ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ស៊ី​លី​ដា​ទទួល​បាន​សិក្ខាកាម​ជាង​៦០០​នាក់ ចូលរួម​ក្នុង​វគ្គ​សិក្ខាសាលា​ស្ដី​ពី​ការ​ចូល​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុន​ចាប់ផ្ដើម​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ជា​ផ្លូវការ​នោះ​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​រៀបចំ​នូវ​សិក្ខាសាលា​ជា​បន្តបន្ទាប់ ដើម្បី​អញ្ជើញ​វិនិយោគិន​អតិថិជន និង​ប្រជាពលរដ្ឋ​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​ជាមួយ​អេ​ស៊ី​លី​ដា​ក្នុង​វិស័យ​មូល​ប​ត្រមក​ទទួលយក​នូវ​ចំណេះដឹង​ថ្មី​ៗ​បន្ថែម​ទៀត​ពី​វិស័យ​នេះ ។ គិត​ត្រឹម​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ មុន​ចាប់ផ្ដើម​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ជា​ផ្លូវការ​នោះ​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​រៀបចំ​នូវ​សិក្ខាសាលា​ជា​បន្តបន្ទាប់ ដើម្បី​អញ្ជើញ​វិនិយោគិន​អតិថិជន និង​ប្រជាពលរដ្ឋ​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​វិនិយោគ​ជាមួយ​អេ​ស៊ី​លី​ដា​ក្នុង​វិស័យ​មូល​ប​ត្រមក​ទទួលយក​នូវ​ចំណេះដឹង​ថ្មី​ៗ​បន្ថែម​ទៀត​ពី​វិស័យ​នេះ ។ គិត​ត្រឹម​ថ្ងៃ​ទី​១៨ ខែមករា​នេះ អេ​ស៊ី​លី​ដា បាន​បើក​វគ្គ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដី​ពី​ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី គ្រោង​នឹង​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​ចំនួន​បួន​វគ្គ​ហើយ និង​ទទួល​បាន​បាន​អតិថិជន និង​អ្នកចូលរួម​ជា​ច្រើន​ដើម្បី​សិក្សា និង​ស្វែង​យល់​ពី​ដំណើរការ​បោះផ្សាយ​មូល​ប​ត្រ​នេះ ។

បើ​តាម​លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា​បាន​មាន​ប្រសាសន៍​ថា វគ្គ​សិក្ខាសាលា​ផ្សព្វផ្សាយ​សម្រាប់​អតិថិជន និង​ប្រជាពលរដ្ឋ​ដែល​ចង់​ចូលរួម​វិ​ន​និ​យោគ​ជាមួយ​ធនាគារ​អេ​ស៊ី​លី​ដា ពេល​បោះផ្សាយ​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នៅ​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​បាន​ធ្វើ​ឡើង​៤​វគ្គ​រួច​ហើយ ដែល​មាន​អ្នកចូលរួម​សរុប​ជា​៦០០​នាក់ ។ នៅ​ក្នុង​ចំណោម​សិក្ខាកាម​ជាង​៦០០​នាក់​នេះ​ដែរ​ក៏​មាន​មួយ​ចំនួន​បើក​គណនី​ជួញដូរ​ភ្លាម​ៗ​នៅ​ក្នុង​នោះ​តែ​ម្ដង ខណៈ​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន​ពាន់​នាក់​ទៀត​បាន​បើក​គណនី​សម្រាប់​ជួញដូរ​នៅ​ខាងក្រៅ​រួចរាល់​ហើយ​ផង​ដែរ ។

លោក​បណ្ឌិត​បន្ត​ថា កាល​ដំបូង​ឡើយ​ធនាគារ​អេ​ស៊ី​លី​ដា បាន​ដាក់​លិខិត​ជូន​ភ្ញៀវ ដើម្បី​អញ្ជើញ​មក​ចូលរួម ក៏​ប៉ុន្តែ​ក្រោយមក​ទៀត ធនាគារ​លែង​ដាក់​លិខិត​ទៀត​ហើយ ដោយ​ងាក​មក​ផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម​វិញ តែ​បែរជា​មាន​អ្នកចូលរួម​ច្រើន​ជាង​វគ្គ​មុន​ៗ​ទៅ​ទៀត ដែល​ឆ្លុះ​បញ្ចាំង​អោយ​ឃើញ​ថា ពលរដ្ឋ​កម្ពុជា​កាន់តែ​ច្រើន​បាន​ចាប់អារម្មណ៍​វិនិយោគ​ផ្សារ​ហ៊ុន​ជាមួយ​ធនាគារ​អេ​ស៊ី​លី​ដា ហើយ​អេ​ស៊ី​លី​ដា ក៏​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​លក់​ជា​ផ្លូវការ​នូវ​មូល​ប​ត្រក​ម្មសិ​ទិ្ធ​ជា​សាធារណៈ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ។
លោក​ថា​៖«​យើង​រង់​ចាំតែ​អាជ្ញាធរ​បើកភ្លើង​ខៀវ បោះផ្សាយ​ជា​ផ្លូវការ​នោះ​ទេ ហើយ​វា​ក៏​ជា​ពេល​ដែល​អតិថិជន​កំពុង​រង់ចាំ​ជា​យូរ​មក​ហើយ​ដែរ​»​។

បើ​តាម​ប្រធាន​នាយក​ប្រតិបត្តិ​រូប​នេះ​បានអោយ​ដឹង​ថា​ធនាគារ​អេ​ស៊ី​លី​ដា ចាប់ផ្ដើម​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា អស់​រយៈពេល ២៧​ឆ្នាំ​មក​ហើយ ដោយ​បាន​រីក​ចម្រើន​លូតលាស់​ជា​បន្តបន្ទាប់​ធ្វើ​អោយប្រាក់​ចំណេញ​អេ​ស៊ី​លី​ដា កើន​ឡើងជា​បន្តបន្ទាប់ ។ ដោយហេតុ​នេះ​ហើយ អេ​ស៊ី​លី​ដា​ចង់អោយ​ផល​ចំណេញ​ដែល​ទទួល​បាន​បែងចែក​ទៅ​អតិថិជន និង​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន​ទៀត​ដោយ​មិនមែន​សម្រាប់​តែ​ម្ចាស់​ភាគ​ទុ​និក​ប៉ុន្មាន​នាក់​នោះ​ឡើយ ។

គួរ​បញ្ជាក់​ថា ធនាគារ​អេ​ស៊ី​លី​ដា ជា​ធនាគារពាណិជ្ជ​ទី​១ ដែល​បាន​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ខណៈ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន​៥​កំពុង​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នៅ​ក្នុង​ផ្សារ​នេះ​រួម​មាន ១. រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ២. ក្រុមហ៊ុន ហ្គ្រែ​ន​ធ្វី​ន ៣. កំពង់​ផែ​ស្វយ័ត​ក្រុងភ្នំពេញ ៤. កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ៕ អត្ថបទ​សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ