រោះ បើគ្មានប្រតិកម្មពីប្រមុខរាជរដ្ឋាភិបាលទេនោះប្រហែលជាព្រលឹងអ្នកស្លាប់ទៅរកចាប់ជាតិមិនឃើញទេ ។
ពិតជាស្មានមិនដល់ឡើយ ដែលគ្រាន់តែរឿងទំនាស់ដីធ្លីសោះ បែរជាចាប់មនុស្សវាយធ្វើទារុណកម្មដោយគ្មានក្តីមេត្តាបែបនេះទៅវិញ ។ ពេលនេះទេវតាបរាមុខហើយ ៕
ចែករំលែកព័តមាននេះ